ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ​រង​ការ​ចោទ​ថា​កំពុង​គំរាម​​កំហែង​​សុខ​ភាព​ពលរដ្ឋ​និង​បរិស្ថាន​ធ្ងន់់​ធ្ងរ

ប្រជា​ពលរដ្ឋ​រស់​នៅ​​​ឃុំ​ទឹក​ល្អក់ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខ​ភាព និង​ការ​រស់​នៅ​​ ដែល​រង​​​ផល​ប៉ះ​ពាល់​ពី​​កាក​​​សំណល់​​ទឹក​​ស្អុយ​កខ្វក់ ដែល​ក្រុម​ហ៊ុន​​​​​​​​កែច្នៃ​ដំណាប់​​​​ស្វាយ ឈ្មោះ Cambodian Gome Farm Food Co., ltd. ដឹក​តាម​​រថ​យន្ត​​យក​​​​ទៅ​​​​​​​ចាក់​​ចោល​​នៅ​តាម​ព្រៃ​ភ្នំ ប្រឡាយ អូរ ទំនប់ និង​ទីតាំង​សាធារណៈ​ផ្សេងៗ ក្នុង​មូល​ដ្ឋាន​​​នេះ ដោយ​គ្មាន​អាង​​​ស្តុក ឬ​អាច​ចម្រោះ​​​ទឹក​​កខ្វក់​​​នេះ ​ឲ្យ​បាន​​ត្រឹម​ត្រូវ​ទេ។

តំណាង​ពលរដ្ឋរស់នៅភូមិបឹងងោង លោក តាន់ សារុន លើក​ឡើង​ថា កាក​សំណល់​​ដែល​ក្រុម​ហ៊ុន​កែ​ច្នៃ​ដំ  ណាប់​ស្វាយ ដឹក​​យក​​មក​​​​ចាក់​​ចោល​​​​ក្នុង​មូល​ដ្ឋាន​នេះ គឺ​បាន​ប៉ះ​ពាល់​ដល់​​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ពួក​គាត់​ធ្ងន់​ធ្ងរ​បំផុត។

ពលរដ្ឋថា កាកសំណល់កខ្វក់នេះ ត្រូវ​បាន​​ដឹក​តាម​​​រថយន្ត​​មក​ចាក់​ចោល​នៅ​តាម​ព្រៃ​ភ្នំ ជ្រោះ ទំនប់ អូរ ប្រឡាយ និង​តាម​វាល​ស្រែ​ជា​ដើម។ ហើយ​ថា កាក​សំណល់​នេះ ក៏​បាន​​បណ្តាល​ឲ្យ​មាន​​​ត្រី​ងាប់​​សត្វ​ចិញ្ចឹម​ដូច​ជា​គោ​ឈឺ​ជា​បន្ត​បន្ទាប់ ជាពិសេស​ប៉ះ​ពាល់​សុខ​ភាព​​​មនុស្ស​​​ពិបាក​​ដក​ដង្ហើម​ជា​ដើម។

ប្រភព​ខាងលើ ចាត់វិធានឱ្យមានប្រសិទ្ធភាព ដើម្បីការពារសុខភាព​ពលរដ្ឋ​រស់​នៅ​ជុំវិញ​តំបន់​នេះ រួម​ទាំង​បញ្ហា​បរិស្ថាន ដោយ​សំអាង​ថា បញ្ហា​នេះ កើត​ឡើង​រាប់​ឆ្នាំ​មក​ហើយ។

លោកបន្ត​ថា៖ «ក្លិន​ហ្នឹង​ជូរ​ស្អុយ​ពេញ​ហ្នឹង​ហ្មង ជួន​កាល​ខ្យល់​បក់​ពី​ជើង​ជះ​ក្លិន​ដល់​ខាង​ត្បូង​ ដល់​ពេល​ខ្យល់​បក់​ពី​ទិស​ត្បូង​​​ជះ​ក្លិន​​​​ទៅ​​ជើង​​​​​​វិញ​ម្តង។ មិន​ដែល​ឃើញ​មាន​អ្នក​ណា​គេ​ដឹក​កាក​សំណល់​ស្វាយ​មក​ចាក់​ចោល​លើ​ទឹក​អញ្ចឹង​ទេ?។ ចាក់​លើ​ភ្នំ ចាក់​តាម​ជ្រោះ ចាក់​​តាម​​ព្រៃ​​​ចម្ការ ពេញ​វាល​ពេញ​កាល​  ទាំង​ឡានៗ។ ដូច​សិទ្ធិ​អំណាច​គេ​ក្រុម​ហ៊ុន​​ហ្នឹង​អត់​មាន​កោត​ក្រែង​នឹង​ការ​ខូច​បរិស្ថាន​អី​បន្តិច​ទេ។ ចាក់​​​នៅ​​លើ​​​កម្ពោធ​​​វល្លិ៍​ព្រេង​ហ្នឹង ហើយ​ពេល​ភ្លៀង​មក គឺ​ទឹក​ស្អុយ​​ហូរ​មក ចូល​ក្នុង​អូរ​ទំនប់​ជាដើម​ហ្នឹង​ ទឹក​លែង​ប្រើ​ប្រាស់​កើត​ទៀត​ហើយ»។​

​ទាក់ទិនបញ្ហានេះ មេភូមិបឹង​ងោង លោក យ៉ឹម យ៉ុន ឲ្យ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​​​​ថា ផល​ប៉ះ​ពាល់​នៃទឹ​ក​ស្អុយ​កខ្វក់ ដែល​ក្រុម​​​​ហ៊ុន​​​កែ​ច្នៃ​​ដំណាប់​​​​ស្វាយ ឈ្មោះ Cambodian Gome Farm Food Co., ltd. បាន​ដឹក​​យក​​​មក​​​ចាក់​ចោល​ក្នុង​មូល​ដ្ឋាន​នេះ គឺ​មិន​​ត្រឹម​​​​ធ្វើ​​ឲ្យ​ខូ​ច​ដល់​បរិស្ថាន​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ជះ​ក្លិន​ស្អុយ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​​ពលរដ្ឋ យ៉ាង​​ហោច ៣​ភូមិ គឺ​ភូមិ​ឈ្នួល​ជ្រុំ ​ភូមិ​​បឹង​ងោល និង​​ភូ​មិ​ព្រៃ​កន្តូច។

ត្រង់​ចំណុច​នេះ លោ​កក៏​ចង់​ឃើញ​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត ជួយ​អន្តរា​គមន៍​​​បញ្ឈប់​​​សកម្ម​ភាព​​​​ដឹក​ទឹក​​ស្អុយ ដែល​​​​ជា​​​កាក​​​​សំណល់​​កខ្វក់​របស់​ក្រុម​ហ៊ុន​នេះ​ជា​បន្ទាន់ ​ដោ​យ​ថា​ទង្វើ​នេះ​ បាន​ប៉ះ​ពាល់​​ដល់​ការ​​​រស់​នៅ និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​របស់​​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​នេះ​ធ្ងន់​ធ្ងរ​​។

លោកមេភូមិ​បន្ថែមថា៖ «ស្អុយ​ពី​ទឹក​ពេញ​ដី​ពេញ​ព្រៃ​អស់​ហើយ​ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ? មិន​ថា​តែ​ភូមិ​ខ្ញុំ​ទេ​ ទាំង​​ភូមិ​ឈ្នួល​​ជ្រុំ ​ភូមិ​​បឹង​ងោង និង​​ភូមិ​​​​ព្រៃ​កន្តូច ក៏​ប៉ះ​ពាល់​ដល់​ដែរ។​ សំណូម​ពរ​ដល់​ក្រសួង​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ផ្ទាល់ ចាក់​​សំណល់​ស្អុយ​ពេញ​ទឹក​ពេញ​ដី​អញ្ចឹង​ តើ​ត្រូវ​​ដោះ​​​​ស្រាយ​​របៀប​ម៉េច។ ឥឡូវ​នេះ​ កំពុង​ចាក់​ពេញ​ទឹក​ពេញ​ដី សក្បុស​​អស់​ហើយ​សុទ្ធ​តែ​ទឹក​ស្វាយ ផ្លែ​ស្វាយ សំរាម ឲ្យ​គាត់​មក​ជួយ​​អន្តរា​គមន៍​​​បន្តិច​មក។ តៃ​កុង​ឡាន​ដឹក​មក​ចាក់​តាម​ព្រៃ​តាម​ផ្សៃ​ពេញ​ហ្នឹង​ទាំង​អស់»។

ដូចគ្នានេះដែរ ​អ្នកស្រី អ៊ំ សុខ​ហេង សមាជិក​ក្រុម​ប្រឹក្សា​ឃុំទឹ​ក​ល្អក់ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​ក្រុម​​​ហ៊ុន​កែ​ច្នៃ​ដំណាប់​ផ្លែ​ស្វាយ បាន​​​ប្រើ​រថយន្ត​​ទឹក​ស្អុយ​កខ្វក់ ​ម​ក​ចាក់​ចោល​តាម​ព្រៃ​ភ្នំ និង​តាម​អូរ​ប្រឡាយ​ជា​ដើម នាំ​ឲ្យ​ប៉ះ​​ពាល់​​​​ដល់​​ការ​​រស់​​​នៅ​របស់​​​ប្រជា​ពលរដ្ឋ​ពិត​មែន។

​អ្ន​កស្រី​​​​ស្នើដល់​ប្រធាន​មន្ទីរ​បរិស្ថាន ពិសេស​រដ្ឋ​​​​មន្ត្រី​ក្រសួង​​​បរិស្ថាន ជួយ​​បញ្ជូន​​មន្ត្រី​ចុះ​​​ពិនិត្យ​ជាក់​​ស្តែង​​ដល់​​ទី​តាំង​​មាន​ការ​បំពុល​បរិស្ថាន​នេះ​ឲ្យ​បាន​ឆាប់​ ដ្បិត​​កាក​សំណល់​នេះ បាន​​ផល​ប៉ះ​ពាល់​​ដល់​​ការ​រ​ស់​នៅ ​​​​​និង​​​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​​​។

អ្នកស្រីបន្តថា៖ «ទឹក​នៅ​ក្នុង​មូលដ្ឋា​ន​នេះ​ប្រើ​ប្រាស់​លែង​កើត​ហើយ និយាយ​រួម​ទៅ​បរិស្ថាន​ខូច​អស់​ហើយ​ពីរ​បី​ភូមិ​ហ្នឹង។ បើ​គេចា​ក់​កាក​​សំណល់​ពី​ខាង​លើ ហើយ​​ភូមិ​​អ្នក​ស្រុក​នៅ​ខាង​ក្រោម​ ម្លោះ​ហើយ​ទឹក​វា​មិន​ហូរ​មក​ក្រោម។ ចង់​​ឲ្យ​​មន្ទីរ​បរិស្ថាន និង​ក្រសួង​បរិស្ថាន​ឲ្យ​គាត់​​ចុះ​មក​​​​ពិនិត្យ​ជាក់​ស្តែង​ដល់​ទីតាំង​ កុំ​ឲ្យ​ចេះ​តែ​ថា​ប្រជាជន​រាយ​ការណ៍​ទៅ​ចេះ​ថា​អញ្ចេះ​ចេះ​តែ​​ថា​អញ្ចោះ​​អី​ចឹង!»។

វីអូឌី នៅមិនទាន់អាចទាក់ទង​ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីបំភ្លឺជុំវិញការបំពុលបរិស្ថាន របស់ ក្រុម​​ហ៊ុន​កែឆ្នៃ​ដំណាប់​​​​ស្វាយ ឈ្មោះ Cambodian Gome Farm Food Co., ltd. ​ បាន​​​ទេ នៅថ្ងៃសុក្រនេះ។

ទោះជាបែបនេះ​ក្តី លោក ច័ន្ទ​ថេត ឋានរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ​​ ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា ​​លោក​មិន​​​ទាន់​ទទួល​​បាន​​ព័ត៌​​មាន​​ ពី​ការ​បំពុល​បរិ​ស្ថាន​របស់​ក្រុម​ហ៊ុន​កែច្នៃ​​ដំណាប់​​ស្វាយ​​​ខាង​​​​​​លើ​​​​នេះ​ទេ។ យ៉ាង​ណា លោក​ថា ​នឹង​បញ្ជូន​មន្ត្រី​​ជំនាញ​​​​​ចុះ​​​​សហការជា​មួយ​ អាជ្ញា​ធរ​មូល​ដ្ឋាន ដើម្បី​​​​ដោះ​ស្រា​យ​រឿង​​​នេះ​ឲ្យ​​បាន​ឆាប់។

លោកថា៖ « «ភូមិ​​អី​ដែរ​បង? សូម​បង​ជួយ​បាញ់​រូប​ថត ឬ​វីដេអូ​តាម​តេឡេ​ក្រាម​បន្តិច​មក​ ចាំ​ខ្ញុំ​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ។ ហើយ​​បងមា​ន​ទាក់ទ​ង​​​ទៅ​​អាជ្ញាធរ​​​ដែន​ដី​ហើយ​ឬ​នៅ​? ចឹង​បើ​មាន​ករណី​ហ្នឹង​ចាំ​មើល​ខ្ញុំ​ទាក់​ទង​សួរ​ទៅ​អាជ្ញាធរ​ស្រុក​សិន ដើម្បី​សហការ​​ជាមួយ​អាជ្ញាធរ​​ស្រុក​ទាំង​​អស់​​គ្នា។ ចាំ​​ឲ្យ​អាជ្ញាធរ​គេ​ទៅ​មើល​មុន​សិន​ទៅ»។

យ៉ាងណា តាមការអះអាងរបស់​ លោក យ៉ឹម យ៉ុន មេ​ភូមិបឹ​ង​ងោង ឲ្យ​ដឹង​ថា កន្លង​មក មិន​ដែល​ឃើ​ញ​អា​ជ្ញាធរស្ថា​ប័ន​​ពាក់​ព័ន្ធ​ផ្នែក​ណាមួ​យ​ចុះ​​​ជួយ​​ឈឺ​​ឆ្អាល លើ​កង្វល់​​របស់​ប្រជា​ពលរដ្ឋ​ រស់​នៅ​​ឃុំ​ទឹក​​ល្អក់​នេះ​ទេ។

លោកបារម្ភថា ​នៅរដូវមានភ្លៀងធ្លាក់នេះ កាកសំណល់​​ដែល​ក្រុម​​ហ៊ុន​​​​កែ​​ច្នៃ​ដំណាប់​ស្វាយ​ ដឹក​យក​មក​ចាក់​ចោល​អនា​ធិប​តេយ្យ​​ក្នុង​មូល​ដ្ឋាន​នេះ នឹង​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខ​ភាព​ពលរដ្ឋ​ កាន់​តែ​​​​ធ្ងន់​​ធ្ងរ​​ថែម​​​ទៀត បើ​គ្មាន​ការ​ទប់​ស្កាត់​នោះ​។ ​

លោកបន្តថា៖ «គាត់ដឹកមកចាក់អត់ចំគោលដៅ ហើយដឹកយក​មក​ចាក់​នៅ​ពេល​យប់​ឡើង។ ដើរ​ចាក់​ពាស​ពេញ​ភូមិ​ស្អុយ​ពេញ​ទឹក​ពេញ​ដី។ ផល​ប៉ះ​ពាល់​មិន​មែន​ត្រឹម​សត្វ​ចិញ្ចឹម​ សត្វ​គោ​ទេ សំខាន់​ប៉ះពា​ល់​ដល់​សុខ​ភាព​មនុស្ស​ថែម​ទៀត។ ចាក់​កាក​សំណល់​ស្អុយ​ហ្នឹង​នៅ​លើ​ភ្នំ​ ហើយ​​​​ដល់​ពេល​ភ្លៀង​មក ទឹក​ហូរ​មក​ទឹក​ស្អុយ​នោះ វា​មិន​ចូល​ទំនប់ ចូល​ស្រះ ជាដើម គឺ​វា​យ៉ាប់​ទាំង​អស់ ទាំង​មនុស្ស​និង​សត្វ​គោ។ សំរាម​នៅ​ពី​លើ​ទាំង​អស់​ហើយ យប់​ឡើង​ក្លិន​ជូរ​​ក្រត ខ្យល់​ពី​ជើង​មក ​ធំក្លិន​ជូរ​ទឹក​ស្វាយ​ពេញ​ហ្នឹង។ ហើយ​ភូមិ​ខ្ញុំ​ មា​ន​ពលរដ្ឋ​រស់​នៅ​ ២០៧​គ្រួសារ​ និង​មាន​មនុស្ស​​សរុប​ជិត ៩៨៧​នាក់​»។

ផ្តើមពីបញ្ហានេះ ទាំងប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរភូមិឃុំទឹកល្អក់ ទទូ​ច​ឲ្យ​មន្ត្រី​ជំនា​ញ​ក្រ​សួង​ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ ​ជួយ​​​ទប់​ស្កាត់​​​សកម្ម​​​ភាព​​​បំ​ពុល​បរិស្ថាន​របស់​ក្រុម​​​​ហ៊ុន​​កែ​ច្នៃ​​ដំណាប់​​​​​​ស្វាយ​ ​Cambodian Gome Farm Food Co., ltd​. ​​ឲ្យ​​​បាន​ឆាប់ និង​មា​ន​​​ប្រសិទ្ធ​​​​​​​​​ភាព។​​​ ដោយ​ចោទ​ថា ក្រុម​​ហ៊ុន​នេះ ហាក់​មាន​ខ្នង​បង្អែក​រង់​ចាំ​កាង​ការ​ពារ​សកម្ម​ភាព​ល្មើស​របស់​ខ្លួន​ ទើប​ហ៊ាន​​ដឹ​ក​កាក​​សំណល់​​រឹង​រា​វ​​ស្អុយ​​កខ្វក់ មក​ចាក់​ចោល​នៅ​តាម​ទីសាធារណៈ​ យ៉ាង​អនា​ធិប​តេយ្យ ដោយ​គ្មា​ន​ញញើត​ច្បាប់​​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ