ជម្លោះប្រដាប់អាវុធក្នុងវិវាទព្រំដែនកម្ពុជា-ថៃ បានរុញច្រានពលរដ្ឋនៅខេត្តឧត្តរមានជ័យឱ្យចាកចេញឆ្ងាយពីផ្ទះអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។
ពលរដ្ឋភៀសខ្លួនមកពីតំបន់អូរស្មាច់ អ្នកស្រី យន់ លឹម ប្រាប់វីអូឌីថា តាំងពីចូលឆ្នាំខ្មែរមក អ្នកស្រីទទួលបានជំនួយម្ដងប៉ុណ្ណោះ ដោយការឧបត្ថម្ភកាន់តែតិចទៅៗ។ អ្នកស្រីបន្តថា ប្រធានជំរំបានដឹកនាំដាំបន្លែបង្ការខ្លះគ្រាន់បានធ្វើម្ហូប ខណៈត្រីសាច់ត្រូវទិញគេ ឬទៅរកតាមបឹងបួរដោយខ្លួនឯង។ ទោះយ៉ាងណា អ្នកស្រីថា ជីវភាពក្នុងជំរំ គឺនៅតែខ្វះខាត ហើយពឹងផ្អែកលើជំនួយទាំងស្រុង ដោយសារពលរដ្ឋគ្មានមុខរបរ។
អ្នកស្រី យន់ លឹម និយាយថា៖ «ខ្វះចេះតែខ្វះហើយ ព្រោះមិនមានមុខរបរអីរក។ បើខ្វះអង្ករបរិភោគយើងអាចទៅស្នើគេបានអង្ករបួនដប់គីឡូ»។
លើសពីនេះ ស្របពេលពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះបណ្ដោះអាសន្ន អ្នកស្រី យន់ លឹម ក៏ដូចជាពលរដ្ឋភៀសសឹកផ្សេងទៀតនៅជំរំបាត់ថ្កៅ បន្តរស់នៅក្នុងតង់ប្រក់សំពត់កៅស៊ូ តទល់នឹងរលកកម្ដៅនៅរដូវប្រាំង និងភ្លៀងខ្យល់នៅរដូវវស្សា។ កត្តានេះជំរុញឱ្យអ្នកស្រីចង់បានផ្ទះបណ្ដោះអាសន្ន ដែលមានសភាពរឹងមាំដើម្បីសុវត្ថិភាព និងសុខភាពកូនចៅ។
អ្នកស្រី យន់ លឹម បន្តថា៖ «ចង់បានផ្ទះនៅហ្នឹងឯង នរណាចង់នៅហាលក្ដៅនោះ តង់ខ្យល់ប៉ើងក្ដៅចង់ងាប់។ ភ្លៀងមកនាំគ្នាឈរចាប់កៅស៊ូខ្លាចប៉ើង»។
ជុំវិញរឿងនេះ វីអូឌី មិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្ដី ដើម្បីសុំការអត្ថាធិប្បាយពីចំនួនជនភៀសសឹក ដែលបន្តនៅជំរំ និងការចែកផ្ទះបណ្ដោះអាសន្នបានទេ នៅថ្ងៃទី១០ ខែមិថុនា។
កាលពីមីនាកន្លងទៅ រដ្ឋាភិបាលធ្លាប់បានចែកផ្ទះចំនួន ២០៣ខ្នង ដល់ពលរដ្ឋភៀសសឹកមកពីស្រុកបន្ទាយអំពិល និងក្រុងសំរោង ក្រោមការរៀបចំយន្តការចាប់ឆ្នោតដោយរដ្ឋបាលខេត្ត។
ពលរដ្ឋភៀសសឹក ឱ្យដឹងថា ផ្ទះទាំងនោះ គឺចែកឱ្យអ្នកដែលស្ថិតនៅក្នុងតំបន់ក្រហម ងាយប្រឈមមិនអាចត្រឡប់ទៅផ្ទះបាន ដោយសារជាតំបន់ក្ដៅកៀកព្រំដែន។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ខេត្តចំនួនបី ត្រូវបានកំណត់សម្រាប់ការសាងសង់លំនៅឋានបណ្ដោះអាសន្ន រួមមាន ២ ០០០ ខ្នង នៅបន្ទាយមានជ័យ, ៦០០ខ្នងនៅព្រះវិហារ និង២០០ខ្នងនៅឧត្តរមានជ័យ។
ពលរដ្ឋភៀសសឹកម្នាក់ទៀតមកពីឃុំគោកមន ស្រុកបន្ទាយអំពិល គឺអ្នកស្រី ហៀប ឃា បានត្រឡប់ទៅភូមិកំណើតវិញពីរបីខែមកហើយ ដោយបន្តរស់នៅក្នុងផ្ទះដែលរងការខូចខាតដោយអន្លើពីការផ្ទុះអាវុធ។ អ្នកស្រីបន្តថា ជីវភាពបច្ចុប្បន្ន គឺពឹងលើការស៊ីឈ្នួលតាមចម្ការ ទម្រាំដល់ពេលអាជ្ញាធរបញ្ចប់ការសម្អាតសំណល់គ្រាប់ពីដីស្រែអ្នកស្រី។
អ្នកស្រី ហៀប ឃា និយាយថា៖ «ផ្ទះខ្ញុំត្រូវតិចតួចម៉ានៅកើត។ ជីវភាពធម្មតាបានពូមីងអ៊ំជិតខាងគាត់ដាំចន្ទី គាត់រកកាត់ស្មៅ តែងមែកចន្ទីអីអ៊ីចឹងទៅ»។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំខេត្តភាគពាយ័ព្យ លោក អ៊ិន គង់ជិត លើកឡើងថា អ្នកដែលត្រឡប់ទៅផ្ទះវិញ អាជ្ញាធរត្រូវរៀបចំមុខរបរឱ្យពួកគាត់ និងស្នើទៅស្ថាប័នឥណទានឱ្យពន្យារ ឬរៀបចំកម្ចីឡើងវិញ។ លោកកត់សម្គាល់ឃើញដែរថា ពលរដ្ឋភៀសសឹកដែលបន្តនៅជំរំ កំពុងប្រឈមខ្លាំងផ្នែកជីវភាព និងការរស់នៅ ពិសេសក្នុងរដូវវស្សាដែលកំពុងចូលមកដល់។ ករណីនេះ លោកអំពាវនាវឱ្យអាជ្ញាធររៀបចំសាងសង់ជម្រករឹងមាំដល់ពួកគាត់។
លោក អ៊ិន គង់ជិត និយាយថា៖ «អាជ្ញាធរខេត្តគួរតែមានការរៀបចំធ្វើផ្ទះសម្បែងមាំទាំ សម្រាប់ឱ្យគាត់ជ្រកនៅជាបណ្ដោះអាសន្នបន្តទៅទៀត ជំនួសដោយរោងតង់កៅស៊ូបានជាការល្អ ព្រោះរដូវនេះជារដូវវស្សាហើយ ដែលមានភ្លៀងធ្លាក់ច្រើនហើយរាល់ថ្ងៃ អ៊ីចឹង គាត់ត្រូវប្រឈមនឹងបញ្ហាអាកាសធាតុដែលយាយីដល់ពួកគាត់»។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី៤ ខែមិថុនា នៅមានពលរដ្ឋចំនួនជិត ៣ម៉ឺននាក់ (២៩.០២៨នាក់) ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន ក្នុងនោះខេត្តឧត្ដរមានជ័យមានសាលារៀន៨ និងមន្ទីរពេទ្យមណ្ឌលសុខភាព៥ បន្តបិទទ្វារ ដែលជាចំនួនច្រើនជាងគេក្នុងបណ្ដាខេត្តរងគ្រោះ៕









