សាច់​ញាតិ​​កញ្ញា ហ៊ីម មុំ រក​មេធាវី​​សិ​ទ្ធិ​មនុស្ស​អាដហុ​ក​ជួយ​​​ការ​​ពារ​​ក្តី​ក្នុង​សំណុំ​រឿង​និយាយ​បញ្ហា​ទឹក​ដី

ម្ដាយ​​កញ្ញា ហ៊ីម មុំ ហៅ ខែម ស្រី​មុំ គឺ​​អ្ន​ក​ស្រី ខែម សឿន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា គាត់​​បា​ន​​ស្នើ​សុំ​​ស​មាគម​​​​សិទ្ធិ​មនុស្ស​​អាដ​ហុក​ឱ្យជួ​យ​ផ្តល់​មេធាវី ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ក្នុង​ប្រព័ន្ធ​តុលាការ ក្រោយ​ពី​កូន​ស្រី​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ដាក់​ពន្ធនា​គារ​ជិត​១ខែ​មក​នេះ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចែក​រំលែក​ការ​ឈ្លាន​ពាន​របស់​ថៃ ម​ក​លើ​បូរណ​ភាព​ទឹក​ដី​កម្ពុជា។

ក្នុង​​វ័យ ៧៥​​ឆ្នាំ អ្នក​ស្រី ខែម សឿន ថ្លែង​​ទាំង​​ក្ដុក​ក្ដួល​​ប្រា​ប់​​វីអូឌី​​​នៅ​​ថ្ងៃ​​​ទី​១០ ខែមិ​ថុនា ថា ការ​​សម្រេច​ចិត្ត​រក​មេធាវី​​​នៅ​​អង្គ​ការ​សិទ្ធិ​មនុស្ស​ជួយ​ការ​ពារ​ក្តី​លើ​កូន​ស្រី​ពេល​នេះ គឺ​ចង់​ស្វែង​រក​យុត្តិ​ធម៌​ឱ្យ​កូន​ស្រី ខណៈ​ជីវភាព​កំពុង​​ជួប​ការ​លំបាក និង​មិន​សូវ​យល់​ដឹង​ផ្នែក​ច្បាប់។

ស្ត្រី​មេម៉ាយ​រូប​នេះ​ អះអាង​​ថា បច្ចុប្ប​ន្ន​​អ្ន​ក​ស្រី​​មាន​​ជំ​ងឺ​​ប្រចំា​​កាយ​ និង​​ត្រូ​វ​​ហូប​​​ថ្នាំ​​​ជា​​ប្រចាំ ដែល​​កូ​ន​ស្រី គឺ​​កញ្ញា ហ៊ីម មុំ ទិញ​​ផ្ញើ​​ពី​​ភ្នំពេញ កាល​​​នៅ​​មាន​​សេរី​ភាព​​ធ្វើ​​ការ​​ជា​​កម្មករ​​រោង​ចក្រ។

សម្ដី​​អួល​ដើមក​បណ្ដើរ និយាយ​បណ្ដើរ អ្នកស្រី​​ថា ខ្លួន​​ពុំ​​ដែ​ល​​ដឹង​​សោះ​​ថា ហេតុ​អ្វី​​កូន​​អ្នក​ស្រី​​ត្រូវ​​ចាប់​​ខ្លួន និង​​បញ្ជូន​​ទៅ​​កន្លែង​​ឃុំ​ឃាំង​​​ក្នុង​​មណ្ឌល​​កែ​ប្រែ ម២។ អ្នកស្រី​អះអាង​ថា កញ្ញា ហ៊ីម មុំ បាន​ស្រក​គីឡូ​ស្គម​ជាង​​មុន ដោយសារ​ពិបាក​ហូប​អាហារ​​ដែល​មន្ត្រី​ពន្ធនាគារ​រៀបចំ​ជូន ដូច្នេះ​​អ្នក​ស្រី​​ត្រូវ​​បង្ខំ​​ចិត្ត​​ខ្ចី​​បុល​​គេ យក​​លុយ​​ទុក​​ឱ្យ​​​កូន​​ដើម្បី​ទិញ​របស់​ហូប។

អ្នកស្រី ខែម សឿន និយាយថា៖ «បាន​​កូន​​មួយ​(ហ៊ីម មុំ)​ចិញ្ចឹម ឥឡូវ​​កូន​​ជាប់​ឃុំឃាំ​ង​​អញ្ចឹង អ៊ុំ​​មិន​​ដឹង​​រក​​អី​​ទេ អាយុ ៧៥​ឆ្នាំ​​ហើយ។ កូន​​មួយ​​ហ្នឹង​​រក​​តក់ៗ​​ចិញ្ចឹម​​ផ្ញើ​មក​គ្រាន់​ចាយ។ ម្សិលមិញ​អ៊ុំ​​​ខ្ចី​​លុយ​​គេ​​ទៅ បាន​​ឱ្យ​​កូន ៥០​​ម៉ឺន​​រៀល គ្រាន់​​ចាយ​​និង​​ទិញ​​សម្ល​​គេ​​ហូប ព្រោះ​​​នៅហ្នឹង​(គុក)​ហូប​​មិន​​កើត។ ស្គម​​ហើយ! មិន​​នឹក​ស្មាន​​ថា គេ​​ចាប់​​ដល់​​ថ្នាក់​​ហ្នឹង​​ទេ!»

សកម្មជន​​​សង្គម កញ្ញា ហ៊ីម មុំ ត្រូវ​​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២៦ នៅ​​​​បន្ទប់​​ជួល​​មួយ​​កន្លែង ក្នុង​​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សកម្មជន​រូប​នេះ ​​ចែក​រំលែក​បញ្ហា​សង្គម​លើ​​​ហ្វេស​ប៊ុក ដូច​​ជា ព័ត៌​​​មាន​​អន្តរ​​ជាតិ បញ្ហា​​អយុត្តិ​ធម៌​​សង្គម ករណី​​ចាប់​ខ្លួន​សកម្ម​ជន​ចលនា​​មាតា​ធម្មជាតិ សកម្ម​ភាព​ចូល​រួម​កិច្ច​ការ​​សង្គម​ និង​​ព័ត៌មាន​​​ពាក់​ព័ន្ធ​នឹង​​ការ​ឈ្លាន​ពាន​របស់​ថៃ មក​លើ​​បូរណភាព​ទឹក​ដី​កម្ពុជា​ជា​ដើម។

បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ពី​ថៃ​ឈ្លាន​ពានម​ក កម្ពុជា​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ជាង ៧០០​លើក​រួច​មក​ហើយ ដែល​នេះ​បញ្ជាក់​បាន​ថា រដ្ឋា​ភិ​បាល​បាន​ទទួល​ស្គាល់​ថា ថៃ​ពិត​​ជា​បាន​ឈ្លាន​ពាន​កម្ពុជា​មែន ហើយ​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ក៏​មិន​ទាន់​មាន​សមត្ថ​ភាព​ដើម្បី​ទាម​ទារ​​ទឹក​ដី​ដែល​បាត់​បង់​នោះ យក​ពី​ថៃ​ត្រឡប់​​មក​វិញ​នៅ​ឡើយ​ដែរ ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិម​នុស្ស​​អាដ​​ហុក លោក យិន ម៉េង​លី និយា​យ​​ថា ការ​​​ឃុំ​​ខ្លួន​ ​កញ្ញា ហ៊ីម មុំ បាន​​​ជំរុញ​​​ឱ្យ​​គ្រួសារ​​​​ស្រីមុំ ​កាន់​តែជួ​បវិ​បត្តិ​ជីវភាព​​​​បន្ថែម​​ទៀត ខណៈ​​ពួ​ក​គេ​​មាន​​ជីវភាព​​ពុំ​​​ល្អ​​ស្រាប់​។

លើសពីនេះ លោកថា ការ​ចោទ​ប្រកាន់​នេះ វា​គឺ​ជា​រនាំង​​ឃាំង​ពលរដ្ឋ​មិន​ឱ្យ​បញ្ចេញ​មតិ ទោះ​​ការ​យល់​ឃើញ​​​របស់​​ពួក​​គេ ក្នុង​​ន័យ​​ស្ថាបនា​​ក៏​ដោយ។ យ៉ាង​ណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ​​ចង់​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​បើក​​​លំហ​សេរីភាព​​បញ្ចេញ​​មតិ​ឡើង​វិញ ដោយ​ត្រូវ​ដោះលែង​កញ្ញា ហ៊ីម មុំ ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឬ​ឈាន​ទៅ​​ទម្លាក់​បទ​ចោទ​ចំពោះ​​សកម្មជន​សង្គម​រូប​នេះ​តែ​ម្ដង។

លោក យិន ម៉េងលី ថ្លែងថា៖ «ដើម្បី​​ឱ្យ​​ប្រទេស​​យើង​ទទួល​​បាន​នូវ​ការ​សាទរ​ពី​សហគមន៍​ជាតិ អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​បញ្ហា​បញ្ចេញ​មតិ​​នេះ ព្រោះ​យើង​កត់​សម្គាល់​ថា ស្ថានភាព​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាម​ការ​កត់សម្គាល់ គឺអត់មានភាពល្អប្រសើរទេបាទ»

បន្ថែម​ពីនេះ ​លោក យិន ម៉េងលី ក៏​​ស្នើ​​យ៉ាង​​ទទូច​​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ច្បាប់​ព្រហ្មទណ្ឌ​ត្រង់​​មាត្រា ៤៩៤៤៩៥ ឡើង​វិញ ព្រម​​ទាំង​​ត្រូវ​​ស្ដារ​​ស្ថាន​ភាព​​នយោ​បាយ​​ផង​​ដែរ ដើម្បី​​ធានា​បាន​នូវ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​គ្មាន​ភាព​ភ័យ​ខ្លាច។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា ​លោក ម៉ែន ណាត យល់​ថា ករណី​ឃុំ​ខ្លួន​កញ្ញា ហ៊ីម មុំ ជា​រឿង​អយុត្តិ​ធម៌​ណាស់ ព្រោះ​កញ្ញា​ជា​ពលរដ្ឋ​ឈឺ​ឆ្អាល​ការងារ​សង្គម ដែល​រដ្ឋាភិបាល​គួរ​តែ​លើក​ទឹកចិត្ត​គាត់ រួម​នឹង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត។ លោក​ថា ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ​គួរ​ត្រូវ​បាន​ការពារ​ដូច​ស្មារតី​រដ្ឋធម្មនុញ្ញ ទោះ​ពួកគេ​និយាយ​លើសលស់​ដោយ​ប្រការ​ណា​​ក្ដី។

បន្ថែម​ពី​នេះ ​លោក​មើលឃើញ​​ថា កញ្ញា ហ៊ីម មុំ តែង​ចែក​រំលែក​រឿង​ថៃ​ឈ្លានពាន​កម្ពុជា ដែល​អាច​ខុស​ឆ្គង​ខ្លះ​ពុំ​ខាន ព្រោះ​ពលរដ្ឋ​​ខ្មែរ​ច្រើន​ណាស់​ ​អាច​មិន​សប្បាយ​ចិត្ត ​ដោយសារ​ទឹកដី​ជាង ៧០​​ទីតាំង កំពុង​​ត្រូវ​​បា​ន​​ថៃ​​កាន់​កាប់​​​ដោយ​​​ខុស​​ច្បាប់​ ក្រោយ​​ថៃ​​បាន​​ឈ្លាន​ពាន​​កម្ពុជា​​យ៉ាង​​កម្រោល​​។

លោក ម៉ែន ណាត ថ្លែងថា៖ «ដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​គួរ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ទេ គួរតែ​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​​​ហ្នឹង​បញ្ចេញ​មតិយោបល់​ឱ្យ​បាន​ច្រើន ជុំវិញ​រឿង​សៀមឈ្លានពាន​កម្ពុជា​បច្ចុប្បន្ន​ហ្នឹង លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បញ្ចេញ​មតិ​​ឱ្យ​បាន​ច្រើន ហើយ​ក៏​ដោះលែង​អ្នក​ដែល​ជាប់ឃុំ​មនសិការ​ហ្នឹង​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ទៅ»។

របាយការណ៍​អង្គការ​លីកាដូ ​គិត​​ត្រឹម​​​ថ្ងៃ​ទី​១០ ខែ​មិថុនា បង្ហាញ​ថា មាន​ពលរដ្ឋ​ជា​សកម្មជន​សង្គម សិទ្ធិមនុស្ស បរិស្ថាន និង​នយោបាយ​ចំនួន ១០៩​​នាក់ ត្រូវ​​បាន​​ចាប់​​ខ្លួន​​ឃុំ​ឃាំង និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ក្នុង​​​នោះ​​រួម​​មាន​​សកម្មជន​​សង្គម កញ្ញា ខែម ស្រី​មុំ ព្រះ​ភិក្ខុ ជា វុទ្ធី ជាដើម។

អ្នក​ឃ្លាំមើល​ថា បច្ចុប្បន្ន​អាជ្ញាធរ​បាន​បង្កើន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​​ថែម​ទៀត បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រកាស​​​​​ងើប​មួយ​​វាយ​មួយ​​ចំពោះ​​ពលរដ្ឋ​ខ្លួន​ឯង។ ប៉ុន្តែ​ពួកគេ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ពុំ​​ហ៊ាន​​រារាំង​​ការ​ឈ្លាន​​ពាន​​របស់ថៃ​​​យ៉ាង​​​គឃ្លើន​​​មក​​​លើ​​បូរណភាពទឹកដីកម្ពុជានោះទេ ​តែរ​ដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បែរ​​ជា​​ព្យាយាម​ចាប់​ពលរដ្ឋ​ដាក់​គុក ចំពោះអ្ន​កដែ​លនិ​យាយ​បញ្ហា​ទឹកដី​​ទៅ​​វិញ ដែលវិ​ធាន​នេះ រង​ការ​រិះ​គន់​ថា រដ្ឋាភិ​​បាល​​កំពុង​ជួយ​បិទ​បាំង​ទង្វើ​អ្នក​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ