ក្រុម​​យុវជន​​ស្នើ​​​ការ​ពារ​​​ព្រៃ​​លិច​​ទឹក​​ក្នុង​​តំបន់​​បឹង​​ទន្លេ​សាប​​​ជម្រក​​​ត្រី​ពង​​និង​​បម្រើ​​វិស័យ​​ទេស​ចរណ៍

សហគមន៍​​អ្នក​​នេសាទ​​នៅ​​ខេត្ត​​បាត់​ដំបង​ និង​​ក្រុម​​យុវជន​​ ទទូច​​ឱ្យ​​រដ្ឋាភិ​បាល និង​​អាជ្ញាធ​រ​​ខេត្ត​​ជុំវិញ​​បឹង​​ទន្លេ​សាប​យក​​ចិត្ត​​ទុក​ដាក់​ការ​ពារ​​​ព្រៃ​លិច​​ទឹក​​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព​ ដើម្បី​​​អភិ​រក្ស​​​ធន​ធាន​​ជល​ផល​​គង់​វង្ស លើក​​​កម្ពស់​​ជីវភាព​​​​សហគមន៍ និង​​ជា​រ​នាំង​​ការ​ពារ​​បឹង​​ទន្លេ​​សាប។

ពួកគេ​​សង្កេត​​ឃើញ​​ថា ការ​​ថយ​ចុះ​​ព្រៃ​លិច​ទឹក ដោយ​ជំនួស​មក​វិញ​នៅ​ដីចម្ការ​គ្រប់គ្រង​កម្ម​សិទ្ធិ​ឯកជន នៅតែ​បន្ត​​​កើត​​​មាន​​ច្រើន ក្នុង​​ស្រុក​​ឯកភ្នំ និង​តំបន់​បឹង​ទន្លេសាប ក្នុង​ស្រុក​ម៉ោង​ឫស្សី ខេត្ត​បាត់ដំបង​ ។

យុវជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ​​ចុះ​ទស្សន​កិច្ច​សិក្សា​នៅ​តំបន់​បឹង​ទន្លេសាប លោក ទៀង សីហា​ បារម្ភ​​ថា ព្រៃ​​លិច​​ទឹក​​នៅ​​​​តែ​​​រង​​ការ​​គំរាម​​កំហែង​​នៅ​ឡើយ​  ប៉ះពាល់​ជម្រក​ត្រី​បន្ត​ពូជ សត្វ​​ព្រៃ​​កម្រ​ ​និង​ធ្វើ​​ឱ្យ​​​បឹង​​ទន្លេ​​សាប​គោក​​រាក់​​លឿន​ ប៉ះពា​ល់​​ជីវ​ចម្រុះ។

លោក​ទទូច​ឱ្យ​អាជ្ញាធរ​បង្ហាញ​ភាព​ច្បាស់លាស់ អភិរក្ស​ព្រៃ​លិច​​ទឹក​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ និង​​អភិវឌ្ឍន៍​​​សហគមន៍​​​រស់​​នៅ​​ក្នុង​​តំបន់​​​បឹង​​ទន្លេ​​សាប​​ជា​​កន្លែង​ បម្រើ​វិស័យ​ទេសចរ​ធម្មជាតិ​គ្រប់​រដូវកាល​។

លោក ទៀង សីហា និយាយថា៖ «មាន​​ព្រៃ​លិច​​​ទឹក​​មាន​មច្ឆាជាតិ​ជា​ច្រើន​ ប្រសិន​ជា​យើង​អភិរក្ស លើ​ព្រៃ​លិច​ទឹក ដើម្បី​​​ឱ្យ​មាន​មច្ឆា​ជាតិ​ច្រើន យើង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ ហើយ​នឹង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ឱ្យ​ស្រួល ដើម្បី​ភ្ញៀវ​ទេស​ចរ​​​ធ្វើ​​​ដំណើរ​​ងាយ​​​ស្រួល។ យើង​ធ្វើ​ម៉េច​​អភិវឌ្ឍន៍​​តំបន់​​នេះ ទាក់​​ទាញ​​សម្រាប់​​ភ្ញៀវ​​ជាតិ និង​​អន្តរ​ជាតិ»។

កាល​ពី​ថ្ងៃ​ទី​០៦ និងថ្ងៃទី​០៧ ខែ​​មិថុនា យុវជន និស្សិត និង​ពលរដ្ឋ​​រស់​នៅ​រាជធានី​ភ្នំពេញ​ ព្រម​ទាំង​តាម​បណ្តា​ខេត្ត​​នានា បាន​ចុះ​ទស្សន​កិច្ច​សិក្សា និង​ទស្សនា​តំបន់​ភូមិ​បាក់ព្រា ក្នុង​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ពួក​គេ​​បាន​​ចុះ​​ដល់​​តំបន់​បឹង​ទន្លេសាប ឆ្លង​កាត់​ព្រៃ​រនាម ឬ​ហៅ​ថា ព្រៃលិចទឹក ដោយធ្វើ​ដំណើរ​តាម​ផ្លូវ ចាប់​ពី​ភូមិ​ព្រៃ​​​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ​ តាម​បណ្ដោយ​ដងស្ទឹង​សង្កែ ប្រទះឃើញ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​លិច​អស់​ជា​ច្រើន​​ហិកតា នៅ​ពេល​ថ្មីៗ​នេះ ​ដោយ​ជំនួស​មក​វិញ​ដំណាំ​កសិកម្ម។

អ្នកភូមិ​ថា តំបន់​ព្រៃ​លិច​ទឹក​នៅ​ខាង​ក្នុង​ព្រៃ​រនាម​ជ្រៅៗ​ ក្នុង​​ស្រុក​​ឯក​ភ្នំ និង​​ស្រុក​​ម៉ោង​​ឫស្សី នៅ​តែ​​រង​​ការ​​កាប់​​ទន្ទ្រាន​​អស់​​រាប់​​រយ​​ហិកតា​​បន្ថែម​​ទៀត ​​នៅ​​រយៈ​​ពេល​​ជាង ៥ ឆ្នាំ ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ព្រៃ​លិច​ទឹក​បន្ត​ថយ​ចុះ​ជា​រៀង​​​រាល់​​​ឆ្នាំ។

ប្រជា​សហគមន៍​នេសាទ​រស់​នៅ​ភូមិ​បាក់ព្រា លោក សាន ពន្លក បារម្ភ​ថា បើ​គ្មាន​ដី​ព្រៃ​លិច​ទឹក​ទេ​ អ្នក​នេសាទ​នឹង​រក​​​ត្រី​​​លែង​​​បាន​ហើយ ហើយ​​បឹង​​ទន្លេ​សាប​​ក៏​​កាន់​​តែ​​គោក​​រាក់​​លឿន​​ដែរ​។ លោក​​ថា ព្រៃ​​លិច​​ទឹក​​ជា​​ជម្រក​​ត្រី​​ពង​កូន​​ដ៏​​សំខាន់​​នៅ​រដូវ​វស្សា​ ចាប់​ពី​ខែ​កក្កដា ដល់​ខែ​វិច្ឆិកា ប្រសិន​បើ​យើង​ការពារ​​បាន ត្រី​នឹង​សម្បូរ​ឡើង​វិញ។

លោក​​បន្ត​ថា​ ​ព្រៃ​លិច​ទឹក​មិន​ត្រឹម​ជា​ជម្រក​ត្រី​ប៉ុណ្ណោះ​ទេ ជម្រក​សត្វ​ស្វា​ព្រៃ បក្សី​កម្រ អណ្ដើក ទោច និង​ពស់ ជា​ដើម​ ទាក់​​ទាញ​​ភ្ញៀវ​​ទេស​ចរ​​ធម្ម​ជាតិ។

លោក សាន ពន្លក និយាយថា​៖ «យើង​រួមដៃ​គ្នា ឈប់​កាប់​ព្រៃឈើ ​យើង​ថែរក្សា​ព្រៃ​ទាំង​​អស់​​គ្នា​​នឹង​បាន​ត្រី ជម្រក​ត្រី​​កាន់​​​តែ​​កើន ទៅ​​មុខ​​កាន់​​តែ​​ច្រើន កូន​​យើង​​ជំនាន់​​ក្រោយ​ និង​​ចៅ​​យើ​ង​​ជំនាន់​​ក្រោយ អាច​​មាន​​ត្រី​​ច្រើន អត់​ពិបាក​​​ដូច​​យើង​​សព្វ​​ថ្ងៃ​​​នេះ​​ទេ»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ បាននៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​​០៨ ខែ​​មិថុនា ។

ចំណែក​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​ គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​នេះ។

តែ​យ៉ាង​ណា​ ​កន្លងទៅ​ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​ដំណើរ​​ទស្សនកិច្ច​​នៅ​បឹង​ទន្លេសាប​ ក្នុង​ខេត្ត​បាត់​ដំបង កាល​ពី​ឆ្នាំ​២០២៤ ដោយលោ​ក​លើក​​ឡើង​​ថា មាន​​បញ្ហា​​ប្រឈម​ ៣ កំពុង​​បំផ្លិច​​​បំផ្លាញ​​ដល់​​បឹង​​ទន្លេ​សាប រួម​​មាន ​ភ្លើង​​ឆេះ​​ព្រៃ ការ​ទន្ទ្រាន​​ព្រៃ​​យក​​ដី និង​​​បម្រែ​បម្រួល​​អាកាស​​ធាតុ។

ក្រសួង​បរិស្ថាន ​ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍ រួម​គ្នា​ថែរក្សា​ព្រៃលិចទឹក​ក្នុង​តំបន់​៣ នៃ​​​​តំបន់​​បឹង​ទន្លេសាប បន្ទាប់ពី​ធ្លាក់​ចុះ​ពី​ជាង ៦០​ម៉ឺន​ហិកតា មក​នៅ​ត្រឹម​តែ​ជាង ៦​ម៉ឺន​ហិកតា ក្រោយ​ពី​​រដ្ឋាភិ​​​បាល​​​ប្រមូល​​ដាក់​​ជា​​ទ្រព្យ​សម្បត្តិ​​របស់​​រដ្ឋ​​វិញ។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់​ដំបង លោក អ៊ិន គង់ជិត សង្កេត​​​ឃើញ​​​ថា អាជ្ញាធ​រ​​មិន​​បាន​​ពង្រាយ​​ឆ្មាំ​​អភិរក្ស​​គ្រប់​​តំបន់​ ដើម្បី​​ការ​ពារ​​ព្រៃ​​​លិច​​ទឹក​​គ្រប់​​ច្រក​​ល្ហក​​នោះ​​ទេ។ ប្រការ​​​នេះ​​​ជា​​​ឱកាស​​ធ្វើ​ឱ្យ​ឈ្មួញ​ខិលខូច​ បន្ត​លូច​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ។ លោក​​យល់​ថា អាជ្ញាធរ​គួរតែ​បង្កើន​​​ទី​​ស្នាក់​​ការ បង្កើន​កម្លាំង​ការពារ និង​ត្រូវ​ចាប់​ជន​ដែល​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដាក់​ទោស​តាម​ច្បាប់។

លោក អ៊ិន គង់ជិត ថ្លែងថា៖«កត្តា​មួយ​ទៀត ការ​ផ្សព្វផ្សាយ​ពី​ច្បាប់ ត្រូវ​បោះ​បង្គោល​ព្រំ​​សម្គាល់​​តំបន់​៣ និង​ តំបន់​​២ សរ​សេរ​​ស្លា​ក​​ហាម​​ទន្ទ្រាន​ ប្រសិ​ន​​បើ​​នរណា​​ទន្ទ្រាន​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ពិន័យ​ធ្ងន់ធ្ងរ ហ្នឹង​អាច​រាង​​​ចាល​​​បាន»។

មន្ត្រី​សង្គម​ស៊ីវិល ​ទទូច​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត ​ការពារ​ព្រៃ​លិច​ទឹក និង​បរិស្ថាន​ក្នុង​តំបន់​ទន្លេ​សាប​​​ឱ្យ​​គង់ ដោយ​​ត្រូវ​​ពង្រឹង​​ការ​​​អនុវត្ត​​ច្បាប់ លុបបំបាត់​អំពើពុករលួយ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​។

កម្មវិធី​អភិវឌ្ឍន៍​​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​បាន​ចាត់​ទុក​បឹង​​ទន្លេ​សាប​​ជា​​បឹង​​ទឹក​សាប​​ដ៏​​ធំ​​​បំផុត ​នៅ​អាស៊ី​អាគ្នេយ៍ និង​​ជា​​ប្រព័ន្ធ​​អេកូឡូស៊ី​​មាន​ជីវជាតិ និង​ជីវចម្រុះ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។ បឹង​នេះ​ជា​ជម្រក​ដ៏​សំខាន់​​​សម្រាប់​ត្រី និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ហើយ​អាច​​ចិញ្ចឹមជីវិត​ពលរដ្ឋ​ជាង ៣ លាន​នាក់​ ចាប់​ត្រី​ក្នុង​បឹង​ទន្លេ​សាប។

ចំណែក​តំបន់​ទំនាប​លិច​ទឹក​ ក៏ជា​ជម្រក​ព្រៃឈើ​ទឹកសាប​តាម​រដូវ​កាល ដូច្នេះ​ការ​អភិរក្ស​​​ព្រៃ​​លិច​​ទឹក​​នៃ​​បឹង​​ទន្លេ​សាប​ជា​​គន្លឹះ រក្សា​​សន្តិ​សុខ​​ស្បៀង ការ​​អភិរក្ស​​​ជីវ​ចម្រុះ និង​​ការ​​សម្រប​​ខ្លួន​​ទៅ​​​នឹង​​ការ​ប្រែប្រួ​ល​​អាកាស​ធាតុ។ បឹង​នេះ​មាន​​ចរន្ត​ទឹក​​ធ្វើ​ចលនា​​ឥត​​ឈប់​ឈរ​ បង្កើត​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ពិសេស​មួយ ​​ដែល​​មា​ន​ត្រី​​ជាង ៣​រយ​​ប្រភេទ និង​​បាន​​បង្កើត​ជា​ប្រព័ន្ធ​នេសាទ​ដែល​មាន​ជីជាតិ។

បឹង​ទន្លេសាប​ ព័ទ្ធជុំវិញ​ដោយ​ព្រៃ​លិច​ទឹក​គ្របដណ្ដប់​លើ​ផ្ទៃដី​ជាង​៦ (៦,៥) សែន​ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ