អ្នក​តាម​ដាន​ថា​ការ​ហូរ​ចូល​ទំនិញ​ថៃ​ស្តែង​ចេញ​ពី​​ការ​​ដឹក​នាំ​​បែប​​បក្ខ​​ពួក​​និង​​ពុក​​រលួយ​

ការ​ដែល​មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចេ​ញ​បញ្ជា​ឱ្យ​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​មន្ត្រី​ពាក់​ព័ន្ធ ជុំវិញ​ការ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការ​ហូរ​ចូល​​ទំនិញ​ថៃចូ​ល​កម្ពុជា​នោះ ក្រុម​អ្នក​តាម​ដាន​ខ្លះ​មិន​មាន​ជំនឿ​ថា នឹង​មាន​ប្រសិទ្ធ​ភាព​យូរ​ទេ បើមិ​ន​បោស​សម្អាត​អំពើ​ពុក​រលួយ​ដែល​កំពុង​ប្រទាក់​ក្រឡា​គ្នា​ ដោយ​បក្ខ​ពួក​និង​គ្រួសារ​និយម​​នោះ។

កាល​ពី​ថ្ងៃ​​​​ទី​០៩ ខែ​មិថុនា​ លោក ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី និង​ជាប្រ​ធាន​គណបក្ស​កាន់​អំណាច ​​​បាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​​​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​​នាំ​ចូ​ល​​ទំនិញ​ហាម​ឃាត់​ខុស​ច្បាប់​មក​ពី​ថៃ ​​ដោយ​តម្រូវ​ឲ្យដ​ក​​​ហូត​ទ្រព្យស​ម្បត្តិ និង​ផ្តន្ទា​ទោស​ឲ្យ​បាន​​ធ្ងន់​​ធ្ងរ។ ​

លោក​ថា៖ «មើល​តាម​ទល់​ដែន​ទាំង​ឡាយ ដាក់​អាពួក​នាំ​ចូល​ទំនិញ​ខុស​ច្បាប់ ត្រូវ​រឹប​អូស​យក​ស្អីៗ​ឲ្យ​អស់ ហើយ​ឲ្យ​ទៅ​រែក​ដី។ ក្រែង​រាល់​ថ្ងៃ​យើង​មាន​ទឹក​សុទ្ធ​របស់​យើង យើង​មាន​មី​របស់​យើង យើង​មាន​ស្អីៗ របស់​យើង​អស់​ហើយ​ហ្ហី?។ ហើយ​ជួន​កាល​នាំ​ចូល​មក​សុទ្ធ​តែ​ជង្គង់​មាន់​ អា​គេ​មិន​ស៊ី​ជង្គង់​មាន់​ហ្នឹង​ផង ឯង​យក​មកឲ្យ​ខ្មែ​រ​ស៊ី។ អញ្ចឹង​ដក​​ហូត​​យក​ទ្រព្យ​សម្បត្តិ វា​ឲ្យ​វា​ទៅ​ជីក​ត្រង់​សេ និង​ធ្វើព​លកម្ម​ឲ្យ​វា​ធ្ងន់​ទៅ​មើល វា​អត់​មិន​បាន​ឬ​ស្អី»។

បន្ថែមលើនេះ ​នៅ​ថ្ងៃទី​១១ ខែមិថុនានេះ នា​ឱកាស​ចុះ​ជួប​ជាមួយ​ មន្ត្រី​ពាក់​ព័ន្ធ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី និង​​ឈ្មួញ ដែល​គប់​គិត​​គ្នា​នាំ​សាច់​បង្កក​ពី​​ប្រ​ទេស​​​ថៃ​​ ចូល​មក​​កម្ពុជា ដោយ​គ្មានកា​រលើ​ក​លែង​នោះ​ទេ។

សម្រាប់ លោក សន ជ័យ នាយក​ប្រតិប​ត្តិ​អង្គ​ការ​សម្ព័ន្ធ​គណនេយ្យ​ភាពស​ង្គម​កម្ពុជា​ មើល​ឃើញ​ថា ករណី​​​​នៅ​​​​​តែ​មាន​ទំនិញ​ថៃ​នាំ​ចូល​មក​កម្ពុជា ដូច​មេដឹក​នាំ​លើក​ឡើង​ គឺ​បង្ហាញ​ពី​ការ​ចាក់​ស្រេះ​នៃ​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​ជំនាញ​និមួយៗ ដែល​រដ្ឋាភិ​បាលត្រូវតែ​​ហ៊ាន​​វះ​​​កាត់​ ទើប​អាច​ទប់​ស្កាត់​បាន ។

លោកថា៖ «គឺ​ជា​ឱកាស​សម្រាប់​ជន​ពុក​រលួយ សម្រាប់​ជន​ដែល​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​អាជ្ញាធរ​រដ្ឋ។ អញ្ចឹង​ករណី​នេះ ខ្ញុំ​យល់​ថា គឺ​ជាចំណុច​ដែល​មិន​អាច​លើក​លែង​បាន​ទេ។ បើ​វិធាន​ការ​របស់​អាជ្ញាធរ​​រដ្ឋ​បាន​ដាក់​ចេញ ហើយ​បើ​មន្ត្រី​ខិល​ខូច​ឬ​បុគ្គល​ខិល​ខូច នៅ​តែ​មាន​ឱកាស​រំលោភ​បំពាន​អំណាច ដើម្បី​នាំ​ចូល​ផលិត​ផល​ទំនិញ​ថៃ​មក​កម្ពុជា វា​ស្មើនឹ​ង​ការ​ប្រមាថ​មើល​ងាយ​ទៅ​លើស្មា​រតី​ជាតិ​និយម​របស់​ពលរដ្ឋ ឬ​ស្មើទៅ​នឹង​ការ​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​ របស់​កម្ពុជា»

ប្រហាក់ប្រហែលគ្នានេះដែរ សម្រាប់ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​ អង្គ​ការ​លីកាដូ លើក​ឡើង​ថា ដើម្បី​ទប់​ស្កាត់​ទំនិញ​ដែល​ជា​ប់​​បំរាម​ពី​ថៃ មិន​ឲ្យ​នាំ​ចូល​មក​កម្ពុជា​ មាន​ប្រសិទ្ធ​ភាព ទាល់​តែ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិ​បាល​​ហ៊ាន​វះ​កាត់ និង​ផ្តន្ទា​ទោស​​មន្ត្រី​ពុក​រលួយ​ ដែល​គប់​គិត​​បើក​​​ដៃ​ឲ្យ​ឈ្មួញ​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ ដើម្បី​ជា​ការ​ព្រមាន ជា​ជាង​​បង្ហើរ​​សារ​​ព្រមាន​ តែ​គ្មាន​វិធាន​​ការ​​ច្បាប់​ជាក់​ស្តែង។​ ​

លោកថា៖ «ដើម្បីទប់ស្កាត់ឈ្មួញដែនាំចូលហ្នឹង យើងត្រូវចាត់វិធានការច្បាប់ជាមួយរឿងមួយហើយ។ ទី២ មន្ត្រីទាំងឡាយ បើ​​សិនជាពាក់ព័ន្ធជាមួយនឹងការនាំចូលក្រុមខ្សែស្រឡាយសាច់ញាតិ​របស់មន្ត្រីទាំងអស់ហ្នឹង ហើយអនុញ្ញាតឲ្យនាំចូល​ទំនិ​ដែ​​ខុសច្បាប់ដែល​ហាមឃាត់ហ្នឹង គឺត្រូវតែចាត់វិធានការទៅលើមន្ត្រីទាំងអស់ហ្នឹងតាមផ្លូវច្បាប់។ហើយបើមានអំពើគប់គិត ឬអំពើពុក​រលួយ អនុញ្ញាតឲ្យនាំទំនិញខុសច្បាប់ខុសបំរាមទំនិញមិនឲ្យនាំចូលហ្នឹង គឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ទើបអាចធ្វើការ​ទប់ស្កាត់​បាន»

​ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការណ៍​សង្គម​​ឯករាជ្យ បាន​ឲ្យ​វីអូឌី​​​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​​​នេះ​ដែរ​ថា ការ​នាំ​ទំនិញ​ឆ្លង​ដែន​ពី​ថៃ​ចូល​​មក​​កម្ពុ​ជា​នេះ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ​​ ហើយ​ការ​ព្រមាន​ចាត់​វិធាន​ការ​ពី​មេដឹក​នាំ​មិន​មែន​ជាលើ​ក​ទី១​ដែរ ដែល​លោក​គិត​ថា ត្រូវ​ទប់​ស្កាត់​ជា​ប្រព័ន្ធ ទើប​មាន​ប្រសិទ្ធ​ភាព​​​។

លោកថា៖ «តាមពិតព្រំដែនយើងហ្នឹង តាំងពីដើមមកដូចកញ្ចែងរហែកគូថអញ្ចឹង វាទៅ​​មក​ៗ​​ហ្នឹង។ យើង​គ្រាន់​តែ​​ឃើញចេញចូលតាមច្រកធំៗ អាហ្នឹងយើងថា ច្រកផ្លូវការ ប៉ុន្តែអា​ច្រក​ឆ្លង​​កាត់​​ព្រំដែន កាត់ព្រៃ កាត់វាលអីហ្នឹង វាកើតមានតាំងពី​ដើមមកម៉្លេះ គឺតាំងពី​សម័យយើងមិន​​ទាន់មា​​នបញ្ហា​​ជាមួយថៃមកម៉្លេះ។ អញ្ចឹងបានន័យថា របងព្រំដែនយើងហ្នឹង វាមិដែលជិតទេ តាំងពីដើមមកនោះ។ អញ្ចឹងរាល់ថ្ងៃយើងឃើញហើយ អារឿងបិទបាំងហាមឃាត់វាមិនអាចមកបាននៅតាមច្រកធំៗទេ ប៉ុន្តែអាច្រក​របៀង អាច្រកក្រៅផ្លូវការគឺវានៅតែដំណើរការធម្មតាហ្នឹង»

ត្រង់ចំណុចនេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិ​ច្ច​ការ​ទូទៅ​អង្គ​ការ​លីកាដូ​ ក៏​បាន​រំលឹក​ដល់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ដែល​នៅ​​​​បន្ត​​​​​ប្រើ​ប្រាស់​ទំនិញ​ថៃ គួរ​ងាក​មក​ពិចារណា​ឡើង​វិញ​ ចំពោះ​​​ទង្វើ​​​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា ដែល​​​​​នាំ​ឲ្យ​​បាត់​បង់​អាយុ​ជីវិត​កង​ទ័ព អាយុ​ជីវិត​ព​លរដ្ឋ ​និង​បំផ្លាញ​​​​ទ្រព្យ​​សម្បត្តិ​​​​​​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​កន្លង​មក​នេះ។ ​

ជាង​នេះទៀត លោក អំ សំអាត ក៏បាន​ស្វាគមន៍​ចំពោះ​​សារ​ព្រមាន​របស់​លោក ហ៊ុន​ សែន ​​ប្រកាស​​​វែក​រក​មុខ​មន្ត្រី​និង​ឈ្មួញ ដែល​​បា​ន​​គប់​គិត​​នាំ​ចូល​​សាច់​បង្កក​​​ពី​​ប្រទេស​​​​ថៃ​ ចូល​មក​កម្ពុជា ដើម្បី​នាំ​ខ្លួន​ទៅ​ផ្តន្ទា​ទោស។

លោកថា៖ «​ដូចខ្ញុំបានលើកឡើងខាងលើថាការចុះពិនិត្យនៅតាមឃ្លាំងហ្នឹង​ វាគឺជាវិធាន​​ការមួយ​​ដែលនៅខាងក្នុង វាយឺតពេលទៅ​ហើយ វានាំចូទំនិញទាំងអស់ហ្នឹងរួចហើយ។ ហើយទំនិញដែបញ្ចេញពីឃ្លាំ​​ចេញទៅលក់នៅតាទីផ្សារវាមិនដឹងថា មានចំនួនប៉ុណ្ណា​ហើយ​​​ទេ?។ ប៉ុន្តែអ្វីដែល​​សំខាន់ ថាតើអ្នណាជាអ្នកអនុញ្ញាតឲ្យទំនិញទាំងហ្នឹងចូលមកកម្ពុជា ករណីនេះ ត្រូវតែមាន​​ការ​រឹបន្តឹង និងត្រូវតែ​​ឆែកឬត្រូដឹងថាសាច់បង្កកហ្នឹងនាំចូលតាមច្រកណា ចូលតាមកន្លែងណា។ ហើយត្រូ​​វអ​​នុវត្តវិធានការច្បាប់ទៅលើមន្ត្រីនៅ​តាមច្រកតាមកន្លែងហ្នឹង ទើបអាចធ្វើកាទប់ស្កាត់ទំនិញនាំចូលខុសច្បាប់ទាំងនោះបាន»

យ៉ាង​ណាក៏ដោយចុះ លោក ហ៊ុន សែន ​បាន​ឲ្យដឹង​ដែរ​​ថា ​ការ​បិទ​ច្រក​ព្រំដែន​របស់​ភាគី​ថៃ គឺ​ កម្ពុជា​​មិន​បាន​ខាត​ប​ង់​​ច្រើន​​​ដូច​​ប្រទេស​ថៃ​​​ទេ ដោយ​​កន្លង​មក ​ទំហំ​ពាណិជ្ជ​កម្ម​ដែល​ថៃ​​នាំ​​ចូល​មក​កម្ពុជា ​មាន​​រហូត​ដល់​ជាង ១០​ពាន់​​​​​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ខណៈ​កម្ពុជា​នាំ​ចូល​​​​​​​ទៅ​ថៃ​វិញ ​មាន​ត្រឹម​តែជា​ង​​មួ​យ​​ពាន់​លាន​ដុល្លារ​ទេ ដូច្នេះ​កម្ពុជា​មិន​​បាន​ខ្វល់​ចំពោះ​​​ការ​បិទ​ច្រក​ព្រំដែន​របស់​ថៃ​នោះ​​ឡើយ​។

យ៉ាងណា ការសិក្សានានា រកឃើញថា ការ​ដឹក​នាំ​បច្ចុប្បន្ន​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាប់​គ្នា​ជិត​១០​ឆ្នាំ ដែល​ប្រទាក់​ក្រឡា​​គ្នា​​ដោយ​គ្រួសារ​និយម។

យោង​តាម​ទិន្នន័​យ​ចុង​ក្រោយ​បង្អស់​នៃ​សន្ទស្សន៍​ការ​យល់​ដឹង​ពី​អំពើ​ពុក​រលួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បង្ហាញ​ថា កម្ពុជា​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន ម៉ាណែត បាន​ធ្លាក់​មក​ដល់​ចំណុច​ទាប​បំផុត​មិន​ធ្លាប់​​​​មាន ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​ ដោយ​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ ២០ លើ ១០០ ប៉ុណ្ណោះ។

តួលេខ​នេះ មិន​មែន​គ្រាន់​តែ​ជាលេ​ខ​សម្រាប់​វាស់​វែង​ប្រព័ន្ធ​នីតិ​រដ្ឋ​ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​អាសន្ន​ដែល​បង្ហាញ​​ថា បញ្ហា​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ លែង​ជា​បញ្ហា​បុគ្គល​ទៀត​ហើយ​ ប៉ុន្តែ​វាបា​ន​ក្លាយ​ជាជំ​ងឺ​ជាប្រ​ព័ន្ធ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ តាម​រយៈ​បណ្តាញ​បក្ខ​ពួក​និយម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ