សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​លើ​អ៊ីរ៉ង់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ

សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រធានា​ធិបតី ដូណាល់ ត្រាំ បាន​ចោទ​ប្រកាន់​ប្រទេស​នេះ​ថា បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​អាមេរិក​មួយ​គ្រឿង នៅ​លើ​តំបន់​ច្រក​សមុទ្រហរ​ម៉ូស (Hormuz)។

ទីបញ្ជាការកណ្តាលរបស់អាមេរិក(Centcom) បានប្រកាស​ថា កងក​ម្លាំងអា​មេរិក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៩ខែ​មិថុនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ ដោយ​ហៅ​ប្រតិ​បត្តិ​ការ​នេះ​ថា​ជា «ការ​ឆ្លើយ​តប​សមាមាត្រ​ទៅ​នឹង​ការ​ឈ្លាន​ពាន​ដែល​គ្មាន​ហេតុ​ផល​របស់​អ៊ីរ៉ង់»។ មាន​សេច​ក្តី​រាយ​ការណ៍​អំពី​ការ​ផ្ទុះ​ជា​ច្រើន​​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នៃ​ឈូង​សមុទ្រ​ពែរ្ស និង​ច្រក​សមុទ្រ Hormuz ជាពិសេស​ផ្តោត​លើ​ប្រព័ន្ធ​ការ​ពារ​ជាតិ និង​ប្រព័ន្ធ​រ៉ាដា​របស់​អ៊ីរ៉ង់ ដូច​ជា នៅ​តំបន់ Bandar Abbas, Qeshm និង Sirik។

ចំណែកឯអ្នកបើកឧទ្ធម្ភាគចក្រ Apache ពីរនាក់ដែលត្រូវបានបាញ់ទម្លាក់នោះ ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិ​ភាព​​និង​គ្មាន​របួស​អ្វី​ឡើយ តាម​រយៈ​ការ​ប្រើ​ប្រាស់​ដ្រូន​ជើង​ទឹក (sea drone) របស់​អាមេ​រិក ដែល​ប្រតិ​បត្តិ​ការ​ដោយ​កង​​ការ​ងារពិ​សេស​ទី ៥៩ (Task Force 59)។ នេះ​ជា​លើក​ទីមួ​យ​ហើយ​ដែល​យោធា​អាមេរិក​បាន​បញ្ជាក់​ជា​សាធារណៈ អំ​ពី​ការ​ប្រើ​ប្រាស់​នាវា​គ្មាន​មនុស្ស​បើក​ប្រភេទ​នេះ​ក្នុង​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ។

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ថា ទោះបីជា​ពីលុត​មាន​សុវត្ថិ​ភាព ក៏​សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​កា​រវាយប្រហារនេះដែរ។

មន្ត្រីអាមេរិក បានឱ្យដឹងថា អ៊ីរ៉ង់បានប្រើប្រាស់ដ្រូនដើម្បីវាយប្រហារ​លើឧទ្ធម្ភាគ​ចក្រ​នោះ ប៉ុន្តែ​វាមិ​ន​ទាន់​ច្បាស់​ទេ​ថា​តើ​ជាកា​រ​វាយ​ប្រហារ​ដោយ​ចេតនា​ឬ​យ៉ាង​ណា។ ដោយ​ឡែក ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ព្រឹត្តិ​ការណ៍​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ទម្លាក់​នោះ​ទេ។

បន្ទាប់ពីការវាយប្រហាររបស់អាមេរិក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានតបវិញ​លើបណ្តាញ​សង្គម X ថា អ៊ីរ៉ង់ «នឹងមិនទុកឱ្យការវាយប្រហារ ឬការគំរាមកំហែងណាមួយដោយគ្មានការ​ឆ្លើយតប​ឡើយ» ហើយ​បានប្រាប់ឱ្យកងកម្លាំងបរទេសចាកចេញពីតំបន់នេះដើម្បីសុវត្ថិភាព។ ស្របពេលជាមួយគ្នានោះ លោក Mohammad Baqer Qalibaf ប្រមុខ​ចរចារបស់អ៊ីរ៉ង់ ក៏​បា​ន​ផ្តល់​សញ្ញា​ព្រមាន​ពីកា​រស​ង​សឹក​វិញ​ផង​ដែរ។

ការប្រឈមមុខដាក់គ្នាផ្នែកយោធានេះ បានកើត​ឡើង​ចំពេលដែលកងកម្លាំងអ៊ីស្រា​អែល បាន​វាយ​ប្រហារ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លី​បង់។

កាលពីចុងសប្តាហ៍មុន អ៊ីស្រាអែលនិងអ៊ីរ៉ង់បានផ្អាកការវាយប្រហារដាក់គ្នាទៅវិញទៅមក បន្ទាប់​ពី​លោក ត្រាំ បាន​​ប្រាប់​​ឱ្យ​ប្រទេស​ទាំង​ពីរ បញ្ឈប់ការបាញ់បោះភ្លាមៗ ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​តំបន់។

លោក ត្រាំ បានប្រាប់អ្នកកាសែតថា អាមេរិកស្ថិតក្នុងដំណាក់កាលចុងក្រោយនៃ​កិច្ច​ព្រម​ព្រៀង​ដ៏​ល្អ​មួយ​ ដែល​អាច​​​ចំណាយ​​ពេល ២ ឬ ៣ ថ្ងៃ​ទៀត ហើយ​ច្រក​សមុទ្រ Hormuz នឹង​ត្រូវ​បើក​ឡើង​វិញ​ភ្លាមៗ​បន្ទាប់​ពី​នោះ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​ស្ថានកា​រណ៍​មាន​ភាព​តាន​តឹង​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ