លោក ត្រាំ និង​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់ ផ្លាស់​ប្តូរ​ការ​គំរាម​កំហែង​​​ថ្មីៗ​​ដាក់​​គ្នា ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​តបត​គ្នា​មក

ប្រធានាធិបតី​អាមេរិក លោក​​ ដូណាល់ ត្រាំ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​អ៊ីរ៉ង់ បាន​ផ្លាស់​ប្តូរ​ការ​គំរាម​កំហែង​ថ្មីៗ​ដាក់​គ្នា ក្រោយ​ពី​ភាគី​ទាំង​ពីរ​បាន​បើក​ការ​វាយ​ប្រហារ​តបត​គ្នា។ លោក ត្រាំ លើក​ឡើង​ថា ទីក្រុង​តេអេរ៉ង់​បាន​ប្រើ​ពេល «យូរ​ពេក​ក្នុង​ការ​ចរចា» ហើយ​ឥឡូវ​នេះ «ត្រូវ​តែ​សង​ការ​ខូច​ខាត» ខណៈ​រ​ដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Araghchi ព្រមាន​ថា ប្រទេស​លោក​នឹង «មិន​ទុក​ឱ្យ​ការ​វាយ​ប្រហារ​ណា​មួយ​ដោយ​គ្មាន​ការ​ឆ្លើយ​តប​ឡើយ»។

សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារលើទីតាំង​ការ​ពារ​ជាតិ ស្ថានីយ​គ្រប់​គ្រង និង​ប្រព័ន្ធ​រ៉ាដា​របស់​អ៊ី​រ៉ង់ នៅ​ជិត​ច្រក​សមុទ្រ Hormuz កាល​ពី​ថ្ងៃ​ទី​៩ខែ​មិថុនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​កង​ទ័ព​អាមេរិក​មួយ​គ្រឿង។ ជា​ការ​ឆ្លើយ​តប អ៊ីរ៉ង់​បាន​បើក​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ចំនួន ២១ កន្លែង នៅ​ឯមូល​ដ្ឋាន​ទ័ព​អាមេរិក​ក្នុង​តំបន់ រួម​មាន​ នៅ​បារ៉ែន និង​ហ្សក​ដានី។

លោក ត្រាំ បានសរសេរនៅលើ Truth Social កាលពីថ្ងៃទី​១០ខែ​មិថុនា​ថា៖ «យោធា​របស់​អ៊ីរ៉ង់​គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​វឹក​វរ និង​​ខ្ទេច​ខ្ទាំ​ទាំង​ស្រុង។ ពួក​គេ​បាន​ប្រើ​ពេល​យូរ​ពេក​ក្នុង​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​ដ៏​ល្អ​មួយ ឥឡូវ​នេះ​ពួក​គេ​នឹង​​ត្រូវ​​តែ​​សង​ការ​ខូច​ខាត!»។

មតិ​យោបល់​នេះ មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ដែល​លោក​ប្រាប់​ថា ភាគី​ទាំង​ពីរ​ស្ថិត​ក្នុង «ដំណាក់​​កាល​ចុង​ក្រោយ​នៃ​កិច្ច​ព្រម​ព្រៀ​ង​ដ៏ល្អ​​ប្រពៃ​បំផុត»។

នៅថ្ងៃទី​១០ខែ​មិថុនាដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqai បាន​ចោទ​ប្រកាន់​សហរដ្ឋ​​អាមេរិក​ថា បានធ្វើឱ្យខូចខាតដល់ដំណើរការការទូត តាម​រយៈ​សារ​ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា និង​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​ជា​ញឹក​ញាប់។

លោក ត្រាំ និងសារព័ត៌មាន Fox News បានឱ្យដឹង​ថា ឧទ្ធម្ភាគចក្រ Apache របស់​អាមេរិក ត្រូវ​បាន​ដ្រូន​អ៊ីរ៉ង់​មួយ​គ្រឿង​ហោះ​បុក ប៉ុន្តែ​មិន​បាន​​ផ្ទុះ​ឡើយ ខណៈ​ល្បាត​នៅ​ច្រក​សមុទ្រ Hormuz។ សមាជិក​នា​វិកទាំង​ពីរ​នាក់​បាន​រស់​រាន​មាន​ជីវិត ប៉ុន្តែ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Mehr របស់​អ៊ីរ៉ង់ បាន​រាយ​ការណ៍​ថា អ៊ីរ៉ង់​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​​ចំពោះ​​រឿង​នេះ​ទេ។ អាមេរិក​បញ្ជាក់​ថា កាំជ្រួច និង​ដ្រូន​របស់​អ៊ីរ៉ង់​ស្ទើរ​តែ​ទាំង​អស់​ដែល​បាញ់​តប​ត​មក​​លើ​មូល​ដ្ឋាន​ទ័ព​ខ្លួន ត្រូវ​បាន​​ស្ទាក់​ចាប់​បាន ដោយ​មិន​មាន​អ្នក​រ​ង​គ្រោះ​ថ្នាក់​ឡើយ។

សង្រ្គាមនេះ​បានចាប់ផ្តើមកាលពីថ្ងៃទី​២៨​ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអា​មេ​រិក​និង​អ៊ីស្រា​អែល បាន​បើក​ការ​វាយ​ប្រហារ​​​​សម្លាប់​មេដឹ​ក​នាំ​កំពូល​របស់​អ៊ីរ៉ង់។ ជម្លោះ​បាន​រីក​រាល​ដាល​យ៉ាង​លឿន​ពាស​ពេញ​តំបន់ រហូត​ឈាន​ដល់​មាន​បទ​​ឈប់​បាញ់​ រយៈ​ពេល​ពី​រ​សប្តាហ៍​កាល​ពី​ខែ​មេសា។ ចាប់​តាំង​ពី​ពេល​នោះ​មក ភាគី​ទាំង​ពីរ​បាន​បាញ់​តបត​គ្នា​ទៅ​វិញ​​ទៅ​មក​ម្តង​ម្កាល ខណៈ​តំណាង​ប្រទេស​ទាំង​ពីរ បាន​បន្ត​ចូល​រួម​ក្នុង​ការ​ចរចា​ដ៏​តាន​តឹង​នៅ​ក្នុង​ប្រទេស​ប៉ាគី​ស្ថាន ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​យូរ​អង្វែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ