នៅក្នុងរោងចក្រកាត់ដេរដ៏ធំទូលាយនៅកម្ពុជា សំឡេងម៉ាស៊ីនធ្វើការរំញ័រយ៉ាងខ្លាំង ខណៈកម្មកររាប់សែននាក់កំពុងប្រឹងប្រែងក្នុងខ្សែចង្វាក់ផលិតកម្ម ដើម្បីដូរនឹងប្រាក់កម្រៃប្រមាណជា ២៣៨ដុល្លារ ក្នុងមួយខែ។ ប៉ុន្តែនៅពីក្រោយផ្ទៃនៃសកម្មភាពសេដ្ឋកិច្ចនេះ មានការប្រកួតប្រជែងមួយកំពុងដំណើរការ ដែលមិនមែនសម្រាប់ផលិតសម្លៀកបំពាក់ទេ ប៉ុន្តែសម្រាប់អំណាចនយោបាយ។
កញ្ញា អាន សុភ័ក្ត្រ ជាកម្មករកាត់ដេរមកពីខេត្តមួយ ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម នោះគឺខេត្តតាកែវ។ នាងបានចាកចេញពីស្រុកកំណើតរបស់នាងក្នុងឆ្នាំ ២០០៨ ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។
រៀងរាល់ព្រឹក កម្មករវ័យ ៤០ ឆ្នាំរូបនេះ ចេញពីបន្ទប់ជួលរបស់គាត់នៅម៉ោង ៦:៤៥ ព្រឹក ដើម្បីចាប់ផ្តើមការងារនៅរោងចក្រនៅម៉ោង ៧:០០ ព្រឹក។ កម្មករសម្រាកអាហារថ្ងៃត្រង់មួយម៉ោងនៅម៉ោង ១១:០០ ព្រឹក ហើយត្រឡប់មកធ្វើការវិញចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ រហូតដល់ម៉ោង ៥:០០ ល្ងាច។ មុនពេលការងារចាប់ផ្តើម ប្រធានក្រុមរបស់នាងបានរៀបចំកិច្ចប្រជុំរយៈពេល ៥ ទៅ ១០ នាទី ក្នុងន័យជំរុញក្រុមឱ្យខំធ្វើការដើម្បីសម្រេចទៅតាមផែនការ។
នៅពេលដែលកណ្តឹងរោងចក្ររោទ៍នៅម៉ោង ១១:០០ ព្រឹក កម្មករទាំងអស់បានដើរចេញយ៉ាងប្រញាប់ប្រញាល់សំដៅទៅរកអាហារថ្ងៃត្រង់របស់ពួកគេ។ ដូចគ្នានឹងកម្មករឯទៀតដែរ សុភ័ក្ត្រ ទិញអាហារខ្ចប់រួចតម្លៃ ៣០០០ រៀល ឬប្រហែល ០,៧៥ ដុល្លារ រួចរូតរះជិះកង់សំដៅទៅបន្ទប់ជួលដែលមានទំហំប្រហែល ៤ ម៉ែត្រគុណនឹង ៤ ម៉ែត្រ ហ៊ុំព័ទ្ធដោយម៉ាស៊ីនដេរចាស់ៗពីរ ហើយចាប់ផ្តើមញ៉ាំអាហារទាំងសភាពមិនបើកភ្លើងក្នុងបន្ទប់នោះឡើយព្រោះចង់រិះថាំប្រាក់ពីការចំណាយថ្លៃភ្លើង។
សុភ័ក្ត្រ និយាយថា៖ «ខ្ញុំមិនអាចចំណាយលើសពី ៨០០០ រៀល (ប្រហែល ២ ដុល្លារ) ក្នុងមួយថ្ងៃលើអាហារបានទេ ព្រោះខ្ញុំត្រូវសន្សំប្រាក់ដើម្បីចិញ្ចឹមឪពុកម្តាយរបស់ខ្ញុំនៅផ្ទះ»។
ញ៉ាំអាហារបណ្តើរ សុភ័ក្រ្ត ឆ្លៀតពន្យល់បណ្តើរថា ក្នុងមួយខែថវិកាសរុបដែលគាត់រកបានគឺប្រហែលជិត ៣០០ ដុល្លារ។ លុយទាំងនោះ នាងត្រូវចំណាយលើអាហារប្រចាំថ្ងៃ ថ្លៃជួលផ្ទះ និងផ្ញើប្រាក់ទៅឪពុកម្តាយរបស់នាងដើម្បីសងធនាគារ។
និយាយដោយទឹកមុខក្រៀមក្រំ សុភ័ក្រ្ត បានរៀបរាប់អំពីការដែលមិត្តភក្តិរបស់គាត់ តែងតែមកពិភាក្សាជាមួយគាត់អំពីការចង់ឃើញនូវការឡើងប្រាក់ខែគោលប្រចាំឆ្នាំ ខណៈប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ត្រូវបានកំណត់យកចំនួន $២១០ ដុល្លារ ក្នុងមួយខែ ដែលការសម្រេចនេះកើនឡើង ២ដុល្លារ បើធៀបទៅនឹងឆ្នាំ២០២៥។
សុភ័ក្រ្ត ថា៖ «ខ្ញុំគិតថា ប្រហែលជាដោយសារតែមានសហជីពដែលឯករាជ្យមានចំនួនតិចជាងសហជីពដែលគាំទ្ររដ្ឋាភិបាលទើបធ្វើឲ្យការទាមទារឡើងប្រាក់ខែសម្រាប់ពួកយើងឡើងបានតិច»។
មិនខុសគ្នាប៉ុន្មាន អ្នកស្រី ឆាន ចន្នី ជាកម្មការិនីរោងចក្រមួយដែលមានទីតាំងនៅខេត្តកណ្តាល បានកត់សម្គាល់ថា នៅក្នុងប្រទេសកម្ពុជាមានសហជីពជាច្រើន ប៉ុន្តែសហជីពឯករាជ្យមានចំនួនតិច ហើយសហជីពឯករាជ្យដែលមានសមាជិកធ្វើការនៅរោងចក្របានជួយកម្មករកាត់ដេរនៅរោងចក្ររបស់នាងបានច្រើនទាក់ទងទៅនឹងលក្ខខណ្ឌការងារ។
បើតាមអ្នកស្រី ចន្នី នៅពេលដែលមានសហជីពគាំទ្ររដ្ឋាភិបាលច្រើន គាត់កត់សម្គាល់ឃើញថា អត្ថប្រយោជន៍ដែលកម្មករទទួលបាន គឺបែរជាកាន់តែតិចទៅ។ ជាក់ស្តែង ដូចជាការចរចាប្រាក់ឈ្នួលឬអ្វីដែលជាការទាមទារដើម្បីជាអត្ថប្រយោជន៍សមរម្យដល់ក្រុមកម្មករ គឺហាក់មានការរាំងស្ទះ។
កម្មករវ័យ ៣៧ឆ្នាំរូបនេះ បានលើកឧទាហរណ៍ថា បើមានការចរចាប្រាក់ឈ្នួល តួលេខសហជីពដែលយកមករួមគ្នាឡើងដល់ទៅ ១០ ទៅ ១៥ដុល្លារ ប៉ុន្តែនៅពេលមានសហជីពមិនចូលរួមគ្រាំទ្រសំឡេងសហជីពឯករាជ្យដែលប្រឹងទាមទារតម្លើងប្រាក់ឈ្នួលដល់កម្មករ នោះវាធ្វើឱ្យសំឡេងរបស់ក្រុមសហជីពឯករាជ្យក្លាយជាអសារបង់។
អ្នកស្រី ចន្នី បន្តថា ប្រសិនបើមានសហជីពដែលគំាទ្ររដ្ឋាភិបាលច្រើននៅក្នុងរោងចក្រ នោះកម្មករដែលរងគ្រោះពីការរំលោភសិទ្ធិការងារផ្សេងៗនៅក្នុងរោងចក្រត្រូវបាត់សំឡេង។ បាត់សំឡេង ក៏ព្រោះថា នៅពេលមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងរោងចក្រ បើទោះកម្មករខំប្រឹងរត់រកជំនួយ ក៏មិនមានប្រយោជន៍អ្វី ដោយសារតំណាងសហជីពគាំទ្ររដ្ឋាភិបាលទាំងនោះ បានត្រឹមរុញបញ្ហាដែលកើតឡើងលើកម្មកររងគ្រោះទៅឲ្យខាងរោងចក្រជាអ្នកដោះស្រាយដដែល ដែលធ្វើឲ្យបញ្ហាទាំងអស់ដែលបានកើតឡើង គឺមិនអាចលឺទៅដល់ថ្នាក់ដឹកនាំជំនាញ ឬស្ថាប័នពាក់ព័ន្ធឡើយ។
អ្នកស្រី ចន្នី បន្ថែមថា ប្រសិនបើមានសហជីពឯករាជ្យ គឺពួកគាត់នឹងព្យាយាមដោះស្រាយបញ្ហាទាំងអស់នោះដើម្បីផ្តល់យុត្តិធម៌ទៅដល់កម្មករ និងការពារផលប្រយោជន៍កម្មករ មិនលម្អៀងការពារផលប្រយោជន៍ឱ្យតែថៅកែរោងចក្រ។
អ្នកស្រី ចន្នី និយាយថា៖ «ហើយយើងមើលឃើញស្រាប់ហើយថា ឥលូវនេះពីមួយឆ្នាំទៅមួយឆ្នាំ សួរថា មួយខែឡើងបាន ២ដុល្លារហ្នឹង តើកម្មករយើងទទួលបានប្រាក់ចំណូលហ្នឹងវាសមស្របអត់?! ដូចកន្លែងខ្លះវិញ ឡើង ២ដុល្លារហ្នឹងហើយ គ្រាន់តែចំណាយទៅ ដូចឡើងថ្លៃផ្ទះជួល ឡើងថ្លៃឡានឈ្នួលអីចឹងទៅ។ ហើយជាក់ស្តែងឥឡូវ សេដ្ឋកិច្ចកំពុងតែមានបញ្ហាអីចឹងទៀត ថ្លៃសាំង ថ្លៃឡាន ២ដុល្លារហ្នឹងអស់បាត់ហើយ!»។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានរដ្ឋាភិបាលដំឡើងពី ២០៨$ ដល់ ២១០$ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។ បើទោះជាបណ្ដាសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជិត ៣០ស្ថាប័ន បានរួមគ្នាស្នើទៅរដ្ឋាភិបាល ឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចឱ្យបាន ២៣២ដុល្លារក្នុងមួយខែ សម្រាប់កម្មករនៅឆ្នាំ២០២៦យ៉ាងណាក៏ដោយ។
បើតាមទិន្នន័យពីក្រសួងការងារ បានឲ្យដឹងថា ឧស្សាហកម្មរោងចក្រកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានកម្មករ និងនិយោជិតសរុបជាង ១.១១ លាននាក់ និងមានរោងចក្រសរុបប្រហែល ១,៨១០ រោងចក្រ រីឯចំណូលពីការនាំចេញសរុប ប្រហែល ១៥.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ក្នុងនោះ កាត់ដេរមាន ១១.៤ ពាន់លានដុល្លារ, ស្បែកជើង ២.០៩ ពាន់លានដុល្លារ, ផលិតផលធ្វើដំណើរ និងកាបូបមាន ២.០២ ពាន់លានដុល្លារ។
ដោយឡែក យោងតាមឯកសារស្រាវជ្រាវមួយ បានបង្ហាញថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជា បានចាប់ផ្តើមប្រែប្រួលខ្លាំងចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីប្រទេសកម្ពុជា បានផ្លាស់ប្តូរទិសដៅនយោបាយ និងសេដ្ឋកិច្ច ពីប្រព័ន្ធផែនការកណ្ដាល ទៅកាន់សេដ្ឋកិច្ចទីផ្សារសេរី។ ការផ្លាស់ប្តូរនេះ បានបើកផ្លូវឱ្យមានការកកើតឡើងនៃសហជីពសេរី និងប្រជាធិបតេយ្យ ជាពិសេសចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ខណៈកម្ពុជាកំពុងធ្វើកំណែទម្រង់សេដ្ឋកិច្ច និងសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ប្រទេសម្ចាស់ជំនួយ និងអង្គការអន្តរជាតិផ្សេងៗ។
ចាប់ពីឆ្នាំ១៩៩០ សហជីពដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ត្រូវបានរំសាយ ឬផ្លាស់ប្តូរតួនាទី ដើម្បីឆ្លើយតបទៅនឹងបរិបទនយោបាយថ្មី។ សហព័ន្ធសហជីពកម្ពុជា ដែលជាសហជីពតែមួយក្នុងរបបសង្គមនិយម ត្រូវបានផ្លាស់ប្តូរទៅជាអង្គការមហាជន។ មេដឹកនាំជាច្រើនរបស់សហជីពនេះ ត្រូវបានបញ្ជូនឱ្យទៅបម្រើការងារនៅតាមក្រសួងផ្សេងៗ ខណៈមួយចំនួនទៀត បន្តប្រមូលផ្តុំកម្មករនៅតាមរោងចក្រ និងសហគ្រាស។
នៅឆ្នាំ១៩៩៦ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើង និងត្រូវបានចាត់ទុកថា ជាសហជីពសេរីដំបូងមួយ ក្រោយពេលកម្ពុជាផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចទីផ្សារសេរី។ បន្ទាប់មក សហជីពជាច្រើនទៀតបានកើតឡើងនៅតាមមូលដ្ឋាន និងរោងចក្រកាត់ដេរ។ សហជីពមួយចំនួន មានតួនាទីសំខាន់ក្នុងការរៀបចំកូដកម្មនៅតាមរោងចក្រកាត់ដេរ។ ទន្ទឹមនឹងនេះ ក៏មានការប្រឈមមុខដាក់គ្នា និងការប្រកួតប្រជែងរវាងសហជីព ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា។
ជាការកត់សម្គាល់ ច្បាប់ស្ដីពីសហជីព មានគោលបំណងសំខាន់៣ គឺផ្ដល់សិទ្ធិ និងសេរីភាពដល់កម្មករនិយោជិត និយោជក និងបុគ្គលិកពាក់ព័ន្ធ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងធានាសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក។
យោងតាមអត្ថបទស្រាវជ្រាវមួយដែលចេញផ្សាយដោយសាកលវិទ្យាល័យ Griffith ទីក្រុង Nathan ប្រទេសអូស្ត្រាលី ដែលមានចំណងជើងថា «សក្ដានុពលនៃការចល័តកម្លាំងពលកម្មគាំទ្ររដ្ឋាភិបាលនៅកម្ពុជា» បានបង្ហាញថា សហជីពដែលស្របតាមរដ្ឋាភិបាល មានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់អំណាច មានតួនាទីពីរដំណាក់កាល។ ដំណាក់កាលទី១ នៅលើក្រដាស ពួកគេតំណាងឱ្យកម្មករ ប៉ុន្តែក្នុងការអនុវត្ត ពួកគេក៏ដើរតួជាស្ពានភ្ជាប់រវាងរដ្ឋាភិបាល និងកម្លាំងពលកម្មដែលមានសារៈសំខាន់ផ្នែកនយោបាយ។ មេដឹកនាំសហជីពជាច្រើនកាន់តួនាទីក្នុងគណបក្សកាន់អំណាច ឬក្នុងរដ្ឋាភិបាល ដែលធ្វើឱ្យព្រំដែនរវាងតំណាងកម្មករ និងអំណាចរដ្ឋកាន់តែព្រិល។
របាយការណ៍ដដែល អះអាងថា គណបក្សប្រជាជនកម្ពុជា (CPP) បានផ្លាស់ប្តូរយុទ្ធសាស្ត្រ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ពេលដែលបក្សប្រឆាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសពីកម្មកររោងចក្រ។ ជាមួយនឹងការរឹតត្បិតលើការបញ្ចេញមតិ, សហជីពដែលគាំទ្ររដ្ឋាភិបាល បានពង្រីកការខិតខំដើម្បីទាក់ទាញការគាំទ្រពីកម្មករ តាមរយៈគោលនយោបាយផ្តល់អត្ថប្រយោជន៍ និងការចូលរួមជិតស្និទ្ធជាងមុន។ សហជីពទាំងនេះដំណើរការតាមរយៈការរួមបញ្ចូលគ្នារវាង “ការបញ្ចេញសារ” និង “ការផ្តល់អត្ថប្រយោជន៍”។ នៅផ្នែកមួយ ពួកគេផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលទៅកាន់កម្មករដោយផ្ទាល់ នៅក្នុងរោងចក្រ សហគមន៍ និងកាន់តែច្រើនលើបណ្ដាញសង្គម។ សាររបស់ពួកគេផ្តោតលើស្ថិរភាព និងកំណើនសេដ្ឋកិច្ច ហើយជាញឹកញាប់បង្ហាញថាការកែលម្អដូចជា ការកើនឡើងប្រាក់ឈ្នួលអប្បបរមា គឺជាលទ្ធផលនៃផែនការរដ្ឋាភិបាលរយៈពេលវែង មិនមែនដោយសារសម្ពាធពីការតវ៉ា ឬក្រុមប្រឆាំងនយោបាយទេ។
អត្ថបទស្រាវជ្រាវដែលចេញផ្សាយដោយសាកលវិទ្យាល័យ Griffith ដដែល បានលើកឡើងថា នៅផ្នែកមួយទៀត មេដឹកនាំសហជីពគាំទ្ររដ្ឋាភិបាលចូលរួមក្នុងការចែកចាយអត្ថប្រយោជន៍។ ពួកគេចូលរួមក្នុងយន្តការកំណត់ប្រាក់ឈ្នួល ដែលជាញឹកញាប់មានចំនួនតំណាងលើសពីតំណាងសហជីពឯករាជ្យ។ នេះផ្តល់ឱ្យពួកគេនូវឥទ្ធិពលលើការចរចា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកើនឡើងតិចបំផុត ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
របាយការណ៍ខាងលើ បញ្ជាក់ថា គណបក្សប្រជាជន បង្កើតសហជីពតាមសាខាគណបក្សនៅរោងចក្រ ដោយជ្រើសរើសមេដឹកនាំពីសមាជិកគណបក្ស ក្នុងគោលដៅទទួលបានស្ថានភាព និងពង្រីកឥទ្ធិពលគណបក្សក្នុងចំណោមក្រុមកម្មករ ហើយពួកគេគឺជាតំណាងកម្មករ តាមរយៈការដោះស្រាយបញ្ហាកម្មករ រៀបចំការតវ៉ាកម្រិតតូច គាំទ្រប្រយោជន៍កម្មករខ្លះៗ ដោយជៀសវាងការប្រឆាំងរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ភាពស្របច្បាប់របស់គណបក្សប្រជាជន (CPP)។
ចំពោះការដោះស្រាយក្នុងការតវ៉ារបស់កម្មករវិញ ខុសពីសហជីពឯករាជ្យដែលធ្លាប់រៀបចំការតវ៉ាទ្រង់ទ្រាយធំ, សហជីពគាំទ្ររដ្ឋាភិបាលមានទំនោររក្សាជម្លោះឲ្យនៅកម្រិតរោងចក្រ។ ក្នុងនោះ សហជីពគាំទ្ររដ្ឋាភិបាល ផ្តោតការរិះគន់ទៅលើនិយោជកជំនួសរដ្ឋ ហើយបញ្ជូនបញ្ហាទៅក្នុងយន្តការផ្លូវការដែលមានស្រាប់។ ផលប៉ះពាល់គឺកាត់បន្ថយហានិភ័យនៃការរួមបញ្ចូលកម្លាំងធំៗ ដែលអាចប្រឈមនឹងរបបនយោបាយ។
ទាក់ទងទៅនឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា ថ្លែងថា ប្រវត្តិនៃការបង្កើតសហជីពនៅកម្ពុជា ចាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ មក យោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) គឺមាន ៣ ប្រភព រួមមានសហជីពដែលបង្កើតឡើង ឬក៏ជួយជ្រោមជ្រែងដោយគណបក្សកាន់អំណាច, សហជីពដែលជួយជ្រោមជ្រែងបង្កើតឡើងដោយអ្នកនយោបាយខាងគណបក្សមិនកាន់អំណាច និងសហជីពដែលបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល ឬអង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកមើលឃើញ សហជីពដែលបង្កើតដោយ ឬក៏មានការគាំទ្រដោយ NGO ហើយនិងសហជីពដែលបង្កើតឡើងដោយមានការជួយពីខាងគណបក្សនយោបាយមិនកាន់អំណាច ជួយការពារផលប្រយោជន៍កម្មករច្រើនជាង។ ដោយឡែក សហជីពដែលមានប្រវត្តិនៃការបង្កើតឡើង ឬជួយជ្រោមជ្រែងដោយគណបក្សនយោបាយ ភាគច្រើនគេមើលឃើញថា អ្នកទាំងនោះដើរតួនាទីជាទូតសុច្ឆន្ទៈ ឬហៅថា BA របស់គណបក្សនយោបាយច្រើនជាង។
លោក មឿន តុលា បន្ថែមទៀតថា សម្រាប់ទស្សនរបស់លោក ការដែលសហជីពមាននិន្នាការជាមួយបក្សនយោបាយ វាមិនមែនជារឿងខុសឆ្គងអ្វីទេ ព្រោះថាសហជីពជាទូទៅ គឺសំដៅដល់នយោបាយ។ លោកថា នៅប្រទេសផ្សេងៗ ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម ក៏មានរូបភាពដូចនេះដែរ ពោលពាក្យថាសហជីព គឺ «នយោបាយ»។ ហេតុដូច្នេះហើយ ទើបបានជាពាក្យបច្ចេកទេសរបស់ថ្នាក់ដឹកនាំសហជីព ត្រូវបានគេហៅថា Political Leader ឬមេដឹកនាំនយោបាយ។
បើទោះជាយ៉ាងនេះក្តី លោកពន្យល់ថា រឿងដែលសំខាន់ គឺសហជីពមិនមែនជាឧបករណ៍នយោបាយទេ។ សហជីពត្រូវចងចាំអំពីតួនាទីរបស់ខ្លួន ជាតំណាងឱ្យកម្មករនិយោជិត។ ពួកគេត្រូវប្រើឥទ្ធិពលទៅដល់អ្នកនយោបាយ ដើម្បីឱ្យតាក់តែងគោលនយោបាយ កែច្បាប់ រៀបចំច្បាប់មួយចំនួន សម្រាប់ផ្ដល់ប្រយោជន៍ ផ្ដល់ការការពារទៅដល់សមាជិករបស់ខ្លួន ហើយនិងប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែប្រសិនបើសហជីព យកគោលនយោបាយ និងផ្សព្វផ្សាយគោលនយោបាយរបស់បក្ស បំភ្លេចចោលនូវអត្ថប្រយោជន៍កម្មករនិយោជិត នោះវាជារឿងខុស។
យោងតាមឯកសារនានាដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមកន្លងមក បង្ហាញថា មេដឹកនាំសហជីពមួយចំនួន មានតួនាទីជាទីប្រឹក្សា ឬមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងរដ្ឋាភិបាល។ ជាក់ស្តែង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា (CCWR) លោក គឹម ចាន់សំណាង កាន់តំណែងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃ ទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០២៤ រីឯក្នុងជួរគណបក្សវិញ លោកកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន។
ដូចគ្នានេះដែរ ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) លោក ហង្ស រ៉ាវី និងលោក ស រដ្ឋា ត្រូវបានតែងតាំងជាទីប្រឹក្សាកិត្តិយសក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ នៅឆ្នាំ២០២៣។ លោក ហង្ស រ៉ាវី ក៏ជាសមាជិកក្រុមប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក។ ចំណែកតួនាទីនៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ហង្ស រ៉ាវី តែងតែសកម្មក្នុងការបញ្ចេញគោលនយោបាយរបស់រដ្ឋាភិបាលទៅដល់កម្មករ កម្មការិនីរោងចក្រ។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងទិវាពលកម្មអន្តរជាតិ លោកបានថ្លែងនូវខ្លឹមសារថា សន្តិភាពមានសារៈសំខាន់ណាស់ មានសន្តិភាព ទើបមានរោងចក្រ សហគ្រាសកើនឡើងជាបន្ដបន្ទាប់។ លោកបន្តថា ដោយសារកម្ពុជាមានសន្តិភាពពេញលេញ ទើបអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក ឱ្យមកបង្កើតរោងចក្រ សហគ្រាស និងសិប្បកម្មយ៉ាងច្រើន សន្ធឹកសន្ធាប់ ដែលជាកម្លាំងចលករធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនយ៉ាងរហ័សលើគ្រប់វិស័យ។
ជាការកត់សម្គាល់ សាររបស់លោក រ៉ាវី បែបនេះ គឺហាក់ដូចគ្នានឹងសារដែលមេដឹកនាំរដ្ឋាភិបាលតែងលើកឡើងដែរ។
បន្ថែមពីសារខាងលើ លោក ហង្ស រ៉ាវី និយាយបន្តដោយលើកសរសើររដ្ឋាភិបាលថា លក្ខខណ្ឌការងារត្រូវបានអនុវត្តកាន់តែល្អប្រសើរសម្រាប់កម្មករពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានការគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមានសេនាធិការផ្ទាល់ដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញវិស័យការងារទៅមុខយ៉ាងឆាប់រហ័ស។
ចំណែក លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា- CCWF ក៏ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ហើយលោកក៏កាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផងដែរ។
រីឯ ប្រធានសហភាពពលកម្មជាតិកម្ពុជា-NLC លោក សំ សឿន កាន់តំណែងក្នុងជួររដ្ឋាភិបាល ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ លោកក៏មានតំណែងនៅក្នុងបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈចលនាសហជីពនៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលផងដែរ។
លោក សំ សឿន បានប្រកាសគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងនោះលោកធ្លាប់លើកឡើងថា តាមការកត់សម្គាល់របស់លោកក្នុងនាមអង្គការវិជ្ជាជីវៈខាងការងារ លោកសង្កេតឃើញថា កាលពីឆ្នាំ២០២៥ ករណីដួលសន្លប់ក្នុងរោងចក្រ សហគ្រាស មានតិចតួចបំផុត បើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន។ លោកបន្តថា ការថមថយនេះ គឺសបញ្ជាក់ពីការខិតខំរបស់រដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានខិតខំក្នុងការចុះអនុវត្តន៍ការងារជាប់ជាប្រចាំតាមរោងចក្រ ក្នុងការពិនិត្យពីលក្ខណៈបច្ចេកទេស និងបរិយាកាស។
ដោយឡែក ប្រធានសហភាពកម្ពុជាពន្លឺកម្មករ (CUCBW) លោក អ៊ុន ដារ៉ា កាន់តំណែងក្នុងជួររដ្ឋាភិបាល ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងគណបក្សកាន់អំណាចវិញ លោកកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ លោកក៏ធ្លាប់លើកឡើងកន្លងមកថា ការសម្របសម្រួលវិវាទតាមមូលដ្ឋាន និងកំណត់បញ្ហាដែលកើតឡើងឱ្យច្បាស់ គឺដើម្បីចូលរួមដោះស្រាយវិវាទនៅកន្លែងការងារ ធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មតាមគោលដៅ ដោយពិនិត្យមើលគោលដៅដែលមន្រ្ដីកាន់ និងធ្វើបច្ចុប្បន្នភាពប្រចាំខែ។
ក្រៅពីនេះ លោក សាត់ ឈាងហួរ ប្រធានសហភាពកម្ពុជាអាស៊ាន និងជាក្រុមប្រឹក្សាភិបាលនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) កាន់តំណែងជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅឆ្នាំ២០២៤ និងនៅក្នុងគណបក្សកាន់អំណាច លោកកាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ជាការកត់សម្គាល់ លោក សាត់ ឈាងហួរ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការតម្លើងប្រាក់ឈ្នួលអប្បរមាឆ្នាំ២០២៥។
ការស៊ើបអង្កេតនេះ បង្ហាញថា បណ្តាញទំនាក់ទំនងរវាងសហជីព និងរដ្ឋាភិបាល មានលក្ខណៈជ្រាលជ្រៅ និងស្មុគស្មាញ។ នៅពេលដែលមេដឹកនាំសហជីពកាន់តួនាទីក្នុងរដ្ឋាភិបាលផង និងតំណាងកម្មករផង ធ្វើឲ្យពួកគេមិនអាចរក្សាភាពឯករាជ្យបាន បង្កជាការប៉ះទង្គិចផលប្រយោជន៍ដល់ការចរចាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ របស់កម្មករ។ ការចរចាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ គឺជាកន្លែងដែលបង្ហាញច្បាស់បំផុតពីភាពឯករាជ្យ ឬមិនឯករាជ្យរបស់សហជីព។ ក្នុងតុចរចា សហជីពត្រូវតំណាងឱ្យកម្មករ ដើម្បីទាមទារម៉ោងការងារ និងប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ។ ប៉ុន្តែបើមេដឹកនាំសហជីពមានតួនាទីក្នុងរដ្ឋាភិបាលផង នោះពួកគាត់អាចស្ថិតនៅក្នុងស្ថានភាពដែលត្រូវគិតពី “ស្ថិរភាពនយោបាយ” ឬ “រូបភាពរដ្ឋាភិបាល” ជាមុនសិន ជំនួសឱ្យការគិតទៅលើការទាមទាររបស់កម្មករ។
អ្នកឃ្លាំមើលសង្គម លើកឡើងថា ការកើនឡើងនៃតួនាទីសហជីពដែលស្របតាមរដ្ឋាភិបាល ត្រូវបានកត់សម្គាល់នៅក្នុងបរិបទនយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលកាលនោះ កម្មករកាត់ដេរបានក្លាយជាកម្លាំងនយោបាយសំខាន់ ដោយពួកគេបង្ហាញនូវការគាំទ្របក្សប្រឆាំងយ៉ាងខ្លាំងក្លា និងចូលរួមក្នុងការតវ៉ាទាមទារការកើនប្រាក់ឈ្នួល។ ដូច្នេះជាការឆ្លើយតប រដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្រពីរដំណាក់កាល រួមមាន ទីមួយ គឺការគ្រប់គ្រង និងបង្ក្រាបការតវ៉ា និងទីពីរ គឺការទាក់ទាញកម្មករតាមរយៈការកើនប្រាក់ឈ្នួល និងគម្រោងសុខុមាលភាព។ នៅក្នុងបរិបទនេះ សហជីពគាំទ្ររដ្ឋាភិបាល ត្រូវបានប្រើជាឧបករណ៍សំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងចលនាការគាំទ្រពីកម្មករ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា ឲ្យដឹងថា បញ្ហាកន្លងមក គឺនៅពេលដែលសហជីព មានតួនាទីនៅក្នុងរដ្ឋាភិបាលផង និងនៅក្នុងសហជីពផងស្របពេលជាមួយគ្នា ខណៈពួកគេប្រើតួនាទីក្នុងបក្ស តួនាទីក្នុងរដ្ឋ ច្រើនជាងតួនាទីជាសហជីព វាគឺជាឧបសគ្គដែលរាំងស្ទះដល់ការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងផ្ដល់ការការពារដោយយុត្តិធម៌ដល់កម្មករនិយោជិត។ លោកបានលើកជាឧទាហរណ៍ ដូចជាការសម្រេចផ្តល់ប្រាក់ឈ្នួល ការធ្វើច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងសិទ្ធិការងារសម្រាប់កម្មករ និងច្បាប់ស្ដីពីសហជីពជាដើម។
លោក មឿន តុលា បន្តថា បើមេដឹកនាំសហជីពបម្រើឱ្យគណបក្សនយោបាយ ច្រើនជាងបំពេញតួនាទីជាសហជីពដើម្បីការពារប្រយោជន៍កម្មករ នោះកម្មករនឹងបាត់អ្នកតំណាងរបស់ខ្លួន។ លោកថា បញ្ហានេះ ធ្វើឱ្យក្តីបារម្ភរបស់កម្មករ មិនត្រូវបានដោះស្រាយ។
លោកគូសបញ្ជាក់ថា ដូចជាករណីការដំឡើងប្រាក់ឈ្នួល និងការជាប់បំណុលរបស់កម្មករជាដើម ដែលបញ្ហាទាំងនេះមិនត្រូវបានជំរុញនូវដំណោះស្រាយឱ្យមានប្រសិទ្ធិភាព រួមទាំងការជំរុញឱ្យរដ្ឋាភិបាលពិចារណាទៅលើការកាត់បន្ថយអត្រាការប្រាក់ ដែលកម្មករគ្មានលទ្ធភាពសងជាដើម ដែលលោកថាបញ្ហាទាំងអស់នេះមេសហជីពដែលមាននិន្នាការនយោបាយ មិនដែលលើកឡើងថា រដ្ឋគួរតែពន្យាពេលសងនោះទេ។
លោក មឿន តុលា ថ្លែងថា៖ «កម្មករភាគច្រើនគាត់ជាប់បំណុលគេ! សហជីពអត់ដែលបានយកបញ្ហារបស់កម្មករដែលជាប់បំណុលហ្នឹង យកទៅនិយាយជាមួយរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលពិចារណាទៅលើការកាត់បន្ថយអត្រាការប្រាក់ នេះទីមួយ។ ទីពីរ នៅពេលដែលកម្មករគាត់អត់មានលទ្ធភាពសង ក៏សហជីពមិនដែលនិយាយថា រដ្ឋហ្នឹងគួរតែពន្យារពេលនៃការសង អី។ល។ ហ្នឹង អត់មានគោលនយោបាយនិយាយពីហ្នឹង។ អត់មានការលើកឡើងអំពីគោលនយោបាយមួយចំនួន សម្រាប់ជួយទៅដល់កម្មករសម្រាប់នៅពេលអត់ការងារធ្វើ ឬក៏នៅពេលដែលមានសង្គ្រាមកើតឡើង ឬក៏ដូចឥឡូវនេះពាក់ព័ន្ធថ្លៃសាំងដែលកើនឡើងក៏មិនទាន់មានដែរ។ ផ្ទុយទៅវិញ សារហ្នឹងចេញពីអ្នកនយោបាយទៅវិញ។ អាហ្នឹងហើយដែលបើកាលណាអ្នកដឹកនាំសហជីពចេញរូបភាពបែបហ្នឹង គឺធ្វើឱ្យបញ្ហារបស់កម្មករនិយោជិតហ្នឹង ត្រូវបានគេបំភ្លេចចោល»។
អ្នកវិភាគមួយចំនួន ព្រមានថា ការចងភ្ជាប់ជិតស្និទ្ធជាមួយរដ្ឋាភិបាល អាចធ្វើឲ្យសហជីពបាត់បង់ភាពឯករាជ្យ និងកាត់បន្ថយសមត្ថភាពក្នុងការតំណាងផលប្រយោជន៍កម្មករ។ សហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ថា សហជីពគាំទ្ររដ្ឋាភិបាល មានទំនោរគាំទ្រនិយោជក និងរដ្ឋាភិបាល ជាងការការពារសិទ្ធិកម្មករ។
ទោះយ៉ាងណា ប្រវត្តិនៃការអភិវឌ្ឍសហជីពនៅកម្ពុជា បង្ហាញថា សហជីពមិនត្រឹមតែជាឧបករណ៍ការពារសិទ្ធិកម្មករប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដែលជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងបរិបទនយោបាយ និងក្លាយជាឧបករណ៍មួយក្នុងយុទ្ធសាស្ត្រ រក្សាអំណាចរបស់គណបក្សកាន់អំណាច ជាពិសេសនៅពេលដែលរដូវបោះឆ្នោតមកដល់។
វីអូឌី បានព្យាយាមទាក់ទងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) លោក គឹម ចាន់សំណាង និងប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) លោក ហង្ស រ៉ាវី ជាច្រើនលើកតាមប្រព័ន្ធតេឡេក្រាមតាំងពីដើមខែឧសភា ឆ្នាំ២០២៦ ដើម្បីសុំការអត្ថាធិប្បាយអំពីបញ្ហាដែលត្រូវបានលើកឡើងក្នុងអត្ថបទនេះ។ បើទោះជាយ៉ាងណា មិនមានការឆ្លើយតបណាមួយឡើយរហូតមកដល់ម៉ោងផ្សាយនេះ។
កម្មករកាត់ដេរមកពីខេត្តតាកែវ កញ្ញា អាន សុភ័ក្ត្រ ចង់ឃើញវត្តមានសហជីពឯករាជ្យកាន់តែច្រើន ដោយរំពឹងថា វត្តមានអ្នកទាំងនោះនឹងអាចជួយជ្រោមជ្រែងនូវអត្ថប្រយោជន៍ដល់កម្មករ។
កញ្ញា អាន សុភ័ក្ត្រ ថ្លែងថា៖ «ទៅថ្ងៃអនាគត ខ្ញុំចង់ឃើញសហជីពឯករាជ្យមានច្រើន ពីព្រោះសហជីពដែលឯករាជ្យជួយការពារផលប្រយោជន៍កម្មករ នៅពេលដែលមានសហជីពឯករាជ្យច្រើន ខ្ញុំសង្ឃឹមថា ប្រាក់ឈ្នួលកម្មករអាចនឹងឡើងបានលឿន»៕









