ស្ថាន​ទូត​ឥណ្ឌា​រំឭក​ពលរដ្ឋ​ឱ្យប្រ​យ័ត្ន​នូវ​ល្បិច​ការ​ងារ​បោក​​ប្រាស់​​នៅ​​កម្ពុជា

ជា​ថ្មី​ម្ដង​ទៀត ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​​ពលរដ្ឋ​ខ្លួន​បង្កើ​ន​ការ​ប្រុង​​ប្រយ័ត្ន​​ខ្ពស់​ចំពោះ​ឱកាស​ការ​ងារ​ក្លែង​ក្លាយ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ការ​ប្រើ​ប្រាស់​ល្បិច​លួង​​លោម​​ផ្ដល់​​​ប្រាក់​ចំណូល​ខ្ពស់។ នេះ​បើ​តាម​សេចក្តី​ណែនាំ​ក្រើន​រម្លឹក​របស់​ស្ថាន​ទូត​ឥណ្ឌា ចេញ​ផ្សាយ​លើ​ទំ​ព័រ​ហ្វេ​ស​ប៊ុក​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៦។

សេច​ក្តី​ក្រើន​រម្លឹក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​នាក់ បាន​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ក្រុម​ជួញ​ដូរ​​មនុស្ស ដោយ​​សារ​​តែ​ការ​ចាញ់​បោក​ការ​សន្យា​ក្លែង​ក្លាយ​អំពី​ឱកាស​ការ​ងារ។ បើ​តាម​ស្ថាន​ទូត ជន​​ជាតិ​ឥណ្ឌា​ទាំង​នោះ ត្រូវ​បាន​បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ការ​បោក​ប្រាស់​ហិរញ្ញ​វត្ថុ​តាម​អ៊ីនធឺ​ណិត និង​សកម្ម​ភា​ព​​​ខុស​​ច្បាប់​ផ្សេង​ទៀត។

លិខិត​ដដែល​ បាន​ណែនាំ​ដល់​ពល​រដ្ឋ​ឥណ្ឌា ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា គឺ​ត្រូវ​​ឆ្លង​​កាត់​​​ភ្នាក់​ងារ​ស្រប​ច្បាប់ មាន​អាជ្ញា​ប័ណ្ណ​ផ្លូវ​ការ​ត្រឹម​ត្រូវ និង​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ប្រវត្តិ​រូប​ ក៏​ដូច​ជា​ព័ត៌​មាន​ផ្ទៃ​ក្នុង​របស់​អ្នក​ផ្តល់​ការ​ងារ (និយោ​ជក) នៅ​កម្ពុជា​ឱ្យបាន​ហ្មត់​ចត់ មុន​ពេល​ស​ម្រេច​​ចិត្ត​ផ្ដល់​ឯកសារ ​ឬ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។

បន្ថែមលើនេះ ស្ថានទូតបានសង្កត់ធ្ងន់ទៅលើការ​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រាស់​ទិដ្ឋា​ការ​ទេស​ចរណ៍​​​ ដើម្បី​មក​ស្វែង​រក ឬ​បំពេញ​ការ​ងារ​ ដែល​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​អន្តោ​ប្រវេសន៍​នៃ​ប្រទេស​ម្ចាស់​ផ្ទះ។

ទន្ទឹមគ្នានេះ ស្ថានទូត​ឥណ្ឌា បាន​ជំរុ​ញ​ឱ្យ​ពលរដ្ឋ​ឥណ្ឌា​ទាំង​អស់ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​​កម្ពុជា​ ដោ​យ​គ្មាន​ទិដ្ឋា​ការ​ត្រឹម​ត្រូវ ឬ​ខុស​ច្បាប់ ត្រូវ​ចាក​ចេញ​ពី​កម្ពុជា​ជា​បន្ទាន់។

ជុំវិញរឿងនេះ វីអូឌី​ មិនអាចស្វែងរកការឆ្លើយតបពីអ្នក​នាំពាក្យរដ្ឋា​ភិបា​ល​កម្ពុជា លោក ប៉ែន បូណា បា​ន​ទេ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា។

កន្លង​មក ស្ថានទូតឥណ្ឌា ធ្លាប់​ចេញ​សេចក្ដី​ណែនាំ​ដ​ល់​ពលរដ្ឋ​ខ្លួន​ជា​​ច្រើ​ន​​ដង​រួច​មក​ហើយ​ ពី​ឱកាស​ការ​ងារ​ក្លែង​ក្លាយ​នៅ​កម្ពុជា ដោយ​មាន​ទាំង​ការ​​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​​សង្គម​ និង​ការ​ដាក់​ផ្ទាំង​បដា​ផ្សព្វ​ផ្សាយ​នៅ​ព្រលាន​យន្ត​ហោះ​តែ​ម្ដង។

ទាក់ទិនរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើល លោក ម៉ែន​ ណាត ថ្លែងថា ការ​បារម្ភ​របស់​ស្ថា​ន​ទូត​​បរទេ​ស​ឆ្លុះ​​បញ្ចាំង​​ឱ្យ​ឃើញ​ថា កម្ពុជា​នៅ​តែ​មាន​ហានិ​ភ័យ​សម្រាប់​ជន​បរទេស ដោយ​សារ​រដ្ឋាភិ​បាល​​បង្ក្រា​ប​ឧ​ក្រិដ្ឋ​​កម្ម​អន​ឡាញ​​បាន​តែ​ក្រុម​តូច​តាច ខណៈ​មេ​ខ្លោង​ធំៗ​បន្ត​មាន​សេរី​ភាព។ លោក​បន្ត​ថា ករណី​​នេះ រដ្ឋាភិ​បាល​កម្ពុជា ត្រូវ​បង្ហាញ​​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បោស​សម្អាត ដោយ​ចាប់​ផ្ដើម​​ចេញ​​​ពី​បុគ្គល​​​មាន​អំណាច និង​អ្នក​ជំនួញ​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេ​រិក។

លោក ម៉ែន ណាត ថ្លែង​ថា៖ «ពេល​ដែល​បោស​សម្អាត​បាន​ជា​ស្ថាពរ​ហើយ ខ្ញុំ​ជឿ​ថា រឿង​រ៉ាវ​អស់​ហ្នឹង​ ពួក​ស្ថា​ន​ទូត​អស់​ហ្នឹង ពួក​មន្ត្រី​បេសក​កម្ម ឬ​ក៏កុ​ង​ស៊ុល​អស់​ហ្នឹង គេ​នឹង​ប្រាប់​ប្រជា​ពលរដ្ឋ​គេ​ថា​ អាច​មក​លេង​​​កម្ពុជា ជា​លក្ខណៈ​​ទេស​ចរណ៍ ឬ​ក៏​អាច​មក​រក​ការ​ងារ​ធ្វើ​នៅ​កម្ពុជា​ថ្ងៃ​ក្រោយ​បាន​ ដោយ​គ្មាន​សេច​ក្តី​បារម្ភ ពី​​ព្រោះ​កម្ពុជា​គឺ​បាន​សម្អាត​អីចឹង​ជា​ដើម»។

ការចេញសេចក្ដីប្រកាសថ្មីបន្ថែមទៀតរបស់ស្ថានទូត​ឥណ្ឌា​នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​អង្គ​ការ​​លើក​​លែង​ទោស​អន្តរ​​ជាតិ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ​បា​ន​ចេញ​របាយ​​ការណ៍​​បង្ហាញ​ពី​កំ​ណើន​ទីតាំង​​អន​​​ឡាញ​​ពី​ចំនួន​តែ ៥៣​ទីតាំង ឡើង​ដល់ ៨៦​ទីតាំង គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦។

លើស​ពី​នេះ របាយ​​ការណ៍​ ​​ក៏​បាន​លើក​ឡើង​ពី​ចន្លោះ​ប្រហោង​នីតិ​វិធី ការ​បង្ក្រាប​បទ​ល្មើ​ស​គ្មាន​​តម្លា​ភាព ការ​បិទ​​បាំង​របាយ​ការណ៍ បរា​ជ័យ​នៃ​ជា​ប្រព័ន្ធ​នៃ​ការ​បង្ក្រាប ការ​រំលោភ​​សិទ្ធិ​​មនុស្ស​​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ ដោយ​​ជន​រង​គ្រោះ​ពី​​ការ​ជួញ​ដូរ​មនុស្ស​មិន​​ត្រូវ​បាន​ជួយ​​សង្គ្រោះ​​តាម​លក្ខ​ខណ្ឌ​ច្បាប់។

ក្នុងថ្ងៃតែមួយជាមួយការចេញសេចក្ដីប្រកាស​របស់​ស្ថាន​ទូត​ឥណ្ឌា សារព័ត៌​មាន ដឹ ឥណ្ឌាន អេច​ប្រេស (The Indian Express) បាន​ចេញ​ផ្សាយ​អត្ថ​បទ​មួយ ដោយ​រំលេច​ថា​ប្រទេស​កម្ពុជា រួម​ជា​មួយ​​​ប្រ​ទេស​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ជា​គោល​ដៅ​ចុង​ក្រោយ និង​ជា​មជ្ឈ​​មណ្ឌល​អន្តរ​​ជាតិ​​​សម្រាប់​បង្ហូរ​លុយ​ដែល​បោក​ប្រាស់​បាន​ចេញ​ពី​ប្រទេស​ឥណ្ឌា តាម​រូបិយ​បណ្ណ​ឌីជី​ថល​គ្រីប​តូ ក្រោ​យ​ប៉ូ​លីស​ឥណ្ឌា​បាន​ចាប់​ខ្លួន​មនុស្ស​គន្លឹះ​ម្នាក់​ក្នុង​ករណី​ឆបោក​លុយ​ចំនួន ៥៨.៥​​​លាន​​រូពី ឬ​ស្មើ​ជាង ​​៦១​ម៉ឺន​ដុល្លារ​អាមេ​រិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ