អ៊ុយ​ក្រែន​ថា គ្រាប់​មីស៊ីល​បាន​វាយ​ប្រហារ​ចំ​រោង​ចក្រ​យោធា​​មួយ​​កន្លែង ដែល​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹក​ដី​រុស្ស៊ី

កង​កម្លាំងអ៊ុ​យ​ក្រែន បាន​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ទៅ​​ជ្រៅ​ក្នុង​ទឹក​ដី​រុស្ស៊ី ដោយ​បាន​បាញ់​ចំ​រោង​ចក្រ​យោធា​ដ៏​ធំ​មួយ​កាល​ពី​យប់​ថ្ងៃទី​៩ខែ​មិថុនា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ប្រធានា​ធិបតី លោក វ៉ូឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី។

លោកថ្លែងថា គ្រាប់មីស៊ីល​គ្រូស​ប្រភេទ FP-5 Flamingo បាន​វាយ​ប្រហារ​ចំ​រោង​ចក្រ​ផលិត​ដ្រូន និង​មីស៊ីល​ នៅ​ក្នុង​ទីក្រុង Cheboksary នៃ​សាធារណ​រដ្ឋ Chuvash ដែល​មាន​ចម្ងាយ​ជាង ៩០០ គីឡូ​ម៉ែត្រ ពី​ខ្សែ​ត្រៀម​ជួរ​មុខ។ អ៊ុយ​ក្រែន ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​កំពង់​ផែ Mariupol រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ទីក្រុង Samara និង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​នៅ​ក្នុង​សមុទ្រ​ខ្មៅ។

ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែថ្មី​ៗ​នេះ កងទ័ពអ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ លើ​ទីតាំង​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី។ ទីក្រុង​គីវ និយាយ​ថា ទី​តាំង​ថាមពល​គឺ​ជា​គោល​ដៅ​ស្រប​ច្បាប់ ដោយ​សារ​វា​ជួយ​ឱ្យ​ទីក្រុង​ម៉ូស្គូ​ អាច​បន្ត​យុទ្ធ​នា​ការ​សង្រ្គាម​របស់​ខ្លួន​បាន។ ទោះ​ជា​យ៉ា​ង​ណា​ក៏​ដោយ ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ជ្រៅ​ក្នុង​ទឹក​ដី​រុស្ស៊ី គឺ​កម្រ​នឹង​កើត​មាន​​ណាស់។

កងទ័ពរុស្ស៊ី បាននិយាយថា យូនីតការពារអាកាសរបស់ខ្លួនបានស្ទាក់​ចាប់ ឬ​បាញ់​ទម្លាក់​ដ្រូន​អ៊ុយ​ក្រែន​ចំនួន ៣២៦ គ្រឿង កាល​ពី​យ​ប់​ថ្ងៃទី​៩ខែ​មិថុនា ខណៈ​ពេល​ដែល​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន និយាយ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន ១៨១ គ្រឿង ក្នុង​ចំណោម ២០៧ គ្រឿង ដែល​បាញ់​ដោយ​រុស្ស៊ី។

នៅក្នុង​ការបង្ហោះនៅលើ​ក​ម្ម​វិធី Telegram លោក ហ្សេឡេនស្គី បាន​សរ​សេរ​ថា៖«កាល​ពី​យប់​មិញ គ្រាប់​មីស៊ីល FP-5 Flamingo របស់​អ៊ុយ​ក្រែន បាន​វាយ​ប្រហារ​ចំ​រោង​ចក្រ​យោធា​មួយ​កន្លែង​នៅ​ក្នុង​ទី​ក្រុង​ Cheboksary ដែល​ជា​កន្លែង​ផ្គត់​ផ្គង់​គ្រឿង​បំណែក​សម្រាប់​ផលិត​ដ្រូន និង​មីស៊ីល​ទៅ​ឱ្យ​កង​ទ័ព​ឈ្លាន​ពាន»

ក្រោយ​មក កង​ទ័ព​អ៊ុយ​ក្រែន​ បាន​បញ្ជាក់​ថា រោង​ចក្រ VNIIR-Progress ត្រូវ​បាន​វាយ​ប្រហា​រ​ចំ​ ហើយ​មាន​ការ​ឆាប​ឆេះ​នៅ​ទីតាំង​នោះ។

ប្រធានរដ្ឋនៃសាធារណរដ្ឋ Chuvash លោក Oleg Nikolaev បាន​បញ្ជាក់​ថា ទីក្រុង Cheboksary ពិត​ជា​ត្រូវ​បាន​វាយ​ប្រហារ​មែន ដោយ​មាន​របាយ​ការណ៍​មនុស្ស​រង​របួស ៣ នាក់។

គ្រាប់មីស៊ីល FP-5 Flamingo មានក្បាលគ្រាប់ទម្ងន់ ១,១៥០ គីឡូក្រាម និង​មាន​ចម្ងាយ​បាញ់​រហូត​ដល់​ ៣,០០០ គីឡូ​ម៉ែត្រ ដែល​អាច​បាញ់​ដល់​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ធំៗ​ដទៃ​ទៀត​យ៉ាង​ងាយ​ស្រួល។

រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិច អ៊ុយក្រែន បាន​និង​កំពុង​អភិវឌ្ឍន៍​មីស៊ីល​ប្រភេទ​ផ្សេង​ទៀត ដើម្បី​បង្កើន​ការ​ខូច​ខាត​ដល់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី និង​បង្ខំ​ឱ្យ​ទីក្រុង​ម៉ូស្គូ​ស្វែង​រក​ការ​ចរចា។

រហូតមកដល់ពេលនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​បដិសេធ​រាល់​សំណើ​ចរចា​ទាំង​អស់។ កាល​ពី​សប្តាហ៍​​មុន លោក ពូទីន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ឃើញ​មាន​ហេតុ​ផល​​ណា​មួយ​ដែល​ត្រូវ​ជួប​ជា​មួយ​លោក ហ្សេឡេនស្គី នោះ​ទេ​ បន្ទាប់​ពី​មេដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ បាន​ស្នើ​សុំ​ការ​ចរចា​ផ្ទាល់​ ដើម្បី​ព្យាយាម​បញ្ចប់​សង្រ្គាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ