សភាស៊ើបសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃអង្គារនេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សកម្លាំងជាតិ លោក ខឿន វីរ៉ាត់ ដោយសម្អាងហេតុផលថា ការដោះលែងជនជាប់ចោទរូបនេះ អាចនឹងប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ ខណៈមេធាវីថា ការបន្តឃុំខ្លួនកូនរបស់ខ្លួន នឹងអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ដោយសារតែលោក ខឿន វីរ៉ាត់ ត្រូវព្យាបាលជំងឺជាទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
សមាជិកគណបក្សកម្លាំងជាតិ លោក ខឿន វីរ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅហាងលក់កាហ្វេមួយកន្លែងស្ថិតនៅភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីរូបលោកនិងភរិយាត្រឡប់មកពីព្យាបាលជំងឺលើសជាតិខ្លាញ់ បញ្ហាខ្លាញ់រុំបេះដូង និងបញ្ហាបំពង់ក នៅប្រទេសវៀតណាម។
កន្លងមក មេធាវីការពារក្តីឱ្យលោក ខឿន វីរ៉ាត់ ធ្លាប់បានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ននៅសាលាដំបូងរាជធានីភ្នំពេញដែរ ប៉ុន្តែតុលាការបានបដិសេធ។
លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក ខឿន វីរ៉ាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការមិនមែនអង្គសេចក្តីថា ក្នុងការជជែកសួរដេញដោលក្នុងសវនាការ នាព្រឹកថ្ងៃទី០៨ ខែមិថុនានេះ រូបលោកជាមេធាវី បានស្នើទៅកាន់តុលាការដោយលើកនូវហេតុផលមួយចំនួន ក្នុងនោះមានបញ្ហាសុខភាព បញ្ហាស្ថានភាពគ្រួសារដែលកំពុងមានជីវភាពខ្វះខាត និងការបញ្ជាក់ពីទីលំនៅអចិន្ត្រៃយ៍របស់កូនក្តីជាដើម ដែលជាចំនុចអះអាងធានាសុំឱ្យកូនក្តីបាននៅក្រៅឃុំជាបណ្តោះអាសន្ន។
ប៉ុន្តែ លោកថា អ្វីដែលជាការលើកឡើងរបស់មេធាវី មិនត្រូវបានសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ភ្នំពេញ ទទួលយកទេ ដោយសំអាងហេតុថា ការដោះលែងជនជាប់ចោទឱ្យនៅក្រៅឃុំ នឹងធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ ខណៈសំណុំរឿងនេះ មិនទាន់បិទការស៊ើបអង្កេតនៅឡើយទេ។
យ៉ាងណា លោកមេធាវី សឺន ជុំជួន នៅតែបន្តស្នើយ៉ាងទទូចទៅតុលាការ ពិចារណាក្នុងការអនុញ្ញាតឱ្យកូនក្តីរបស់លោកនៅក្រៅឃុំ ដើម្បីបានព្យាបាលសុខភាពតាមវេជ្ជបញ្ជារបស់ពេទ្យ និងដោះស្រាយបញ្ហាជីវភាព បើពុំនោះទេនឹងធ្វើឱ្យស្ថានភាពសុខភាពរបស់លោក ខឿន វីរ៉ាត់ កាន់តែធ្លាក់ដុនដាប និងអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។
លោកថា៖ «ហេតុផលទៅលើស្ថានភាព ភាពនៃការស្នើសុំរបស់យើងមានបួនប្រាំចំនុចដែលខ្ញុំបានលើកឡើងខាងដើមអីចឹង ជាពិសេសបញ្ហាស្ថានភាពសុខភាពរបស់ជនត្រូវចោទ បញ្ហាហ្នឹងគឺជាបញ្ហាសំខាន់ណាស់ បើកាលណាបើមិនបានទៅព្យាបាលឱ្យបាន តាមវេជ្ជបញ្ជារបស់គ្រូពេទ្យទេ គឺបញ្ហាសុខភាព វាកាន់តែកើនឡើងៗ ធ្វើឱ្យប៉ះពាល់ទៅដល់ជីវិតមនុស្សអីជាដើម អីចឹងដូច្នេះជាការមួយដែលខ្ញុំយល់ថា តុលាការមិនបានពិចារណាដូចអ្វីដែលជាហេតុផល លើកឡើងរបស់មេធាវី និងរបស់ជនជាប់ចោទនោះទេ»។
ភរិយាលោក ខឿន វីរ៉ាត់ គឺអ្នកស្រី ថាច់ ចន្ធូ ចាត់ទុកការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ដែលមិនអនុញ្ញាតឱ្យប្តីអ្នកស្រីនៅក្រៅឃុំ ថាជារឿងអយុត្តិធម៌ ខណៈអ្នកស្រីអះអាងថា សកម្មភាពរបស់លោក ខឿន វីរ៉ាត់ នាពេលកន្លងមក គ្រាន់តែបញ្ចេញមតិរិះគន់បែបស្ថាបនាប៉ុណ្ណោះ ពុំបានប្រព្រឹត្តអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូចការចោទប្រកាន់នោះទេ។
អ្នកស្រីថា៖ «អយុត្តិធម៌សម្រាប់គាត់ ហើយគាត់ ក្នុងនាមគាត់អ្នកនយោបាយ គាត់រិះគន់ក្នុងន័យស្ថាបនា គាត់រិះគន់ គាត់មិនបានញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមទេ គាត់បច្ចេកទេស គាត់ស្នើឱ្យខ្មែរយើងរួបរួមគ្នាតែប៉ុណ្ណឹង ហើយគេចោទគាត់ញុះញង់ ហើយជេរប្រមាថ។ សម្រាប់ខ្ញុំគាត់ជាបង្គោលគ្រួសារ បើអត់មានគាត់ខ្ញុំមានការលំបាកខ្លាំង»។
អ្នកស្រី ថាច់ ចន្ធូ បានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការ ទម្លាក់បទចោទប្រកាន់លើប្តីរបស់អ្នកស្រី ឬដោះលែងគាត់នៅក្រៅឃុំ ដើម្បីឱ្យស្វាមីអ្នកស្រីអាចបន្តទៅពិនិត្យ និងព្យាបាលជំងឺលើសជាតិខ្លាញ់ ខ្លាញ់រុំបេះដូង និងបញ្ហាបំពង់ក ដែលគ្រូពេទ្យនៅប្រទេសវៀតណាម តម្រូវឱ្យទៅព្យាបាលរយៈពេលកន្លះខែ ឬមួយខែម្តង។
លោក ខឿន វីរ៉ាត់ មានដើមកំណើតជាខ្មែរក្រោម និងជាអតីតចៅសង្កាត់រងទី១នៅរាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ។ លោកធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពីបទ ក្លែងបន្លំឯកសារ ក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។ តុលាការក្រុងភ្នំពេញ កាលនោះបានកាត់ឲ្យលោក មានទោសជាប់ពន្ធនាគារ ២ឆ្នាំ ហើយក្រោយអនុវត្តទោសចប់ លោកក៏ត្រូវបានដោះលែងវិញ នៅខែមីនា ឆ្នាំ២០២៥។ បន្ទាប់មកទៀត លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ រហូតមកដល់សព្វថ្ងៃ និងមានតួនាទីជាប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន ប្រចាំខេត្តព្រៃវែង។
សមាជិកគណបក្សកម្លាំងជាតិ លោក កាក់ កម្ភារ ដែលបានទៅតាមដានសវនាការនាព្រឹកនេះដែរ បានបង្ហាញការសោកស្តាយចំពោះការចាប់ខ្លួន និងចោទប្រកាន់ទៅលើសកម្មជននយោបាយរូបនេះ និងបានអំពាវនាវដល់រដ្ឋាភិបាលនិងតុលាការ ផ្តល់ការយោគយល់ និងពិចារណាដោះលែងលោក ខឿន វីរ៉ាត់ និងអ្នកជាប់ឃុំមនសិការទាំងអស់ឱ្យមានសេរីភាពវិញ ឱ្យស្របទៅនឹងឆន្ទៈរបស់រដ្ឋាភិបាល ដែលចង់ឱ្យខ្មែរបង្រួបបង្រួមសាមគ្គីជាតិ ផ្សះផ្សាជាតិ ដើម្បីឱ្យខ្មែរខ្លាំងទប់ទល់នឹងសត្រូវឈ្លានពានទឹកដី។
លោកថា៖ «ជាពិសេសរដ្ឋាភិបាលយើងតែងតែនិយាយថា រួបរួមផ្សះផ្សាជាតិ ឯកភាពជាតិ ដើម្បីឱ្យ[ខ្មែរ]ខ្លាំង ដើម្បីឱ្យបរទេសគេ[មិន]មើលងាយយើង គឺយើងចាប់ផ្តើមគ្នាពីការរួបរួមគ្នានៃជាតិសាសន៍យើងជាមុនសិន។ គឺជាទូទៅ គួរតែយើងចាប់ផ្តើមពីការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ជាទូទៅគឺយើងត្រូវ ត្រូវដោះលែងឱ្យអ្នកទោសមនសិការទាំងហ្នឹងៗ សុំឱ្យដោះលែងទៅ ហើយមិនមែនតែនៅក្នុងស្រុកទេ សុំនៅក្រៅស្រុកក៏ដូចគ្នា សុំឱ្យមានធម៌ខន្តី សណ្តោសប្រណី ឱ្យមានការយោគយល់ ដើម្បីជាតិយើងទាំងអស់គ្នា ដើម្បីជាតិយើងរុងរឿង ទាល់តែយើងរួបរួមជាតិយើង ជាតិសាសន៍យើងឱ្យបានល្អ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានទេនៅរសៀលថ្ងៃអង្គារនេះ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ធ្លាប់បានគូសបញ្ជាក់យ៉ាងខ្លីថា ការវិនិច្ឆ័យយ៉ាងណានោះ គឺជាសិទ្ធិរបស់ពួកគេ ក៏ប៉ុន្តែការសម្រេចយ៉ាងណាក្នុងសំណុំរឿងនេះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ មិនពាក់ព័ន្ធនឹងគណបក្សកាន់អំណាចទេ។
ជុំវិញការចាប់ខ្លួន និងឃុំខ្លួន លោក ខឿន វីរ៉ាត់ នេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ធ្លាប់បានលើកឡើងថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាការដើរបញ្ច្រាសទាំងស្រុងនៃស្មារតីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
លោកបន្តថា វិធានចាប់ឃុំខ្លួនអ្នករិះគន់នេះ ក៏ជាសញ្ញានៃការចុះខ្សោយនៃប្រព័ន្ធយុត្តិធម៌ បម្រើឱ្យមហិច្ឆតានយោបាយរបស់លោក ហ៊ុន ម៉ាណែត។ លោកគូសបញ្ជាក់ថា វិធាននេះ មិនបានទាញប្រយោជន៍សម្រាប់ជាតិទេ តែផ្ទុយទៅវិញ វាបំផ្លាញទំនុកចិត្តរបស់មហាជនលើប្រព័ន្ធយុត្តិធម៌ ដែលនាំទៅរកការបំផ្លាញសង្គមជាតិទាំងមូល។
លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍បំបិទសំឡេងអ្នកប្រជាធិបតេយ្យ និងត្រូវគោរពតាមគោលការណ៍រដ្ឋធម្មនុញ្ញឱ្យបានខ្ជាប់ខ្ជួន។ ការបង្ក្រាបសំឡេងរិះគន់តាមរយៈវិធីសាស្ត្រក្រៅច្បាប់បែបនេះ គឺជាដំបៅមហារីកដែលបំផ្លាញសន្តិភាពសង្គម និងភាពស្របច្បាប់នៃអំណាចរដ្ឋ។ ខ្ញុំគិតថា យុត្តិធម៌ពិតប្រាកដមិនអាចកើតចេញពីការប្រើប្រាស់ខ្នោះដៃ និងការរំលោភច្បាប់ដើម្បីការពារអំណាចនោះទេ ប៉ុន្តែវាទាមទារឱ្យមានការបើកលំហសេរីភាព និងការគោរពសិទ្ធិមនុស្សជាចម្បង»។
ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក បានបង្ហាញភស្តុតាងដែលថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានបាត់បង់ឯករាជ្យភាពទាំងស្រុង ហើយត្រូវបានជំនួសមកវិញ ដោយការប្រើប្រាស់ច្បាប់ ដើម្បីការពារផលប្រយោជន៍បក្ខពួក និងបង្ក្រាបសំឡេងរិះគន់។ ស្ថានភាពនេះ បង្កើតនូវបរិយាកាសអវិជ្ជមាន សម្រាប់វិស័យសេដ្ឋកិច្ច ព្រោះអ្នកវិនិយោគ ដែលមានគុណភាពតែងតែផ្តល់អាទិភាព លើប្រទេសដែលមានប្រព័ន្ធច្បាប់ច្បាស់លាស់។
ទន្ទឹមនឹងនេះ របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០២៦ របស់អង្គការ Freedom House ក៏បានចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព ដែលឆ្លុះបញ្ចាំងពីការរឹតត្បិតសិទ្ធិនយោបាយ និងសេរីភាពស៊ីវិលយ៉ាងធ្ងន់ធ្ងរ ក្រោមលេសនៃការរក្សាសន្តិសុខជាតិ និងស្ថិរភាពនយោបាយរបស់បក្ខពួកនិយម៕









