អ្នក​ឃ្លាំ​មើល​​​ថា​សារ​លោក ហ៊ុន សែន ជា​ការ​លួង​ចិត្ត​ពលរដ្ឋ​​មិន​​មែន​​ជា​ជម្រើស​ប្តឹង​ថៃ​ដើម្បី​បុព្វ​ហេតុ​ទឹក​ដី​ទេ

អ្នក​​តា​ម​ដាន​​ស្ថាន​ការណ៍​​ព្រំដែន​​កម្ពុជា​-​ថៃ ​បង្ហាញ​​​ក្ដី​​បារម្ភ​​សារ​ជា​ថ្មី ចំពោះ​​កា​រ​​ឌឺដង​​របស់​​ប្រធាន​​ព្រឹទ្ធ​សភា​ លោក ហ៊ុន សែន ជា​មួយ​​មេដឹក​នាំ​​ថៃ ថា​នឹង​​អាច​​នាំ​​​ឱ្យ​​មាន​​សង្គ្រាម​​ជុំ​​ទី៣ ហើយ​​កម្ពុជា​​នឹង​​ប​ន្ត​​បាត់​បង់​​ទឹក​ដី​​បន្ថែ​ម​​ទៀត​​​ទៅ​​ប្រទេស​​ថៃ។ ចំណែក​​មន្ត្រី​​បក្ស​​ប្រឆាំង​​ថា ការ​​បាត់​​បង់​​ទឹក​ដី​​ជាង ៧០​​ទីតាំង​​កន្លង​​មក ក៏​​ដោយ​សារ​​តែ​​​អំនួត​​​របស់​​ប្រធាន​​គណបក្ស​​កាន់​​អំណាច​​រូប​​​នេះ​​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី១២ ខែ​មិថុនា​ថា សារ​​ឌឺ​​ដង​​រវាង​​ លោក ហ៊ុន សែន ជាមួយ​នឹង​​ពួក​​មេដឹក​នាំ​​ថៃ គឺ​​ជា​​​សញ្ញា​​អាក្រក់​មួយ​ឈាន​​ទៅ​​ផ្ទុះ​សង្គ្រាម​​សារ​ជាថ្មី​​​ទៀត។ លោក​​បន្ត​​ថា ការ​​ដែល​​លោក​ ហ៊ុន សែន និយាយ​​ច្រើន​​តាម​​វេទិកា​​នានា គឺ​​គ្រាន់​​ចង់​​បង្ហាញ​ថា ខ្លួន​​ខ្លាំង ប៉ុន្តែ​ជាក់​ស្ដែង​​គឺ​​លោក ហ៊ុន សែន កំពុង​តែ​​​ញុះ​ញង់​​​​​ទៅ​​វិញ​​ទេ។ យ៉ាង​ណា​ លោក​​ពុំ​​​លើក​​ទឹក​ចិត្ត​ដល់​​រដ្ឋាភិ​បាល​​ប្រើ​ប្រាស់​​កម្លាំង​​ដោះ​ស្រាយ​​បញ្ហា​​ឡើយ ដោយ​​គ្រាន់​​តែ​​ប្រើ​​សិទ្ធិ​​ការ​ពារ​​ខ្លួន​​ដោយ​ស្រប​ច្បាប់​អន្តរជាតិ​​ពី​ការ​ឈ្លានពាន​​របស់​ថៃ ហើយ​ត្រូវ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​​ដែល​​មាន​​ស្រាប់​ តាម​រយៈ​​ការ​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជាដើម។

លោក ម៉ែន ណាត ថ្លែងថា៖ «បច្ចុប្បន្ន​នេះ​ការ​និយាយ​ស្តី​របស់​លោក ហ៊ុន សែន ហ្នឹង​គឺ​​និយាយ​​ផ្ដេស​ផ្ដាស​​ហើយ បង្ក​រឿង​​ទៀត​ហើយ ហើយ​​បង្ក​​រំខាន​​ដល់​​ការងារ​របស់​កូនប្រុស​គាត់ លោក ហ៊ុន ម៉ាណែត ធ្វើការ​បង្កើត ព្រោះ​​លោក ហ៊ុន សែន និយាយ​​បង្ក​រំខាន​ទៅដល់​ការងារ​​របស់​រដ្ឋាភិបាល កំពុងធ្វើការ តាមពិត​លោក ហ៊ុន សែន​ គួរ​ណាស់​តែ​គាត់​ហៅ​ពួក​មន្ត្រី​ជាន់​ខ្ពស់​ ​​​​ឬ​​កូ​នប្រុស​​គាត់​​ហ្នឹង​​ទៅ​ណែ​នាំទៅ កុំ​និយាយ​សាធារណៈ ចង់​ធ្វើ​ស្អី​មួយ​បញ្ហា​ដោះស្រាយ​បញ្ហា​រឿង​ឈ្លានពាន​ហ្នឹង​ដោះស្រាយ​​ស្ងាត់ៗ និយាយ​ស្ងាត់ៗ រៀបចំ​តាម​យុទ្ធសាស្ត្រ​ទៅ»។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​​បែបនេះ បន្ទាប់​ពី​ប្រមុខ​រដ្ឋ​ស្ដីទី​ លោក ហ៊ុន សែន ថ្លែង​​ទៅ​កាន់​មន្ត្រី​របស់​​ខ្លួន​នៅ​ខេត្ត​បាត់ដំបង កាល​​ពី​ថ្ងៃទី១១ ខែ​​មិថុនា ជុំវិញ​​សារ​​គំរាម​​របស់​​នាយក​រដ្ឋ​មន្ត្រី​​ថៃ ​លោក អានុទីន ចាន់​វីរៈ​គុល (Anutin Charnvirakul) ទាក់​ទង​​នឹ​ង​​ការ​​បែក​ធ្លាយ​​​ព័ត៌​មាន​​ដឹក​​ជញ្ជូន​​រថគ្រោះ T59D របស់​ចិន ចំនួន ៩៣​គ្រឿង ​ប្រគល់​ឱ្យ​កម្ពុជា។

លោក ហ៊ុន សែន ថា ចំនួន​រថក្រោះ​ដែល​ចិន​ប្រគល់​មក​កម្ពុជា​នៅ​ពេល​នេះ មិន​ស្នើ​នឹង ១០​ភាគរយ​ នៃ​ចំនួន​រថក្រោះ​​ដែល​កម្ពុជា​​​មាន​នោះ​​ទេ។ ចំពោះ​រថក្រោះ​ជាង ៣០​គ្រឿង ​ដែល​ទើប​ទទួល​ពី​​ចិន លោក ហ៊ុន សែន អះអាង​ថា ពុំ​​បាន​​ចល័ត​ទៅ​កាន់​​ព្រំដែន​ដូច​ការ​ចោទ​របស់​ថៃ​ឡើយ ដោយ​កម្ពុជា​ត្រូវ​សាកល្បង​នៅ​កន្លែង​ហ្វឹក​ហាត់​ជាមុន​សិន។ លើស​ពី​នេះ ​​លោក​ឆ្លៀត​​​ឌឺដង​​​ថា បើ​មាន​បញ្ហា​​បន្ទាន់​កើតឡើង ពោល​គឺ​ថៃ​ឈ្លានពាន​នោះ លោក​នឹង​អាច​ដឹក​​​រថក្រោះ​ទាំង​នេះ​ទៅ​កាន់​ព្រំដែន​ភ្លាមៗ។ ប៉ុន្តែ​​លោក​បញ្ជាក់​ថា កម្ពុជា​មិន​ប្រើ​សព្វាវុធ​នេះ​ដើម្បី​ឈ្លានពាន​ប្រទេស​​ណា​ឡើយ។

​លោក ហ៊ុន សែន ថ្លែង​ថា៖ «រថក្រោះ​កន្លង​ទៅ​មាន​រាប់​រយ​គ្រឿង​ឯណោះ! ត្រឹម​តែ​ជាង ៣០​គ្រឿង និង​​មក​​ដល់​​ថែម​​ទៀត​​ប្រមាណ ៩០​​គ្រឿង គឺ​​​វា​​មិន​​ច្រើន​​ទេ​​សម្រាប់​កងទ័ព​កម្ពុជា»

សារ​ឌឺដង​នេះ​ ​​ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹកនាំ​ថៃ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​រឿង​រថក្រោះ​ចិន។ ប៉ុន្តែ​​ភាគី​​ថៃ​​ហាក់​​ពុំ​​ខ្លាច​​រអា​​ទេ​ ព្រម​ទាំង​​ព្រមាន​​កម្ពុជា​​​​ឱ្យ​​គិត​​ឡើង​​វិញ បើ​​ចង់​បង្ក​សង្គ្រាម​ជុំទី៣ ហើយ​ភាគី​ថៃ​ថា ខ្លួន​ស្វាគមន៍​គ្រប់​ពេល។

ការ​ព្រមាន​របស់ ​លោក អានុទីន ស្រប​ពេល​ដែល​ទាហាន​របស់​ខ្លួន​បន្ត​រាយ​​បន្លា​លួស ដាក់​​ទូ​កុងទឺន័រ និង​សង់​សំណង់​រឹង​មាំ មាន​​ផ្លូវ​បេតុង របង​ថ្ម រូប​ពុទ្ធ​បដិមា​ជាដើម នៅ​លើ​ទឹក​កម្ពុជា​ដែល​ថៃ​​​​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់ ជា​​ពិសេស​​​តំបន់​​​មុំ​​បី នៃ​​​ខេត្ត​​​ព្រះ​វិហារ ក៏​​ត្រូវ​​បាន​​ទាហាន​​ថៃ​​រាយ​​បន្លាយ​​លួស​​ព័ទ្ធ​​​យក​ដោយ​ឯកតោ​ភាគី ហើយ​កំពុង​ពង្រាយ​កង​ទ័ព​ដើម្បី​ឈ្លានពាន​ខ្មែរ​​ថែម​​ទៀត។

ជុំវិញ​បញ្ហា​នេះ ​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា ថ្លែង​នៅ​ថ្ងៃទី១២ ខែ​​មិថុនា ថា កម្ពុជា​មិនដែល​ឈ្លាន​ពាន ឬ​គំរាមកំហែង​​ប្រទេស​ណា​ឡើយ បើ​ទោះបី​ជា​ប្រទេស​នោះ​ខ្លាំង ឬ​ខ្សោយ​ជាង​ក៏ដោយ។ លោក​បន្ត​ថា ការផលិត ឬ​ទទួល​សម្ភារៈ​យោធា​​របស់​កម្ពុជា គឺ​ដើម្បី​តែ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ ដែល​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា​​តែ​ប៉ុណ្ណោះ ខណៈ​កម្ពុជា​បន្ត​ជំហរ​​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ហើយ​​កម្ពុជា​គ្រាន់តែ​ប្រើ​សិទ្ធិ​ស្របច្បាប់​​ដើម្បី​ការពារ​អធិបតេយ្យភាព បូរណ​ភាព​​ទឹក​​ដី​​ក្នុង​ករណី​​មាន​​ការ​រំលោភបំពាន។

​លោក ប៉ែន បូណា ថ្លែងថា៖ «សម្ដេច​ប្រមុខរដ្ឋ​ស្ដីទី​​ ក៏បាន​បញ្ជាក់​ថា កម្ពុជា​មិនដែល​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​​ចេញ​ផុត​ពី​ព្រំដែន​ទេ លើក​​លែង​តែ​បេសកកម្ម​ចូលរួម​​ថែរក្សា​សន្តិភាព​ ​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​តែប៉ុណ្ណោះ​។ រីឯ​ការផលិត​សម្ភារៈ​​យោធា​មិន​លំបាក​​សម្រាប់​កូន​ខ្មែរ​ជំនាន់​នេះ​ទេ ខណៈ​ដែល​ដូនតា​ខ្មែរ​ធ្លាប់​បាន​កសាង​​រហូតដល់​ប្រាសាទអង្គរវត្ត​ពី​អតីត​កាល»។

ចំណែក​ ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​តាមដាន​ការ​វិវឌ្ឍ​បញ្ហា​ព្រំដែន​ជា​ប្រចាំ មើល​ឃើញ​ថា សារ​របស់​​លោក ហ៊ុន សែន ធ្វើ​ឡើង​ដើម្បី​​សម្ញែង​​បង្អួត​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ខណៈ​ការ​ប្រយុទ្ធ​គ្នា​២​លើក​កន្លង​ទៅ កម្ពុជា​ពុំ​មាន​អ្វី​តតាំង​នឹង​ថៃ​ឡើយ ហើយ​រហូត​ដល់​​ពេល​នេះ​​​កម្ពុជា​ត្រូវ​បាត់បង់​ទឹកដី​ជាង ៧០​ទីតាំង​​នៅ​តាម​បណ្ដោយ​ព្រំដែន​ចំនួន ៦​ខេត្ត។

តំណាងរាស្ត្រគណបក្សប្រឆាំង ​លោក អ៊ុំ សំអាន យល់​ថា ការ​ឌឺដង​​របស់​លោក ហ៊ុន សែន មិនអាច​ការពារ​ទឹកដី​ខ្មែរ​បាន​ទេ ហើយ​​ទង្វើ​នេះ​​អាច​បង្ក​សង្គ្រាម​ឡើង​វិញ​ម្ដង​ទៀត ខណៈ​​កម្ពុជា​ពុំ​មាន​អ្វី​ទប់​ថៃ​ឡើយ។ លោក​បន្ត​ថា ការ​បាត់​បង់​​ទឹកដី​បន្ថែម​ទៀត មិន​មែន​ជា​រឿង​ល្អ​ទេ។ យ៉ាងណា លោក​ត្រឹម​តែ​ចង់​ឃើញ​កម្ពុជា​ប្រើ​សិទ្ធិ​ស្វ័យការពារ​​ពី​ការ​​រាយ​បន្លា​លួស ដាក់​ទូ​កុងទឺនឺរ និង​​សង់​ផ្លូវ​បេតុង​ព័ទ្ធ​យក​ទឹកដី​កម្ពុជា​​យ៉ាង​គឃ្លើន​តែ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន ថ្លែងថា៖ «​នៅ​ពេល​ដែល​អត់​ប្រើ​សិទ្ធិ​ស្វ័យការពារ​ហ្នឹង​ ​គឺ​យើង​មិនអាច​ទប់​ថៃ​មិន​ឱ្យ​ឈ្លានពាន​បន្ត​ទៀត ហើយ​ក៏​យើង​អត់​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​មាន​មធ្យោបាយ​ណា ​ដើម្បី​ទាមទារ​ទឹកដី​បាន​មកវិញ​ហ្នឹង ហើយ​​បណ្តោយ​​ឱ្យ​ថៃ​ឈ្លានពាន​ស្រេច​ចិត្ត​អភិវឌ្ឍ​ន៍​នៅ​លើ​ទឹកដី​ខ្មែរ​យើង​ស្រេច​ចិត្ត​ អត់​មាន​វិធានការ​ទប់ស្កាត់ ឬក៏​ទាមទារ​ទឹក​ដី​​មក​វិញ ដូច្នេះ​យើង​យល់ថា បើសិនជា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​ត្រកូល​ហ៊ុន ប្រាកដជា​នឹង​បាត់​ទឹកដី​ថែម​ទៀត ហើយ​​​ទឹកដី​ដែល​បាត់បង់​ហ្នឹង​ មិនអាច​ទាមទារ​បាន​មក​វិញ​នោះ​ទេ»

យ៉ាងណាក៏ដោយ អ្នកឃ្លាំមើល​ ​យល់​ថា កម្ពុជា​ពុំ​គួរ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ​ដោយ​ការ​ធ្វើ​សង្គ្រាម​ឡើង​វិញ​​នោះ​​ទេ ប៉ុន្តែ​ចាំបា​ច់​​ត្រូវ​​ប្ដឹង​​ថៃ​​ទៅ​​យន្ត​ការ​​អន្តរ​ជាតិ រួម​​មាន ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​តុលាការ​យុត្តិធម៌​​អន្តរ​ជាតិ (ICJ) និង​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជាដើម ព្រមទាំង​ធ្វើ​ចលនា​ការទូត​​ឱ្យ​បាន​ខ្លាំងក្លា​នៅ​​លើ​ឆាក​អន្តរជាតិ ដើម្បី​​​ដាក់​បន្ទុក​ឱ្យ​ថៃ​ងាក​មក​ចរចា​ដោយ​សន្តិវិធី និង​ប្រគល់​ដី​ដែល​កំពុង​ឈ្លានពាន​កាន់កាប់​​ដោយ​ខុស​ច្បាប់​​ឱ្យ​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ