យុវជន​រក​ឃើញ​ទុក្ខ​លំបាក​ពលរដ្ឋ​៥ភូមិ​តំបន់​ទន្លេ​សាប​ខេត្ត​បាត់​ដំបង​ក្រី​ក្រ​ខ្លាំង​គ្មាន​ផ្ទះនិ​ង​ដី​ស្រែ

ក្រុម​​យុវជន​​រ​ក​​ឃើញ​​ទុក្ខ​​លំបាក​​របស់​​ពលរដ្ឋ​​ចំនួន​ ៥ ភូមិ រស់​​នៅ​​តំបន់​​​បឹង​​ទន្លេ​សាប​ ក្នុង​​ស្រុក​​ឯក​ភ្នំ​​ ខេត្ត​​បាត់​ដំបង កំពុង​​ប្រឈម​​បញ្ហា​​ជីវភាព​​ខ្វះ​​​ខាត​​​ខ្លាំង​​​ ដោយ​​គ្មាន​​ផ្ទះ​​សម្បែង​​ត្រឹម​ត្រូវ​ គ្មាន​​ដី​​កសិកម្ម​​បង្ក​​បង្កើន​​ផល​ និង​​គ្មាន​​អាហារ​​ហូប​​ចុក​​គ្រប់​គ្រាន់​។

រីឯ​​ដង​​ស្ទឹង​​សង្កែ​ ​​ជា​សរសៃ​សេដ្ឋកិច្ច​​របស់​​ពលរដ្ឋ​ ​បាន​រីង​​​គោក​រាក់​ពុំ​​អាច​​​ធ្វើ​​នាវា​ចរណ៍​​បាន​ ហើយ​​ផ្លូវ​​គោក​​ឆ្លង​​កាត់​​ព្រៃ​​រនាម ​ក៏​ពិបាក​ទៀត ​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​អ្នកភូមិ​ ហាក់​​​ជាប់​គាំង​ទៅ​ណា​ពុំ​រួច​។

ពេល​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ព្រះ​សុរិយា​បញ្ចេញ​ពន្លឺ​បន្តិច​ម្ដងៗ​ សាយ​ភាយ​ពន្លឺ​រស្មី​ជះ​លើ​ផ្ទៃ​មេឃ​ ធ្វើ​ឱ្យ​​មើល​​ឃើញ​​កាន់​​តែ​​​ច្បាស់ ​អំពី​​ផ្ទះ​​របស់​​អ្នក​ភូមិ​​បាក់​ព្រា ជាង ៥០០​​គ្រួសារ​​​ភាគ​​ច្រើន​ រខេក​រខាក​ គ្មាន​​ដំបូល ផ្ទះ​​ខ្លះ​​គ្មាន​​ជញ្ជាំង​​ ផ្ទះ​​ខ្លាំង​​ទ្រុឌ​​ទ្រោម​​គ្រប​​តង់​​បាំង​​មិន​​ជិត​​ជុំ​ ហើយ​​អ្នក​ភូមិ​​ខ្លះ​​ទៀត​​គ្មាន​​ផ្ទះ​​ជ្រក​​កោន​​រស់​​​​នៅ​​ត្រឹម​ត្រូវ​​នោះ​​ឡើយ​ ដោយ​​រស់​​នៅ​​ផែ​​បណ្ដែត​​ទឹក​ ដែល​​រសាត់​​អែប​​ស្ទឹង​​សង្កែ​​កំពុង​​រីង​​គោក​​រាក់​ នា​​រដូ​វ​ប្រាំង។

ពលរដ្ឋ​​ទាំង​ ៥ភូមិ​ រស់​នៅ​តំបន់​បឹង​ទន្លេសាប​ ក្នុង​ឃុំ​ព្រៃចាស់​ ហាក់​រស់​​នៅ​​​ដោយ​ដាច់​ឡែក​ពី​ទី​ក្រុង បាត់បង់​គ្មាន​ភាព​​ស៊ី​​វិល័យ​ គ្មាន​ភាព​ស្រ​ណុក​​សុខ​ស្រួល​​សប្បាយ​​ហ៊ឺហា​​ដូច​អ្នក​ទី​ក្រុង​ឡើយ។

បើក្រឡេក​មក​មើល​ផ្ទៃ​មុខ​អ្នកភូមិ​ភាគ​ច្រើន​ មាន​​សាច់​​ឈាម​​ស្លេក​ស្លាំង​ សម្បុរ​​ខ្មៅ និង​​មុខ​​ជាំ​ ហាក់​​ដូច​​ជា​​គ្មាន​​អាហារ​​ហូប​​ចុក​​​គ្រប់​គ្រាន់​ គ្មាន​សេវា​គាំពារ​សង្គម​ត្រឹមត្រូវ។ រីឯកុមារវិញភាគច្រើនមិនចេះអក្សរ និងឈប់រៀនត្រឹមនៅ​​វ័យកុមារ។

យុវជន​រស់​នៅ​រាជ​ធានី​ភ្នំពេញ កញ្ញា ទូច ស្រីតូច ប្រាប់​វីអូឌី ​នៅ​ថ្ងៃ​ទី​១១​​ ខែ​មិថុនា​​ថា​ ទឹក​ស្ទឹង​​សង្កែ​​ដែល​​ជា​​ផ្លូវ​​ទឹក​​យ៉ាង​​សំខាន់​របស់​ពលរដ្ឋ ៥ភូមិ ​ធ្វើ​ដំណើរ​មក​ទី​រួម​ខេត្ត និង​បឹង​ទន្លេសាប​ មាន​ផ្នែក​ខ្លះ​រីង​រាក់​ខែ​ប្រាំង​ធ្វើ​ដំណើរ​មិន​​​មាន។ រីឯ​ផ្លូវ​គោក​ក៏​មិន​អាច​ធ្វើ​ដំណើរ​បាន ​ជា​ឧបសគ្គ​​ដែល​ធ្វើ​ឱ្យ​អ្នកភូមិ​ជាង ១ ពាន់​៣រយ​​គ្រួសារ ​រស់​នៅ​ឯកោ​​​​ដាច់​សង្វែង ពិបាក​​រក​​ការ​ងារ​​ធ្វើ​​ផ្គត់​ផ្គង់​​ជីវភាព​ ខណៈ​​ពលរដ្ឋ​​ភាគ​ច្រើន​​មាន​​ជីវភាព​​ពឹង​ផ្អែក​​លើ​​ផល​​នេសាទ​តែ​​ម្យ៉ាង។

កញ្ញា​បន្ថែម​ថា ទឹក​ស្ទឹង​សង្កែ​គោក​រាក់​​ខែ​ប្រាំង ធ្វើ​ឱ្យ​អ្នកភូមិ​ជួប​ការ​លំបាក​ស្វែង​រក​ប្រាក់​ចំណូល​។

កញ្ញា ទូច ស្រីតូច និយាយថា៖ «វិស័យ​​ទេស​ចរណ៍​​ហ្នឹង​ គាត់​​រៀ​ង​​គិត​គូរ​​តែ​​​កំពុង​​តែ​​នៅ​​​តំបន់​​នេះ ​​គឺ​​ភ្ញៀវ​​ទេស​ចរ​​គាត់​​​អាច​​មក​​បាន​​ទាំង​​រដូវ​ប្រាំង​​ទាំង​រដូវ​វស្សា។ បើ​អ្នក​ណា​គេ​គាត់​អត់​ចូលចិត្ត​ការ​ជិះ​ទូក​ជិះ​អី​ គាត់​អាច​មក​លេង​រដូវ​ប្រាំង​​បាន»។

កាល​ពី​ចុង​សប្តាហ៍​មុន​ដើម​ខែ​មិថុនា​នេះ ក្រុម​​យុវជន​ និស្សិត​ និង​​ពលរដ្ឋ​​រស់​​នៅ​​រាជ​​ធានី​​ភ្នំពេញ និង​​តាម​​ខេត្ត​​នានា​​​ជាង ៣០​នាក់ បាន​​ធ្វើ​​ដំណើរ​​ទៅ​​ទស្សន​​កិច្ច​​សិក្សា​​ស្វែង​យល់​​ពី​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​​​នៅ​ភូមិ​បាក់ព្រា ក្នុង​ឃុំ​​ព្រៃ​ចាស់​ ស្រុក​ឯកភ្នំ ប្រទះ​ឃើញ​ទិដ្ឋភាព​ផ្ទះ​របស់​​ពលរដ្ឋ​​ភាគ​​ច្រើន​​គ្មាន​​ការ​​រៀបចំ​​បាន​​ល្អ​ និង​​មាន​​សំរាម​​អណ្ដែត​​រាយ​​ប៉ាយ​​តាម​ដង​ស្ទឹង​សង្កែ។

ប្រការ​នេះ ​ពួកគេ​មើល​ឃើញ​ថា​​ អ្នក​ភូមិ​​ទាំ​ងនោះ​​​មិន​​ត្រូវ​​បាន​​អាជ្ញាធរ​​យក​​ចិត្ត​​ទុក​​ដាក់​​ការ​ពារ​​​សុខុ​មាល​ភាព​​សង្គម និង​​រៀប​ចំ​​ប្រព័ន្ធ​​អភិ​បាល​​កិច្ច​​ល្អ​ប្រសើរ​នោះ​ឡើយ។ ​

យុវជន​ម្នាក់​ទៀត លោក ទៀង សីហា មើល​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​អភិវឌ្ឍន៍​​ភូមិ​អ្នក​នេសាទ​ ៥​ភូមិ ជា​តំបន់​ទេស​ចរ​​ធម្មជាតិ ​ដោយ​សារ​សម្បូរ​ធនធាន​ធម្មជាតិ អភិរក្ស​ព្រៃ​លិច​ទឹក​ឱ្យ​គង់​ កសាង​ផ្លូវ និង​ជីក​ស្តារ​ស្ទឹង​សង្កែ​ឱ្យ​មាន​​ចរន្តទឹក​ផ្លាស់​ទី​បាន​ ដើម្បី​​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ។

លោក​មើល​ឃើញ​ថា ពលរដ្ឋ ៥ភូមិ ​បន្ត​រស់​នៅ​​យ៉ាង​​លំបាក​​លំបិន ដោយ​​ខ្វះ​​ប្រព័ន្ធ​​ការ​ពារ​​សង្គម​ គ្មាន​​ផ្លូវ​​ធ្វើ​​ដំណើរ​​ល្អ រួម​ផ្សំ​​ស្ទឹង​​សង្កែ​​គោក​​រាក់​ ធ្វើ​​ឱ្យ​​អ្នក​ភូមិ​​បន្ត​​រ​ស់​​នៅ​​យ៉ាង​​វេទនា​។

លោក ទៀង សីហា និយាយថា៖ «តំបន់​​នេះ​ ជា​​តំបន់​​មួយ​ដែល​​គួរ​តែ​​អភិវឌ្ឍន៍​​ឱ្យ​​​ទៅ​​​ជា​​តំបន់​​ដែល​​មាន​​សក្ដា​នុពល​​លើ​​វិស័យ​​ទេស​ចរណ៍​​បែប​​ធម្មជាតិ។ ទី​មួយ​ តំបន់​នេះ​ពោរពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ ជា​តំបន់​ដែល​មាន​ព្រៃ​លិច​ទឹក មាន​មច្ឆា​ជាតិ​ជា​ច្រើន​។ បើ​សិន​​ជា​យើង​អភិរក្ស​ទៅ​លើ​ព្រៃ​លិច​ទឹក​ដើម្បី​ឱ្យ​មាន​មច្ឆា​ជាតិ​ច្រើន​ យើង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ»។

ទេសភាព​នា​ព្រលឹម​​ព្រះ​សុរិយា​​ទើប​តែ​អស្ដង្គត ផ្ទះ​​អ្នកភូ​មិ​​ខ្លះ​​មាន​​ជីវភាព​​ធូរធារ​​មាន​​ភ្លើង​​អគ្គិសនី​ ​ហើយ​​ផ្ទះ​​អ្នក​​ភូមិ​​ខ្លះ​​ទៀត ប្រើ​​ភ្លើង​​ចង្កៀង​ និង​ភ្លើង​ចាប់​​អាគុយ ដោយសារ​តែ​ខ្វះ​ថវិកា​ភ្ជាប់​ចរន្តអគ្គិសនី​ ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង​​ទើប​តែ​ភ្ជាប់​អគ្គិសនី នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២៦​នេះ។

ថ្វី​ត្បិត​មើល​ពី​ខាង​ក្រៅ​ ឃើញ​ផ្ទះ​អ្នកភូមិ​ខ្លះ​សង់​​ផ្តុំ​គ្នា​​​ប្រប​ស្ទឹង​សង្កែ​ ជា​ជួរ​នៅ​កណ្ដាល​ព្រៃ​នាម ឬ​ព្រៃ​លិច​ទឹក​ ក្នុង​តំបន់​​បឹង​​ទន្លេ​សាប​ ក៏ប៉ុន្តែ​អ្នកភូមិ​ថា ​ដី​ដែល​ពួកគាត់​រស់​នៅ​បច្ចុប្បន្ន​នេះ ​ជា​ដី​របស់​ទាហាន ពុំ​​មែន​​ជា​​ដី​​កម្ម​សិទ្ធិ​​ផ្ទាល់​​ខ្លួន​​របស់​​ពួក​គាត់​​នោះ​​ឡើយ។

អ្នកភូមិ​ខ្លះ​ដើរ​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​កសិកម្ម និង​ខ្លះ​ទៀត​​ធ្វើកម្មករ​សំណង់​ដោយ​ពឹង​ផ្អែក​ទៅ​លើ​​កម្លាំង​​ញើស​​ឈាម ទទួល​​បាន​​ប្រាក់​​កម្រៃ​​តិច​តួច​​នៅ​​តំបន់​​ខេត្ត​​ឆ្ងាយ​ៗ និង​ទី​រួម​ខេត្ត​បាត់ដំបង។ 

កំពង់​អង្គុយ​លើ​ផែ​បណ្ដែត​ទឹក ដែល​ជា​ជម្រក​រស់​នៅ​រាល់​ថ្ងៃ គឺ​អ្នក​ស្រី គិត ឌូ ប្រាប់​​ថា​ គ្រួសារ​​អ្នក​ស្រី​​គ្មាន​​ផ្ទះ​​សម្បែង និង​​ដី​​ស្រែ​​ចម្ការ​​ចិញ្ចឹម​​ជីវិត​​នោះ​​ទេ ហើយ​ជីវិត​រស់​នៅ​រាល់​ថ្ងៃ​ ផ្ញើ​នឹង​បឹង​ទន្លេសាប។

អ្នកស្រី​ថា ពលរដ្ឋ​ក្រីក្រ​ពិបាក​រក​ត្រី​លក់​ចិញ្ចឹម​ជីវិត​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​​ច្រើន​ទិញ​ឧបករណ៍​នេសាទ ទើប​អាច​​​ចាប់​​ត្រី​​បាន​ច្រើន ផ្ទុយ​ពី​អ្នក​មាន​លុយ​។ អ្នកស្រី​ថា គ្រួសារ​អ្នកស្រី​គ្មាន​ប្រាក់ ទិញ​ឧបករណ៍​នេសាទ​ត្រី​នោះ​ទេ។

អ្នកស្រី គិត ឌូ និយាយថា៖ «ខ្ញុំ​រស់​នៅ​ផែ​លើ​ទឹក ក្រីក្រ​អត់​ពិត​ប្រាកដ​ សូម្បី​​តែ​ដីធ្លី​ក៏​គ្មាន​ដែរ។ រស់​នៅ​ជីវិត​​ជា​អ្នក​នេសាទ​នេះ ក៏​គ្មាន​ឧបករណ៍​រក​គ្រប់​គ្រាន់​ដែរ​អត់​ ខ្វះ​ខាត​ទាំង​អស់​ ដូច​ជា​មង ដូច​ជា​ស្មាច់​ សម្ភារៈ​​រក​ហ្នឹង​អត់​ទាំង​អស់​ ហើយ​មេឃុំ​នៅ​ទី​នេះ​​មើល​​អត់​​ឃើញ​​ទេ​ ឃើញ​​តែ​​​គ្នា​​គេ​​តាម​​ខ្សែ»។

អ្នកភូមិ​បាក់ព្រា​ម្នាក់​ទៀត គឺ​លោក សាន ពន្លក ឱ្យ​ដឹង​ថា​ អ្នកភូមិ​បាក់ព្រា​​ជាង ៥០០គ្រួសារ​ មាន​​ជីវភាព​ពឹង​ផ្អែក​លើ​​ផល​នេសាទ​តែ​ម្យ៉ាង ស្រប​ពេល​ដែល​ទិន្នផល​ត្រី​កាន់​តែ​ថយ​ចុះ​ទៀត ធ្វើ​ឱ្យ​ពួកគាត់​កាន់​តែ​លំបាក​ខ្លាំង គ្មាន​មុខ​​របរ​ផ្សេង​ចិញ្ចឹម​ជីវិត។​

លោក​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ការពារ​ព្រៃ​លិច​ទឹក​ឱ្យ​គង់​​ជា​អាយុ​ជីវិត​របស់​អ្នក​នេសាទ​​ទាំង ៥​ភូមិ ពឹង​​ផ្អែក​​លើ​​បឹង​​ទន្លេ​​​សាប​​​ជា​​​ប្រភព​​សេដ្ឋ​កិច្ច។

លោកថា៖ «មុខ​របរ​ណា​ដែល​គេ​ហាមឃាត់​ យើង​នាំ​គ្នា​ឈប់​រក​ទៅ​ យើង​រក​សមញ្ញា​បាន​បន្តិចៗ​ប្រចាំ​ ហើយ​​យើង​មាន​មុខ​របរ​ផ្សេងៗ​ យើង​ឈប់​រក​របរ​ណា​ គេ​ហាម​ឃាត់។ ទី​មួយ​គេ​ហាម​ឃាត់​ ហើយ​​ទីពីរ​ មុខ​របរ​ធំ​ៗ​ នេសាទ​ធំ​ៗ​យើង​នាំគ្នា​ឈប់​រក​ទៅ​ បាន​ត្រី​ហ្នឹង​សំបូរ​នៅ​ក្នុង​បឹង​ទន្លេ​សាប​យើង​វិញ»។

មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ជាង ១​ពាន់​៣រយ​​គ្រួសារ រស់​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ ក្នុង​ភូមិ​ចំនួន៥ ក្នុង​​ឃុំ​​ព្រៃ​​ចាស់ ស្រុក​​ឯកភ្នំ ភាគ​​ច្រើន​​នេសាទ​​ត្រី​ចិញ្ចឹមជីវិត តាំង​​ពី​​​បុរាណ​​កាល​​មក​។

តំបន់​នោះ​មាន​ទេសភាព​ញែក​ជា ពីរ​រវៀង​រដូវ​ប្រាំង និង​វស្សា​ ដោយ​រដូវ​វស្សា​ចាប់​ពី​ខែ​សីហា​ ដល់​ខែ​វិច្ឆិកា រដូវ​ទឹក​ឡើង​ ផ្ទះ​​របស់​ពលរដ្ឋ​ ៥​ភូមិ ​អណ្ដែត​នៅ​លើ​ទឹក​បង្កើត​បាន​​ជា​សម្រស់​ធម្មជាតិ​ស្អាត។ ចំណែក​ឯ​រដូវ​ប្រាំង​វិញ​រយៈ​​ពេល ៦ ខែ​ តំបន់​​ភូមិ​អ្នក​នេសាទ​ទាំង​នោះ ហាក់​នៅ​កណ្ដាល​ព្រៃ​រនាម​ អែម​ស្ទឹង​សង្កែ​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ទឹក​​ជាង ១ម៉ោង ទើប​ផុត​ព្រៃ​លិច​ទឹក​ចូល​ដល់​ផ្ទៃ​បឹង​ទន្លេសាប។

មេឃុំ​ព្រៃ​ចាស់ ស្តីទី លោក វ៉ាន់ សារុំ មាន​ប្រសាសន៍​ថា​ ​ក្រសួង​ទេសចរ​ណ៍​មានគ្រោង​អភិវឌ្ឍន៍​តំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិ​បាក់ព្រា ដោយសាងសង់កំពង់ផែស្ងួតមួយ នៅភូមិបាក់ព្រាជាផ្នែកមួយ​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរ លើក​​កម្ពស់​​ជីវភាព​​សហគមន៍។

លោក​ទទួល​​ស្គាល់​​ថា ពលរដ្ឋ​​​​មាន​​ជីវ​ភាព​​ខ្វះ​ខាត​ ហើយ​​​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​តំបន់​នេះ ​ជា​គោលដៅ​ទេសចរណ៍​​ធម្មជាតិ ដើម្បីបង្កើនមុខរបរពលរដ្ឋបន្ថែម។

លោក វ៉ាន់ សារុំ និយាយថា៖ «គាត់ (ក្រសួង)នឹង​ចុះ​មក​តំបន់​នេះ ​គាត់​រក​បង្កើត​កំពង់ផែ​ ឈ្នួល​មួយ​ នៅ​​​តំបន់​​​បាក់​ព្រា​នេះ ហើយ​ស្ទឹង​នេះ​យើង​នឹង​អាច​មាន​ការ​​​កែ​លម្អ​ម៉េច​ទៅ​តាម​ខាង​ក្រសួង»។

ជុំវិញ​រឿង​នេះ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​​អង្គការ​លីកាដូ​ (LICADHO) ប្រចាំ​​ទិស​​ខេត្ត​​ភាគ​​ពាយ័ព្យ​ លោក អ៊ិន គង់ជិត យល់​​ថា ការ​​មើល​​ឃើញ​​របស់​ក្រុម​យុវជន​ជា​រឿង​ល្អ ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង​​​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​ចំ​គោលដៅ ​ដោយ​ត្រូវ​ពន្លឿន​ការ​អភិវឌ្ឍ​​​សហគមន៍​នេសាទ​ឱ្យ​រីក​ចម្រើន​ផ្នែក​ជីវភាព​ ភ្ជាប់​នឹង​វិស័យ​ទេសចរណ៍។

លោក អ៊ិន គង់ជិត ថ្លែងថា៖ «ការ​បង្កើត​តំបន់​អេកូ​ទេសចរណ៍​នៅ​ហ្នឹង​វា​ជា​ការ​ល្អ​​ដែរ​ រួម​ចំណែក​ឱ្យ​សហគមន៍​​នេសាទ​គាត់​រក​ចំណូល​បន្ថែម។ កាល​ណា​បើ​សិន​ជា​មាន​ផ្លូវ​គមនាគមន៍​ទៅ​កាន់​តំបន់​ហ្នឹង ​វា​ធ្វើ​ឱ្យ​ជីវភាព​របស់​គាត់​បាន​ល្អ​ប្រសើរ ប្រែ​មុខ​មាត់​ថ្មី​ ដោយសារ​គាត់​អាច​យក​កសិផល​មក​លក់​នៅ​ក្រុង​បាត់​ដំបង​យើង​បាន»។

ក្រុម​យុវជន និង​ពលរដ្ឋ ​ទទូច​ឱ្យ​រដ្ឋាភិ​បាល​​ពន្លឿន​​អភិវឌ្ឍន៍​​ភូមិ​​អ្នក​​​នេសាទ​​​ក្នុង​​តំប​ន់​បឹង​ទន្លេសាប ​ជា​តំបន់​ទេស​​ចរ​ណ៍​​ធម្មជាតិ​​គ្រប់​​រដូវ​​កាល ដោយ​​ត្រូវ​​ជីក​​ស្ដារ​​ស្ទឹង​​សង្កែ​​អាច​ធ្វើ​នាវាចរណ៍​បាន​គ្រប់​រដូវ​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​​លើក​កម្ពស់​ជីវភាព​សហគមន៍​អ្នកនេសាទ។

បន្ថែម​ពី​នេះ ពួកគេ​ចង់​ឃើញ​អាជ្ញាធរ​រៀបចំ​ភូមិ​ក្នុង​តំបន់​បឹង​ទន្លេសាប​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ មាន​បរិស្ថាន​ស្អាត​ រក្សា​​​ព្រៃ​លិច​ទឹក ​បង្កើត​​ជា​តំបន់​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​​ផ្តល់​​ដី​​សម្បទាន​​សង្គម​​កិច្ច​​ជូន​​ពលរដ្ឋ​​ក្រីក្រ​ ធ្វើ​​កសិ​​កម្ម​​​ចិញ្ចឹម​​​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ