ក្រសួងថា​ការចោទ​មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ​២​រូប​ថា​​ប្រព្រឹត្ត​​អំពើ​ពុ​ក​​រលួយ​​​​​ជា​​​រឿង​​​មិន​​ពិត

ក្រសួង​បរិស្ថា​ន អះ​អាង​​ពី​ភាពស្អា​ត​ស្អំ​របស់​មន្ត្រី​​មន្ទីរ​បរិស្ថាន​​ខេត្ត​​កំពង់​ស្ពឺ ២​រូប​ ដែល​​រង​​ការ​​ចោទ​​ថា​បាន​​ទា​រប្រាក់​​​ពី​​ថៅកែ​​រោង​​ចក្រ​​ដំណាប់​ស្វាយ​​ ដោយ​​បាន​ជំរុញ​​ឱ្យ​​ពិនិត្យ​​កសាង​​សំណុំ​រឿង​​​នេះ​​ទៅ​​តុលាការ ពាក់​ព័ន្ធ​នឹង​​បទ​​បរិ​ហា​កេរ្តិ៍ និង​​​ទៅ​​អង្គ​​ភាព​​ប្រឆាំង​អំពើពុ​ករ​លួយ។ 

កាល​ពី​អំឡុង​​​ខែ​មេសា មាន​​ករណី​​​បែ​ក​​ធ្លាយ​​​វីដេអូ​​​​លើ​​​​បណ្តាញ​​​សង្គម​​ហ្វេស​​ប៊ុក​ ​ដែល​​​​គេ​​ឃើញ​​​មាន​​បុរស​​ពី​រនា​ក់​​ពាក់​អាវ​ក្រហម ជា​មន្ត្រី​បរិស្ថាន​​ខេត្ត​​កំពង់​ស្ពឺ បាន​​ទៅ​ទារ​​​លុយ​​ចំនួន ​១៥០០​​​ដុល្លារ​ ចុះ​​​នៅ​ត្រឹម ៦០០ដុល្លារ ពីថៅកែ​រោង​ចក្រ​ជា​ជន​ជាតិចិន ស្ថិត​នៅ​ក្នុង​ភូមិ​ខ្នង​ក្រាំង ឃុំតាំង​សំរោង​ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។​ ក្នុង​វីដេអូនោះដែរ មន្ត្រីបរិស្ថាន​ទាំង​២រូប​នេះ បានប្រាប់​ទៅថៅ​កែ​រោង​ចក្រ​ ចេញ​លិខិ​តបំភ្លឺមួយ​សន្លឹក​សរសេរ​ថា ពួកគេ​ទៅ​ទី​នោះ ដើម្បី​បំពេញ​បេសកកម្ម​ការ​ងារ ពុំមែន​ទៅទារ​លុយ​នោះទេ។

ក្រោយហេតុការណ៍នេះ នៅ​ថ្ងៃ​ទី​​០៦ ខែ​មេសា ឆ្នាំ​​២០២៦​ រដ្ឋ​មន្ត្រី​​ក្រសួង​​បរិ​ស្ថាន លោក អ៊ាង សុផល្លែត បាន​​ចាត់​មន្ត្រី​ជំ​នាញ​​​ឱ្យ​​ចុះ​​ទៅ​​​ស្រាវ​​ជ្រាវ​នៅ​ទីតាំង​​រោង​​ចក្រ​​ខ្នាត​​តូច កែ​​​ច្នៃ​​​ដំណាប់​ស្វាយ ឈ្មោះ ហុង ចេង​ហ្វាង ​ដោយ​បាន​ជួប​​​តំណាង​ក្រុម​​ហ៊ុន ជា​ជន​ជាតិ​ចិន និង​​អ្នក​បក​ប្រែ​ចំនួន​២នាក់ ដោយ​បាន​សួរ​នូវ​សំណួរ​ស៊ើប​​អង្កេត​ជា​ច្រើន ដើម្បី​​​ស្វែង​រក​ការ​ពិត និង​​រក​ភាព​ស្អាត​ស្អំ​ជូន​ភាគី​ម្ចាស់​ក្រុម​ហ៊ុន ក៏​ដូច​ជា​ភាគី​ម​ន្ត្រី​​បរិស្ថាន។ ប៉ុន្តែ​ភ្លាម​ៗនោះ ក្រសួង​​​មិនទាន់​មាន​ការ​បញ្ជាក់​ពីលទ្ធផលនៃការ​ស្រាវ​ជ្រាវ​នោះទេ។

យ៉ាងណា បើតាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ផ្ញើ​ជូន​ប្រធាន​មន្ទីរ​​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ចុះថ្ងៃទី​០៨ ខែ​មិថុនា និង​ត្រូវបានផ្សព្វផ្សាយ​លើទំព័រ​ហ្វេសប៊ុក​របស់​​ក្រសួង​នៅថ្ងៃទី​០៩ ខែ​មិថុនា​នេះ បាន​ឱ្យ​ដឹង​ថា ក្រោយពី​ការ​ស៊ើប​អង្កេត​ ស្រាវ​ជ្រាវ និង​ការ​ប្រមូល​ព័ត៌មាន ព្រមទាំង​ការ​ពិនិត្យ​ឯកសារ​​ និង​ភស្តុតាង​ពាក់​ព័័ន្ធ​​ដោយ​​ក្រុម​ការ​ងារ​អធិ​ការ​​​កិច្ច​ បាន​រកឃើញថា​ មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺទាំង​ពីររូប ដែលមាន​ឈ្មោះ ឈុន ឈៀង​​​​ហេង ប្រធាន​ការិយាល័យ​​គាំពារ​បរិស្ថាន និង​លោក ជួប ពន្លឺ មន្ត្រី​ជាប់កិច្ច​សន្យា ដែល​ត្រូវ​បាន​​​​សារ​ព័ត៌មាន​ផ្សព្វ​​ផ្សាយ​​ថា បាន​ទារប្រាក់ពីក្រុមហ៊ុន​ Hong Cheng Fang Dired Mango Processing Factory Co.,Ltd. គឺពុំបាន​កើត​​ឡើង​​ដូចការ​ចោទប្រកាន់នោះទេ។

លិខិត​​​បញ្ជាក់ថា៖ «ការ​ពិនិត្យ​លើ​ប្រភព​ព័ត៌មាន សក្ខីកម្ម ឯកសារ​ពាក់ព័ន្ធ និង​ទិន្នន័យ​ដែល​ប្រមូល​បាន មិន​បាន​បង្ហាញ​ពី​អង្គ​ហេតុ ឬ​មូលដ្ឋាន​ច្បាស់លាស់​ដែលអាច​គាំទ្រ​ដល់ការ​ចោទ​ប្រកាន់​ក្នុងករណីនេះ​បានទេ»។

ការណ៍នេះ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ណែនាំ​ដល់​ប្រធានមន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ ឱ្យពិនិត្យ​​កសាង​សំណុំរឿង​ទៅតុលាការ​ ករណី​បរិហាកេរ្តិ៍ ឬ​ស្រាវ​ជ្រាវ​ករណីចោទប្រកាន់​មន្ត្រីមន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺទាំង​ពីរ​រូប និងពិនិត្យដាក់សំណុំ​រឿ​ងពាក់ព័ន្ធ​នឹង​កា​រទទួល​ប្រាក់​ ឬទារប្រាក់​​ពី​ក្រុម​ហ៊ុន​ខាង​លើ ទៅអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

យ៉ាង​ណា មន្ត្រី​​សង្គម​​ស៊ីវិល​ ​ធ្លាប់បាន​ផ្តល់យោបល់​ឱ្យ​​​​ស៊ើប​​អង្កេត​ករណីនេះ ​​​​ប្រកប​​ដោយ​តម្លា​​​​​ភាព​ និង​​ស្រាវ​ជ្រាវ​​ឱ្យ​ដល់​​​​​ឬស​គល់​នៃ​បញ្ហា​ បើពុំនោះ​ទេ បញ្ហា​អំពើពុករលួយ​ ​នឹង​នៅតែជា​​ជំងឺមហា​រីក​ក្នុង​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ