កង​កម្លាំង​ប្រដាប់​អាវុធ​អង់​គ្លេស​ស្ទាក់​ចាប់​នាវា​ដឹក​ប្រេង​​«កង​នាវា​ស្រមោល»​របស់​រុស្ស៊ី នៅ​សមុទ្រ​ឡាម៉ង់

នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក Keir Starmer បាន​បញ្ជាក់​ថា កង​កម្លាំង​ប្រដាប់​អាវុធ​អង់​គ្លេស​បាន​ស្ទាក់​ចាប់ និង​ឡើង​ត្រួត​ពិនិត្យ​លើ​នាវា​ដឹក​ប្រេង​នៃ «កង​នាវា​ស្រមោល» របស់​រុស្ស៊ី​មួយ​គ្រឿង​ឈ្មោះ Smyrtos ដែល​បើក​បរ​ក្រោម​ទង់​ជាតិ​ប្រទេស​កាមេរូន នៅ​ច្រក​សមុទ្រ​ឡា​ម៉ង់ (Channel) កាល​ពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​១៤​ខែ​មិថុនា។

នៅក្នុងប្រ​តិបត្តិ​ការ​រយៈ​ពេល ៦ ម៉ោង ដែល​ជា​ប្រតិ​បត្តិ​ការ​លើក​ដំបូង​បង្អស់​ដឹក​នាំ​ដោយ​ចក្រ​ភព​អង់​គ្លេស កង​កុម្មង់​ដូជើ​ង​ទឹក​ភូមិន្ទ (Royal Marine commandos) និង​មន្ត្រី​មក​ពី​ទីភ្នាក់​ងារ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ជាតិ បាន​ឡើង​គ្រប់​គ្រង​នាវា​នោះ។ បច្ចុប្បន្ន នា​វា​នេះ​កំពុង​បោះ​យុថ្កា​នៅ​ឆ្នេរ​សមុទ្រ Dorset ដើម្បី​តាម​ដាន​ចំពោះ​បញ្ហា​បរិ​ស្ថាន ឬ​សុវត្ថិ​ភាព។

អាជ្ញាធរអង់គ្លេស និយាយ​ថា នាវា Smyrtos គឺ​ជា​នាវា​មួយ​ក្នុង​ចំណោម​នាវា​ប្រមាណ ៧០០ គ្រឿង​នៃ​កង​នាវា​ស្រមោល ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹក​ជញ្ជូន ៧៥% នៃ​ការ​នាំ​ចេញ​ប្រេង​របស់​រុស្ស៊ី។ កង​នាវា​នេះ​ផ្តល់​ឱ្យ​រុស្ស៊ី​នូវ «ខ្សែ​ជីវិត​​ដ៏​សំខាន់» ក្នុង​ការ​រក​ចំណូល​ដើម្បី​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយ​ក្រែន។

លោក Starmer បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ប្រតិបត្តិការ​ដ៏​ជោគ​ជ័យ​នេះ បា​ន​ផ្តល់​ការ​វាយ​ប្រហារ​មួយ​កម្រិត​ទៀត​ទៅ​លើ​រុស្ស៊ី និង​រំលឹក​ដល់​អ្នក​ដែល​កំពុង​ជួយ​បង្កាត់​ភ្លើង​សង្គ្រាម​របស់​លោក​ ពូទីន ថា យើង​នឹង​មិន​បណ្តោយ​ឱ្យ​ពួក​គេ​លាក់​ខ្លួន​ឡើយ»។

ក្រសួងការពារជាតិ បានឱ្យដឹងថា ប្រតិបត្តិការយោធានេះ ទទួលបានការគាំទ្រពី​ឧទ្ធម្ភាគ​ចក្រ និង​នាវា​ជើង​ទឹក​ជា​ច្រើន ដោយ​អនុវត្ត​ឡើង​ក្រោម​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បារាំង។ ក្រសួង​បាន​បន្ថែម​ថា​ ចក្រ​ភព​អង់​គ្លេស​បាន​​ដាក់​ទណ្ឌ​កម្ម​លើ​នាវា​ស្រមោល​ជាង ៥០០ គ្រឿង​រួច​មក​ហើយ ដែល​ធ្វើ​ឱ្យ​ចំណូល​ពី​ប្រេង និង​ហ្គាស​របស់​រុស្ស៊ី​ធ្លាក់​ចុះ ២៤% នៅ​ក្នុង​ឆ្នាំ​២០២៥។ កាល​ពី​ខែ​មីនា លោក Starmer ក៏​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​យោធា​អង់​គ្លេស​ឡើង​ត្រួត​ពិនិត្យ​លើ​នាវា​ទាំង​ឡាយ​ណា​ដែល​ស្ថិត​ក្រោម​ទណ្ឌ​កម្ម ដែល​បើក​កាត់​ដែន​ទឹក​របស់​ខ្លួន​ផង​ដែរ។

លោក Al Carns អតីតរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ បានប្រាប់ BBC ថា ប្រតិបត្តិការនេះ​ត្រូវបាន​អនុវត្តយ៉ាង​ល្អឥតខ្ចោះ ដោយកងទ័ពបានប្រើប្រាស់ឧទ្ធម្ភាគចក្រហោះហើរទាប និងរអិលខ្សែចុះទៅលើនាវា។ នៅពេលសួរថា ហេតុ​​អ្វី​បានជាមិនធ្វើបែបនេះពីមុនមក លោកបានពន្យល់ថា កាលពីមុនមាននាវាចម្បាំងរបស់រុស្ស៊ីនៅចាំការពារ ហើយ​ការឡើងត្រួតពិនិត្យនេះត្រូវទាមទារឱ្យឆ្លើយតបត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ និង​ទំនិញដឹកជញ្ជូន។ លោកបាន​បន្ថែមថា ចក្រភពអង់គ្លេសធ្លាប់បានជួយប្រទេសផ្សេងទៀតដូចជា អាមេរិក និងបារាំង ក្នុងការធ្វើបែបនេះ ហើយ​បន្ទាប់ពីប្រតិបត្តិការលើកដំបូងនេះ​ជោគ​ជ័យ អង់​គ្លេសអាច​នឹង​ធ្វើវាកាន់តែច្រើន​ថែម​ទៀត ប្រសិន​បើមាន​ឱកាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ