អ្នកបើកបររថយន្តតាក់ស៊ីដែលប្រើប្រព័ន្ធអេប(App) ដូចជា ក្រុមហ៊ុន Grab និង PassApp ជាដើម បានប្រមូលផ្តុំដាក់ញត្តិនៅក្រសួងប្រៃសណីយ៍កម្ពុជា ដោយស្នើដល់ក្រសួងមួយនេះជួយអន្តរាគមន៍ទៅក្រុមហ៊ុនបញ្ចុះតម្លៃកម្រៃជើងសារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ ខណៈបច្ចុប្បន្នប្រេងឥន្ធនៈ ហ្គាស និងទំនិញលើទីផ្សារ នៅមានតម្លៃខ្ពស់។
អ្នករត់រថយន្តតាក់ស៊ីដែលប្រើប្រាស់ប្រព័ន្ធអេប លោក ចាន់ ថា បានឱ្យដឹងនៅបន្ទាប់ពីការដាក់ញត្តិនៅថ្ងៃទី០៩ ខែមិថុនានេះថា ការដែលពួកគាត់នាំគ្នាទៅដាក់ញត្តិនៅក្រសួងប្រៃសណីយ៍នេះ ក្នុងគោលបំណងសុំឱ្យក្រសួងជួយអន្តរាគមន៍ទៅក្រុមហ៊ុន Grab ក្រុមហ៊ុន PassApp និងក្រុមហ៊ុនប្រព័ន្ធអេបមួយចំនួនទៀត បញ្ចុះតម្លៃកម្រៃជើងសារ ដែលធ្លាប់កាត់ពីពួកគាត់ជាអ្នកបើកបរចន្លោះពីជាង ២០ភាគរយទៅ៣០ភាគរយនោះ ឱ្យមកនៅទាបជាងនេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ដែលកំពុងខ្វះខាត ដោយសារតែបញ្ហាប្រេងឥន្ធនៈ និងហ្គាស ឡើងថ្លៃ ខណៈទំនិញលើទីផ្សារក៏ហក់ឡើងខ្ពស់ផងដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកថា៖ «ដោយសារតែបច្ចុប្បន្ននេះ គាត់ដាក់កម្រៃជើងសារ វាថ្លៃពេក វាខ្ពស់ពេក ដល់ចឹងពួកខ្ញុំជាអ្នករត់តាក់ស៊ី ខ្ញុំអត់សប្បាយចិត្តនឹងទទួលយក ព្រោះគាត់កាត់ថ្លៃ ១ម៉ឺនរៀល គាត់កាត់យកមានម៉ោងខ្លះ ២៧ភាគរយ រហូតដល់យប់ឡើងគាត់កាត់ដល់ ៣០ភាគរយ។ អត់អីទេបង ខាងក្រសួងគេទទួលយកញតិ្តយើង ហើយគាត់នឹងបញ្ជូនលិខិតស្នើសុំយើងទៅក្រសួងដែលពាក់ព័ន្ធ ហើយគាត់នឹងទាក់ទងមកយើងវិញ ពេលមានដំណោះស្រាយផ្សេងៗ»។
វីអូឌី មិនអាចសុំការឆ្លើយតបរឿងនេះពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានទេ នៅរសៀលថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ក៏បានដាក់ញត្តិទៅក្រុមហ៊ុនGrab ស្នើឱ្យបញ្ចុះកម្រៃជើងសារ ដែលធ្លាប់កាត់ពី ១៥ទៅ ២០ភាគរយ ឱ្យមកនៅត្រឹម ៨ភាគរយវិញ ដើម្បីសម្រួលដល់ជីវភាពអ្នកដឹកភ្ញៀវតាមប្រព័ន្ធអែប(App) ដោយសំអាងពីមូលហេតុប្រេងឥន្ទនៈ និងហ្គាសនៅបន្តឡើងថ្លៃនៅឡើយ។
ក្រៅពីនោះ សមាគមនេះ ក៏ស្នើឱ្យតម្លើងតម្លៃនៃការដឹកជញ្ជូន និងត្រូវតែបង្ហាញពីទិន្នន័យកាត់កម្រៃតម្លៃជើងសារ និងតម្លៃដឹកឱ្យបានច្បាស់លាស់ ហើយត្រូវតែផ្តល់ការគោរព និងឱ្យតម្លៃដល់អ្នកបើកបរឱ្យស្មើនឹងអតិថិជន ព្រមទាំងត្រូវតែផ្ដល់កិច្ចគាំពារសង្គមដល់អ្នកបើកបរដឹកជញ្ជូន ជាដើម៕









