រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រងការរិះគន់ថា បោកពលរដ្ឋខ្មែរ និងតំណាងរាស្ត្រ ១ឆ្នាំមកនេះ មិនបានប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបុព្វហេតុទឹកដីដូចការសន្យានោះទេ បើទោះថៃបានពង្រីកព្រំដែនរំលោភយកដីខ្មែរតាមចិត្តក្រោយមានបទឈប់បាញ់។
តំណាងគណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ជាគម្រប់ខួប១ឆ្នាំគត់ ដែលលោក ហ៊ុន ម៉ាណែត សន្យានៅចំពោះមុខតំណាងរាស្ត្រ និងពលរដ្ឋខ្មែរ ថានឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ប៉ុន្តែលោកថា លោកបានឆែកមើលគេហទំព័រ(វេបសាយ)របស់ ICJ មិនទាន់ឃើញបណ្តឹងរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលនេះលោកថា លោក ហ៊ុន ម៉ាណែត និយាយកុហកនិងបោកប្រាស់ពលរដ្ឋខ្មែរ និងតំណាងរាស្ត្រ ដោយមិនខ្វល់ពីការបាត់បង់ទឹកដី ដើម្បីតែចង់រក្សាអំណាច ខណៈថៃបន្តធ្វើហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកព្រំដែនថ្មី រំលោភយកដីខ្មែរតាមចិត្ត ក្រោយមានបទឈប់បាញ់ក្តី។
យ៉ាងណា លោក អ៊ុំ សំអាន បន្តរំឭក លោក ហ៊ុន ម៉ាណែត ត្រូវតែប្រញាប់ប្តឹងថៃចំនួន ៧៧ទីតាំងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីខ្មែរយកត្រឡប់មកវិញ។ លោកដាក់ក្តីបារម្ភថា មេដឹកនាំមួយដែលធ្វើនយោបាយប្រជាភិថុតិបែបនេះ គ្មានការទទួលខុសត្រូវចំពោះបញ្ហាបូរណភាពទឹកដី និងបញ្ហាអាយុជីវិតពលរដ្ឋ។
លោកថា៖ «ទឹកដីក៏បាត់បង់ ហើយជនជាតិវៀតណាមរស់នៅពេញទឹកពេញដីអញ្ចឹងទៅ ហើយលោកហ៊ុន ម៉ាណែត មែនទើបមកពីវៀតណាមហ្នឹង សន្យាផ្តល់សញ្ជាតិបានស្នាក់នៅអចិន្ត្រៃយ៍អញ្ចឹងទៅ ហើយពលរដ្ឋក៏រងគ្រោះដែរ នៅពេលប្រជាពលរដ្ឋជ្រើសរើសយកមេដឹកនាំដែលបោកប្រាស់ប្រជាពលរដ្ឋអញ្ចឹងមកកាន់អំណាច ពលរដ្ឋនឹងរងគ្រោះ ហើយរងគ្រោះម៉េច ដូចរឿងឆបោកតាមអ៊ីនធឺណិត មានបរទេសណាគេមកវិនិយោគមកលេងស្រុកខ្មែរ អញ្ចឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនឹងកាន់តែដុនដាប និងជំពាក់លុយធនាគារវណ្ឌក ឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋ ដូចឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា ហ៊ុន តូ ឧកញ៉ាដទៃទៀតនោះសុទ្ធតែបោកប្រាស់ពលរដ្ឋ»។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងនេះទេ ប៉ុន្តែនៅថ្ងៃចន្ទនេះ បានបន្តលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបញ្ហាបូរណភាពទឹកដី។
លោកថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនជនរួមជាតិជ្រាបថា ទន្ទឹមនឹងដៃម្ខាងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល គឺបន្តការអភិវឌ្ឍប្រទេសដោយមិនបង្អែបង្អង់ឡើយ»។
លើសពីនេះ លោកក៏ធ្លាប់អះអាងដែរថា រដ្ឋាភិបាល មិនទទួលស្គាល់ដាច់ខាតចំពោះការពង្រីកខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងយោធាពេលកន្លងមក។
ជាការកត់សម្គាល់ ការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត ភូតកុហក ឬបោកប្រាស់ពលរដ្ឋ និងតំណាងរាស្ត្រ រឿងមិនប្ដឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាប្រធានបទក្តៅមួយដែលកើតឡើងពីការយល់ឃើញខុសគ្នា និងការផ្លាស់ប្តូរយុទ្ធសាស្ត្រព្រំដែនរបស់រដ្ឋាភិបាល។
មូលហេតុនៃការចោទប្រកាន់ពីក្រុមប្រឆាំង គ្រាន់តែជាលិខិតជូនដំណឹងមិនមែនពាក្យបណ្តឹង។ ក្រុមអ្នកតាមដាន និងតំណាងរាស្ត្របក្សប្រឆាំង ដូចជា លោក អ៊ុំ សំអាន បានរិះគន់ចំៗថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាគ្រាន់តែបានផ្ញើលិខិតជូនដំណឹង អំពីបំណងចង់ប្ដឹងទៅចុះបញ្ជីនៅតុលាការ ICJ តែប៉ុណ្ណោះ។
ហេតុនេះ ទើបពួកគេចោទថា លោក ហ៊ុន ម៉ាណែត ធ្វើឡើងដើម្បីតែការកេងចំណេញនយោបាយ និងបោកប្រាស់មតិជាតិ។
ការបត់បែនយុទ្ធសាស្ត្រចុងក្រោយ នៅឆ្នាំ២០២៦ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានផ្លាស់ប្តូរអាទិភាពពីការរំពឹងលើតុលាការ ICJ មកជំរុញការចរចាទ្វេភាគីវិញ តាមរយៈយន្តការគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដោយសម្អាងថា នយោបាយរដ្ឋាភិបាលថ្មីរបស់ថៃ មានជំហរស្របគ្នាក្នុងការដោះស្រាយដោយសន្តិវិធី និងមានប្រសិទ្ធភាព ហើយលឿនជាងប្តឹងនៅតុលាការអន្តរជាតិ។
លើសពីនេះ លោក អ៊ុំ សំអាន បានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ថៃកំពុងធ្វើផ្លូវបេតុងមួយខ្សែឡើងទៅដល់កំពូលភ្នំ៧៤៥ហើយ នៅតំបន់មុំបី ខេត្តព្រះវិហារ។
សម្រាប់ប្រភពខាងលើ បើខ្មែរមិនប្តូរមេដឹកនាំចេញទេ ឆាប់ៗនេះ លោក ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមកាត់ទឹកដីខ្មែរឱ្យវៀតណាម តាមរយៈការដូរដីខ្មែរនឹងដីខ្មែរ ដូចភូមិកំណើតលោក ហេង សំរិន បន្ទាប់មកលោក ហ៊ុន ម៉ាណែត នឹងកាត់ទឹកដីខ្មែរឱ្យថៃដូរយកសន្តិភាពនិងអំណាច។
លោកសង្កត់ធ្ងន់ថា គ្មានសម័យណាដែលថៃមើលងាយខ្មែរដូចសម័យ លោក ហ៊ុន ម៉ាណែត និងឈ្លានពានដីខ្មែរតាមចិត្តដូចសម័យនេះទេ។
ជុំវិញបញ្ហានេះ ក្រុមអ្នកតាមដាន បារម្ភថា ដីខ្មែរដែលថៃវាយដណ្តើមគ្រប់គ្រងនោះ នឹងត្រូវថៃយកជារៀងរហូត បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្រើសិទ្ធិស្វ័យការពារលើដីជាក់ស្តែង និងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យថៃប្រគល់ដីខ្មែរមកវិញទេនោះ។
ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









