រដ្ឋ​សភា​អាមេរិក​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់​តម្លៃ​ ៧០​ពាន់​​លាន​​ដុល្លារ សម្រាប់​ការ​បង្ក្រាប​អន្តោ​ប្រវេសន៍

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណ​រដ្ឋ​​នៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ខែ​មិថុនា បាន​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ចំនួន ៧០ ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​មូល​និធិ​រហូត​ដល់​ចប់​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ ដល់​បណ្តា​ទីភ្នាក់​ងារ​ដែល​ដឹក​នាំ​ការ​បង្ក្រាប​ជន​អន្តោ​ប្រវេសន៍​គ្មាន​ច្បាប់​ទម្លាប់ ដោយ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រយៈ​​ពេល​រាប់​ខែ ជាមួយ​គ​ណបក្ស​ប្រជា​ធិប​តេយ្យ ដែល​ធ្លាប់​បាន​បង្ខំ​ឱ្យ​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ (DHS) ត្រូវ​បិទ​ទ្វារ។

ច្បាប់ការពារសន្តិសុខអាមេរិក (Secure America Act) ត្រូវបាន​អនុម័ត​ក្នុង​លទ្ធ​ផល​ឆ្នោត ២១៤ ទល់​នឹង ២១២ សំឡេង។ វិធាន​ការ​នេះ បែង​ចែក​ថវិកា​ចំនួន ៣៨ ពាន់​លាន​ដុល្លារ ដល់​ទីភ្នាក់​ងារ​អនុ​វត្ត​ច្បាប់​អន្តោប្រ​វេសន៍​និង​គយ (ICE) ចំនួន ២៦ ពាន់​លាន​ដុល្លារ ដល់​ទីភ្នាក់​ងារ​គយ និង​ការ​ពារ​ព្រំ​ដែន (CBP) និង ៥ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ក្រសួង DHS រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២៩។ បច្ចុប្បន្ន ​ច្បាប់​នេះ​ កំពុង​រង់​ចាំកា​រ​ចុះ​ហត្ថ​លេខា​របស់​លោក ត្រាំ។

សេចក្តីព្រាងច្បាប់នេះ បានបញ្ចប់ការរារាំងថវិកា ដែលគណបក្សប្រជាធិបតេយ្យ​បាន​ប្រកាស​កាល​ពី​ខែមករា បន្ទាប់​​ពី​ភ្នាក់​ងារ​សហព័ន្ធ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ពីរ​នាក់ នៅ​ក្នុង​ទីក្រុង Minneapolis អំឡុង​យុទ្ធនា​ការ​បង្ក្រាប​​ជន​អន្តោ​ប្រវេសន៍។

ការ​ធ្វើ​ពហិការ​របស់​ពួក​គេ បាន​បង្ខំ​ឱ្យ​ក្រសួង DHS បិទ​ទ្វារ​រយៈ​ពេល ៧៥ ថ្ងៃ។ ក្រសួង​នេះ បាន​បើក​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​ប្រជា​ធិប​តេយ្យ​យល់​ព្រម​ផ្តល់​ថវិកា​ដល់​ប្រតិ​បត្តិ​ការ​ទាំង​អស់ លើក​​លែង​តែ ICE និង CBP ខណៈដែ​ល​គណបក្ស​សាធារណ​រដ្ឋ​បាន​បន្ត​អនុ​ម័ត​ថវិកា​សម្រាប់​ទីភ្នា​ក់​ងារ​ទាំង​ពីរ​នោះ រហូត​ដល់​ចប់​អាណត្តិ​ប្រធានា​ធិប​តី​​​របស់ ​លោក ត្រាំ ដើម្បី​ការ​ពារ​កុំ​ឱ្យមា​ន​ការ​បិទ​ក្រសួង​ម្តង​ទៀត។

សមាជិកគណបក្សប្រជាធិបតេយ្យ បានប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ​ជា​ឯកច្ឆន្ទ ដោយ​មេដឹក​នាំសំឡេង​ភាគ​តិច លោក Hakeem Jeffries បាន​និយាយថា វានឹងខ្ជះខ្ជាយលុយអ្នកបង់ពន្ធចំនួន ៧០ ពាន់​​លានដុល្លារ ដើម្បីផ្តល់អំណាចពេញលេញដល់ ICE ដោយគ្មានការត្រួតពិនិត្យ។ ផ្ទុយទៅវិញ ភាគីខាង​គណបក្សសាធារណរដ្ឋ​ បាន​វាយ​បក​វិញ​​ថា ការ​បោះ​ឆ្នោតគាំទ្រច្បាប់នេះ គឺដើម្បីការពារព្រំដែន និងផ្តល់​ថវិកាដល់មន្ត្រីអនុវត្តច្បាប់ដែលកំពុងប្រថុយជីវិត។

ការអនុម័តនេះ គឺជាសមិទ្ធផលមួយសម្រាប់ប្រធានរដ្ឋសភា លោក Mike Johnson និងសម្រាប់លោក ត្រាំ ទោះ​​បីជាមានការខ្វែងគំនិតគ្នាលើការប៉ុនប៉ងបង្កើតមូលនិធិ «ប្រឆាំងនឹងការប្រើប្រាស់ស្ថាប័នរដ្ឋជាអាវុធ» តម្លៃជិត ១,៨ ពាន់​លាន​ដុល្លារក្តី។ លើសពីនេះ ច្បាប់​ថវិកា​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​​​សារ​ការ​ប៉ុន​ប៉ង​បញ្ចូល​ថវិកា​ចំនួន ១ ពាន់​លាន​ដុល្លារ សម្រាប់​ការ​កែ​លម្អ​សន្តិ​សុខ​សាល​ពិធី (ballroom) ដែល​លោក ត្រាំ កំពុង​សាង​សង់​នៅ​សេត​​វិមាន ប៉ុន្តែ​សមាជិក​បក្ស​សាធារណ​រដ្ឋ​នៅ​ព្រឹទ្ធ​សភា​បាន​យល់​ព្រម​ដក​ថវិកា​នោះ​ចេញ​វិញ ដើម្បី​ចៀស​វាង​ការ​រារាំង (filibuster) ពី​គណបក្ស​ប្រជា​ធិប​តេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ