មេដឹកនាំបក្សកាន់អំណាច ដែលរងការរិះគន់យ៉ាងខ្លាំងថា អសមត្ថភាពការពារទឹកដីនោះ បានបញ្ជាក់ជំហរជាថ្មីទៀតទៅកាន់ភាគីថៃថា ខ្លួននឹងមិនប្រើកម្លាំងយោធា ដើម្បីដណ្តើមទឹកដីខ្មែរយកត្រឡប់មកវិញ ដូចដែលកាសែតថៃបានចុះផ្សាយជុំវិញការថ្លែងរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៩ខែមិថុនានោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះថា ការដែលកាសែតថៃចុះផ្សាយថា កម្ពុជាអាចប្រើកម្លាំងយោធា ដើម្បីវាយដណ្តើមយកដីមកវិញ ជុំវិញការថ្លែងរបស់ប្រមុខរដ្ឋស្តីទីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី៩ខែមិថុនានោះថា ជាការយល់ច្រឡំ។
លោកថា៖ «សម្តេចអគ្គមហានេសាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់សារជាថ្មីម្តងទៀត ពីគោលជំហររបស់កម្ពុជាដែលមិនប្រើកម្លាំងយោធា ក្នុងការដណ្តើមទឹកដីយកមកវិញឡើយ តែកម្ពុជាប្រកាន់យកដំណោះស្រាយដោយសន្តិវិធី តាមរយៈនៃការចរចានិងការវាស់វែងដោយប្រើយន្តការដែលមានស្រាប់ គឺគណៈកម្មការដែលមានស្រាប់ គឺខណ្ឌសីមាព្រំដែនគោក និងផ្អែកលើអនុសញ្ញា និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នា»។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅសារបស់លោក ហ៊ុន សែន នេះថាជាការបាក់ស្បាត ខ្លបខ្លាចថៃដែលជាអ្នកឈ្លានពានដីខ្មែរ ក្រោយចាញ់សង្គ្រាមចំនួនពីរលើកជាមួយថៃ។ ហើយថា មេដឹកនាំបច្ចុប្បន្ន មិនខ្វល់ពីរឿងបាត់ទឹកដីទេ ធ្វើយ៉ាងណាកុំឱ្យតែបាត់បង់អំណាច។
លោកថា៖ «ច្បាំងក៏មិនច្បាំង ដើម្បីទាមទារដីយកមកវិញ អាប្តឹងក៏មិនប្តឹង នៅចាំចរចាដូចធ្វើជាមួយយួន ។ យួនគេធ្វើអីចឹង ដូចថាគេចូល ៣គីឡូម៉ែត្រ សុំយួន ១០០ម៉ែត្រ ឬ ២០០ម៉ែត្រអីចឹងទៅ ហើយបើយួនមិនឱ្យតាមហ្នឹងទៅ ដូចការកំណត់ព្រំដែននៅព្រែកវិញទេ ហើយអាប្រឡាយនៅភ្នំដិនខេត្តតាកែវអីចឹង»។
តែសម្រាប់ លោក ប៉ែន បូណា ដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតខាងមុខ ហើយលោក ហ៊ុន សែន បានស្នើឱ្យបក្សប្រឆាំងដែលតែងតែញុះញង់ឱ្យប្រើកម្លាំង សូមឱ្យពួកគេដាក់ចេញគោលនយោបាយអំពីរឿងនេះ។
តែផ្ទុយពីនេះ លោក អ៊ុំ សំអាន បានសំអាងថា បក្សប្រឆាំងមិនដែលជំរុញឱ្យកម្ពុជាធ្វើសង្ក្រាមជាមួយប្រទេសជិតខាងទេ តែជាទូទៅបក្សប្រឆាំងបានជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទាមទារទឹកដីយកប្រឡប់មកវិញ។
លោកថា៖ «គម្រោងចរចាទ្វេភាគីជាមួយថៃ គឺដើម្បីកាត់ទឹកដីទៅឱ្យថៃ ដូរយកសន្តិភាព និងអំណាច ព្រោះបើសិនជាមិនកាត់ទឹកដីឱ្យថៃទេ ជម្លោះអត់់ចប់ទេ។ បើអត់ចប់ទេ ត្រកូលគាត់អត់អាចកាន់អំណាច ពីលោក ហ៊ុន ម៉ាណែត រហូតដល់ចៅគាត់ទេ។ អីចឹងវាប៉ះពាល់ដល់អំណាចគាត់ បើអត់កាត់ដីឱ្យថៃ អាហ្នឹងសំខាន់អំណាច។ ហើយអាការចរចាទ្វេភាគីហ្នឹង សំខាន់ណាស់ គាត់ធ្លាប់ធ្វើជាមួយយួនអីចឹង ដើម្បីបន្លំពលរដ្ឋក្នុងការកាត់ដី ដើម្បីដូរយកសន្តិភាពនិងអំណាច»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំង លោក អ៊ុំ សំអាន អះអាងថា ក្រោយមានបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក ថៃមិនដែលគោរពបទឈប់បាញ់ទេ។ ហើយថា ចំពេលដែលមេដឹកនាំកម្ពុជាបោះដៃរកការចរចាដោយសន្តិវិធី ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរជាបន្តបន្ទាប់ រហូតជិត៧០ទីតាំង តាមខេត្តជាប់ព្រំដែន។
ជុំវិញបញ្ហានេះ ក្រុមអ្នកតាមដាន បារម្ភថា ដីខ្មែរដែលថៃវាយដណ្តើមគ្រប់គ្រងនោះ នឹងត្រូវថៃយកជារៀងរហូត បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្រើសិទ្ធិស្វ័យការពារលើដីជាក់ស្តែង និងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យថៃប្រគល់ដីខ្មែរមកវិញទេនោះ៕









