អង្គការ​ Freedom House ស្នើ​​រដ្ឋាភិ​បាល​​កម្ពុជា​​ដោះ​លែង​​​​​មេធាវី​​​ខ្មែរ​​អាមេរិ​កាំង​​កញ្ញា សេង ធារី ជា​​បន្ទាន់

អង្គ​ការ Freedom House ដែល​​មាន​​មូល​ដ្ឋាន​​​នៅ​​សហរដ្ឋ​អាមេ​រិក ​​ស្នើ​​យ៉ាង​​ទទូច​​​ឱ្យ​​រដ្ឋាភិ​បាល​​​លោក ហ៊ុន ម៉ាណែត ដោះ​លែង​​​មេធាវី​​ខ្មែរ​​អាមេរិ​កាំង​ ​កញ្ញា សេង ធារី ជា​​បន្ទាន់ និង​​គ្មាន​​លក្ខ​ខណ្ឌ។

ការ​​ទាម​ទារ​​នេះ ​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃទី១៤ ខែ​មិថុនា ចំ​ខួប ៤​​ឆ្នាំ​​នៃ​​ការ​​​ចាប់​​ឃុំ​​ខ្លួន​ ​កញ្ញា សេង ធារី ដោយ​​អង្គ​ការ​​នេះ​​អះ​អាង​​​ថា ករណី កញ្ញា សេង ធារី នៅ​​តែ​​បន្ត​​ទាក់​ទាញ​​ការ​​ចាប់​អារម្មណ៍ និង​​​ព្រួយ​​បារ​ម្ភ​​ខ្លាំង​​ពី​​សហគមន៍​​អន្តរ​ជាតិ។

អង្គការ Freedom House អះអាង​ថា ការ​បន្ត​ឃុំឃាំង​​កញ្ញា សេង ធារី បាន​ឆ្លុះបញ្ចាំង​ពី​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​សេ​រីភាព​​ក្នុង​ការ​បញ្ចេញមតិ ការចូលរួម​នយោបាយ និង​លំហ​សេរីភាព​ពលរដ្ឋ​នៅ​​កម្ពុជា ខណៈ​​​កម្ពុជា​​នៅ​​បន្ត​​ប្រឈមមុខ​នឹង​ការ​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ខ្លួន កញ្ញា សេង ធារី ដែល​ជា​អ្នកទោស​​នយោបាយ​ម្នាក់​ក្នុង​ចំណោម​​អ្នក​ទោស​នយោបាយ​ដទៃទៀត ​​ដែល​ត្រូវ​បាន​ទទួលស្គាល់​ខ្លាំង​ជាង​គេ​ជា​អន្តរ​ជាតិ។

អង្គការ​នេះ​ បន្ត​ដោយ​រំលឹក​ប្រវត្តិ​មួយ​ចំនួន​របស់ ​កញ្ញា សេង ធារី ដែល​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​យ៉ាង​ក្លាហាន តាមរយៈ​ការ​ស្លៀក​ពាក់​រូបសំណាក​សេរីភាព​ជាដើម ​​ឈរ​នៅ​​មុខ​តុលាការ​រង់ចាំ​ចៅក្រម​ប្រកាស​សាលក្រម។ អង្គការ​​នេះ​​យល់​​ថា ​នេះ​គឺ​ជា​ភាព​អយុត្តិធម៌​ចុងក្រោយ​បង្អស់​ ​ដែល​បាន​ធ្លាក់​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​បាន​លះ​បង់​​មួយ​​​ជីវិត​​ ក្នុង​ការ​តស៊ូ​​​ដើម្បី​​សេរីភាព។

អង្គការ​អន្តរជាតិ​នេះ ​ក៏​លើក​ឡើង​ពី​ខ្សែ​ជីវិត​របស់​កញ្ញា សេង ធារី ដែល​ត្រូវ​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ បន្ទាប់​ពី​ទាហាន​​​ខ្មែរ​ក្រហម​​សម្លាប់​ឪពុកម្ដាយ​របស់​កញ្ញា នៅ​អាយុ​ត្រឹម ៧​ឆ្នាំ។ បន្ទាប់​មក​កញ្ញា​បាន​​ទៅ​រស់​នៅ​សហរដ្ឋ​អាមេ​រិក និង​​ក្លាយ​ជា​មេធាវី​​សិទ្ធិមនុស្ស​ម្នាក់ ហើយ​កញ្ញា​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០០៤។

កញ្ញា សេង ធារី ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ផ្ដន្ទាទោស​នាង​​ឱ្យ​​ជាប់​ពន្ធនា​គារ​រយៈពេល ៦ ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់។ ក្រោយ​ចាប់​ខ្លួន និង​ឃុំឃាំង​មេធាវី​​ខ្មែរ​​សញ្ជាតិ​អាមេរិកាំង​រូប​នេះ អង្គការ​អន្តរជាតិ​នានា រួមមាន​អង្គការ​សហប្រជាជាតិ និង​អង្គការ Freedom House ​សុទ្ធ​តែ​បាន​អំពាវនាវ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​នាង​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

អង្គការ Freedom House ​មើលឃើញ​ថា កញ្ញា សេង ធារី មិន​រារែក​ចំពោះ​ការ​គំរាមកំហែង ទោះ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ដោយ​បន្ត​រិះគន់​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​នៅ​លើ​បណ្ដាញ​សង្គម និង​កៀរគរ​ការ​គាំទ្រ​ដល់​មេដឹក​នាំ​​បក្ស​ប្រឆាំង​​​គឺ​លោក សម រង្ស៊ី ដែល​ព្យាយាម​វិល​ត្រឡប់​មក​ឆាក​នយោបាយនៅ​​​កម្ពុជា​វិញ។

អង្គការ​អន្តរជាតិ​នេះ ​បន្ត​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​បក្ខពួក មិន​បាន​យល់​ថា កញ្ញា សេង ធារី ជា​​​នរណា​នោះ​ទេ ខណៈ​សកម្មជន​រូប​នេះ​ជា​អ្នកតស៊ូ​ម្នាក់​ដែល​មិន​ព្រម​បោះបង់​ការ​ប្រយុទ្ធ​ដើម្បី​សេរីភាព ដែល​មាន​សញ្ជាតិ​​អាមេរិក និង​ខ្មែរ ហើយ​អាច​គេចខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​យ៉ាង​ងាយស្រួល​ក្នុង​កំឡុង​ពេល​សវនាការ។ ប៉ុន្តែ កញ្ញា​​​នៅ​បន្ត​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល និង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ជាប់​ពន្ធនាគារ។ លើស​ពី​នេះ កញ្ញា​ក៏​បាន​ធ្វើ​កូដកម្ម​​អត់​អាហារ​ចំពោះ​​ការ​គាបសង្កត់​សិទ្ធិ​មួយ​ចំនួន​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជាដើម។

ជុំវិញ​ករណី​នេះ ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុន ឆ័យ ថ្លែង​ប្រាប់​វីអូឌី​​នៅ​ថ្ងៃទី១៥ ខែ​មិថុនា ថា លោក​​គាំទ្រ​សំណើ​របស់​អង្គការ Freedom House និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឆ្លើយ​​តប​ជា​វិជ្ជមាន​ចំពោះ​អង្គការ​​ដែល​មាន​​ឥទ្ធិពល​លើ​ក្រុម​ប្រទេស​លោក​សេរី រួម​ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាប់​ឱកាស​នៅ​ក្បែរ​សហគមន៍​អន្តរ​ជាតិ ដោយ​ចាប់​ផ្ដើម​ប្រើ​គោលការណ៍​​​​ដោះលែង​​អ្នកទោស​បាន​ជាប់​ពន្ធនាគារ ពីរ​ភាគ​បី​រួច​ហើយ ដូច​ករណី កញ្ញា សេង ធារី ជាដើម។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ធ្វើ​បាន​​​នោះ វា​នឹង​ជួយ​ស្ដារ​មុខ​មាត់​​​កម្ពុជា​ដែល​កំពុង​ជួប​ការ​​លំបាក​​​ស្រាប់ ហើយ​លោក​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​​ទោស​​នយោបាយ​ទាំង​អស់ ដើម្បី​​រក្សា​ទំនាក់ទំនង​ជាមួយ​​ប្រទេស​លោក​សេរី។

លោក សុន ឆ័យ ថ្លែង​ថា៖ «ខ្ញុំ​យល់ថា​អង្គការ Freedom House ជា​អង្គការ​ឯករាជ្យ និង​ជា​អង្គការ​ដ៏​សំខាន់​មួយ​របស់​​សហរដ្ឋ​អាមេរិក ដែល​មាន​តួនាទី​ក្នុង​ការ​ការពារ និង​តាមដាន​នូវ​ការ​រីកចម្រើន​ក្នុង​វិស័យ​លទ្ធិ​ប្រជាធិប​តេយ្យ សេរីភាព​នយោបាយ និង​​សេរីភាព​នៃ​ការរស់នៅ​របស់​ពលរដ្ឋ​ទាំងឡាយ​ក្នុង​ពិភពលោក។ របាយការណ៍​របស់​អង្គការ​នេះ ​តែង​យកចិត្តទុកដាក់​ជា​មូល​ដ្ឋាន​នៃ​ការ​សម្រេចចិត្ត​របស់​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក ហើយក៏​ជា​ការ​យកចិត្តទុកដាក់​ពី​អ្នកដឹកនាំ​នៃ​​ប្លុក​លោក​សេរី​ក្នុង​ពិភពលោក​ដែរ ក្នុង​ការ​ពិនិត្យ​មុននឹង​ផ្តល់​ជំនួយ​​ផ្នែក​សេដ្ឋកិច្ច ឬក៏​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​​ណាមួយ​ក្នុង​ពិភពលោក​នោះ»។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា ដែល​តាមដាន​ស្ថានការណ៍​នយោបាយ​​កម្ពុជា​មើល​​ឃើញ​​ថា ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី មិន​មាន​ភាព​ចំណេញ​អ្វី​សម្រាប់​រដ្ឋាភិបាល​ឡើយ។ លោក​បន្ត​​ថា អ្វី​ដែល​កម្ពុជា​ត្រូវការ​​បច្ចុប្បន្ន​គឺ​សំឡេង​នៃ​ការ​គាំទ្រ និង​ភាព​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​សេរី ដើម្បី​ដោះស្រាយ​បញ្ហា​​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​រំលោភ​បំពាន​របស់​ថៃ តាមរយៈ​ការ​ដាក់​សម្ពាធ​ឱ្យ​ថៃ​​ឈប់​ឈ្លានពាន​ដែន​អធិបតេយ្យភាព​​កម្ពុជា។

លោក ប៉ោ មករា ថ្លែងថា​៖ «ពីព្រោះ​កម្ពុជា​ត្រូវការ​​ការ​គាំទ្រ​ និង​ការ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​សេរី​មួយ​ចំនួន​ ដូចជា ​សហរដ្ឋអាមេរិក សហគមន៍​អន្តរជាតិ ដើម្បី​ឱ្យ​ប្រទេស​ទាំងនោះ​គាំទ្រ​បាន កម្ពុជា​ត្រូវ​តែ​បើក​លំហ​លទ្ធិប្រជាធិប​តេយ្យ ត្រូវ​តែ​​ផ្ដល់​សិទ្ធិ​សេរី​ភាព​​ឱ្យ​ពេញលេញ​​ដល់​ពលរដ្ឋ​​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម និង​នយោបាយ»

កញ្ញា សេង ធារី ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​បង្កើត និង​​ដឹកនាំ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការផ្សះផ្សា​ជាតិ និង​ជា​​​ប្រធាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ការអប់រំ​ពលរដ្ឋ​(CIVICUS Cambodia) ដែល​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​​អតីត​ជន​រង​​គ្រោះ​​នៃ​របប​ខ្មែរ​ក្រហម។ កញ្ញា​បាន​ចាប់ផ្តើម​ប្រឈមមុខ​នឹង​លោក ហ៊ុន សែន តាំង​ពី​​ឆ្នាំ​២០១៨ ស្រប​ពេល​ដែល​អ្នក​​កាសែត​ឯករាជ្យ​នៅ​កម្ពុជា និង​មន្ត្រី​គណបក្ស​ជំទាស់​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​បង្ខំ​​ឱ្យ​រត់​ភៀសខ្លួន​ទៅ​​ក្រៅប្រទេស​ជាដើម។

យ៉ាងណា​មក​ដល់​ពេល​នេះ បើ​ទោះ​បី​ជា​មាន​ការ​ជំរុញ​ជា​បន្ត​បន្ទាប់​ពីស​ហគមន៍​អន្តរ​ជាតិ ឱ្យ​កម្ពុជា​បើក​លំហរ​ប្រជា​ធិប​តេយ្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្មារតី​រដ្ឋ​ធម្មនុ​ញ្ញ​កម្ពុជា និង​បំណង​អន្តរ​ជាតិ​ក្តី តែ​មេដឹក​នាំ​គណបក្ស​កាន់​​អំណាច ហាក់​​មិន​បាន​ឆ្លើយ​តប​ជា​វិជ្ជ​មាន​ ជុំវិ​ញ​វិធាន​ដោះ​លែង​អ្នក​ទោស​នយោ​បាយ​ឱ្យ​មាន​សេរី​ភាព​វិញ​ទេ ដែល​នេះ​​ហាក់​ស៊ី​គ្នា​ទៅ​នឹង​​ការ​ចោទ​ថា តុលាការ​នៅ​កម្ពុជា​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​មេដឹក​នាំ​បក្ស​កាន់​អំណាច ហើយ​ថា មន្ត្រី​យុត្តិ​ធម៌​បាន​ចូល​រួម​យ៉ាង​សកម្ម​ ជំរុញ​ឱ្យ​កម្ពុជា​រអិល​ចេញ​ពី​គន្ល​ង​ប្រជា​ធិប​តេយ្យ ទៅ​រក​របប​ដឹក​នាំ​បែប​ផ្តាច់​​ការ ប្រាស​ចាក​នឹង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ