កាំ​ភ្លើង​​ច្នៃ និង​​អន្ទាក់​​ចាប់​​សត្វ​​ព្រៃ​​នៅ​​តែ​​គំរាម​​កំហែង​​ជីវិត​​សត្វ​​ព្រៃ​​ក្នុ​ង​​តំបន់​​អភិរក្ស​

ប្រជា​​សហគម​ន៍​​ការ​ពារ​​​ព្រៃ​ឈើ​ ឱ្យ​​ដឹង​ថា សត្វ​ព្រៃ​​​ជា​​ច្រើន​​ប្រភេទ ​រួម​មាន ដំរី​​ព្រៃ ខ្លា​ឃ្មុំ ខ្ទីង ប្រើស ឈ្លូស ទន្សោង ក្ងោក និង​​ជ្រូក​​ព្រៃ​​ជា​ដើម បន្ត​​បាត់​​បង់​​ជា​​រៀង​រាល់​​ថ្ងៃ​​ដោយ​សារ​​អន្ទាក់​ ការ​​លួច​​បរបាញ់ និង​​ការ​​បាត់​បង់​​ជម្រក​​ជា​ដើម ក្នុង​​តំបន់​​អភិរក្ស​​ជួរ​​ភ្នំ​ក្រវាញ​​កណ្ដាល ដែន​​ជម្រក​​សត្វ​​ព្រៃ​​​ភ្នំ​​ឱរ៉ាល់​ តំបន់​​ព្រៃ​​សង្ឃ​​សហគមន៍​​រុក្ខ​វ័ន​ ដែន​​ជម្រក​​សត្វ​​ព្រៃ​​​ភ្នំ​ព្រេច ក្នុង​​ខេត្ត​​មណ្ឌល​គិរី និង​​ដែន​​ជម្រក​​សត្វ​​ព្រៃ​ឡង់ ជាដើ​ម។ 

ពួក​គេ​​បារម្ភ​​ពី​​​អនាគត​​សត្វ​​ព្រៃ​​កម្រ​​ទាំងនេះ​ នឹង​​ផុត​​ពូជ​​នៅ​​ថ្ងៃ​​ខាង​​មុខ ប្រសិន​បើ​​ក្រសួង​​បរិស្ថាន​​នៅ​ខ្វះ​ចន្លោះ​អនុ​វត្ត​ច្បាប់ និង​​គ្មាន​​វិធាន​​ការ​​ការពារ​ឱ្យ​ជាក់លាក់​។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ប្រាប់​​វីអូឌី​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​​ថា​ បច្ចុប្បន្ន​​សកម្ម​ភាព​​ប្រើ​​កាំភ្លើ​ង​​ច្នៃ និង​​ជំពាម​​​កៅ​ស៊ូ​ ដែល​​អាច​សម្លាប់​សត្វព្រៃ​បាន​ នៅតែ​កើត​មាន​ច្រើន ក្នុង​តំបន់​អភិរក្សរួមមាន ដែន​ជម្រកសត្វព្រៃភ្នំព្រេច​ និង​ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុង​ខេត្ត​មណ្ឌលគិរី។

លោក​ថា អ្នក​ដែល​លួច​ប្រើ​កាំភ្លើង​ច្នៃ ភាគ​ច្រើន​​ជា​មន្ត្រី​ទាហាន និង​នគរបាល​មូលដ្ឋាន​ ប្រសិន​បើ​ពលរដ្ឋ​សាមញ្ញ​ភាគ​​​ច្រើន មិន​​ហ៊ាន​ប្រើ​ប្រាស់​កាំភ្លើង​ច្នៃ បរបាញ់​សត្វ​ព្រៃ​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា​ អ្នក​មាន​លុយ​មាន​អំណាច​​​​​ខ្លះ ចូល​ចិត្ត​ហូប​សាច់​ព្រៃ កុម្ម៉ង់​​ទិញ​សាច់​សត្វ​ព្រៃ​ក្នុង​តម្លៃ​ខ្ពស់​ពី​ក្រុម​​ឈ្មួញ ​ដែ​ល​​ជា​​ហេតុ​​នាំ​​​ឱ្យ​​ព្រាន​​ព្រៃ​ លួច​​​បរ​​បាញ់​​​សត្វ​​ព្រៃ ដើម្បី​​ជួញ​ដូរ។

លោក គ្រើង តុលា និយាយថា៖ «អ្នកមានលុយ… អ្នកដែលចូលចិត្តហូបសាច់ ពេលខ្លះគាត់កម្ម៉ង់ដែរ អញ្ចឹង​ណា។ ក៏​ដល់​ពេល​គាត់កម្ម៉ង់ ហ៊ានទិញតម្លៃថ្លៃ ឧទាហរណ៍ថា យើងសត្វជ្រូកមួយ ៨០​គីឡូ តម្លៃ​វា​តែ ៨០​ម៉ឺន​ទេ ប៉ុន្តែ​បើ​សត្វ​​ស្វា​​មួយ​ឧទាហរណ៍​ថា ២០ ម៉ឺន​អី​អញ្ចឹង​ទៅ​ណា តូច​ញែប ប៉ុន្តែ​វា​ថ្លៃ អា​នេះ​ជាប​ញ្ហា​មួយ​ដែរ បាទ! អញ្ចឹង​ធ្វើ​ឱ្យ​ព្រាន​​ព្រៃ​ហ្នឹង​ គឺ​ចូល​ចិត្ត​ចូល… ចូល​ព្រៃ​តែ​ម្តង​ ដោយ​សារ​វា​ តម្លៃ​វា​ថ្លៃ បាទ!»។

ប្រជា​សហគមន៍​ម្នាក់ ដែល​តែងតែ​​នាំ​ភ្ញៀវ​ទេសចរ​ឡើង​​​ភ្នំខ្ន​ង​វាល ក្នុង​​តំប​ន់​​ឧទ្យាន​ជាតិ​​ជួរ​​ភ្នំ​ក្រវាញ​​កណ្តាល គឺលោក វី រ៉ាន់ ប្រាប់​​ថា តំបន់​​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ ឋិត​នៅ​ចំណុច​ខ្នងវាល ខ្នង​​ផ្សារ ភ្នំ​​ថ្ម​ព្រុយ ភ្នំខ្នង​ដង​ពេញ និង​ភ្នំ​ដូន​ពាយ ដែល​​​ជា​​កន្លែង​សត្វ​ព្រៃ​ស្វែង​រក​ចំណី សកម្មភាព​ពង្រាយ​អន្ទាក់​​ចាប់​សត្វព្រៃនៅតំបន់នោះ បាន​ថយ​ចុះ​​ច្រើ​ន​​​នៅ​​​ឆ្នាំ​​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។

លោក​ថា កន្លង​​ទៅ ក្នុង​​ពេល​ពួកលោក​ចុះល្បាត​ព្រៃ​ម្តងៗ ​ប្រ​ទះ​​ឃើញ​​អន្ទាក់​រាប់​​រយ​​អន្ទាក់​ ដែល​​ព្រាន​​ព្រៃ​​លួច​​ដាក់​​ចាប់​​សត្វ​ខ្ទីង ខ្លាឃ្មុំ​ និង​​ជ្រូក​ព្រៃ ហើយ​​ជូន​​កាល​ពួក​​លោក​ប្រទះ​​ឃើញ​ជ្រូក​​ព្រៃ និង​​ខ្ទីង ងាប់​​ស្អុ​យ​​រលួយ ជាប់​នឹង​​អន្ទាក់​​​គួរ​​អាណិត​អាសូរ។

លោក​​បន្ថែម​ថា ថ្វី​​ត្បិ​ត​​​តែ​​អន្ទាក់​ថយ​ចុះ​ក្តី ក៏​​ប៉ុន្តែ​ជីវិត​សត្វ​ព្រៃ​នៅ​តែ​រង​ហានិភ័យ​ខ្ពស់​ មិន​​ទទួល​​បាន​​ការ​ពារ​​ឱ្យ​​ច្បាស់​​​លាស់​​​នៅ​ឡើយ​ទេ។

លោក លី រ៉ាន់ និយាយ​ថា៖ «អា​រឿង​សត្វ វា​មាន​គ្រប់​ប្រភេទ សត្វ​ដំរី… ភាគ​ច្រើន បើ​ត្រូវ​ជាង​គេ​ភាគ​ច្រើន​ឃើញ​តែ​ខ្ទីង របួស… ប៉ុន្មាន​ពីរ​ឆ្នាំនេះ​ឃើ​ញ​តែ​ខ្ទីង ខ្ទីង​ហើយ​និង​ជ្រូក​ព្រៃ ឈ្លូស ខ្លា​ឃ្មុំ​អី… ជាប់​ ហើយ​​និង​កំប្រុក សត្វ​ក្ងោក​… សត្វ​ក្ងោក​ហ្នឹង​ឥឡូវ​ចង់​ដាច់​ពូជ​ដែរ​ហើយ ឃើញ​នៅ​ទឹ​ក​ជ្រោះ… ដើរ​តូច​ខ្ញុំ​ហ្នឹង មាន​ប៉ុន្មាន​ក្បាល មាន​ទៅ​ជួប។ នៅ​នេះ​សំបូរ​ណាស់ គ្រាន់​តែ​ភ្នំ​នៅ​មុខ​ផ្ទះ​ខ្ញុំ ក្ងោក​តូច​ សំបូរ​ណាស់ យំរា​ល់​តែព្រឹ​ក រាល់​តែ​ល្ងាច យប់​ឡើង​យំ​ទៅ​ខាង​លិច​ព្រៃ… »។

សមាជិក​ព្រៃ​សង្ឃ​សហគមន៍​រុក្ខាវ័ន នៅ​​ខេត្ត​​ឧត្តរ​​មាន​ជ័យ គឺ​​ព្រះ​​តេជ​គុណ តោន បូលីន ក៏​​បារម្ភ​​​ពី​​ជោគ​​វាសនា​​សត្វ​​ព្រៃ​​កម្រ​​ជា​​ច្រើន​​ក្នុង​តំបន់​អភិរក្ស​នេះ​ រង​ការ​គំរាម​កំហែង​ដោយសារ​អន្ទាក់។

ព្រះអង្គ​បន្ថែម​ថា អ្នកភូមិ​មួយ​ចំនួន រស់​​នៅ​​​ជុំវិ​ញ​​តំបន់​​អភិរក្ស​​នេះ​ តែ​ង​តែ​​លួច​​ពង្រាយ​អន្ទាក់​ចាប់​សត្វ​ព្រៃ និង​លួច​​​បរបាញ់​ ដោយ​សារ​​កត្តា​​ជីវភាព​។ លើស​ពី​នេះ ​សកម្ម​ភាព​លួច​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​កើត​មាន​ច្រើន​ក្នុង​ពេល​​ផ្ទុះ​អាវុធ​ជា​មួយ​​សៀម កាល​ពី​ចុង​ឆ្នាំ​២០២៥ ធ្វើ​ឱ្យ​សត្វ​ព្រៃ​បាត់បង់​ច្រើន។

ព្រះតេជគុណ តោន បូលីន មាន​សង្ឃដីកា​បន្ថែម​ថា៖ «ជាពិ​សេស​សម័យ​សង្គ្រាម កាប់​ឈើ ដាក់​អន្ទាក់​សព្វ​បែប​យ៉ាង​ទាំង​អស់ បើយើ​ង​និយាយ​ទៅគា​ត់​មិន​ខ្វះ​ខាត ចេះ​ដឹង​ទេ គាត់​នៅ​តែបំ​ពាន ណា​មួយ​ដើម្បី​ជីវភាព»។

របាយ​ការណ៍​របស់​ក្រសួង​បរិស្ថាន ស្តី​ពី​​លទ្ធផល​ការងារ​អនុវត្តច្បាប់​ និង​​ការ​​បង្ក្រាប​​បទ​ល្មើស​​ធន​ធាន​​ធម្ម​ជាតិ ចាប់​​​ពី​​ខែ​​មករា ដល់​​ខែ​​ឧសភា ឆ្នាំ២០២៦ បង្ហាញ​ថា សត្វ​ព្រៃ​នៅ​តែ​រង​ការ​គំរាម​កំហែង​​អាយុ​ជីវិត​ ស្រប​ពេល​ដែល​អន្ទាក់​​ជាង ​១ម៉ឺន​ខ្សែ បាន​​​រក​ឃើញ​ក្នុង​រយៈ​ពេល ៥ខែ ឆ្នាំ២០២៦នេះ។ ក្រៅ​ពី​អន្ទាក់​ខ្សែ មន្ត្រី​បាន​ដ​ក​​ហូត​អន្ទាក់​​ឆក់​​អគ្គិសនី​ជាង ១ពាន់ម៉ែត្រ (១២២៥) កាំភ្លើង​កែច្នៃ​ ៨៦ដើម, អាវុធ ៤ដើម និង​វត្ថុតាង​មួយ​ចំនួន​ទៀត​ ដែល​​ជនល្មើស​ប្រើប្រាស់​​សម្រាប់​ប្រព្រឹត្ត​បទល្មើស​សត្វ​ព្រៃ។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​​អ្នក​​នាំ​​​ពាក្យ​​ក្រសួង​​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​​នៅ​ឡើយ​​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា ​កន្លង​ទៅ ​ក្រសួង​បរិស្ថាន​ បាន​​បង្កើត​​យុទ្ធនា​ការ «អន្ទាក់​​សូន្យ​» (Zero-Snaring Campaign) ដោយ​​សហការ​​ជាមួយ​​អង្គ​ការ​​ដៃ​គូ​​អភិរ​ក្ស​​នានា​ ​ក្នុង​​គោល​​បំណង​​លុប​​បំបាត់​​អន្ទាក់​​គ្រប់​​ប្រភេទ ចេញ​​​ពី​​ព្រៃ​​កម្ពុជា​។

ក្រសួង​​អំពាវ​​នាវ​​ឱ្យ​មហា​ជន​​បញ្ឈប់​​បរិភោគ និង​​ជួញ​ដូរ​ ទិញ និង​​លក់ ជា​ពិសេស​ម្ចាស់​ភោជនីយ​ដ្ឋាន និង​​អាហារ​​ដ្ឋាន​​ទាំង​អស់​ ត្រូវ​​លុប​​បំបាត់​​ការ​​លក់​​មុខ​​ម្ហូប​សាច់​សត្វ​ព្រៃ។ បន្ថែម​ពី​នេះ​ទៀត ក្រសួង​​លើក​​ទឹ​ក​​ចិត្ត​​ឱ្យ​​​ពលរដ្ឋ​​​គ្រប់​​មជ្ឈ​ដ្ឋាន​ ចូល​​រួម​​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិន​បើ​ឃើញ​មាន​ការ​ដាក់​អន្ទាក់​ ឬ​ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។

ជុំវិញ​រឿង​នេះ សកម្មជន​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី សង្កេត​​ឃើញ​​ថា​ ក្រសួង​​បរិស្ថាន​​នៅតែ​គ្មាន​​វិធានការ​ច្បាស់​លាស់ ទប់​ស្កាត់​​ការ​​ដាក់​​អន្ទាក់​​ចាប់​​សត្វ​​ព្រៃ និង​លុប​បំបាត់​កាំភ្លើង​ច្នៃ​ លួច​បរបាញ់​សត្វព្រៃ​ខុស​​ច្បាប់។ លោក​ស្នើ​ឱ្យ​ក្រសួង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់ រឹង​បន្តឹង​ការ​អនុវត្ត​ច្បាប់​ និង​អប់រំ​ណែនាំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ពី​សារប្រយោជន៍​សត្វ​ព្រៃ។

លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «ហើយ​​យើងមានវិធានការបែបណា ចំពោះ​សហគមន៍​ដែល​រស់​នៅ​ជុំ​វិញ​តំបន់​អភិរក្ស ឬ​ក៏​អ្នក​រស់​នៅក្នុ​ង​តំបន់​អភិរក្ស ព្រោះ​យើង​ឃើញ​ហើយ​ក្នុង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គាត់​រស់​នៅ​ក្នុង​អភិរក្ស ហើយ​ពេល​ខ្លះ​គាត់​រក​របរ​ដាក់​អន្ទាក់​សត្វ​ព្រៃ​ហ្នឹង​ ដើម្បី​ចិញ្ចឹម​ជីវិត​។ អញ្ចឹង​យើង​ត្រូវ​តែមា​ន​វិធាន​ការ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង ព្រោះ​កា​រ​ដាក់​អន្ទាក់​គឺ​ជា​បញ្ហាប្រ​ឈម​ខ្លាំង​ណាស់ ក្នុង​ការ​ធ្វើ​ឱ្យ​សត្វ​ព្រៃ​បាត់​បង់»។

សកម្មជន​សិទ្ធិ​មនុស្ស​រូបនេះ មើល​ឃើញ​ថា ការអនុវត្ត​ច្បាប់​​ធូររលុង​ ការ​កាប់​ទន្ទ្រាន​ព្រៃ​ជម្រក​សត្វ​ព្រៃ និង​​ខ្វះ​​ការ​​យក​​ចិត្ត​​ទុក​​ដាក់​ពី​​ក្រសួង​​សាមី ​​ក៏​​ជា​​​ផ្នែក​​មួយ​ធ្វើ​ឱ្យ​សត្វព្រៃ​បន្ត​បាត់បង់​ជា​រៀង​រាល់​ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ