អ្នក​តាម​ដាន​ថា លោក ហ៊ុន​ សែន ជា​តួអង្គ​តែ​មួយ​គត់​ធ្វើ​ឱ្យ​ថៃ​មាន​លេស​​ឈ្លាន​​ពាន​កម្ពុជា

ក្រោយ​ពី ​​លោក ​ហ៊ុន សែន ​ព្យាយាម​ទម្លាក់​កំហុស​ដាក់​បក្ស​ប្រឆាំង​ថា ជា​អ្នក​ញុះ​ញង់​ឱ្យ​ធ្វើ​សង្គ្រាម​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ​នោះ ​អ្នក​​នយោបា​យ​​ប្រឆាំង​ និង​​​​​​អ្នក​ឃ្លាំ​មើល ​លើក​ឡើង​ថា មេ​បក្ស​កាន់​អំណាច​ជា​តួ​អង្គ​តែ​មួយ​គត់ ជា​អ្នក​ធ្វើ​ឱ្យ​ថៃ​មាន​លេស លើក​ទ័ព​មក​ឈ្លាន​ពាន រហូត​ដណ្តើម​ទឹក​ដី​ខ្មែរ​ជាង​៧០​ទីតាំង​យក​ទៅគ្រ​ប់​គ្រង​រហូត​បច្ចុប្បន្ន។

ប្រតិកម្ម​ទាំងនេះ ​បាន​កើតឡើង​បន្ទាប់​ពី​លោក​ ​ហ៊ុន សែន បាន​​ថ្លែង​​ជា​បន្ត​បន្ទាប់​​​នៅ​​ខេត្ត​​បន្ទាយ​​​មាន​​ជ័យ​ ​និង​​ខេត្ត​​សៀម​​រាប ​កាល​​ពី​ថ្ងៃទី​​​៩​​និង​​ទី​១០ខែ​​មិថុនា​​ថា ក្រុម​ប្រឆាំង​​បាន​​ជំរុញ​​ឱ្យ​​រដ្ឋាភិ​បាល​​ធ្វើ​​សង្គ្រាម​​ជាមួយ​​ថៃ​។ ប៉ុន្តែ​លោក​​ថា លោក​​មិន​​បាន​​ឱ្យ​​ជ្រើស​​រើស​​នូវ​​មធ្យោ​បាយ​​យោ​ធា ​ដើម្បី​​ទាម​​ទារ​​ទឹក​ដី​ពី​ថៃ​មក​​វិញ​​ដូច​​ក្រុម​​ប្រឆាំង​នោះ​​ទេ។

លោកថា៖ «ខ្ញុំ​មិន​បានឱ្យ​ជ្រើស​រើស​នូវមធ្យោបាយ​យោធាទេ​។ ខ្ញុំបាន​ចង្អុល​បង្ហាញ​មធ្យោបាយ​​ដោយ​សន្តិ​វិធី ហើយ​​ខ្ញុំ​យក​បញ្ហា​នេះ ជាគោល​នយោបាយ​របស់គណបក្ស​ប្រជាជន​ ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត​ឆ្នាំ​​២០២៧ និង​២០២៨ គឺ​គណបក្ស​ប្រជាជន​ប្រកាន់​ខ្ជាប់​នូវគោល​​នយោ​បាយ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​[…] សូមផ្តាំ​ទៅ​​គណបក្ស​នយោបាយនានា ​ជាពិសេស​គណបក្ស​ប្រឆាំង ដែល​និយម​ជ្រុល​ឱ្យ​​រដ្ឋាភិ​បាល​​បើក​​ការ​​វាយ​​ប្រហារ​ដណ្តើម​​យក​​មក​​វិញ នូវទឹកដីដែល​ថៃកំពុង​គ្រប់គ្រងដោយ​ខុសច្បាប់»។

បន្ថែមពីនេះ​ លោក​ហ៊ុន សែន ​បញ្ជាក់ថា កម្ពុជា​​មិន​ទទួលស្គាល់​នូវការ​​កែប្រែព្រំដែន ​តាម​រយៈ​ការ​ប្រើ​ប្រាស់​​កម្លាំង​នោះ​​​ទេ ​គឺក​ម្ពុជា​​ប្រកាន់​យក​ការ​ចរចា​​ដោយស​ន្តិវិធី តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ចុះថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​ ជា​ដើម។

ប៉ុន្តែ​​គណបក្ស​​ប្រឆាំង​មួយចំ​នួន​​ទាំង​​នៅ​ក្នុង​​ប្រទេស និង​​នៅ​​​ក្រៅ​​ប្រទេស ​បាន​​និយាយ​​ថា​ ​ពួក​​គេ​​មិន​​ដែល​​បាន​​ជំរុញ​​រដ្ឋាភិ​បាល​​ឱ្យ​​​​ធ្វើ​​សង្គ្រាម​​ជាមួយ​ថៃ ដែល​មាន​កម្លាំងទ័ព​ច្រើន​ជាង ​​មាន​សព្វា​វុធ​ទំនើប​​ជាង មាន​យន្ត​​ហោះ​ ​និង​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាងនោះទេ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន ហៅការលើកឡើងរបស់លោក ហ៊ុន ​សែន នេះ ជាការ​បំភ្លើសខុសពីការពិត ដោយលោកសំអាងថា​ ​ក្រុ​ម​​ប្រឆាំង​​មិន​​ដែល​​ជំរុញ​​ឱ្យ​​កម្ពុជា​​ធ្វើ​សង្គ្រាម​ជាមួយ​​ថៃ​​នោះ​ទេ ​គឺមាន​តែ​ជំរុញឱ្យ​លោក​ហ៊ុន សែន​ និងលោក​ហ៊ុន ម៉ាណែត ​ប្តឹងថៃ​​ទៅ​គ្រប់​​យន្ត​ការ​ច្បាប់​អន្ត​រជាតិ ​ដើម្បី​បញ្ចៀស​សង្គ្រាមបង្ហូរឈាមគ្នា។

ប៉ុន្តែ លោកថា ផ្ទុយទៅវិញ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនព្រមប្តឹងថៃ បែរ​​ជាទៅបើកកកាយ​រឿង​ផ្ទៃក្នុងថៃ និងបង្កើនសំបុកឧក្រិដ្ឋកម្មអនឡាញនៅតាមព្រំដែនជាដើម ធ្វើឱ្យថៃមានលេស​​​ប្រើកម្លាំងយោធា​ឈ្លាន​ពាន រំលោភយកដីខ្មែរតាមទំនើងចិត្ត រហូតបច្ចុប្បន្ន។

លោកថា៖ «ហើយ​ក្រុម​ប្រឆាំងកន្លងមក នឹង​តែង​តែប្រាប់​លោក​ហ៊ុន សែន ថា កុំ​ទៅពន្យូសសង្គ្រាម​ជាមួយ​ថៃ​ ​កុំ​ទៅ​បញ្ចេញ​ខ្សែអាត់សំឡេង​​អ្នកស្រី ផៃថងថាន ​ដែល​និយាយសាសង​​ជាមួយគាត់​​អីហ្នឹង ​​អាហ្នឹង​​វា​បង្ក​ឱ្យ​មាន​​សង្គ្រាម។ ប៉ុន្តែ​គាត់​​ជា​អ្ន​ក​​បង្កើត​សង្គ្រាម​​ខ្លួន​​ឯង ​បង្ក​ជម្លោះ​​ជាមួយ​​ត្រកូល​​ថាក់​​ស៊ីន ​ដោយ​​សារ​ទំនាស់​​ផល​​ប្រយោជន៍​​​បង​ប្អូន​ធម៌​ ទើប​បាន​មាន​​សង្គ្រាម​ ​មិន​មែន​​អ្ន​​​ក​ប្រឆាំង​​​ធ្វើ​​​ឱ្យមាន​​សង្គ្រាម​​នោះ​ទេ​​គាត់​​ខ្លួ​ន​​ឯង​​ធ្វើ​​​ឱ្យមាន​​​សង្គ្រាម​ ​ទៅ​​ជា​ចោទ​​ក្រុម​​ប្រឆាំង​ទៅ​​វិញ។ ខ្ញុំ​​យល់​​​ថា ​​ជារឿង​មិន​ត្រឹម​ត្រូវ​នោះទេ​ហើយ​​ការទាម​ទារ​​ទឹកដីមក​វិញ ​ក៏យើងមិនដែល​ឱ្យ​ច្បាំង​យក​ទឹកដីមក​វិញដែរ ​ឱ្យ​ប្តឹងទៅ​តុលាការ​អន្តរជាតិ​»។

ជាមួយគ្នា​នេះ ​លោក ​ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ក៏បា​ន​​ថ្លែង​​ផង​ដែរ​ថា សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ ​​គឺ​​​បាន​​កើត​ឡើង​​ដោយ​​សារ​តែកា​រ​​បង្ក​ហេតុ​​របស់​​ លោក ​ហ៊ុន សែន ខ្លួន​​ឯង​​ ដូច​ជា​ ការ​ទម្លាយ​សារ​សន្ទនា​ជាមួយ​​​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ការ​ទម្លាយ​បញ្ហា​ផ្ទៃ​ក្នុង​ថៃ រួម​ទាំង​វោហា​សាសន៍​ឌី​ដង​មួយ​ចំនួន​ទៀត​​ ធ្វើ​ឱ្យ​ថៃ​មាន​លេស​​លើក​ទ័ព​ឈ្លាន​ពាន​កម្ពុជា រហូត​បច្ចុប្បន្ន។

លោកថា៖ «គេយកលេសពីរធំៗលេស​ទី១ លោក ហ៊ុន សែន បញ្ចេញ​ខ្សែ​អាត់​សំឡេង​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃដែល​និយាយ​ជា​មួយ​លោក​ហ៊ុន សែន ក្នុង​នាម​ជា​ក្មួយ​ធម៌។ លេស​ទី២ ថៃ​គេចោ​ទថា​កម្ពុជា​មាន​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ​តាម​បណ្តោយ​ព្រំដែនអ៊ីចឹង​លេស​ពីរ​ហ្នឹង ថៃ​គេ​ធ្វើ​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​កម្ពុជា​រហូត​ដល់​ស​ព្វ​ថ្ងៃដូច្នេះ​សរុប​សេចក្តីមក​ គឺ​អត់​មាន​ភា​គី​ប្រឆាំង​​ណា​មួយ ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ​ទេ គឺ​អត់​មាន​ទេ។ ហើយ​យើង​បា​នផ្តល់យោបល់​តាំង​ពី​ដើម​ម​កថា យើង​ជំរុ​ញ​ឱ្យ​ប្តឹង។ ដំបូង​ឡើយឱ្យ​ប្តឹង​ក​រណី​កោះគុជ ដែន​សមុទ្រ​ខ្មែរទៅតុលាការអន្តរជាតិ ហៅលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ជំនាន់នោះ គឺបដិសេធអត់ប្តឹងទេ»

អ្នកឃ្លាំមើល​ដែល​មានជំនាញ​កិច្ចការព្រំដែន​រូប​នេះ​ បញ្ជាក់​ថា មូល​​ហេតុ​​ចំបង​​ដែល​​​នាំ​​​ឱ្យ​កើត​​មាន​​សង្គ្រាម​ឈ្លាន​ពាន​ ​​​គឺ​​ដោ​យ​​សារ​ ​លោ​ក​ហ៊ុន សែន ​បញ្ចេញ​​សារ​​សំឡេង​​សន្ទនា​សម្ងាត់​​ជា​មួ​យ​​អតីត​នាយក​​រដ្ឋ​​មន្ត្រី​​​អ្នក​ស្រី ផែថង​ថាន និង​ការ​ប្រើវោហាស្រ្ត​ជ្រៀត​​ជ្រែកនយោបាយ​ផ្ទៃ​ក្នុង​​ថៃ​ ដែល​​ធ្វើ​ឱ្យ​មេដឹកនាំ​ជ្រុល​និយម​ថៃ ​និង​មេទ័ពថៃខឹង។

ចំណែក ​លោក ​គឹម សុខ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​របស់​លោក​សម រង្ស៊ី ក៏​ចេញ​​មក​​បញ្ជាក់​​ផង​ដែរ​​​ថា ក្រុម​​ប្រឆាំង​មិន​​ដែល​​បាន​​​ជំរុ​ញ​​ឱ្យ​​រដ្ឋាភិ​បាល​​​ធ្វើ​សង្គ្រាម​​​ជាមួយ​​ថៃ​នោះ​​ទេ​។ លោក​​​បាន​​ជំរុញ​​ឱ្យ ​លោក​ហ៊ុន សែន ទៅ​អានសេចក្ដីថ្លែងការណ៍​របស់​​ក្រុម​​​ប្រឹក្សា​​ជាតិ​​តស៊ូ​​នៃ​រដ្ឋាភិ​បាល​​កម្ពុជា​​ឯក​រាជ្យ​​២៣​​តុលា កាល​ពីមុ​ន​ផ្ទុះ​​សង្គ្រាម​​លើក​ទី​១។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះថ្ងៃ​ទី​២៤ ខែ​មិថុនា ​​ឆ្នាំ​​២០២៥ ​​គឺមុ​ន​​១ខែ​​ដែល​ថៃ​​​បើ​ក​​ការ​​​ឈ្លាន​ពាន​​កម្ពុជា​ក្រុម​​​ប្រឹក្សា​​ជាតិ​​​តស៊ូ ​បាន​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​​ពីដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម ​ខណៈ​ដែល​មាន​ការប្រើ​វោហាសាស្ត្រ​ផ្លោង​ដាក់​គ្នា​ ​រវាងលោក​ហ៊ុន សែន​​ និង​មេ​ដឹកនាំថៃ​។

​ក្រុម​នេះ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​គួរ​​តែឆា​ប់​​ប្តឹ​ង​​ថៃ​ទៅ​​តុលាការ​​អន្តរ​ជាតិ​​ឱ្យ​​បាន​​ឆាប់​​បំផុត ​លើ​​ករណី​​ប្រាសាទ​​តាមាន់​​ធំ ប្រាសាទ​​តាមាន់​​តូច ប្រា​សាទ​​តាក្របី​​ និង​​តំប​ន់​​មុំ​៣ ដើម្បី​​បញ្ចប់​​ក្តី​សង្ឃឹម​​របស់​​កង​ទ័ព​​ថៃ ​​​ដែល​​ព្យាយាម​​គំរាម​​កំហែង​ដោយ​កម្លាំង​យោធា ​​ក្នុង​គោល​ដៅ​ទប់​ស្កាត់កម្ពុជា​មិន​ឱ្យ​យក​​បញ្ហា​ព្រំដែន​​ប្តឹងទៅ​តុលាការ​​អន្តរជាតិ។

ចំណុចមួយទៀត ​ក្រុម​ប្រឹក្សាជាតិតស៊ូ សូម​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ​​គួរ​​​តែ​ស្នើ​ដល់​​ប្រធាន​អាស៊ាន ​និង​​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស ​ឱ្យ​ចូល​​រួម​ផ្សះ​ផ្សា​​ដោះ​​ស្រាយ​​ជម្លោះ​​កម្ពុជា​​ថៃ​​លើ​​បញ្ហា​​ដែល​​​នៅ​​សេស​សល់​​​​​ពី​បណ្តឹង ​ដែល​​ប្តឹង​​ទៅ​​តុលាការ​​អន្តរ​​ជាតិ ​ដូច​​​ជា បញ្ហា​​ប្រឈម​​ដោយ​​កង​ទ័ព​ និង​​ករណី​​ទាហាន​​​ថៃ​ឈ្លាន​​ពាន​​ចូល​​​សម្លាប់​​​កង​ទ័ព​ខ្មែរ​​​លើ​​ទឹកដីខ្មែរ​ជាដើម។

ឈរ​លើ​​ស្មារតី​នេះ ​ភាគី​ថៃ​​មិ​ន​​អាច​​ប្រកែក​បាន​ទេ ​ពីព្រោះ​​ប្រទេស​កម្ពុជា ​និង​​ប្រទេស​ថៃ គឺ​​​ជា​សមា​ជិក​​អាស៊ាន​​ដូច​គ្នា​ និង​​ជា​ហ​ត្ថ​លេខី​នៃកិ​ច្ច​​ព្រ​ម​ព្រៀង​​​ទីក្រុង​​ប៉ារីស​។

លោក គឹម សុខ ​បញ្ជាក់​​ថា បើរដ្ឋាភិបាលលោក​ហ៊ុន ម៉ាណែត​ មាន​អ្នកចេះដឹងនិងគិតយល់ ហើយ​ធ្វើ​តាម​គំនិត​យោបល់​​របស់​​ក្រុម​​លោក​ នោះ​ប្រទេស​កម្ពុជា គ្មាន​សង្គ្រាម​ជាមួយ​ថៃ​ឡើយ​។

លោក​បញ្ជាក់ថា៖ «គឺ​បុគ្គល​ ហ៊ុន សែន ខ្លួន​ឯង​ហ្នឹង ដែល​ល្មោភ​សង្គ្រាម ហើយ​ក៏​ចង់​លេង​ល្បែង​សង្គ្រាម​ ជា​ឈ្នាន់​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដើម្បី​រក្សា​អំណាច​គ្រួសារ​ហ៊ុន​ ដ៏​អសមត្ថ​ភាព​ក៏​ស្រាប់​តែ​ចុង​ក្រោយ​មក​ប្រើ​វិធី​ទុច្ច​រិត ចោទ​យើង​ខ្ញុំ​ទៅ​វិញ»

ជាមួយគ្នានេះ​ លោក ​មួង ណារ៉េត អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម ​បាន​​ចាត់​​ទុក​​ការ​ថ្លែង​​របស់​​លោក​ហ៊ុន សែន ​ដែល​​​ថា ក្រុម​ប្រឆាំង​​ជំរុញ​​ឱ្យ​​រដ្ឋាភិ​បាល​​​ធ្វើ​​សង្គ្រាម​​ ថា​ជាកា​រមួ​ល​​បង្កាច់​​​ខុស​ពីកា​រ​ពិត ខណៈ​​ដែល​​ខ្មែរ​​​នៅ​​ក្រៅ​​ប្រទេស​​ក៏​​ដឹង​​ច្បាស់​ដែរ​​ថា ​ក​ង​ទ័ព​​កម្ពុជា​​ជួរ​​មុខ​ក្រី​ក្រ​ ​​គ្មាន​​សព្វា​វុធ​ទំនើប គ្មាន​​សម្ភារ​ប្រើ​ប្រាស់ ​និង​អាហារ​ហូប​ចុក​​​គ្រប់​​​គ្រាន់ ​ដើម្បី​​​ធ្វើ​​សង្គ្រាម​​ឈ្នះ​ថៃ​នោះ​​ទេ​។

លោកថា៖ «ឥឡូវចោទ​ក្រុម​រដ្ឋាភិបាល​ក្រៅ​ប្រទេស ​ក្រុ​ម​​ខ្មែរ​​ក្រៅ​​ប្រទេស​ ​ដែល​​​ថា​បបួល​​រដ្ឋាភិ​បាល​​ឱ្យ​​ឈ្លោះ​​​ជាមួយ​ថៃ​​​ធ្វើ​​សង្គ្រាម​​ដណ្តើម​​ដី​មក​​វិញ។ នេះគឺ​​​ជាកា​រ​​មួល​​បង្កាច់​​ប្រវត្តិ​សាស្ត្រ​​មួយ​ដ៏​​គ្រោះ​ថ្នាក់​​បំផុត​​ ហើយ​ខ្ញុំ​​​ជា​សាក្សីរ​ស់​ ​​ខ្ញុំ​​មិន​​ដែល​​ឮ​ក្រុម​​ប្រឆាំង​នៅក្រៅ​​​ប្រទេស​នេះ​ម្តង​ណា​​បបួល​​ឱ្យ​ ​លោក​​ហ៊ុន សែន ​ធ្វើ​​សង្គ្រាម​​ជាមួយ​ថៃ​ទេ អត់​សោះ។ ខ្ញុំ​ធ្លាប់​តែ​ឮ​ថា ឈប់​​​ធ្វើ​​សង្គ្រាម​​មិន​​អាច​​ឈ្នះ​​​ថៃ​​ទេ ​បើ​ទ័ព​យើង​អ៊ីចឹង​​ទៅ​​ឈ្នះ​​អី​ យើង​បែកបាក់គ្នា​ ​អត់​ផ្សះ​ផ្សាជាតិ​ ងើបមួយ​វាយ​មួយ​គ្នា​ឯងខ្លាំងតែខ្មែរ​គ្នា​ឯង​ចឹង ​យើងមាន​កម្លាំង​ឯណា​​ទប់​គេ​ ទ័ព​យើង​រក​តែទឹកផឹកមិន​បាន​កាំភ្លើង​​​​បាញ់​​បីគ្រាប់​ផ្ទុះ​​១អី អត់​ស្បែកជើង អត់អាវក្រោះ​អត់អី​យើង​ទៅ​វ៉ៃគេមិន​ឈ្នះទេយើង​គ្មាន​​F-16 យើង​ទៅ​អួត​ថា​មាន​​សំណាញ់​​មេឃ ក៏មិន​ដឹងមាន​សំណាញ់​មេឃ​នៅ​​​​ឯណា»។

លោក ​ណារ៉េត បញ្ជាក់​ទៀត​ថា ក្រុម​ប្រឆាំង​បាន​ជំរុញ​ហើយ​ជំរុញទៀត​​ ឱ្យរដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ដាក់​​ពាក្យ​ប្តឹង​ថៃ​​ទៅ​​តុលាការ​​អន្តរ​​ជាតិ ​​​និង​​ស្នើ​​​ឱ្យកោះ​​​ប្រជុំ​​សហ​ប្រធាន​​កិច្ច​​ព្រ​ម​​ព្រៀង​​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស​ ​​ដើម្បី​​​​ឱ្យ​​ជួយ​​អន្តរា​​គមន៍​​បញ្ឈប់​​សង្គ្រាម​​ថៃ​​ឈ្លាន​​ពាន​​កម្ពុជា​។ ប៉ុន្តែ​​​​នៅ​​ពេ​ល​​នេះ ​លោក​​ហ៊ុន សែន​​បែ​រ​ជា​ចេញ​មក​​ក្រឡៃ​ថា ក្រុម​​ប្រឆាំង​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​សង្គ្រាម​ទៅ​វិញ។

លោក ​អ៊ុំ សំអាន ​​និង​លោក ​ម៉ែន ណាត ​យល់​ស្របគ្នា​ថា ការទាម​ទារ​ទឹក​ដី​កម្ពុជាពីថៃមក​វិញ ​​គឺ​មិនមែនធ្វើ​សង្គ្រាម ​និង​ក៏មិន​មែន​​ការ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​ ដែល​ជាភាគី​ចោរ​នោះដែរ​ ពីព្រោះ​​សារជាតិ​របស់​ចោរ​ មិន​​​ដែល​ប្រគល់​របស់​ទ្រព្យ​ដែល​ខ្លួន​ប្លន់​បាន ​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​​ដោយ​ស្រួលៗឡើយ​។ ដូច្នេះជម្រើស​ក្នុង​ការ​​ទាម​​ទារ​​ទឹក​ដី​​​ពី​ថៃម​ក​​វិញ ​គឺ​​ត្រូវ​​ប្តឹង​ថៃ​ទៅ​​​កាន់​​តុលា​កា​រ​​យុត្តិ​ធម៌​អន្តរ​ជាតិ​ ICJ ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស​ និង​​​តុលា​ការ​​​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ​ ICC ជា​ដើម។

ស្រប​ពេល​​ជាមួយ​គ្នា​នេះ ​ក៏ត្រូវពង្រឹង​វិស័យ​ការពារ​ជាតិ​ឱ្យ​​ខ្លាំង ​និ​ង​​ត្រូវ​​ដាក់​​កម្លាំង​​​ឱ្យច្រើ​ន​​ដើម្បី​​ទប់​​ស្កាត់​​នៅ​លើ​​ដី​ជាក់​​ស្តែង​ ​កុំ​​​​ឱ្យ​​ថៃ​​រុល​​ចូល​​វាទ​​យក​​ដី​ខ្មែរ​​តាម​​អំពើ​​ចិត្ត​​ថែម​ទៀត និង​​ក៏​ត្រូវ​​ប្រើ​នយោបា​យ​ការទូ​ត​​ឱ្យ​​បាន​ក្តៅ​​គគុក​ខ្លាំង​ក្លា​ ដើម្បី​ទាម​ទារ​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពីទឹកដីកម្ពុជា​ផងដែរ​។

បន្ថែមពីនេះ​ រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​ងាក​មក​ផ្លូវ​ប្រជា​ធិប​តេយ្យ​​វិញ ​​​ដោះ​លែង​​អ្នក​​ទោស​​នយោ​បាយ ​និង​​​សកម្ម​​ជន​​សង្គម​​ទាំង​​អស់ ​និង​បើក​​​ឱ្យ​មាន​​ការ​​បោះ​​ឆ្នោត​​ដោយ​សេរី​ ត្រឹម​​ត្រូវ ​​និង​​យុត្តិ​ធម៌​ ដែល​​ការ​ធ្វើ​ដូច្នេះ​​មិន​​​​ត្រឹម​​​​​តែ​​ធ្វើ​​​ឱ្យ​ខ្មែរ​​មា​ន​​ឯកភាព​​ជាតិ ​ធ្វើ​​​ឱ្យ​​ខ្មែរ​​ខ្លាំង​ប៉ុណ្ណោះ​​ទេ ​​វា​ក៏ធ្វើ​​​ឱ្យ​កម្ពុជា​​ទទួល​​បាន​ការ​គាំទ្រ​​​ពី​បណ្តា​ប្រទេស​​​លោក​​សេរី ​​​ដើម្បី​​អាច​​ជួយ​​ជំរុញ​​ឱ្យ​​កម្ពុជា​​មាន​ការ​​រីក​ចម្រើន​ឆាប់​រហ័ស​​​និង​មាន​កេរ្តិ៍​ឈ្មោះ​​ល្អ​លើ​​ឆាក​អន្តរ​ជាតិ​ឡើ​ង​វិញ​​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ