អ្នក​​ឃ្លាំ​មើល​​ជឿ​ថា កម្ពុជា​​នឹង​​បាត់​​បង់​​​​ដី​បន្ថែម​​ទៀត​​ទៅ​វៀត​ណាម​តាម​​រយៈ​​ការ​ដោះ​ដូរ​​ដី​

មន្ត្រី​បក្ស​​ប្រឆាំង​ និង​​អ្នក​​ឃ្លាំ​មើល ​ជឿ​ថា កម្ពុជា​​និង​បាត់​​បង់​ដី​នៅ​​តាម​​តំបន់​​ព្រំដែន​​បន្ថែម​ទៀត​​ទៅ​​វៀត​ណាម​ តាម​​រយៈ​កិច្ច​​ព្រម​ព្រៀង​​​របស់​​មេដឹក​នាំ​​ប្រទេស​​ទាំង​ពីរ​ ក្នុង​​ការ​​ពន្លឿន​​ការ​​​បោះ​​បង្គោល​​ព្រំ​ដែន​​ដែល​​នៅ​​សល់​ ​១៦​ភាគ​​រ​យ​​ទៀត​​ឱ្យ​បាន​​ឆាប់​​ ក្នុង​​នោះក៏​មាន​​ការ​​​ដោះ​​ដូរ​ដី​​៦​ភាគ​​​​រយ​ ដូច​ករណី​​យក​​ភូមិ​​ លោក​ហេង សំរិន ​អតីត​ប្រធាន​​​រដ្ឋ​​សភា នៅ​​ក្នុង​​ស្រុក​ពញា​ក្រែក​​ខេត្ត​​ត្បូង​ឃ្មុំ ​ដូរ​​ជាមួយ​​ដី​ខ្មែរ​​ដើម្បី​​កាត់​​ទៅ​​ឱ្យ​​វៀត​ណាម​​យ៉ាង​ដូច្នោះ​​ដែរ​។

ប្រតិកម្ម​​នេះ បាន​​កើត​មាន​​ឡើង​​បន្ទាប់​​ពី​មេដឹក​នាំ​ក​ម្ពុជា និង​វៀត​ណាម សង្ឃឹម​​ថា កំណាត់​ខ្សែ​​ព្រំដែនដែល​នៅ​សេស​សល់​​ ១៦% ​នឹង​ត្រូវ​បាន​​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់ ដោយ​តួលេខ​នេះ​​នឹង​​ថយ​ចុះ​​ក្នុង​ឆ្នាំ​ខាង​មុខ​​​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​​១០ខែ​មិថុនា ស្តី​ពី​​លទ្ធ​ផល​​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​​នៅ​ប្រទេស​វៀត​ណាម​។

គួរ​រំឭក​​ថា​ កម្ពុជា និង​វៀត​ណាម​មាន​ព្រំដែន​គោក​ប្រវែង​ជាង ១,២៧០​គីឡូ​ម៉ែត្រ ក្នុង​នោះ ការ​បោះ​បង្គោល​ព្រំដែន​​រួច​រាល់​សម្រេច​បាន ៨៤%។ ចំណែក​នៅ​សេស​សល់ ១៦% ទៀត មាន ៦% ត្រូវ​បាន​មេដឹក​នាំ​​ប្រទេស​​ទាំ​ង២​ ព្រម​ព្រៀង​​គ្នា​​​ផ្ត​ល់​អាទិភាព​លើ​ដំណោះ​ស្រាយ​ដោយ​ការ​ដោះ​ដូរ​ដី ស្រប​តាម​សន្ធិ​សញ្ញាព្រំ​ដែ​ន​ទាំង​អស់ ដែល​ប្រទេស​ទាំង​ពីរ​​បាន​ចុះ​ហត្ថលេ​ខាកន្លង​មក។ ការ​​​បោះ​បង្គោល​ព្រំដែន​​របស់​រដ្ឋាភិ​បាល​​ លោក​​ហ៊ុន សែន​ ជាមួយ​វៀត​ណាម​កន្លង​មក សម្រេច​​បាន ៨៤% គឺ​ធ្វើ​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​យក​តាម​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ សម័យ​វៀត​ណាម​ត្រួត​ត្រា​កម្ពុជា​។

ក្នុង​សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង​​ស​ន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ មាន​ប្រើផែ​ន​ទី UTM ខ្នាត ១/៥០ ០០០ របស់​ទាហាន​អាមេរិ​កាំង​ចំនួន ៤០​ផ្ទាំង ដែល​ផ្ទុយ​នឹង​មាត្រា២ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ដែល​តម្រូវ​ឱ្យ​ប្រើ​ផែន​ទី​ខ្នាត ១/១០០ ០០០ ជាមួយ​វៀត​ណាម។ នេះ​​​បើ​តាម​​លោក​​អ៊ុំ សំអាន។

យោង​តាម​​មាត្រា​៥៥ នៃ​រដ្ឋ​ធម្ម​នុញ្ញ និង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ តម្រូវ​ឱ្យ​លុប​ចោល​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៨៥ សម័យ​វៀត​ណាម​ត្រួត​​​ត្រា​កម្ពុជា។ ប៉ុន្តែ​​លោក​​ហ៊ុន សែន ​បា​ន​​ប្រើ​​អំណាច​​​​ធ្វើ​​​ឱ្យ​​សន្ធិ​សញ្ញា​​ខុស​ច្បាប់​​ទាំ​ង​​នោះ ​​​​ទៅ​​​ជា​​ស្រប​ច្បាប់​​តា​ម​​រយៈ​​សន្ធិ​សញ្ញា​បំពេញ​​បន្ថែម​​​ឆ្នាំ​​២០០៥ ដោយ​​គំរាម​​រំលាយ​​របប​​រាជា​និយម​ ​ប្រសិ​ន​​បើ​​​​​​ព្រះ​​មហា​ក្សត្រ​​មិន​ឡាយ​​ព្រះ​ហស្ថ​លេខា​លើ​​សន្ធិ​សញ្ញា​នេះ។

ទាក់​ទង​ទៅ​នឹងការ​ព្រមព្រៀងគ្នា​ដោះ​ដូរដី ​៦ភាគ​រយ ​លោក​​អ៊ុំ សំអាន អតីត​​តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​​ប្រាប់​​វីអូ​ឌី​នៅ​ថ្ងៃ​​ទី​​១១ខែ​មិថុនា​​​នេះ​​​ថា អាច​​នឹង​ធ្វើ​​​ឱ្យ​​កម្ពុជា​​បាត់​​បង់​ទឹក​ដី​​បន្ថែម​​ទៀត​​​ទៅ​​វៀត​ណាម​។

លោក​ថា៖ «អាហ្នឹង​​ដូច​​ភូមិ​​លោក​​ហេង សំរិន ​អ៊ីចឹង គេ​ថា​ចូល​ដី​វៀត​ណាម​ ដូច្នេះ​​ដើម្បី​បាន​​ភូមិ​​លោក​​ហេង​ សំរិន ​មក​​វិញ ​ត្រូវ​​យក​​ដី​ខ្មែរ​​យើង​​នៅ​​តំបន់​​ផ្សេង​​ទៅ​​ឱ្យ​​វៀត​ណា​ម​​វិញ​ ដល់​​ចឹង​ការ​​ដោះ​ដូរ​ដី​ខ្មែរ​​និង​​ដី​ខ្មែរ​​មិន​​បាត់​​​ដី​ខ្មែរ​? ហើយ​ដូច​​នៅ​​បង្គោល​​២០៣​អ៊ីចឹង ​វៀត​ណាម​​ចូល​​​ដី​ខ្មែរ​​យើង​​​១គីឡូម៉ែត្រ​​ជាង ដើម្បី​​បាន​​អា​ដី​​ខ្មែរ​​ហ្នឹង​មក​​វិញ ​ត្រូវ​​យក​​​ដី​​តំបន់​​ផ្សេង​​ទៅ​​ឱ្យ​​​វៀត​ណា​ម​​វិញ។​ ដល់​​អ៊ីចឹង​​អាវៀត​ណាម​​ចូល​​មក​ដី​យើង​​១គីឡូ​ជាង​​មិ​ន​​ដី​យើង ហើយ​អា​ឱ្យ​​វៀត​ណាម​​១​គី​ឡូ​ជាង​​នៅ​តំបន់​​ផ្សេង​​​មិន​​ដី​យើង​? អ៊ី​ចឹង​ការ​ដោះ​ដូរ​ដី​ខ្មែរ​​និង​ដី​ខ្មែរ​​មិន​​បាត់​​​ដី​ខ្មែរ​​ឃើញ​ទេ? ដូច្នេះ​ការ​ដោះ​ដូរ​ដី​ខ្មែរ​​និង​​ដី​ខ្មែរ​​ប្រាកដ​ជា​បាត់​បង់​ដី​ខ្មែរ​ហើយ​»។

​​លោក ​ម៉ែន ណាត ​ប្រធាន​ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា ​យល់​​ស្រប​ទៅនឹ​ង​ការ​លើក​ឡើង​​របស់ ​លោក ​អ៊ុំ សំអាន​ ដោយ​​ថ្លែង​​បន្ថែម​ថា ករណី​ព្រំដែន​​ជាមួយ​​វៀ​តណា​ម​​មិន​​មាន​​ការ​​លំបា​ក​​ក្នុង​​ការ​ដោះ​​ស្រាយ​​ទៀត​នោះ​​ទេ​ ពី​ព្រោះ​​វៀត​ណាម​​​បាន​​​ចង​កម្ពុជា​​រួច​​ជា​ស្រេច​​ទៅ​ហើយ ​តាម​​រយៈ​​សន្ធិ​​សញ្ញា​បំពេញ​​បន្ថែម​​ខុស​​ច្បាប់​​​​ឆ្នាំ​​២០០៥ រួម​ទាំង​លោក​​ហ៊ុន សែន ​​ប្រើ​ផែនទី​ផ្តេ​ស​ផ្តាស​​យ​ក​​​​​ទៅ​​បោះ​​បង្គោល​​ព្រំដែន​​ជា​មួយ​​វៀត​ណាម​​ព្រម​​ទាំ​ង​​ធ្វើ​​ផែ​នទី​ថ្មី​។

លោកថា៖ «អ៊ីចឹង​មើល​ទៅ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ នឹង​បន្ត​យន្ត​ការ​ឪពុក​​របស់​គាត់​​អនុ​វត្ត​​កិច្ច​ព្រម​​ព្រៀង​សន្ធិ​សញ្ញា ដែល​​មាន​​ស្រាប់​​ទាំង​​ខុស​ច្បាប់ នឹង​យក​ទៅ​បោះ​បង្គោល​​ព្រំ​ដែន​​បង្ហើ​យ​​ជា​​មួយ​​​វៀត​ណាម ​មិន​​មាន​ការ​​រាំង​ស្ទះ​យូរ​អង្វែង​ទេ។ រឿង​ហ្នឹង​​​​​វា​បញ្ចប់ភ្លេចៗត្រ​ចៀក​ខ្មែរ​​យើង​​រវល់​​គិត​រឿង​ថៃ​ឈ្លាន​ពាន ​វៀត​ណាម ​និង​កម្ពុជា បោះ​​បង្គោល​​ព្រំដែន​​បាត់​។ អាហ្នឹង​​ល្បិច​លក់​​ទឹក​ដី​ជា​តិ​​របស់​ក្រុម​គ្រួសារ​ហ៊ុន​ គឺ​​គេ​ធ្វើ​​​អ៊ីចឹង។ អ៊ីចឹង​ហើយ​បាន​ថា វា​ជា​​អកុសល​ណាស់​​សម្រាប់​​ប្រជា​ពល​រ​ដ្ឋ​ខ្មែរ​ ដែល​មាន​​មេដឹក​នាំ​ឆោត​ល្ងង់​​លោភ​លន់​​​តែអំ​ណាច ហើយ​​អត់​​ខ្វ​ល់​​ខ្វាយ​​ពិត​​ប្រាកដ​ទៅ​លើ​ការ​ការ​ពារ​​បូរ​ណៈ​ភាព​ទឹក​ដី​ គិត​តែ​ពី​ផល​​ប្រយោជន៍​​ផ្ទាល់​​ខ្លួន​​គិត​​​តែ​​​ពីអំ​ណាច»។

អ្នក​ជំនាញ​កិច្ចការព្រំដែន​រូបនេះ ​ប​ន្ត​ថា ដោយ​​សារ​​​តែ​ការ​​ដឹក​នាំ​​មិន​​ផ្អែក​​​ទៅ​​តាម​​ផែន​ទី​ និង​សន្ធិ​សញ្ញា​​បារាំង​​​-សៀម ​ព្រ​ម​ទាំង​​​មិន​​​​ប្រើ​​អ្នក​​​ជំនាញ​​​បច្ចេក​​ទេស​​​ច្បាប់​​​ពិត​​ប្រាកដ​​​​របស់ ​លោក ​​ហ៊ុន សែន ​និង​​​លោក​​ហ៊ុន ម៉ាណែត ​នេះ​​​ហើយ ​​ទើប​​​ប្រទេស​​​ជិត​​ខាង​​​ទាំង​​​វៀត​​ណាម​ ទាំង​​​ថៃ ​រួម​​​ទាំង​​​ឡាវ​​​ផង​ដែរ​ បាន​​ឆ្លៀត​​ច្បាម​​វាទ​​​យក​​ទឹក​​ដី​​កម្ពុជា​ ​​ទៅ​​តាម​​​អ្វី​​ដែល​​ពួ​កគេ​អាច​​ធ្វើ​បាន ដូច​ដែល​​បាន​​កើត​ឡើង​​នា​ពេល​​បច្ចុប្បន្ន​នេះ។

លោកថា៖ «កា​រដឹ​ក​នាំ​​បែប​គ្រួសារ​និយម ​​បែប​ពុក​រលួយ ​​បែប​​គិត​​តែ​ផល​​ប្រយោជន៍​​ផ្ទាល់​​​ខ្លួន ​អ៊ីចឹង​​​យើង​​​មើល​​ទៅ​​វា​​ជា​​ហានិ​ភ័យ​​សម្រាប់​ជាតិ ​ហើយកម្ពុជា​ប្រឈម​នឹងការបាត់បង់​ប្រទេស ​បើយើង​និយាយ​ទៅ​អនាគត​​ទៅ បើមាន​មេដឹកនាំដូចក្រុមគ្រួសារ​ ហ៊ុន សែន ​ដឹកនាំ​សព្វថ្ងៃនឹង​កម្ពុជា​នឹងបាត់​បង់ប្រទេសទៅ​ថ្ងៃ​ក្រោយ ​​និង​បាត់ឈ្មោះ​ពីផែនទីពិភពលោក​។​ យើងមើល​វៀតណាម​​ឈ្លានពាន​ព្រំដែន​​ផង ​​តាម​រយៈ​សន្ធិ​សញ្ញា​ថ្មី​​​ឆ្នាំ​២០០៥ ធ្វើ​ឱ្យបាត់​បង់​រាប់ពាន់គីឡូម៉ែត្រ​​ក្រឡា​​ទៅវៀតណាម​ដីគោក​។ ហើយ​​ព្រំដែន​​ទឹក​ត្រូវ​ប្រគល់​កោះ​ត្រល់​​កោះ​ក្រចក​សេះ និង​​ដែន​​សមុទ្រ​​​មួយ​​​ចំនួន​ឱ្យ​​វៀតណា​ម​​ទៀត គឺ​លោក​ហ៊ុន សែន ​ជា​អ្នក​​ធ្វើ​​តាម​​សន្ធិ​សញ្ញា​ឆ្នាំ​​៨២-៨៣-៨៥​ ​ហើយ​សន្ធិ​​សញ្ញា​២០០៥​ជាមួយ​​វៀត​ណាម»។

វីអូឌី​ មិន​ទាន់​អាច​ទាក់​ទង​លោក​ឡាំ ជា ​​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​រដ្ឋ​លេខា​ធិការ​ដ្ឋាន​​កិច្ច​ការ​ព្រំដែន ​ដើម្បី​​ស្នើ​​សុំ​​ធ្វើ​ការ​​ពន្យល់​​​ពា​ក់​​ព័ន្ធ​​នឹង​​ដំណើរ​​ការ​​បោះ​​បង្គោល​​ព្រំដែន​​កម្ពុជា-​វៀត​ណាម ​ដែល​​នៅ​​សល់ ​១៦​ភាគ​រយ​​ទៀត​ និង​យន្តកា​រ​​​នៃ​​កា​រ​​ដោះ​​ដូរ​​ដី​ ​៦ភាគ​​រយ ​នោះ​​បាន​​​ទេ​​​នៅ​ថ្ងៃ​ទី​១១ខែ​​មិថុនា​នេះ។

បើ​តាម ​លោក​អ៊ុំ សំអាន មូលហេតុដែលថៃឈប់ប្រើផែនទីខ្នាត១លើ២រយពាន់ (១/២០០ ០០០) របស់​បារាំង​ ហើយ​ងាក​​ម​ក​​ប្រើ​ផែន​ទី​១លើ​៥០​ពាន់​ (១/៥០ ០០០) វិញ​ ដោយ​សារ​លោក ហ៊ុន សែន ប្រើ​ផែន​ទី ១/៥០ ០០០ ជាមួយ​វៀត​ណាម​​ដែរ។ ដោយ​សារ​លោក ហ៊ុន សែន ប្រើ​ផែន​ទី UTM ខ្នាត ១/៥០ ០០០ របស់​ទាហាន​អាមេរិ​កាំង ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀត​ណាម ទើប​ធ្វើ​ឱ្យ​ថៃ​ច្រណែន​វៀត​ណាម​ ហើយ​ថៃ​ប្រើ​ផែន​ទី​ខ្នាត ១/៥០ ០០០ ដែល​គូរ​ដោយ​​ឯកតោ​ភាគី​ដែរ ដោយ​មិន​ទទួល​ស្គាល់​ផែន​ទី​ខ្នាត ១/២០០ ០០០ របស់​បារាំង ដូច​វៀត​ណាម និង​លោក​ហ៊ុន សែន ប្រើ​ផែន​ទី​ខ្នាត ១/៥០ ០០០ ដែរ។

មន្ត្រី​បក្ស​​ប្រឆាំង​​រូប​នេះ ​បញ្ជាក់​​ទៀត​ថា លោក ហ៊ុន សែន បាន​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​វៀត​ណាម​ តាម​រយៈ​ការ​បោះ​បង្គោល​​​ព្រំដែន​​បាន ៨៤% ដើម្បី​សង​គុណ​វៀត​ណាម ដែល​បាន​លើក​បន្តុប​ លោក ហ៊ុន សែន ឱ្យ​កាន់​អំណាច​តាំង​ពី​ទសវត្សរ៍​ទី​៨០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ