ក្រុម​អ្នក​តាម​ដាន​ជំរុញ​ឱ្យ​រដ្ឋ​ស៊ើប​អង្កេត​ការ​ចាក់​ដី​លុប​មាត់​ស្ទឹង​ព្រែក​ត្នោត​ធ្វើ​កម្ម​សិទ្ធិ​ឯកជន

ក្រោយ​ពីមា​ន​ការ​ចែក​រំលែក​ពី​សកម្ម​ភាព​ចាក់​ដី​លុប​មាត់​ស្ទឹង​ព្រែក​ត្នោត យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន​ស្ថិត​ក្នុង​​ខេ​ត្ត​កំពង់​ស្ពឺ ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​មន្ត្រី​ជំនាញ​នោះ ក្រុម​អ្នក​ឃ្លាំ​មើល ជំរុ​ញ​ឱ្យ​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ការ​ពារ​សម្បត្តិ​សារធារណៈ​របស់​រដ្ឋ។

នាយក​ទទួល​បន្ទុ​កកិ​ច្ច​ការ​ទូទៅ​អង្គ​ការ​លីកាដូ លោក អំ សំអាត ​នៅ​ថ្ងៃ​ពុធ​នេះ ជំរុញ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ របស់​រដ្ឋាភិ​បាល ចាត់​វិធាន​ការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ​​របស់​រដ្ឋ និង​បង្ហាញ​ពី​ភាព​ស្មើ​គ្នា​ចំពោះមុ​ខ​ច្បាប់។

ក្នុងន័​យនេះ លោកសំអាងថា ដីព្រៃ បឹង អូរ និង​ព្រែក​ជា​ដើម ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺ​មិ​ន​​​អាច​​​បុគ្គល​​ណា​រំលោភ​បំពាន ​ទន្ទ្រាន​​​​​ធ្វើ​​កម្ម​​សិទ្ធិ​ឯកជន​ដោយ​ខុស​ច្បាប់​បាន​ទេ ទោះ​បី​បុគ្គល​នោះ​ជា​អ្នក​​មាន​ទ្រ​ព្យ ឬ​មាន​អំណាច​បែប​ណាក្តី។

លោកថា៖ «បើសិនជាធ្វើការហាមឃាត់​ហើយ​មិន​ស្តាប់ គួរ​តែ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​​ទប់​ស្កាត់​បទ​​ល្មើស​នេះ។ ទោះ​បី​បុគ្គល​​ហ្នឹង​មាន​ឋាន្តរ​សក្តិ​ថ្នាក់​ណា​ក៏​ដោយ។ ទី១ ការ​អនុ​វត្ត​ច្បាប់ ដើម្បី​ធា​នា​នូវ​​​ទ្រព្យ​​​​សម្បត្តិ​សាធារណៈ​​របស់​រដ្ឋ និង​ទី២ ដើម្បី​ធានា​​​​​សិទ្ធិ​ស្មើគ្នា​​ចំពោះ​​​​​​មុខ​ច្បាប់ ដើម្បី​កុំ​ឲ្យ​​មាន​ការ​រិះ​​​គន់​ថា ពលរដ្ឋ​សាមញ្ញ​ចាប់​សាង​សង់ ត្រូវ​មាន​ការ​ហាម​ឃាត់​មិន​អាច​ធ្វើ​អី​បាន ហើយ​ចំណែក​ឯ​អ្នក​​​មាន​​​ទ្រព្យ​​ធន ឬ​អ្នក​មាន​អំណាច​ធ្វើ​អី​តាម​​អំពើ​​ចិត្ត អាហ្នឹង​ធ្វើ​ឲ្យ​មាន​​ការ​រិះ​គន់​ចំពោះ​ការ​​អនុ​វត្ត​ច្បា​​ប់​មាន​​ស្តង់​ដា​រ​ពី​រ​ ហើយ​ក៏​ជា​​​​គំរូ​អាក្រក់​​​​ផង​​ដែរ»។

​ទាក់ទិនបញ្ហានេះ ​ប្រជាពលរដ្ឋមួយចំនួន បាន​រិះគ​ន់​អាជ្ញាធរ​ពាក់​ព័ន្ធ ដែល​ថា​បាន​បណ្តែត​បណ្តោយ​ឱ្យ​មាន​សកម្ម​ភាព​ចាក់​ដី​​​លុប​​​​​​​ចំ​ណី​​មាត់​​បឹង​​​ព្រែក​​ត្នោត​នេះ។ បើ​តាម​ពលរដ្ឋ សកម្ម​ភាព​ចាក់​ដី​លុប​ស្ទឹង​ព្រែក​ត្នោត​នេះ មាន​ទីតាំង​​ស្ថិត​នៅ​​ខា​ង​មុខ​ទ្វារ​ទឹក​រលាំង​ជ្រៃ ​ក្នុ​ង​​ភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់​ស្ពឺ​។

ពលរដ្ឋរស់នៅភូមិអន្លង់ធម្ម ​​លោក ទុន សារី បាន​និយាយ​ថា លោក​បាន​ឃើញ​សកម្ម​ភាព​នេះ ប៉ុន្តែ​ថា​ ​​​​​សកម្ម​ភាព​លុប​​មាត់​ស្ទឹង​ព្រែក​ត្នោត​នេះ បាន​ផ្អាក​សកម្ម​ភាព​​ហើយៗ។ ហើយ​ថា​គ្រឿង​ចក្រ ក៏​បាន​ដក​​ចេញ​ពី​ទីតាំង​នោះ​ហើយ​​ដែរ។ ប៉ុន្តែ​ថា មក​ទល់​ពេល​នេះ ទីតាំង​នោះ នៅ​តែ​មាន​គំនរ​ថ្ម​នៅមា​ត់​ច្រាំង​ដដែល ដែល​លោក​ចង់​ឃើញ​រដ្ឋ ត្រូវ​មាន​វិធាន​ការ​ជាក់​ស្តែង ដើម្បី​ការ​ពារ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​មិន​ចង់​ឃើញ​មាន​ការរំ​លោភ​បំពាន​ដី​មាត់​ស្ទឹង​បែប​នេះទេ​។

លោកថា៖ «ឥឡូវគេលេងធ្វើយើង ព្រោះ​ទឹក​ពេញ​ស្ទឹង​អស់​ហើយ។ ខ្ញុំឃើញ​គេ​កាយ​ដី​ឡើង​លើ ប៉ុន្តែ​ឥ​ឡូវ​​ទឹ​ក​ពេញ​មាត់​ស្ទឹង​ទៅ គេ​ដឹក​គ្រឿ​ង​ចក្រ​ចេញ​វិញ​អស់​ទៅ?»

ទាក់ទិនបញ្ហានេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្ស​ប្រឆាំង ហៅ​បញ្ហា​ដែល​បាន​កើត​ឡើង មក​ពី​អំណាច​ទាំង​អស់​ស្ថិត​នៅ​មាត់​មេដឹ​ក​នាំ បម្រើ​តែ​ផល​ប្រយោជន៍​បក្ខ​ពួក ដែល​ជាកា​រ​គំរាម​កំហែង​ដល់​ការ​អនុ​វត្ត​ច្បាប់ ចំពោះ​អ្នក​មាន​អំណាច ។

លោកថា៖ «ស្រុកខ្មែរយើងច្បាប់​ស្ថិត​នៅ​លើ​មាត់​របស់​អ្នក​ធំ។ អញ្ចឹង​អ្នក​មាន​​លុយ​មាន​អំណា​ច​ធ្វើ​ស​កម្ម​​​ភា​ព​រំលោភ​​តាម​អំពើ​ចិត្ត ហើយ​​​អាជ្ញាធរ​​​​មូល​ដ្ឋាន​មិន​ហ៊ាន​ជា​មួយ​គេ​ទេ។ ហើយ​ខា​ង​ក្រ​សួង​ខាង​អី​ហ្នឹង​ ក៏​មិន​ហ៊ាន​ជាមួយ​​ឧកញ៉ា ឬ​អ្នក​មាន​អី​ហ្នឹង​ដែរ។ ស្រុក​ខ្មែរ​​ច្បាប់ គឺ​​អត់​​​មាន​ប្រសិ​ទ្ធ​ភាព​​​អី​ជា​​​មួយ​​អ្នក​​មាន​លុយ​អ្នក​មាន​អំណាច​នោះ​ទេ។ ប៉ុន្តែ​ច្បាប់​អនុ​វត្ត​សម្រាប់​តែ​អ្នកតូ​ច​តាច អ្នក​ក្រី​ក្រ សម្រា​ប់​បក្ស​​ប្រ​ឆាំង សម្រាប់​​​​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជា​ជន ឬ​ក៏​អ្នក​ធំ​បក្ស​ប្រជា​ជន ច្បាប់​អត់​ហ៊ាន​​អនុវ​ត្តចំ​​​ពោះ​​អ្នក​ទាំង​​​អស់​​ហ្នឹង​នោះ​​​ទេ ដូច្នេះ​ហើយ យើង​​ឃើញ​​​ថា តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ នៅ​ស្រុក​ខ្មែរ​យើង»។

​វីអូឌី នៅមិនទាន់អាចទាក់ទង លោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​កំពង់​ស្ពឺ ដើម្បី​សុំ​បំ​​ភ្លឺ​ជុំវិ​ញ​​​ករណី​​ខាង​លើ​នេះ បាន​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប៉ុន្តែបើយោងតាមលិខិត​របស់ លោក ញ៉ាញ់ ជាប​ហ៊ង ប្រធាន​​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​កំពង់​ស្ពឺ ​ដាក់​ជូន​​អភិ​​​បាល​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៦ បញ្ជាក់​ថា ទីតាំង​ចាក់​ដី​​លុ​ប​មាត់​ស្ទឹង​​ព្រែក​ត្នោត​​នេះ គឺ​ជា​កម្ម​សិទ្ធិ​របស់អ្ន​ក​ស្រី សុខ វណ្ណា ដែល​វីអូឌីមិ​ន​អាច​ទាក់​ទង​បាន។

តែបើតា​មប្រភពខាងលើ មន្ត្រីជំ​នាញ បាន​​រ​ក​ឃើញ​ថា អ្នក​ស្រី សុខ វណ្ណា ​បាន​ចាក់​ដី​រំលោភ​ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត ទំហំ ​៤៧៤៦​ម៉ែត្រ​ការ៉េ ដោយ​ពុំមាន​លិខិត​អនុ​ញ្ញាត ពី​អាជ្ញាធរ​​ដែ​ន​ដី និង​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ធ​​​​នោះ​ទេ។

ប៉ុន្តែបើតាមកំហេតុ នៃកិច្ចប្រជុំនេះចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២៦ មេ​ភូមិ​អន្លង់​ធម្ម លោក ទូច ហ៊ីម បាន​និយាយ​ថា តាម​ការ​សាក​សួរ​របស់​លោក ការ​ចាក់​ដី​លុប​ចំណី​ព្រែក​ត្នោត​នេះ អ្នក​ស្រី សុខ វណ្ណា ថា មិនមាន​បំណង​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ទេ តែ​​គ្រាន់​តែ​ច​ង់លុប​កុំ​ឱ្យ​ច្រាំង​ស្ទឹង​បាក់​ប៉ុណ្ណោះ។

លើសពីនេះ អភិបាលរងស្រុង​សំរោង​ទង លោក អ៊ុំ ដេត ​​ធ្លា​ប់​អះ​អាង​ថា​​​ មន្ត្រី​ជំនាញ​​ពាក់​ព័ន្ធ​បាន​​ជូន​​​ដំ​ណឹង​ឲ្យ​​ម្ចាស់​​ទីតាំង​នោះ ឱ្យ​បញ្ឈប់​​​សកម្ម​​ភាព​​​​​​ចាក់​ដី​​រំលោភ​យក​ដី​ចំណី​ស្ទឹង​ព្រែក​​​​ត្នោត​​​រួច​ហើយ​ដែរ។

​ប្រហាក់​ប្រហែលគ្នានេះ ក្រសួងធនធានទឹក និង​ឧតុ​និយម អំឡុង​​ឆ្នាំ​២០២៤ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ និយាយ​​​ពីប​ញ្ហានេះ​​ដែរ ដែល​ក្រសួង​បញ្ជាក់​ថា មាន​ជន​មួយ​ចំនួន​បាន​ធ្វើ​សកម្ម​ភាព​រំលោភ​យក​ដី​ចំណី​ស្ទឹង​ព្រែក​ត្នោត និង​ទំន​ប់​អាង​ទឹក ៧មករា ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ក្រសួង គូស​បញ្ជាក់​ថា ដី​ចំណី​ស្ទឹង និ​ងដី​អាង​ទឹក គឺ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ ពុំមា​ន​បុគ្គល​ណា​មួយ​អាច​រំលោភ​បំពាន​បាន​ឡើយ ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ។

ចំណែក មាត្រា៨១ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង ការ​ប្រើ​ប្រាស់ និង​ការ​ចាត់​ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែល​ ប្រកាស​ឱ្យ​ប្រើ​​​នៅ​​ឆ្នាំ​​២០២០ ចែង​ថា រាល់​អំពើ​រំលោភ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ ជា​អចលន​​ទ្រព្យ​ដោយ​ខុស​ច្បាប់​ដូច​មាន​ចែង​ក្នុង​មាត្រា​៧១ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​ ២ឆ្នាំ ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤លាន​រៀល ដល់​ ១០​លាន​រៀល ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ