ប្រទេសឥណ្ឌា បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនតាមនាវា កាលពីថ្ងៃទី១១ខែមិថុនា បន្ទាប់ពីមានការវាយប្រហារចំនួនបីលើករបស់អាមេរិក លើនាវាដឹកប្រេងដែលមាននាវិកជាជនជាតិឥណ្ឌានៅសប្តាហ៍នេះ រួមទាំងការវាយប្រហារមួយដែលបានសម្លាប់នាវិកចំនួនបីនាក់ផងដែរ។
ការស្លាប់បាត់បង់ជីវិតទាំងនេះ គឺជាការរាយការណ៍លើកដំបូងបំផុត ចាប់តាំងពីការបិទខ្ទប់របស់សហរដ្ឋអាមេរិក លើការដឹកជញ្ជូនតាមនាវាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមេសា ដែលក្នុងនោះកងកម្លាំងអាមេរិកបានធ្វើឱ្យខូចខាតនាវាចំនួន ៨គ្រឿង និងបានបង្វែរទិសដៅនាវាជាង ១០០ គ្រឿងផ្សេងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានប្រាប់អ្នកយកព័ត៌មានថា៖ «ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ និងបញ្ចប់ទៅ។ យើងក៏អំពាវនាវឱ្យមានការសន្ទនា និងការទូតផងដែរ ដើម្បីយើងអាចមានការវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឱ្យបានឆាប់រហ័ស»។
លោកបានមានប្រសាសន៍ថា ក្រសួងបានកោះហៅមន្ត្រីកិច្ចការបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុងញូវដេលី កាលពីថ្ងៃទី១០ខែមិថុនា ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងបំផុត បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេង Settebello នៅឆ្នេរសមុទ្រអូម៉ង់ ដែលបណ្តាលឱ្យនាវិកជនជាតិឥណ្ឌាបីនាក់បានស្លាប់។
បញ្ជាការដ្ឋានកណ្តាលនៃយោធាអាមេរិក បាននិយាយថា យន្តហោះអាមេរិកបានបើកការវាយប្រហារចំគោលដៅលើបន្ទប់ម៉ាស៊ីនរបស់នាវា Settebello «បន្ទាប់ពីនាវិកបានបរាជ័យជាដដែលៗ ក្នុងការអនុវត្តតាមការណែនាំពីកងកម្លាំងអាមេរិក» ដោយចោទប្រកាន់ថា នាវានេះបានប៉ុនប៉ងដឹកជញ្ជូនប្រេងចេញពីប្រទេសអ៊ីរ៉ង់។
ក្រុមហ៊ុនគ្រប់គ្រងនាវានេះ គឺ IOS Marine FZE បានបដិសេធការអះអាងដែលថា ខ្លួនបានព្រងើយកន្តើយនឹងការព្រមាន ឬបានដឹកប្រេងរបស់អ៊ីរ៉ង់ ដោយបានថ្លែងថា នាវា Settebello «មិនមានការទាក់ទង ឬពាក់ព័ន្ធណាមួយទាល់តែសោះជាមួយអ៊ីរ៉ង់ ឬប្រេងរបស់អ៊ីរ៉ង់» ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិប្រកបដោយតម្លាភាព។
កងទ័ពជើងទឹកអូម៉ង់ បានឆ្លើយតបនឹងការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ហើយនាវិកជនជាតិឥណ្ឌាចំនួន ២១ នាក់ ត្រូវបានជួយសង្គ្រោះ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា លោក Sarbananda Sonowal បាននិយាយថា ការស្លាប់របស់នាវិកទាំងបីនាក់ គឺជា «ការបាត់បង់ដ៏ធំធេងចំពោះគ្រួសារដែនសមុទ្ររបស់យើង»។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះ បានកើតឡើងនៅមុនកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 នាសប្តាហ៍ក្រោយ ដែលនៅទីនោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទំនងជានឹងមានការពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
កងកម្លាំងអាមេរិក ក៏បានធ្វើឱ្យខូចខាតនាវាដឹកប្រេង Marivex ដែលមាននាវិកជនជាតិឥណ្ឌានៅលើនោះផងដែរ កាលពីថ្ងៃទី៨ខែមិថុនា បន្ទាប់ពីនាវានេះ បានប៉ុនប៉ងបើកបរទៅកាន់កំពង់ផែអ៊ីរ៉ង់។ នាវាដែលជាគោលដៅនៃការបិទខ្ទប់ រួមមាន នាវារបស់អ៊ីរ៉ង់ ក៏ដូចជានាវាដឹកប្រេងដែលហៅថាកងនាវាស្រមោល (shadow fleet) ដែលត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រេងរងទណ្ឌកម្ម។
លោក Arsenio Dominguez អគ្គលេខាធិការនៃអង្គការដែនសមុទ្រអន្តរជាតិ (IMO) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃទី១០ខែមិថុនាថា៖ «ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់សកម្មភាពពីភាគីណាមួយ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតរបស់នាវិក និងសុវត្ថិភាពនៃការដឹកជញ្ជូនអន្តរជាតិ។ រឿងនេះគឺមិនអាចទទួលយកបានទាល់តែសោះ»៕









