លោក ហ៊ុន សែន ប៉ុន្មានថ្ងៃមកនេះ ត្រូវបានគេមើលឃើញថា បានខំប្រឹងប្រែងលើកមុខលោក ហ៊ុន ម៉ាណែត ដោយផ្ញើសារថា លោកប្តេជ្ញាជួយរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ក្នុងការធ្វើទំនើបកម្មយោធា និងគំរាមបក្សប្រឆាំង ទោះបីថៃបន្តឈ្លានពានទឹកដីខ្មែរតាមចិត្ត ក្រោយមានបទឈប់បាញ់ជាងកន្លះឆ្នាំមកនេះ។
ប៉ុន្តែការថ្លែងនេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងបញ្ញវន្តខ្មែរមួយចំនួន ស្តីបន្ទោសថា លោក ហ៊ុន សែន គួរកុំនិយាយអួតច្រើនពេល និងឈប់ផ្ញើសារគំរាមធ្វើបាបលើខ្មែរគ្នាឯង ហើយគួរតែងាមកផ្សះផ្សាជាតិដើម្បីរួមគ្នា ទាមទារទឹកដីខ្មែរដែលបានបាត់បង់យកត្រឡប់មកវិញ បង្ហាញពីឆន្ទៈ ការពារទឹកដី និងប្រជាជាតិខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។
ប្រតិកម្មទាំងនេះ កើតមានឡើងបន្ទាប់ពី លោកហ៊ុន សែន បានថ្លែងនៅក្នុងឱកាសចុះទៅត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែមិថុនាថា លោកនឹងឈានទៅជួយរដ្ឋាភិបាលលើការផលិតនូវសម្ភារៈផ្សេងៗ ដែលទាក់ទងនឹងវិស័យការពារជាតិនិងសន្តិសុខជាតិ។
លោកថា៖ «យើងនឹងធ្វើឱ្យបានកម្ពុជាធ្លាប់ធ្វើដល់អង្គរវត្តឯណោះ ដូច្នេះធ្វើប៉ុណ្ណឹងវាមិនមែនជាការលំបាកសម្រាប់កូនខ្មែរជំនាន់ក្រោយនេះទេ យើងមិនទុកឱ្យអ្នកណាមើលងាយយើងទេ មិនទុកឱ្យអ្នកណាប្រមាថយើងទេ យើងត្រូវមានសេចក្តីថ្លៃថ្នូរការទទួលខុសត្រូវ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា គោលដៅកម្ពុជាត្រូវតែមានកម្រិតផ្គត់ផ្គង់ខ្លួនឯងជាមុនសិន យើងកំពុងតែសិក្សា និងធ្វើការវិនិយោគផលិតនូវផ្នែកផ្សេងទៀតដែលទាក់ទងនឹងវិស័យការពារជាតិ ដែលខ្ញុំមិនអាចនិយាយបានថា វាជាអ្វីនោះទេ ប៉ុន្តែមធ្យោបាយដើម្បីការពារជាតិមធ្យោបាយ ដើម្បីធ្វើសង្គ្រាមការពារជាតិ យើងត្រូវតែមានគ្រប់គ្រាន់ហើយ យើងត្រូវតែមានសមត្ថភាពផលិត»។
ជាមួយគ្នានេះ លោកប្រធានព្រឹទ្ធសភា ក៏មិនភ្លេចធ្វើការវាយប្រហារក្រុមប្រឆាំង ដែលតែងតែរិះគន់ពីការដឹកនាំទន់ខ្សោយរបស់លោកផងដែរ ដោយប្រើពាក្យសម្តីគ្រោត។
លោកថា៖ «អាប៉ុន្មានក្បាលនៅក្រៅប្រទេសដែលវាតិចតៀនខ្ញុំ ដែលខ្ញុំគ្រាន់តែនិយាយសុំទោសជាសាធារណៈអំពីការត្រៀមរៀបចំខ្លួនមិនបានគ្រប់គ្រាន់ វាចេញមកវាយប្រហារ។ ប៉ុន្តែហ្ហែងស្គាល់ ហ៊ុន សែន តិចហើយ កាលដែលអញទិញឡានច្រើនទិញកាំភ្លើងច្រើនហ្ហែងថា អញចំណាយលុយខ្ជះខ្ជាយទិញកាំភ្លើង! ដោយសារតែអាកាំភ្លើងទិញច្រើនហ្នុងហើយ ដែលធានាក្នុងការប្រយុទ្ធកន្លងទៅ! ប៉ុន្តែអញនិយាយអំពីចំណុចខ្វះខាតទាំងឡាយ ដែលត្រៀមរៀបចំខ្លួនមិនបានល្អ រាប់ទាំងអាវហ្នឹង ក៏ជាផ្នែកមួយនៃការប្រយុទ្ធដែរ ហ្ហែងត្រូវយល់! បើហ្ហែងស្គាល់ ហ៊ុន សែន មិនច្បាស់ទេ ហ្ហែងត្រូវរៀនទៀត បើរៀនជាតិនឹងមិនច្បាស់ទេ ជាតិក្រោយហ្ហែងរៀនទៀត ទើបហ្ហែងដឹងថា ហ៊ុន សែន មនុស្សបែបណា?»។
បន្ថែមពីនេះ លោកហ៊ុន សែន បានឱ្យក្រុមប្រឆាំងដែលលោកហៅថាជា«ឆ្កែ»គួរឈប់ព្រុសទៀត ប៉ុន្តែបើនៅតែព្រុសតទៅទៀត ក៏ព្រុសទៀតទៅ ហើយសូមរង់ចាំមើលលទ្ធផលនៅពេលខាងមុខ ថាតើឧស្សាហកម្មយោធារបស់លោកនឹងរីកចម្រើនប៉ុណ្ណា។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា ពាក្យសម្តីអសុរស អសីលធម៌ គ្មានភាពថ្លៃថ្នូរហៅអ្នកនយោបាយប្រឆាំងសុទ្ធតែជាឆ្កែ មិនគួរត្រូវបាននិយាយចេញពីមាត់ លោកហ៊ុន សែន ដែលជាមេដឹកនាំប្រទេសនោះទេ ពីព្រោះវាមិនត្រឹមតែធ្វើឱ្យ លោកហ៊ុន សែន ខ្លួនឯងបាត់បង់តម្លៃប៉ុណ្ណោះទេ វាថែមទាំងជាការសាបព្រួសនូវគំរូមិនល្អ ដល់ក្រុមមន្ត្រីនៅក្រោមឱវាទ និងប្រជាពលរដ្ឋដែលខ្វះការអប់រំ អាចយកគំរូតាម។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជំរុញឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំង ខណៈសៀមនៅតែបន្តឈ្លានពានកម្ពុជាឥតឈប់ឈរយ៉ាងគឃ្លើន។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រាប់វីអូឌីនៅថ្ងៃទី១២ខែមិថុនានេះថា លោកហ៊ុន សែន ខ្លាំងបានតែខាងអួតនិងធ្វើបាបខ្មែរគ្នាឯង ប៉ុន្តែមិនអាចកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនធ្វើឱ្យកងទ័ពខ្លាំងបាននោះទេ ពីព្រោះកម្ពុជាក្រោមការដឹកនាំដោយ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត កើតមានអំពើពុករលួយបក្ខពួកនិយមគ្រួសារ និងបក្ខពួកនិយមជាប្រព័ន្ធប្រទាក់ក្រឡាគ្នា រដ្ឋាភិបាលក្បាលធំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលច្រើនទីប្រឹក្សាច្រើន រដ្ឋលេខាធិការច្រើន អនុរដ្ឋលេខាធិការក៏ច្រើនលើសលប់។ ហេតុដូច្នេះរដ្ឋាភិបាលគ្មានថវិកា អាចទៅពង្រឹងវិស័យការពារជាតិឱ្យបានល្អជាងនឹងនោះទេ លើកលែងតែមានមេដឹកនាំថ្មី។
ចំពោះការលើកឡើងរបស់ លោក ហ៊ុន សែន ដែលថា នឹងធ្វើឱ្យវិស័យការពារជាតិខ្លាំងនាពេលខាងមុខគឺគ្រាន់តែជាការនិយាយកុហក់បោកប្រាស់ឱ្យប្រជាពលរដ្ឋជឿ ដើម្បីអាចឱ្យត្រកូលហ៊ុន បានកាន់អំណាចតទៅមុខទៀតតែប៉ុណ្ណោះ ពីព្រោះបើលោកហ៊ុន សែន ខ្លាំងមែនមិនមែនដឹកនាំប្រទេសជាង ៤០ឆ្នាំមកហើយប្រទេសជាតិនៅតែទន់ខ្សោយ ត្រូវថៃប្រមាថមើលងាយចូលរំលោភយកទឹកដីតាមអំពើចិត្តបែបនេះនោះទេ។
មន្ត្រីបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា សូម្បីបច្ចុប្បន្នទាហានជួរមុខច្រើនណាស់ នៅមិនទាន់មានអាវក្រោះនៅឡើយទេ ហើយអាវក្រោះដែល លោកហ៊ុន សែន បានលើកបង្ហាញសង្ស័យតែយកទៅចែកតែក្រុមអង្គរក្ស និងប៉ូលីសបង្ក្រាបបាតុកម្ម សម្រាប់បង្ក្រាបខ្មែរគ្នាឯងតែប៉ុណ្ណោះ ដោយមិនយកទៅផ្តល់ឱ្យកងទ័ពជួរមុខនោះទេ ទើបបច្ចុប្បន្នកងទ័ពជួរមុខ នៅតែបន្តស្នើសុំអាវក្រោះពីលោក។ ក្រៅពីនេះ កម្ពុជាគ្មានយន្តហោះចម្បាំងសូម្បីតែមួយគ្រឿង គ្មានសំណាញ់មេឃ គ្មានដ្រូនចម្បាំងឱ្យបានច្រើន គ្មានកាំភ្លើងបាញ់ដ្រូនច្រើន និងគ្មានសព្វាវុធទំនើបៗច្រើន នឹងមិនអាចទប់ទល់ជាមួយថៃបានទេ ប្រសិនបើមានការផ្ទុះសង្គ្រាមលើកទី៣។
លោកថា៖ «គាត់ថានឹងជួយរដ្ឋាភិបាល ផលិតសម្ភារៈយោធាឱ្យបានក្នុងពេលខាងមុខ សូម្បីអង្គរវត្តខ្មែរធ្វើបាន រឿងអីធ្វើមិនបាន! ខ្ញុំយល់ថា សម្រាប់គាត់ធ្វើមិនបានទេ ត្រកូលហ៊ុនធ្វើមិនបានទេ លើកលែងតែមានមេដឹកនាំថ្មីទើបធ្វើបាន។ ហើយបើចង់ធ្វើបានត្រូវធ្វើម៉េចកាត់បន្ថយអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្នុងក្រសួង១០០នាក់ជាង ដាក់ត្រឹម៤នាក់បានហើយ ទីប្រឹក្សារាប់ពាន់រាប់ម៉ឺននាក់ហ្នឹង យកត្រឹម១០០នាក់បានហើយ។ ធ្វើម៉េចកាត់បន្ថយរដ្ឋាភិបាលក្បាលធំទៅ យើងអាចពង្រឹងវិស័យយោធាបានហើយ ហើយលុបបំបាត់អំពើពុករលួយ គ្រួសារនិយម បក្ខពួកនិយមទៅអាហ្នឹងមានលុយពង្រឹងវិស័យយោធាបានហើយ»។
ជាមួយគ្នានេះ លោក សុខ សុគន្ធ ហៅ ជែម សុខ ជាអតីតកងទ័ពខ្មែរកាលពីសម័យសង្គ្រាម និងជាអ្នកស្រាវជ្រាវ បានថ្លែងថា សង្គមកម្ពុជាបច្ចុប្បន្នមានកម្រិតអំពើពុករលួយធ្ងន់ធ្ងរបំផុត ហើយមេបញ្ជាការកងទ័ពធំៗច្រើនណាស់ ពាក់ដល់ផ្កាយ៤ ប៉ុន្តែមិនចេះអានផែនទី ហៅកាំភ្លើងធំ និងការរៀបចំការប្រយុទ្ធនៅសមរភូមិនោះទេ។ និយាយដូច្នេះមិនមែនលោកមើលងាយកងទ័ពខ្មែរនោះទេ ប៉ុន្តែគ្រាន់តែប្រាប់ឱ្យដឹងដើម្បីឱ្យមានការកែប្រែ។
លោក ជែម សុខ ដែលក៏ជាអ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមផងដែរនោះ បញ្ជាក់ថា ក្រៅពីរថក្រោះនិងកាំភ្លើងច្រូងច្រាង ដែលភាគច្រើនរៀបចំសម្រាប់តែត្រៀមបង្ក្រាបខ្មែរគ្នាឯង ដើម្បីការពារអំណាច កងទ័ពកម្ពុជាគ្មានគុណភាព និងគ្មានសមត្ថភាពក្នុងការប្រយុទ្ធនៅសមរភូមិ ដើម្បីច្បាំងការពារទឹកដីប្រឆាំងនឹងបរទេសឈ្លានពាននោះទេ។
ជាមួយគ្នានេះ លោកថា រចនាសម្ព័ន្ធកងទ័ពកម្ពុជា មិនបានរៀបចំឱ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតស្តង់ដារបច្ចេកទេសនោះទេ គឺរៀបចំតាមតែអំពើចិត្ត តាមបែបទ័ពព្រៃនៃពួកកុម្មុយនិស្តបើទោះបីជាកូនអ្នកធំមួយចំនួន រួមទាំងលោកហ៊ុន ម៉ាណែត បានទៅរៀននៅប្រទេសសេរីយ៉ាងណាក៏ដោយ ខណៈអ្នកដែលមានចំណេះដឹងមានជំនាញខាងកងទ័ពពិតប្រាកដ ត្រូវបានគេផាត់ចោលដោយលើកបន្តុបតែកូនអ្នកធំ ដែលគ្មានចំណេះគ្មានជំនាញបច្ចេកទេសយោធា។
លោកថា សូម្បីលោកហ៊ុន សែន មិនក៏មិនដែលបានចូលរៀននៅសាលានាយទាហាននោះដែរ ហើយក៏មិនដែលរៀនច្បាំងនៅសាលាវៀតណាមឡើយ នៅមុនពេលដែលវៀតណាមបានលើកបន្តុបឱ្យឡើងធ្វើជារដ្ឋមន្ត្រីការបរទេស។
លោកថា៖ «លោកហ៊ុន សែន អត់ចេះច្បាំងនៅក្នុងប្រតិបត្តិការសឹកវិន័យទេ។ លោកហ៊ុន សែន ចេះច្បាំងនៅក្នុងប្រតិបត្តិការសឹកទ័ពព្រៃ។ លោកហ៊ុន សែន មិនមែនជាមេទ័ពទេ មេទ័ពតែឈ្មោះតែផ្កាយតែគាត់មិនមែនមេទ័ពទេ។ បើយើងមើលពីប្រវត្តិគាត់ លោកហ៊ុន សែន អត់បានច្បាំងទេសង្គ្រាម៥ឆ្នាំនោះ។ នៅពេលដែលគេចាប់ផ្តើមច្បាំងខ្លាំង លោកហ៊ុន សែន ត្រូវរបួសទៅហើយ។ គាត់មិនមែនជាមេបញ្ជាការកងវារៈដែលស្វិតស្វាញទេ។ យើងរៀនគិតអ៊ីចឹង មិនមែនថា មើលស្រាលអីទេ មនុស្សអត់ដែលកាន់ទ័ពចេញច្បាំង ហើយអត់ដែលរៀនសាលាយោធា ចេះច្បាំងយ៉ាងម៉េច? តាសែនគាត់ពាក់ផ្កាយ៥មែន តែគាត់មិនដែលចូលសាលានាយទាហានឯណា? ហើយសង្គមយើងនេះ ពុករលួយដល់ចំណុចមួយដែលយើងអត់ជឿសាលាទេ យើងជឿសញ្ញាបត្រកេតអាចម៍»។
សម្រាប់ លោកអ៊ុំ សំអាន ជឿថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត នឹងមិនអាចធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋបង្រួមរដ្ឋាភិបាលក្បាលធំឱ្យមកតូចបានទេ ដូច្នេះលោកគ្មានរំពឹងអ្វីទៅលើការផលិតសម្ភារៈយោធាបានច្រើនគ្រប់គ្រាន់ ដើម្បីទប់ទល់ជាមួយថៃឈ្លានពានបាននោះទេ។ មន្ត្រីបក្សប្រឆាំងរូបនេះបានជំរុញឱ្យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គួរសម្ងំខំធ្វើការឱ្យបានច្រើន និងត្រូវប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ប្រសើរជាងការដើរនិយាយច្រើនបន្លំបន្លប់ពលរដ្ឋ ខណៈថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជានៅឡើយ។
លោកថា៖ «ទោះបីចាញ់សង្គ្រាមថៃ២ដងមកហើយ ហើយថៃឈ្លានពានទឹកដីខ្មែរយើងស្រេចចិត្ត នៅពេលនេះធ្វើរបងដាក់បន្លាលួសដាក់ទូរកុងតឺន័រ ជីកប្រឡាយអីអត់មានទៅទប់ស្កាត់ការឈ្លានពានរបស់ថៃផងហ្នឹង! គាត់អត់មានការអៀនខ្មាស ចេះតែអួត ទោះបីជាថៃយកទឹកដីអស់៦២ទីតាំងហើយ ក៏នៅតែអួតទៀត ដូច្នេះខ្ញុំយល់ថា ត្រកូលហ៊ុនកាន់អំណាច គឺកម្ពុជាអត់មានសមត្ថភាពការពារទឹកដីគ្មានសមត្ថភាពក្នុងការទាមទារទឹកដីមកវិញ ហើយក៏គ្មានសមត្ថភាពដើម្បីធ្វើឱ្យវិស័យយោធាហ្នឹង វាល្អជាងហ្នឹងនោះទេអត់មានអីប្លែកទេ គាត់និយាយបោកប្រាស់ ឱ្យប្រជាពលរដ្ឋជឿជាក់ត្រកូលហ៊ុន ដើម្បីឱ្យត្រកូលហ៊ុនអាចដឹកនាំប្រទេសតទៅមុខទៀតបាន»។
បន្ថែមពីនេះ លោក ម៉ែន ណាត លើកឡើងថា ការបន្តចុះមូលដ្ឋានជាមួយនឹងការថ្លែងសាររបស់លោកហ៊ុន សែន គឺជាការបង្កការរំខានទៅដល់ការងារមួយចំនួនរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ដែលកំពុងធ្វើដូចជាការថ្លែងទាក់ទងទៅនឹងវិវាទព្រំដែនជាមួយប្រទេសថៃ ដែលបានត្រឹមតែធ្វើឱ្យថៃខឹងសម្បារធ្វើឱ្យបញ្ហាព្រំដែនឡើងកម្តៅ ដោយមិនអាចជួយដោះស្រាយបញ្ហាអ្វីបានឡើយ។
លោកថា៖ «ហេតុអ្វីលោកហ៊ុន សែន ចេញមកថ្លែងការណ៍មិនចេះអៀនខ្មាស់ គាត់ដើរជួបប្រជាពលរដ្ឋជនភៀសសឹក គាត់ជួបឃោសនាធ្វើប្រជាភិថុតិដល់ប្រជាពលរដ្ឋ ខណៈសៀមឈ្លានពានទឹកដីកម្ពុជាមិនទាន់ដកដៃ។ គាត់ផ្ញើសារផ្តេសផ្តាស បង្កកំហឹងទៅដល់ថៃឈ្លានពានធ្វើឱ្យគេមានអរិយភាពស្អប់ខ្ពើមមេដឹកនាំកម្ពុជាថែមទៀត។ អ៊ីចឹងគេពង្រីកការឈ្លានពានតាមទំនើងចិត្តដូចសព្វថ្ងៃអ៊ីចឹង។ មិនដឹងថា លោកហ៊ុន ម៉ាណែត លោកទៀ សីហា ដែលជាក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល គាត់អាចទៅធ្វើអ្វីកើតនៅឡើយទេ។ ខ្ញុំយល់ថា លោកហ៊ុន សែន មិនគួរចេញទៅថ្លែងសារអីផ្តេសផ្តាសចឹងទេ គំរាមកំហែងបំបែកបំបាក់ជាតិខ្លួនឯង បង្ក្រាបគំរាមកំហែងពលរដ្ឋខ្លួនឯង គំរាមកំហែងក្រុមប្រឆាំងអ្នកប្រជាធិបតេយ្យ»។
សូមបញ្ជាក់ថា ទាក់ទងទៅនឹងការធ្វើកំណែទម្រង់កងទ័ព លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីពេលថ្មីៗនេះថា នៅពេលនេះរដ្ឋាភិបាលរបស់លោកកំពុងបន្តធ្វើកំណែទម្រង់ក្រសួងការពារជាតិ ដោយកាត់បង្រួមក្បាលឱ្យតូច ហើយពង្រីកខ្លួននិងជើងដៃឱ្យធំ៕








