ស្ត្រីមួយ​ចំនួន​ក្លាយ​ជា​អំណោយ​ផ្លូវ​ភេទ​ក្នុង​មជ្ឈ​មណ្ឌល​ឆបោក​អន​ឡាញ

«វា​ហាក់​ដូច​ជា​រង្វាន់​សម្រាប់​ការ​ងារ​ល្អ។ គេ​និយាយ​ថា ខ្ញុំ​ប្រៀប​បាន​ទៅ​នឹង​អំណោយ។ គេ​រំ​លោភ​ខ្ញុំ»។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ស្ត្រី​រង​គ្រោះ​ម្នាក់ ដែល​ផ្ដល់​សម្ភាសន៍​ឱ្យ​​អង្គ​ការ​​លើក​លែង​​ទោ​ស​​អន្តរ​ជាតិ (Amnesty International) និង​ដែល​ត្រូវ​បាន​ដា​ក់​បញ្ចូល​ក្នុង​របាយ​ការណ៍​​ចេញ​ផ្សា​យ​​​​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ក្រោម​ចំណង​ជើង​ «បរា​ជ័យ​នៃ​ការ​បង្ក្រាប​លើ​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក និង​​​​​ការ​​ជួយ​ដល់​​ជន​រង​គ្រោះ​របស់​កម្ពុជា»។

របាយការណ៍នេះ បានពិពណ៌នាពីស្ត្រី ៦នាក់ ដែលបានផ្ដល់​បទ​សម្ភាសន៍​ ថា​ពួក​គេ​បាន​រង​ការ​​រំលោភ​​សេព​សន្ថវៈ​ កំឡុង​ពេល​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អន​ឡាញ​នៅ​ទីតាំង​ផ្សេង​គ្នា ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ មាន​ស្ត្រី ៥នាក់ រង​ការ​រំលោភ​ពី​អ្នក​គ្រប់​គ្រង និង​មេ​ក្រុម។ ចំណែក​​ស្ត្រី​​ម្នាក់​ទៀត ត្រូវ​បាន​រំ​លោភ​​ដោយ​​មនុស្ស​ជា​ច្រើន​នាក់ ក្រោម​ការ​បញ្ជា​ពី​អ្នក​គ្រប់​គ្រង។

ម្នាក់នោះ​គឺ​នាង ស៊ី​សិលា (Cecila) ជន​ជាតិ​ប្រេ​ស៊ីល​ ដែល​ត្រូវ​បាន​ផ្ទេរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុង​​​​នាម​ជា​អំណោយ ឬ​កាដូ សម្រាប់​ជន​ឆបោក​ណា​ដែល​ធ្វើ​ការ​ងារ​បាន​ល្អ។ ស៊ី​សិលា (Cecila) ជា​​ឈ្មោះ​ក្រៅ បាន​រៀប​រាប់​បន្ថែម​​ថា នាង​ត្រូវ​បាន​ពួក​ឧក្រិដ្ឋ​ជន​ចល័ត​ពីរ​បី​កន្លែង រហូត​ត្រូវ​បាន​ដ​ក​ហូត​​សេរីភាព​ដោយ​ឃុំ​ឃាំង​នាង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​មួយ​ឈ្មោះ PO​16 នៅ​ក្រុង​ប៉ោយ​ប៉ែត។ នាង​ថែ​ម​​​​ទាំង​បាន​បង្ហាញ​នូវ​ស្លាក​ស្នាម​ជាំ និង​របួស​​នៅ​លើ​ជើង​ដែល​អ្នក​​គ្រ​ប់គ្រង​​វាយ​​ដោយ​​ដំបង​​វាយ​កូន​បា​ល់​។​ ពួក​គេ​ប្រើ​ហិង្សា​លើ​នាង​ ក្រោយ​ឪពុក​នាង​រាយ​ការណ៍​ទៅ​ប៉ូលីស។

ករណីមួយទៀត កើតឡើងទៅលើនាង អ៊ីន​ដា (Indah)។ នាង​រង​ការ​រំលោភ​ពី​បុរស​ជា​ច្រើន​នាក់ ដោ​យ​អ្ន​ក​គ្រប់​គ្រង​បាន​ចាក់​សោរ​នាងនៅ​​ម្នាក់​ឯង​ក្នុង​បន្ទប់ ហើយ​បុរសៗ​នឹង​ចូល​​មក​រំលោភ​​​នៅ​​ពាក់​​​ក​ណ្ដាល​យប់ ក្រោយ​ពួក​គេ​ផឹក​គ្រឿង​ស្រវឹង។

លើសពីនេះ ពួកនាងត្រូវបានបង្ខំឱ្យរំលូតកូនផងដែរ ដូចករណី​នាង កេន​យ៉ាន​ហ្គី (Kenyangi)​ ជន​​ជា​​តិ​អ៊ូហ្គង់​ដា និង​មិត្ត​ភក្តិ​របស់​នាង​ម្នាក់​ទៀត។ ក្រោយ​រំលោភ​ដោយ​ថៅ​កែ​​​ជន​​​ជាតិ​ចិន ពួក​​នាង​​​មាន​ទម្ងន់​ តែ​ត្រូវ​បាន​ថៅកែ​នាំ​ទៅ​ពេទ្យ​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន​ដូច​គ្នា ដោយ​គេបា​ន​ផ្ដល់​​​ថ្នាំ​រំលូ​ត​កូន​ឱ្យ​ពួក​នាង។

ក្រោយលេបថ្នាំ នាងធ្លាក់ឈាមជាច្រើន ព្រមទាំងបានឃើ​ញ​មិត្ត​ភក្តិ​នាង​ម្នា​ក់​ទៀត​ ​ដេក​ហូរ​ឈា​​ម​នៅ​លើ​គ្រែ។ តែ​បុរស​ដែល​រំលោភ​នាង​បាន​ប្រាប់​ថា មិត្ត​នាង​ស្លាប់​ហើយ​ និង​ហាម​មិន​​​​ឱ្យ​នា​ង​ខ្វល់​ខ្វាយ។ បន្ទាប់​ពី​នោះ​មក កេន​យ៉ាន​ហ្គី មិន​ដឹង​ថា តើ​ពួក​ឧក្រិដ្ឋ​ជន​ធ្វើ​អ្វី​​​ទៅ​លើ​សា​ក​ស​ព​រ​​បស់​មិត្ត​ភក្តិ​នាង​ឡើយ ដោយ​ដឹង​ត្រឹម​ថា មិត្ត​ភក្តិ​នាង​មាន​កូន​ពីរ​នាក់​រង់​ចាំ​​​​នៅ​ប្រទេស​កំណើត។

កេនយ៉ានហ្គី និងមិត្តភក្តិ ត្រូវបានឧក្រិដ្ឋជនជនជាតិចិន បោក​ឱ្យ​មក​ធ្វើ​ការ​ជា​តារា​ម៉ូ​ដែល​ ដើម្បី​ធ្វើ​​សកម្ម​​​​ភាព​​បោក​ប្រាស់​អន្ទាក់​ទឹក​ឃ្មុំ ឬ Romance Scam។ ពួក​នាង​ត្រូវ​បាន​គេ​បង្រៀន​ឱ្យ​ចេះ​ភា​​សា​អង់​​​គ្លេស​​បន្តិច​បន្តួច មុន​នាំ​ចូល​មជ្ឈ​មណ្ឌល​ ហើយ​ក្រោយ​មក​ក៏​រង​ការ​​រំលោភ​ជា​ច្រើន​ដង ក្រោម​​​ការ​យាម​​កា​ម​របស់​សន្តិ​សុខ​ប្រដាប់​ដោយ​អាវុធ​នៅ​មាត់​ទ្វារ។

ទោះយ៉ាងណា កេនយ៉ានហ្គី មិនត្រូវបានអាជ្ញាធរកម្ពុជាកំណត់ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​​ដូរ​មនុស្ស​​ឡើយ ក្រោយ​ការ​បង្ក្រាប។ ក្នុង​ពេល​នាង​ផ្ដល់​សម្ភាសន៍​ឱ្យ​អង្គ​ការ​លើក​លែង​ទោស​អន្តរ​ជាតិ នាង​កំពុ​ង​​​បន្ត​​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​រង់​ចាំ​ការ​ត្រឡប់​ទៅ​ស្រុក​កំណើត ខណៈ​បុរស​ចាប់​រំលោភ​នាង ដែល​​​​ជា​អ្នក​គ្រប់​គ្រង​នៅ សួន​៨ ឬ Park 8 កំពុង​តាម​ស្វែង​រក​នាង។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក អ្នកនាំពាក្យអគ្គស្នងការនគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានលើក​ឡើ​ង​ថា អាជ្ញាធ​រ​​បាន​​​អនុវត្ត​តាម​នីតិ​វិធី​ដោយ​ស៊ើប​អង្កេត​ និង​កំណត់​អត្ត​សញ្ញាណ​មនុស្ស ដែល​​បាន​រក​ឃើ​ញ​ក្នុង​​​អំឡុង​​ពេល​​ប្រតិ​បត្តិ​ការ​ប្រឆាំង​ឱ​ក្រិដ្ឋ​កម្ម​ឆបោក។

លោ​ក​បន្ត​ថា មន្ត្រី​​បាន​​បំបែក​​ជន​រង​គ្រោះ​​ពី​​ជន​​ល្មើស​​ តាម​​រយៈ​​ការ​​សាក​សួរ​ចម្លើយ និង​​ផ្តល់​​កន្លែង​​ស្នា​ក់​​នៅ និង​អាហារ​​ថែម​ទៀត​ផង។ លោក​បន្ថែម​ថា ទោះ​​​​បី​មាន​ការ​លំបាក​ដោយ​សារ​ចំនួន​មនុស្ស និង​ភា​​សា​​​ច្រើន តែ​នីតិវិ​ធី​មិន​ត្រូវ​បាន​បំពាន​ឡើយ។

ទាក់ទិនរឿងនេះ អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​អង្គការ​ខុមហ្វ្រែល អ្នក​ស្រី សឺន​កេត សិរី​លក្ខណ៍ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ថា បញ្ហា​អំពើ​ហិង្សា​លើស្ត្រី​គ្រប់​ទម្រង់​ រួម​ទាំង​បទ​ល្មើ​ស​​ប​ច្ចេក​វិទ្យា ឬ​អំពើ​ហិង្សា​តាម​ប្រព័ន្ធ​អន​ឡាញ (Online Criminals) កំពុង​តែ​​វិវត្ត​ទៅ​រក​ភា​ព​ស្មុគ​​ស្មាញ និង​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​​ចា​ត់​វិធាន​​ការ​ជា​​បន្ទាន់។ ក្នុង​ន័​យ​នេះ លោក​ស្រី​អំពាវ​នាវ​ តំណាង​ជាប់​ឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​មូល​ដ្ឋាន ព្រម​ទាំង​ស​មាជិក​ព្រឹទ្ធ​សភា ទាំង​ស្ត្រី​និង​បុរស​ ត្រូវ​តែ​បង្កើន​សកម្ម​ភាព​កាន់​តែ​សកម្ម និង​លេច​ធ្លោ​ជាង​មុន ដើម្បី​កា​រ​ពារ​សុ​​​​វត្ថិភាព និង​សិទ្ធិ​សេរី​ភាព​របស់​ស្ត្រីគ្រ​ប់​រូប គ្រប់​ជាតិ​សាសន៍ នៅ​លើ​ទឹក​ដី​កម្ពុជា។

អ្នកស្រី សឺនកេត សិរីលក្ខណ៍ បានថ្លែង​ថា៖ «គឺធ្វើ​សកម្មភាព​ឱ្យ​បាន​ខ្លាំង​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ធ្វើ​​​យ៉ាង​ណា​ស្រោច​ស្រង់​ស្ត្រី​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ហិង្សា​ហ្នឹង ហើយ​និង​​ទប់​ស្កាត់​ចំ​ពោះ​ស្ត្រី​​ដែ​ល​មិន​​ទាន់​បាន​ប្រឈម​ ទប់​ស្កាត់​ឱ្យ​កាន់​តែ​មាន​សុវត្ថិ​ភាព មាន​សន្តិ​សុខ​ និង​សន្តិ​ភាព​​ផ្លូវ​​ចិត្ត​ និង​ផ្លូ​​​វកាយ​ផង​ដែរ»។​

ក្រៅ​ពីហិង្សាផ្លូវភេទដ៏ឃោរឃៅ ក្នុងរបាយការណ៍កម្រាស់១៧៨ទំព័រនេះ ក៏បាន​លើក​ឡើង​​ពី​ចន្លោះ​ប្រហោង​នីតិ​វិធី ការ​បង្ក្រាប​បទ​ល្មើស​គ្មាន​តម្លា​ភាព ការ​បិទ​បាំង​របាយ​ការណ៍​ បរា​ជ័យ​នៃ​​​​​ជា​ប្រ​ព័ន្ធ​នៃ​​ការ​បង្ក្រាប ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ។

ក្នុងចំណោមជនរងគ្រោះដែលត្រូវបានសម្ភាសន៍​សម្រាប់របាយការណ៍​ទាំង​មូល​សរុប ៧៣ នាក់ ពួក​គេ​​មិ​ន​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ ចាត់​​​ជា​​ជន​​រង​​គ្រោះ​នៃ​​ការ​ជួញ​​ដូរ​​មនុស្ស​​ឡើយ។ ផ្ទុយ​​ទៅ​វិ​ញ អាជ្ញាធរ​​បាន​​ចាត់​ទុក​​ជន​ភៀស​​ខ្លួន ឬ​​អ្នក​​ដែល​​រត់​​គេច​​​ខ្លួន​​​ទាំង​​នោះ​ ថា​​ជា​​ជន​​ចំណាក​ស្រុ​ក​​ខុស​​ច្បាប់។

ពួកគេត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃាត់ខ្លួនជនអន្តោប្រវេសន៍ ដែល​មិន​មាន​ស្តង់​ដារ ខ្វះ​ខាត​​កន្លែ​ង​​​ដេក និង​អាហារ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​​​ឱ្យ​ជួប​មេធាវី​ ឬ​តំណាង​ស្ថាន​ទូត​ឡើយ។ អ្វី​ដែ​ល​​កាន់​​តែ​​​អយុត្តិ​​ធម៌​​​សម្រាប់​ជន​​​រង​​គ្រោះ គឺ​ការ​ដែល​ប៉ូលីស​តម្រូវ​ឱ្យ​ពួក​​គេ​បង់​ថ្លៃ​​ទិដ្ឋ​ការ​ហួស​កំណត់ ដែល​បង្ខំ​ឱ្យ​​​ជន​​រង​គ្រោះ​ខ្លះ​ត្រូវ​ខ្ចី​ប្រាក់​បន្ថែម ​​ដើម្បី​​​អាច​​​ចាក​​​ចេញ​​ពី​កម្ពុជា​បាន។

តាមអង្កការលើកលែងទោសអន្តរជាតិ សកម្មភាព​នេះ គឺ​ជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​លើកា​តព្វ​​កិច្ច​អន្តរ​ជាតិ និង​គោល​ការណ៍​ណែនាំ​ ស្តីពី ការ​កំណត់​​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ឆ្នាំ​២០១៥ របស់​គ​ណៈ​​​កម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញ​​ដូរ​មនុស្ស​របស់​កម្ពុជា​​ខ្លួន​​ឯង​ ដែល​តម្រូវ​​ឱ្យ​អាជ្ញាធរ​សន្មត​ទុក​ជា​មុ​ន​នូវ​ស្ថាន​ភាព​ជា​ជន​រ​ង​គ្រោះ ដើម្បី​ផ្តល់​ការ​ការ​ពារ​ប្រកប​​ដោយ​​​មនុស្ស​​​ធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ