មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានរៀបចំកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃទី៨ខែមិថុនា នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី៩ខែមិថុនា។
លោក គីម បានប្រាប់លោក ស៊ី ថា លោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ “គោលការណ៍ចិនតែមួយ” លើបញ្ហាតៃវ៉ាន់ ទោះបីជាស្ថានភាពអន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ។ ចំណែក លោក ស៊ី ដែលបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ បានបញ្ជាក់ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគី។ មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ តាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់។
លោក ស៊ី និងលោកស្រីទីមួយ ផឹង លីយាន បានចូលរួមទស្សនាការសម្តែងសិល្បៈ និងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ លោក គីម កាលពីល្ងាចថ្ងៃទី៨ខែមិថុនា។ ក្នុងឱកាសប្រារព្ធខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរ លោក ស៊ី បានថ្លែងថា ទំនាក់ទំនងចិន-កូរ៉េខាងជើងបានឈានដល់ “ចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីមួយ”។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ិនហួ ក៏បានរាយការណ៍ដែរថា មេដឹកនាំចិនបានប្តេជ្ញាការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមិនបានលើកឡើងអំពីថាតើមេដឹកនាំទាំងពីរបានពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ ឬទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះឡើយ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបលោក គីម ចំនួនបីដងក្នុងអាណត្តិដំបូងរបស់លោក ប៉ុន្តែការចរចាបានបរាជ័យជុំវិញការទាមទារឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែរ ទោះបីជាលោក ត្រាំ បង្ហាញឆន្ទៈចង់ចាប់ផ្តើមការចរចាឡើងវិញក៏ដោយ។
លោក ឡេហ្វ-អេរីក អ៊ីស្លី សាស្ត្រាចារ្យផ្នែកសិក្សាអន្តរជាតិក្នុងទីក្រុងសេអ៊ូល បានកត់សម្គាល់ថា វាជារឿងធម្មតាដែលមេដឹកនាំចិន និងកូរ៉េខាងជើងត្រូវពិភាក្សាគ្នាមុនពេលលោក គីម ជួបលោក ត្រាំ ម្តងទៀត ប៉ុន្តែលោកនៅតែសង្ស័យថាតើលោក ស៊ី នឹងជួយជំរុញការចរចារវាងអាមេរិក និងកូរ៉េខាងជើងដែរឬទេ។ អ្នកវិភាគយល់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទំនងជាផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម និងទេសចរណ៍ ព្រោះចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍ថា លោក ស៊ី ត្រូវបានរំពឹងថានឹងទៅទស្សនាវិមានមិត្តភាពចិន-កូរ៉េ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកដល់ទាហានចិនដែលបានពលីជីវិតក្នុងសង្គ្រាមកូរ៉េ មុនពេលហោះហើរត្រឡប់ទៅប្រទេសចិនវិញ នៅរសៀលថ្ងៃទី៩ខែមិថុនា បន្ទាប់ពីពិធីលាគ្នាជាផ្លូវការនៅព្រលានយន្តហោះ៕








