អ្នកឃ្លាំមើល ជំរុញឱ្យលោកហ៊ុន សែន លាលែងពីតំណែង ហើយស្ថាប័នអនុវត្តច្បាប់គួរត្រូវបើកធ្វើការស៊ើបអង្កេតដើម្បីផ្តន្ទាទោស បន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានទទួលស្គាល់កំហុស ដែលដឹកនាំប្រទេសមិនបានពង្រឹងវិស័យការពារជាតិ ធ្វើឱ្យថៃអាចវាយឈ្លានពានទឹកដីកម្ពុជាបាន ថែមទាំងនៅបន្តគំរាមតាមវាយអ្នករិះគន់លើការបាត់បង់ទឹកដី។
ប្រតិកម្មទាំងនេះ បានកើតឡើងបន្ទាប់ពី លោកហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ខែមិថុនាថា ដោយសារតែជឿទុកចិត្តថៃនាពេលកន្លងមក ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលមានអំណាចពេញដៃ គឺលោកមិនបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេ។
លោកបានថ្លែងថា៖ «អ៊ីចឹងពេលដែលមានសភាពការណ៍ គឺរឿងនេះជាកំហុសរបស់ខ្ញុំ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ។ ជាកំហុសរបស់ខ្ញុំ ដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួន ដើម្បីការប្រយុទ្ធ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងបានទប់ទល់សភាពការណ៍នៃសង្គ្រាមនេះ ហើយខិតខំដោះស្រាយដោយសន្តិវិធី។ មានបញ្ហាខ្លះយើងត្រូវហ៊ានទទួលខុសត្រូវ ទៅលើបញ្ហាអតីតកាលដែលខ្លួនបានសាង។ ខ្លួនខ្ញុំដោយសារតែជឿទុកចិត្តគេពេក អ៊ីចឹងសមត្ថភាពផ្នែកអាវុធយុទ្ធភណ្ឌ គឺហាក់ដូចជាថា វាស្រឡាញ់លុយពេក ចង់យកលុយទៅធ្វើស្ពាន ចង់យកលុយទៅធ្វើផ្លូវ ធ្វើមន្ទីរពេទ្យ ធ្វើសាលារៀន ពីព្រោះកាំភ្លើង១ដើមៗគ្រាប់ជួនកាល១គ្រាប់តម្លៃរាប់សិបម៉ឺនក៏មានដែរ»។
លោកបន្តថា នៅពេលថៃបើកការវាយប្រហារមកលើកម្ពុជា គឺកម្ពុជាមិនមានយុទ្ធភណ្ឌគ្រប់គ្រាន់ទេ ដែលនេះជាកំហុស ក៏ដោយសារលោកមិនគិតថា វាមានសង្គ្រាមឈ្លានពានកើតឡើងនៅទៅទូទាំងព្រំដែន រាលដាលតាំងពីមុំបីរហូតទៅដល់មាត់សមុទ្រនោះទេ។
ប៉ុន្តែបើទោះបីទទួលស្គាល់ពីកំហុសរបស់ខ្លួនយ៉ាងណាក្តី ក៏ លោកហ៊ុន សែន នៅតែបន្តគំរាមវាយកម្ទេចក្រុមអ្នករិះគន់ដែលលោកថា បានវាយលោកពីខាងក្រោយ គឺមិនអាចទុកឱ្យក្រុមនេះ ប្រមូលផ្តុំបានទេ គឺត្រូវតែងើបមួយវាយមួយ។
លោកថា៖ «ហ្ហែងងើបមួយវាយមួយ ពីព្រោះអ៊ីចេះ បើមិនបោសសម្អាតខាងក្រោយទេ ទប់ខាងមុខអត់បានទេ ត្រូវវ៉ៃអាខាងក្រោយឱ្យងាប់សិន វ៉ៃអាក្រោយឱ្យបាក់សិន ប៉ុន្តែអាពួកហ្នឹងនៅក្រៅប្រទេសទេ។ ប៉ុន្តែអាខាងក្នុងតែហ៊ាន ហ៊ានសាកលមើល! អញកំពុងប្រឈមជាមួយខាងមុខសត្រូវនៅខាងមុខ អញអត់ឱ្យហ្ហែងវាយអញពីក្រោយខ្នងទេ អញត្រូវតែវ៉ៃហើយ អញប្រាប់ឱ្យហើយ។ ខ្ញុំមិនបានប្រើពាក្យរឿងប៉ុនកូនដៃទេ ខ្ញុំគ្រាន់តែនិយាយថា របួសកូនដៃមួ មិនគួរឱ្យរូបរាងកាយទាំងមូលវាពិការទេ មានន័យថា រឿងព្រំដែនកម្ពុជា–ថៃមិនគួរធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ចសង្គមនៅខាងក្រោយទេ»។
ជាមួយគ្នានេះ លោក ហ៊ុន សែន បញ្ជាក់ទៀតថា លោកមិនចង់រករឿងអ្នកណាទេ ក៏ប៉ុន្តែសូមកុំមករំខាននៅពេលដែលប្រទេសជាតិកំពុងតែប្រឈមជាមួយនឹងការឈ្លានពាន។ លោកថា បើអ្នកឯងមិនបានជួយជាតិទេ កុំក្បត់ជាតិ ទង្វើរបស់ពួកអ្នកឯង គឺជាទង្វើក្បត់ជាតិដែលរួមដៃជាមួយសត្រូវ វាយប្រហារលើជាតិខ្លួនឯង។
ប៉ុន្តែក្រុមប្រឆាំងនៅក្រៅប្រទស និងបញ្ញវន្តខ្មែរមួយចំនួន បានចោទប្រកាន់ថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គួរត្រូវបានធ្វើការស៊ើបអង្កេត និងចោទប្រកាន់ពីបទក្បត់ជាតិ ខណៈដែលសង្គ្រាមថៃឈ្លានពានបានផ្ទុះឡើង បន្ទាប់ពី លោកហ៊ុន សែន បានបោះពាក្យសម្តី និងបញ្ចេញសារសំឡេងសម្ងាត់របស់អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ដែលលោកហ៊ុន សែន លូកដៃទៅកកូកកាយនយោបាយផ្ទៃក្នុងថៃ ថែមទាំងបើកឱ្យមានឧក្រិដ្ឋកម្មអនឡាញស្អេកស្កះទៅតាមព្រំដែន ដែលធ្វើឱ្យថៃយកធ្វើជាលេសវាយចូលឈ្លានពានកម្ពុជា។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១០ខែមិថុនានេះថា បើស្តាប់ការថ្លែងរបស់ លោកហ៊ុន សែន តាំងពីដើមដល់ចប់ គឺគាត់ហាក់មិនបានសុំទោសនោះទេ បើទោះបីជាគាត់ទទួលស្គាល់ពីភាពទន់ខ្សោយ ក្រោមការដឹកនាំរបស់គាត់ ក្នុងការត្រៀមធ្វើសង្គ្រាមការពារទឹកដីយ៉ាងណាក្តី ពីព្រោះលោកហ៊ុន សែន នៅតែប្រកាសពីការប្រើកណ្តាប់ដៃងើបមួយវាយមួយ បង្ក្រាបខ្មែរគ្នាឯងចាប់ដាក់គុកចំពោះអ្នកដែលហ៊ានរិះគន់ពីការបាត់បង់ទឹកដី។
លោកថា៖ «គាត់និយាយលើកនេះ គឺគ្រាន់តែចង់ការពារកូនប្រុសគាត់ លោកហ៊ុន ម៉ាណែត ទេកុំឱ្យប្រជាពលរដ្ឋខ្មែរស្តីបន្ទោសថា លោកហ៊ុន ម៉ាណែត ហ្នឹងអត់សមត្ថភាពដឹកនាំប្រទេស ហើយថាលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសភ្លាមធ្វើឱ្យមានសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃភ្លាម។ នៅពេលថៃឈ្លានពានហើយ លោកហ៊ុន ម៉ាណែត គ្មានមធ្យោបាយទប់ស្កាត់ថៃ បណ្តោយឱ្យឈ្លានពានទឹកដីខ្មែរដូចសព្វថ្ងៃអ៊ីចឹង។ ការសម្រេចចិត្តរបស់ លោកហ៊ុន ម៉ាណែត គឺទន់ខ្សោយ មិនប្រាកដប្រជា សូម្បីកម្ពុជាមានប្រៀបលើច្បាប់អន្តរជាតិ ក្នុងការប្តឹងថៃ ក្នុងការតវ៉ាទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា ក៏លោកហ៊ុន ម៉ាណែត ធ្វើការសម្រេចចិត្តមិនត្រូវដែរ»។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបកក្សសង្គ្រោះជាតិ ក៏ប្រាប់វីអូឌីនៅថ្ងៃទី១០ខែមិថុនានេះផងដែរថា លោកហ៊ុន សែន តែងតែអួតពីការធ្វើសង្គ្រាម ហើយក្នុងសៀវភៅអ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ក៏អួតពីគាត់ផងដែរ ក៏ប៉ុន្តែបែរជា លោកហ៊ុន សែន មិនអាចសូម្បីប៉ាន់ស្មានថា ថៃនឹងបន្តឈ្លានពានទឹកដីកម្ពុជាបន្ថែមទៀត ខណៈឆ្នាំ១៩៦២ ថៃបានឈ្លានពានម្តងរួចមកហើយ ហើយឆ្នាំ២០០៨ ថៃក៏បានឈ្លានពានទឹកដីខ្មែរម្តងទៀត។ នេះបង្ហាញពីភាពអសមត្ថភាពយ៉ាងខ្លាំងរបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ដែលមិនស័ក្តិសមធ្វើជាមេដឹកនាំកំពូលរបស់ប្រទេសនោះទេ។
សម្រាប់ លោកអ៊ុំ សំអាន លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលអសមត្ថភាព មិនអាចប៉ាន់ស្មានពីការឈ្លានពានរបស់ថៃ ដោយនៅពេលដែលកាន់អំណាច មិនបានពង្រឹងវិស័យយោធាដើម្បីការពារទឹកដី បែរជាខំពង្រឹងតែក្រុមអង្គរក្ស ក្រុមប៉ូលិសខ្លាហោះ ក្រុមបង្ក្រាបបាតុកម្ម កូដកម្ម ដើម្បីការពារអំណាចគ្រួសារខ្លួនឯងតពូជ។ រីឯទាហានជួរមុខអត់មានកាំភ្លើងទំនើបៗ អត់មានអាវក្រោះ អត់មានមួកការពារ អត់មានសម្ភារយោធាទំនើបៗនោះទេ ប៉ុន្តែក្រុមអង្គរក្សការពារអំណាច លោកហ៊ុន សែន នៅទីក្រុង បែរជាមានកាំភ្លើងទំនើប និងសម្ភារយោធាទំនើបៗគ្រប់សព្វទៅវិញ។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ លើកឡើងថា ជាមេដឹកនាំប្រទេសចាំបាច់ណាស់ ត្រូវមានផែនការយុទ្ធសាស្ត្រច្បាស់លាស់គ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមការពារទឹកដី និងដោះស្រាយបញ្ហាជាតិផ្សេងៗនៅគ្រប់កាលៈទេសៈ។ នៅពេលដែលទទួលស្គាល់កំហុស លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គួរលាលែងពីតំណែង ព្រោះការដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដី គឺជារឿងធំណាស់ ប្រៀបដូចជាអំពើក្បត់ជាតិហើយបើរឿងបែបនេះកើតឡើងនៅប្រទេសជប៉ុន និងនៅតាមបណ្តាប្រទេសផ្សេងទៀត គឺគេចុះចេញពីតំណែង ហើយត្រូវមានទោសថែមទៀត។ ប៉ុន្តែនេះ លោកហ៊ុន សែន មិនត្រឹមតែមិនព្រមលាលែង បែរជានៅមានមុខបន្តគំរាមពលរដ្ឋដែលហ៊ានរិះគន់ខ្លួន ដែលដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដី ដោយប្រើពាក្យងើបមួយវាយមួយទៅវិញ។
លោកថា៖ «ដូច្នេះការដែលគាត់អត់បានពង្រឹងវិស័យយោធា ដែលធ្វើឱ្យបាត់បង់ទឹកដី ដោយសារចាញ់សង្គ្រាមធ្វើឱ្យបាត់បង់ទឹកដីរហូតដល់៦២ទីតាំងនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់ លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត គួរតែគាត់ចុះចេញពីអំណាចទៅ ត្រកូលហ៊ុនឈប់កាន់អំណាចតទៅទៀត ឱ្យអ្នកផ្សេងដែលអាចការពារទឹកដីបាន អាចទាមទារទឹកដីមកវិញបានហ្នឹងឱ្យគេដឹកនាំម្តងទៅ។ ទទួលស្គាល់កំហុស ហើយកុំយករួចខ្លួន អត់ព្រមលាលែងពីតំណែង»។
ទាក់ទងនឹងវិវាទព្រំដែនគោកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើកវេទិកាអនាគតអាស៊ានលើកទី៣ នៅប្រទេសវៀតណាម កាលពីថ្ងៃទី៩ខែមិថុនាថា បទឈប់បាញ់រវាងកម្ពុជានិងថៃនៅបន្តមាន ក៏ប៉ុន្តែកំពុងស្ថិតក្នុងសភាពដ៏ផុយស្រួយ។ លោកបន្តថា កម្ពុជានៅតែមានការព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់ ដែលថៃដណ្តើមកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
លោកបញ្ជាក់ថា ព្រំដែននិងអធិបតេយ្យភាពដាច់ខាត មិនត្រូវបានកែប្រែដោយការប្រើកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុលើដីជាក់ស្តែងឡើយ។ បន្ថែមពីនេះ លោកថា ទាំងកម្ពុជានិងថៃបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយដោយសន្តិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្តិភាពអចិន្ត្រៃយ៍។ ជាក់ស្តែងភាគីទាំងពីរ បន្តបង្ហាញការប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហេតុដូច្នេះភាគីទាំងពីរ ចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវការវាស់វែងនិងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនាស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះនិងជាកក្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណៈភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ដែលឈានទៅស្តារឡើងវិញនូវទំនុកចិត្តការធានាសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា ដែលបានភៀសសឹកបានត្រឡប់ទៅកាន់ផ្ទះសំបែងវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីឡើងវិញ។
លោក អ៊ុំ សំអាន ថ្លែងថា ប្រជាពលរដ្ឋគួរតែថ្កោលទោស គួរទាមទារឱ្យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ចុះចេញពីតំណែង ហើយស្ថាប័នអនុវត្តច្បាប់ ត្រូវបើកការស៊ើបអង្កេតកាត់ទោសទៅតាមច្បាប់ពីព្រោះទឹកដីជារឿងអាយុជីវិតរបស់ជាតិ ហើយការបាត់បង់ទឹកដី ប្រៀបដូចបាត់បង់អាយុជីវិតជាតិ ដែលអ្នកធ្វើឱ្យបាត់បង់ទឹកដីគួរមានទោសក្បត់ជាតិ។
លោកថា៖ «ដូច្នេះនៅពេលដែលគាត់ទទួលស្គាល់កំហុសហើយ គាត់បែរជាមិនព្រមទទួលស្គាល់កំហុសដោយពិតប្រាកដ ហើយលាលែងពីតំណែង កូនគាត់ក៏អត់ព្រមលាលែងពីតំណែង បែរជាមកប្រកាសកម្ទេចខ្មែរដោយប្រើពាក្យថា ងើបមួយវាយមួយ ទៅវិញ អាហ្នឹងខ្ញុំយល់ថា ជារឿងខុសឆ្គងមួយ។ គាត់ទទួលស្គាល់កំហុសហ្នឹង ហើយគាត់គួរតែសុំទោសប្រជាពលរដ្ឋ ហើយចុះចេញពីតំណែង ទើបជារឿងត្រឹមត្រូវ មិនមែនខ្លួនឯងទទួលកំហុសហើយ បែរជាមកចង់បង្ក្រាបគេ កម្ទេចគេ ចំពោះក្រុមប្រឆាំងថាអ្នកណាងើបមួយវាយមួយ ដែលអ្នករិះគន់គាត់អ្នកដែលប្រឆាំងគាត់ ឬក៏ចង់ទម្លាក់ត្រកូលហ៊ុនពីអំណាចអី ខ្ញុំយល់ថា ជារឿងមួយមិនត្រឹមត្រូវនោះទេ»។
សម្រាប់ លោកអ៊ុំ សំអាន និងលោកម៉ែន ណាត គ្មានជំនឿថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត អាចទាមទារទឹកដីពីថៃបានមកវិញ តាមរយៈការចរចាទ្វេភាគីនោះទេ ខណៈរហូតមកដល់ពេលនេះ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅតែមិនទាន់បានប្តឹងថៃទៅកាន់តុលាការអន្តរជាតិ និងយន្តការច្បាប់អន្តរជាតិនានានៅឡើយ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគ បានសរសេរលើបណ្តាញសង្គមថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍវិស័យយោធា ដោយមិនចាំបាច់ទើសទាល់ជាមួយប្រទេសជិតខាងឡើយ តែត្រូវធ្វើជាយុទ្ធសាស្ត្រ និយាយតិចតែប្រឹងធ្វើឲ្យបានច្រើន ឬមិននិយាយតែម្តង ពីព្រោះប្រទេសជិតខាងគេធ្វើអ្វីក៏គេមិនដែលអួតប្រាប់កម្ពុជាដែរ៕









