សាលា​ឧទ្ធរ​ណ៍​​ភ្នំពេញ​​សវនា​កា​រ​ករណី​​​លោក​​ស៊្រុន​ ស្រ៊ន ក្នុង​​​បទ​​ចោទ​ញុះ​ញង់ ​​ថ្មី​មួយ​​ទៀត​​

សាលា​ឧទ្ធរណ៍​ភ្នំពេ​ញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​​បើក​​សវនា​ការ​​សួរ​ដេញ​ដោល​​លើ​​​អង្គ​សេចក្តី​​​​ក្នុង​​​​សំណុំរឿង​​របស់​​​សកម្ម​​ជន​​​ផ្សព្វ​​ផ្សាយ​​​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣តុលា លោក​ ស្រ៊ុន ស្រ៊ន ដែល​​បាន​​​ប្តឹង​​ទាស់​​ទៅនឹ​ង​​សាល​ក្រម​​កំបាំង​​មុខ​​របស់​​​តុលាកា​រ​​ក្រុង​​​ភ្នំពេញ ដែលផ្តន្ទា​ទោស​លោក​​ ពី​បទ ញុះញង់​​ឱ្យ​មានការ​រើស​អើង​ ដែលជា​បទល្មើស​ថ្មី​មួយ​ទៀត ដោយ​មាន​ក្រសួង​យុត្តិ​ធម៌​​​​ជា​​ដើម​​បណ្តឹង។

សកម្មជនផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​ទីក្រុ​ងបារីស​២៣តុលា លោក ស៊្រុន ស៊្រន និង​សហការី​របស់លោកចំនួន​​២រូប​​ទៀត រួមមាន កញ្ញា ភឹង​ សោភា និង​​លោក សាន សិទ្ធ ត្រូវសមត្ថកិច្ច​​ចាប់​​ខ្លួន​កាលពី​​ថ្ងៃ​​​ទី​​២៣ ខែ​កក្កដា ឆ្នាំ​២០២៤។ លោក ស៊្រុន​ ស្រ៊ន ក៏​ត្រូវ​បានសាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​​​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារចំនួន​ ​ ២ឆ្នាំ និង​ពិន័យជា​ប្រាក់ ៤លាន​រៀល ​​ពីបទ ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម កាលពីថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦​។ ការចាប់ខ្លួន និង​ផ្តន្ទាទោសសកម្មជន​២៣តុលា ធ្វើឡើង​បន្ទាប់ពីពួកគេបាននិយាយពី​​គុណ​សម្បត្តិ និង​គុណវិបត្តិនៃការបញ្ចូល​ខេត្តចំនួន៤ របស់កម្ពុជា ​ទៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​​ប្រទេស​វៀត​ណាម​ និង​ឡាវ (CLV)។

តែយ៉ាងណា ស្របពេលដែល​លោក ស៊្រុន ស៊្រន ជាប់ពន្ធនាគារ​បាន​រយៈ​ពេល​​ជិត ២ឆ្នាំមក​ហើយ​នេះ​​ នៅព្រឹក​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​បើក​សវនាការ​លើសំណុំរឿង​ថ្មី​មួយ​ទៀត ដែល​លោក ស៊្រុន​ ស៊្រន​ បាន​ប្តឹង​សារទុក្ខប្រឆាំង​នឹង​សាល​ដី​កា​កំបាំង​មុខ​ របស់​​សាលាដំបូង​រាជធានីភ្នំពេញ ​ដែល​ចោទប្រកាន់​លោក​ពាក់ព័ន្ធ​នឹង​បទ ញុះ​​ញង់​ ​ដែល​មានដើម​បណ្តឹង​ជា​ក្រសួង​យុត្តិធម៌។ នេះ​បើតាម​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក។

លោក យី សុខ​សាន្ត ​មន្ត្រីអង្កេត​​ជាន់ខ្ពស់នៃ​​​សមាគមការ​ពារ​សិទ្ធិ​មនុស្ស​​អាដហុក បានថ្លែង​ឱ្យ​ដឹង​នៅ​មុខ​សាលា​ឧទ្ធរណ៍ភ្នំពេញថា នៅ​ថ្ងៃ​នេះ សាលាឧទ្ធរណ៍ បានបើក​សវនាការ​លើ​សំណុំ​រឿង​ថ្មី​មួយ​ទៀត​របស់​លោក ស៊្រុន ស៊្រន ពាក់​​ព័ន្ធ​​នឹង​បទចោទ ​ញុះញង់ ​ដែល​តុលាការ​​ក្រុង​ភ្នំពេញ បាន​ផ្តន្ទោ​ទោស​លោក ស៊្រុន ស្រ៊ន ដោយកំបាំងមុខ ​​​ឱ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជាប្រាក់ ៤លាន​រៀល កាលពីអំឡុង​ឆ្នាំ​២០២៤។

លោក​បន្តថា កា​រចោទពីបទញុះញង់​ថ្មី​មួយ​ទៀត​នេះ គឺបន្ទាប់​ពីលោក ស៊្រុន​ ស្រ៊ន បាន​បង្ហោះ​សារ​​លើបណ្តាញ​សង្គមកាលពីអំឡុង​ឆ្នាំ​២០២៣ ឱ្យ​​ក្រសួង​យុត្តិធម៌ធ្វើការ​បកស្រាយ​​ ជុំវិញ​ការ​​តែង​តាំង​ប្រធាន​តុលាការ​​​កំពូល ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែលលោក​ស៊្រុន ស្រ៊ន យល់ថា ​កា​រតែងតាំង​​​នេះ ខុស​ពីនីតិវិធី ព្រោះអ្នក​ដែល​មានសិទ្ធិ​​​តែង​​តាំង​​​​ប្រធានតុលាការ ឬចៅក្រម ឬព្រះរាជ​អាជ្ញា គឺ​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅ​ក្រម។

លោកថា៖ «អាចំណុច​ហ្នឹង​ហើយដែលគាត់[លោក ស៊្រុន ស្រ៊ន​]​គ្រាន់​តែ​ឱ្យ​បកស្រាយ​ទេ ប៉ុន្តែ​​ក្រសួង​មិន​បកស្រាយ​ បែរជាប្តឹង​គាត់​ទៅតុលាការ​ដើម្បី​ធ្វើកា​រចោទ​ប្រកាន់​គាត់​ រហូត​មកដល់​ថ្ងៃនេះ ទើប​យើង​ដឹង​ថា នៅពេល​ដែលគាត់​​ជាប់​ឃុំ​រឿង​ CLV បានជិត​២ឆ្នាំ​ហើយ បានលេច​រឿងមួយ​ទៀត ពាក់ព័ន្ធ​ជាមួយ​រឿង ញុះញង់​ ដែរ ពាក់ព័ន្ធ​នឹង​​ក្រសួង​​យុត្តិធម៌ចេញ​សេចក្តី​សម្រេច​ដែល​តែង​តាំង​ប្រធាន​តុលាការ​ស្តីទីនេះ​បាទ»។

មន្ត្រីសិទ្ធិមនុស្ស​រូប​នេះ យល់ថា ការ​បន្ត​ចោទប្រកាន់​ និង​បន្ថែម​បទ​ល្មើសថ្មី​​ ទៅលើ​សកម្ម​ជន​​​២៣​តុលា​រូប​នេះ ​ជាការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​​​​អ្នក​ដែល​ហ៊ាន​បញ្ចេញ​​មតិ​រិះ​គន់​ដើម្បី​ស្ថាប​នា និង​ជាការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​នៅ​កម្ពុជា។

លោក យី សុខសាន្ត ថ្លែងបន្តថា៖ «នេះ​ជា​ហេតុផល​មួយ​ដែល​យើង​មើលទៅឃើញ​​ វា​មិន​ខុស​ពី​អ្នក​នយោបាយ​ទេ ដែល​យើង​មើល​​ឃើញថា​ រឿង​ក្តី​ពេល​ខ្លះ​ នៅពេលដែល​មនុស្ស​ម្នាក់​ជិត​រួច​ខ្លួន​ហើយ វា​មាន​ចេញ​​បទ​ល្មើស​អី​ផ្សេង​ៗ​ទៀត​ យក​មក​​ដាក់​​​ទោស​ទណ្ឌបន្ថែមទៀត ពាក់​ព័ន្ធ​ទៅ​អ្នកដែលមាន​វោហោសព្ទ​ក្នុងកា​របញ្ចេញមតិ។ ហើយ​អ្វី​ដែល​ពួកគាត់​ធ្វើ​នេះ គឺ​ថាគាត់ ជា​ចេតនារបស់គាត់ គឺ​គាត់​ចង់​ផ្សព្វផ្សាយ​​ឱ្យ​ពលរដ្ឋ​​​ដឹង​អំពី​ច្បាប់​នៅ​ប្រទេស​កម្ពុជា ជាពិសេស​​​​រដ្ឋ​ធម្ម​នុញ្ញ ច្បាប់​ជាតិ និង​អន្តរ​ជាតិ ថាតើ​អំណាច​នៅស្រុក​ខ្មែរ​គេ​​បែងចែកជា៣ អំណាច​​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ តុលាការ នៅពេល​ដែល​នីតិ​ប្រតិបត្តិហ្នឹង​​​លោក​តែង​តាំងនីតិ​បញ្ញត្តិ​ហ្នឹង តើវា​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់ ឬ​វា​ត្រូវ​នីតិវិធី​ដែលអត់?»

ចំណែក មេធាវីការ​ពារក្តី​ឱ្យ​លោក​ ស៊្រុន ស៊្រន គឺ​លោក សឺន ជុំជួន បាន​ឱ្យ​ដឹង​ដែរថា ក្នុ​ងសវនាការ​នោះ ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះនៃសាលា​ឧទ្ធរណ៍ភ្នំពេញ បាន​សួរ​ដេញ​ដោល​ទៅលើ​អង្គ​ហេតុ និង​អង្គ​ច្បាប់ និង​ផ្អែក​​ទៅលើសាក្សីមួយចំនួន ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​របស់​លោក​ស៊្រុន ស្រ៊ន។

លោក​មេធាវី​បានការពារ​ថា ផ្អែកតាមភស្តុតាង សាក្សី និ​ង​អត្ថន័យ​សារ​ជា​វីដេអូ​​នៅលើ​បណ្តាញ​​​សង្គម​​របស់​​ លោក ស៊្រុន ស្រ៊ន គឺ​ធ្វើឡើង​ក្នុង​បំណងល្អ ​និង​គ្មាន​ចេតនាណា​មួយ​ញុះញង់​ធ្វើ​ឱ្យ​មាន​ស្ថានភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម​ ដូច​ការ​ចោទ​ប្រកាន់​នោះទេ។ ការណ៍នេះ លោក​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​​​ ពិចារណារ​ទៅលើ​នីតិវិធីរបស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​​​​​បាន​ជម្រះ​​ក្តី​ក្នុង​សំណុំរឿង​នេះ​ដោយ​កំបាំង​មុខ ដោយ​មិន​មានវត្តមាន​កូន​ក្តី​របស់​​លោក នៅ​​គ្រប់​​នីតិវិធី​ រហូត​ដល់​ថ្ងៃ​ប្រកាស​សាលក្រម​កាល​ពីថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ទម្លាក់​បទ​ចោទប្រកាន់​ទៅ​លើ​​លោក ស៊្រុន ស៊្រន។

លោកថា៖ «​នីតិវិធី​របស់​តុលាការ​សាលា​ដំបូង​រាជធានីភ្នំពេញហ្នឹង គឺអវត្ត​មាន​ជន​ជាប់​ចោទ​ទាំង​អស់​ គឺ​អត់​មានវត្តមាន​ទេ ទាំងនៅ​​ក្នុង​ដំណាក់កាល​អយ្យការ ដំណាក់​កាល​ចៅ​ក្រម​​ស៊ើប ដំណាក់​កាល​ជំនុំ​ជម្រះ​គឺ​អវត្ត​មាន​ទាំង​អស់ ចឹង​កន្លែង​នេះហើយ​​​​ដែលយើង​ស្នើ​សុំ​ឱ្យ​តុលាការ​​ពិចារណាទៅ​លើ​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​​ពិចាណារ​​លុប​ចោល​សាលក្រម​នេះ​ ឱ្យ​ជនជាប់​ចោទ​រួច​ផុត​ពី​បទចោទ»។

បើតាម លោកមេធាវី សឺន ជុំជួន សាលា​ឧទ្ធរណ៍ភ្នំពេញ នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​នេះ​នៅ​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​​២០២៦​ខាង​មុខនេះ។

ជាមួយគ្នានេះ ភរិយាលោក ស៊្រន់ ស៊្រន គឺ​​អ្នកស្រី ស៊ឹង សុភីណា បាន​ស្នើ​ដល់​សាលាឧទ្ធរណ៍​ភ្នំពេញ ពិចារណា​ទម្លាក់​បទ​ចោទទៅលើស្វាមីរបស់​អ្នកស្រី និង​ដោះលែង​គាត់​ឱ្យ​មាន​សេរី​ភាព​​វិញ ខណៈសកម្មភាព​របស់​លោក ស៊្រុន ស៊្រន​ នាពេល​កន្លង​មក ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

អ្នកស្រីថា៖ «មានតែ​សំណូមពរ​ឱ្យតុលាការពិចារណាទៅលើ​បទ​ចោទ​គាត់​ទេ​​ []  ព្រោះ​គាត់​ធ្វើ​ការ​ងារ​ហ្នឹង​ក៏ដើម្បីប្រទេស​ជាតិ​ទាំង​មូល​ដែរ គោលបំណង​គាត់គឺជួយ​សង្គម ជួយ​ផ្សព្វ​ផ្សាយ​​​ឱ្យ​​ពលរដ្ឋ​​គោរព​​មន្ត្រី​ ស្រឡាញ់​​មន្ត្រី និង​ការ​ពារ​ប្រព័ន្ធ​តុលាការ​​»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា និង​អ្នកនាំពាក្យ​​សាលា​​ឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាង​ម៉េង បាន​ទេ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

ពាក់ព័ន្ធនឹង​រឿង​តំបន់​ត្រីកោណ​​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម CLV-DTA វិញ​​​គឺ​​មាន​មនុស្ស​​​​ប្រហែល ១០០​នាក់ ត្រូវ​បាន​ចាប់ខ្លួនចាប់តាំងពីចុង​ខែកក្កដា ឆ្នាំ​២០២៤ ហើយជាមួយគ្នា​​​នោះ មាន​ជាង ៦០​​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​សង្គម ផែនការប្រមូល​ផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ក្នុង​នោះមានទាំង​សកម្ម​ជន​ផ្សព្វផ្សាយកិច្ច​ព្រម​ព្រៀង​សន្តិ​ភាពទីក្រុង​ប៉ារីស​២៣តុលា​នេះ​ផងដែរ​​​។

ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបាន​បង្កើត​ព័ត៌មាន​«បំភ្លៃ»និង«ប្រឌិត​» ​ដោយ​​មាន​ចេតនា​​ទុច្ចរិត ញុះ​ញង់​ឱ្យ​មាន​ការ​ខឹង​សម្បារ​ប្រឆាំង​នឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

តែយ៉ាងណា ក្រោយមក​​រដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាល​ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម។

សមាជិក​គណបក្ស​កម្លាំង​ជាតិ លោក ធែល ធីលែន ដែលទើបចេញពីពន្ធនាគារ​ ក្រោយអនុវត្ត​ទោស​​ចប់​ ពាក់ព័ន្ធនឹង​សំណុំរឿង CLV នេះ​ដែរ បានលើកឡើង​​ថា ការ​ចោទប្រកាន់​ទៅលើ​សកម្មជន​​ដែល​ស្នេហា​ជាតិ ហាក់មាន​ភាព​មិ​នប្រក្រតី​មួយចំនួន ដែល​ការណ៍នេះ លោកស្នើ​ដល់តុលា​​ការ ឬអ្នកធ្វើ​សេចក្តីសម្រេច​​ចិត្ត ពិរចាណា​ដក​កា​រ​ចោទ​​​ប្រកាន់​ទៅលើ​លោក ស៊្រុន ស្រ៊ន និង​ដោះលែង​គាត់​ឱ្យមានសេរីភាពវិញ ដើម្បីជា​កម្លាំងចលករបន្ថែម​​ក្នុងកា​រជួយ​ដល់​ការ​អភិវឌ្ឍ​​ជាតិ​។

លោក​បន្តថា៖ «ខ្ញុំចង់ឃើញប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ចាប់ផ្តើមពីពេលនេះមក ព្យាយាម​​​​​​បើក​​លំហរ​ពីការ​គោរព​សិទ្ធិ​មនុស្ស​ និង​នាំគ្នា​ស្គាល់ពី​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ច្បាស់​លាស់​ [] ហើយ​សុំ​ឱ្យ​ថ្នាក់ដឹកនាំ​ ក៏ដូចជា​អ្នកសម្រេច​ចិត្ត​ មេត្តា​ពិចារណា​ដែរ​ ដើម្បី​ទទួលបាននូវ​ការ​សាមគ្គីភាព និង​ឯកភាព​ជាតិ​យើង​មក​វិញ ដើម្បី​ចូលរួម​ដោះស្រាយ​វិបត្តិជាតិរបស់​យើង​ដែលកំពុង​កើ​តឡើង»

ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ​​២០២៥ របស់​គម្រោង​យុត្តិ​ធម៌​ពិភព​លោក​ បាន​​បង្ហាញ​ភស្តុ​​តាង​​​​​​ថា ប្រព័ន្ធ​​យុត្តិ​ធម៌​នៅ​កម្ពុជា ត្រូវ​បាន​បាត់​បង់​ឯករាជ្យ​ភាព​ទាំង​ស្រុង ហើយ​​​ត្រូវ​បាន​ជំនួស​មក​វិញ ដោយ​​ការ​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​​ការ​ពារ​ផល​ប្រយោជន៍​បក្ខ​ពួក និង​បង្ក្រាប​សំឡេង​រិះ​គន់។ ស្ថាន​ភាព​នេះ បង្កើត​នូវ​បរិយា​​កាស​​អវិជ្ជ​មាន សម្រាប់​វិស័យ​សេដ្ឋ​កិច្ច ព្រោះ​អ្នក​វិនិ​យោគ ដែល​មាន​គុណភា​ព​តែង​តែផ្ត​ល់​អាទិ​ភាព លើ​ប្រទេស​​ដែល​​មាន​ប្រព័ន្ធ​ច្បាប់​ច្បាស់​លាស់។

ទន្ទឹម​នឹងនេះ របាយ​ការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ​​២០២៦ របស់​អង្គ​ការ Freedom House ក៏​បាន​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​​គ្មាន​សេរី​ភាព ដែល​ឆ្លុះប​ញ្ចាំង​ពី​ការ​រឹត​ត្បិត​សិទ្ធិ​នយោ​បាយ​ និង​សេរី​ភាព​ស៊ីវិល​យ៉ាង​ធ្ងន់​ធ្ងរ ក្រោម​​​​លេ​ស​​នៃកា​រ​រក្សា​សន្តិ​សុខ​ជាតិ និង​ស្ថិរ​ភាព​នយោ​បាយ​របស់​បក្ខ​ពួក​និយម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ