ក្រុមអ្នកឃ្លាំមើល បន្តធ្វើការរិះគន់លោកហ៊ុន សែន ថា បានបន្តព្យាយាមប្រឌិតរឿងបំភ្លៃការពិតការដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជារូបនេះ បានរត់ភៀសខ្លួនទៅវៀតណាម ដើម្បីគេចពីការតាមសម្លាប់របស់ខ្មែរក្រហម កាលពីអំឡុងខែមិថុនា ឆ្នាំ១៩៧៧ ថាជាការ«យកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ»ទាំងដែលការពិតជាការរត់ប្រាសអាយុដូចពលរដ្ឋខ្មែរដទៃទៀតដែរ ខណៈវៀតណាមបានត្រៀមកងទ័ពចំនួន ១សែន៨ម៉ឺននាក់ រួចជាស្រេច ដើម្បីចូលមកវាយផ្តួលរំលំរបបខ្មែរក្រហមដើម្បីឈ្លានពានកម្ពុជា។
ការលើកឡើងទាំងនេះ បន្ទាប់ពីលោកហ៊ុន សែន បានសរសេរលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី១៤ខែមិថុនាថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ នឹងដល់ខួប ៤៩ឆ្នាំ នៃការចាប់ផ្តើមយកជីវិតរបស់លោក ធ្វើដើមទុនដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍របស់ប៉ុល ពត(ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦)។
លោកហ៊ុន សែន បានសរសេរក្នុងសំណេរដើមថា៖ «ជីវិតរបស់ខ្ញុំនិងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់និងលំបាកវេទនាខ្លាំងណាស់»។
បន្ថែមពីនេះ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានអះអាងថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម បន្ទាប់ពីលោកហ៊ុន សែន និងឥស្សរជនខ្មែរអ្នកស្នេហាជាតិដទៃទៀតបានរត់ភៀសខ្លួនទៅវៀតណាម កាលពីពាក់កណ្តាលឆ្នាំ១៩៧៧ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក៏មានការបង្កើតរណសិរ្ស២ធ្នូ ឬហៅថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ក្នុងតំបន់រំដោះ នាឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»។
អ្នកស្រីបន្តថា រណសិរ្យនេះ ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនខែ្មរដែលមានលោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបប ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។
ប៉ុន្តែលោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកស្រាវជ្រាវដែលធ្លាប់ធ្វើជាកងទ័ពកាលពីសម័យសង្គ្រាមមិនយល់ស្របចំពោះការលើកឡើងនេះឡើយ ដោយថ្លែងថា តាមឯកសារនិងប្រភពនានា រួមទាំងឯកសាររបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ បានបង្ហាញថា គឺមានតែកងទ័ពវៀតណាមចំនួន ១សែន៨ម៉ឺននាក់ប៉ុណ្ណោះ ដែលវាយចូលមកផ្តួលរំលំរបបខ្មែរក្រហម ដើម្បីឈ្លានពានកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មិនមែនមកជួយរំដោះនោះទេ។ ចំណែក រណសិរ្ស២ធ្នូ ដែលគណបក្សប្រជាជនកម្ពុជាតែងតែលើកឡើង គឺគ្រាន់តែជាក្រុមមួយដែលវៀតណាមបានបង្កើតឡើងនៅក្នុងប្រទេសវៀតណាម ហើយត្រូវបានវៀតណាមដឹកចូលមកកម្ពុជា ឱ្យកាន់ការងារនៅតាមក្រសួងមន្ទីរនានា ដើម្បីបម្រើផលប្រយោជន៍វៀតណាមតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា សូមកូនខ្មែរទាំងឡាយត្រូវខិតខំរៀនសូត្រស្រាវជ្រាវស្វែងយល់ពីប្រវត្តិសាស្ត្រពិត ល្មមឈប់ជឿលង់ទៅតាមការបំភ្លៃប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលជាអាយ៉ងរបស់វៀតណាម។
លោកថា៖ «ជិត៥០ឆ្នាំហើយ រឿងភូតកុហកនេះ បើចៅនៅជឿក៏ជឿទៅ ខ្ញុំមិនឃាត់ទេ ពីព្រោះចៅលង់នឹងវប្បធម៌៧មករា ចំណែកខ្ញុំអត់ទេ។ អា៧មករាហ្នឹងគ្មានជំពាក់គុណអីវាទេ វាជាថ្ងៃឈ្លានពាន ហើយបន្ទាប់ពីឈ្លានពាន វាដាក់របបជិះជាន់មួយឱ្យជិះជាន់រហូតដល់សព្វថ្ងៃ។ អាអ្នកក្រោយហ្នឹងក៏មិនមែនអ្នករំដោះដែរ គេដឹកមកដាក់ភ្នំពេញទេ តែចេះតែខំតាក់តែងរឿងដើម្បីកុហកថា វាជាអ្នកមានគុណលើជីវិតយើង អត់ទេ! នៅក្នុងឯកសារបក្សកុម្មុយនិស្តវៀតណាម គ្មានពាក្យថារំដោះទេ។ នៅក្នុងឯកសារមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដែលគេចាត់តាំងឡេដុកថ ឡេដុកអាញ់អីឱ្យមករៀបចំ ពួកអា២ធ្នូហ្នឹងក៏អត់មានរំដោះដែរ ជាអាយ៉ងនយោបាយ។ ឯកសារអត់មានថារំដោះទេ»។
ចំណែក លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី១៥ខែមិថុនានេះថា ការដែល លោក ហ៊ុន សែន រំលឹកពីការរត់ទៅប្រទេសវៀតណាម ដោយថា យកអាយុជីវិតធ្វើជាដើមទុន ដើម្បីបង្កើតរណសិរ្ស២ធ្នូរំដោះកម្ពុជាចេញពីរបបខ្មែរក្រហមនោះ គឺជារឿងតែងនិពន្ធភូតកុហក ខណៈដែលការពិត លោកហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ គឺរត់ប្រាសអាយុគេចចេញពីការកាប់សម្លាប់របស់របបខ្មែរក្រហម។
ពេលរត់ទៅដល់វៀតណាម លោកហ៊ុន សែន ត្រូវវៀតណាមចាប់ដាក់គុក ហើយក្រោយមកត្រូវដោះលែងចេញពីគុកវិញ ដោយវៀតណាមឱ្យលោកហ៊ុន សែន សន្យាថា ត្រូវបម្រើវៀតណាម ខណៈដែលវៀតណាមមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ដោយបង្កើតរណសិរ្យ២ធ្នូ។
ទាំងលោក អ៊ុំ សំអាន និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏ដូចជាលោកជែម សុខផងដែរ បានលើកអំណះអំណាងថា រណសិរ្ស២ធ្នូត្រូវបានបង្កើតឡើងដោយវៀតណាម។ នៅក្នុងមហិច្ឆតាឈ្លានពានកម្ពុជាវៀតណាមបានលើកបន្តុបក្រុម លោកប៉ែន សុវណ្ណ លោកចាន់ ស៊ី លោកហេង សំរិន លោកជា ស៊ីម និងលោកហ៊ុន សែន ជាដើម ដើម្បីបម្រើផលប្រយោជន៍វៀតណាម។ ប៉ុន្តែលោកចាន់ ស៊ី និងប៉ែន សុវណ្ណ គឺជាអ្នកស្នេហាជាតិ មិនព្រមបម្រើផលប្រយោជន៍វៀតណាម មិនព្រមចុះហត្ថលេខាកាត់ទឹកដីឱ្យវៀតណាម និងមិនព្រមទទួលយកជនអន្តោប្រវេសន៍វៀតណាម ឱ្យចូលមករស់នៅកម្ពុជានោះទេ ទើបវៀតណាមឱ្យចាប់ លោកប៉ែន សុវណ្ណ ដាក់ហើយលោកចាន់ ស៊ី ត្រូវសង្ស័យថា វៀតណាមសម្លាប់។
លោក ម៉ែន ណាត បាននិយាយថា តាមពិតយួនគេមានផែនការចូលឈ្លានពានទឹកដីកម្ពុជារួចជាស្រេចទៅហើយ ក៏ប៉ុន្តែគ្រាន់តែមិនទាន់មានកម្លាំងខ្មែរជួយ។
លោកថា៖ «អ៊ីចឹងហើយបាននៅពេលលោកហ៊ុន សែន លោកហេង សំរិន លោកជា ស៊ីម ហើយពួកអតីតខ្មែរក្រហមមួយចំនួនទៀត ដែលរត់ទៅវៀតណាម ក៏សម្រេចចិត្តយកអ្នកអស់ហ្នឹង ដើម្បីឱ្យចូលរួមបំពេញឱ្យគ្រប់លក្ខណៈតាមផែនការរបស់វៀតណាម ដើម្បីឱ្យវៀតណាមមានឱកាសចូលឈ្លានពានកម្ពុជា ក្រោមរូបភាពថាមកជួយសង្គ្រោះកម្ពុជា។ ចង់បញ្ជាក់ថា ជំនាន់លោកហ៊ុន សែន រត់ទៅវៀតណាមនេះ មិនមែនទៅដើម្បីបង្កើតចលនាតស៊ូប្រឆាំងពួកខ្មែរក្រហមទេ គឺរត់ប្រាសអាយុយករួចខ្លួន ដល់ពេលគាត់បានកាន់អំណាច គាត់ប្រឹងលាបពណ៌ ប្រឹងលំអរតុបតែងពណ៌ហ្នឹងឱ្យបានស្អាត ហើយគាត់បានដូរពីគំនិតរត់យកប្រាសអាយុថា រត់ទៅស្រុកយួនដើម្បីតស៊ូប្រឆាំងរបបខ្មែរក្រហម ដើម្បីរំដោះប្រជាពលរដ្ឋឱ្យផុតពីរបបប្រល័យពូជសាសន៍ហ្នឹង»។
ត្រង់ចំណុចនេះ លោ កអ៊ុំ សំអាន បានគូសបញ្ជាក់ថា លោកហ៊ុន សែន ដែលបម្រើវៀតណាមបានល្អហ៊ាននាំកងកម្លាំងទៅចាប់ខ្លួនលោកប៉ែន សុវណ្ណ ដែលជាមេរបស់ខ្លួន ធ្វើឱ្យវៀតណាមពេញចិត្តទើបវៀតណាមលើកបន្តុប លោកហ៊ុន សែន ឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ បន្ទាប់ពីបន្តុបឱ្យធ្វើរដ្ឋមន្ត្រីក្រសួងការបរទេស។ បើតាមមន្ត្រីបក្សប្រឆាំងរូបេនះ ក្រៅពីចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ១៩៨២-៨៣ និង៨៥ ដែលកាត់ទឹកដីកម្ពុជាទៅឱ្យវៀតណាម លោកហ៊ុន សែន ក៏ទទួលយល់ព្រមតាមវៀតណាមបើកឱ្យជនអន្តោប្រវេសន៍វៀតណាមចូលមករស់នៅកម្ពុជា និងអនុវត្តផែនការក៥របស់វៀតណាម ធ្វើឱ្យពលរដ្ឋកម្ពុជាស្លាប់ជាង ១០ម៉ឺននាក់ផងដែរ។
លោក អ៊ុំ សំអាន កត់សម្គាល់ថា ចាប់តាំងពីវៀតណាម បានលើកបន្តុបឱ្យលោកហ៊ុន សែន ឡើងកាន់អំណាចមករហូតមកដល់បច្ចុប្បន្ន កម្ពុជាអត់មានចំណេញអ្វីនោះទេ គឺមានតែខាត។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបាននិរាករណ៍ចោលទាំងអស់នូវសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២-៨៣ និង៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា។ ប៉ុន្តែលោកហ៊ុន សែន បានប្រើគ្រប់វិធីដើម្បីបម្រើមហិច្ឆតាវៀតណាម ដោយបង្កើតឱ្យមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីកាត់ទឹកដីកម្ពុជានិងដែនសមុទ្រ រួមទាំងកោះត្រល់ និងចង្កោមកោះក្រចកសេះទៅឱ្យវៀតណាមឱ្យទាល់តែបាន។
លោកថា៖ «លើសពីនោះ លោកហ៊ុន សែន បានផ្តល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាមរស់នៅកម្ពុជាតាមរយៈការផ្តល់សញ្ជាត្តិ ផ្តល់បណ្ណស្នាក់នៅដល់ជនជាតិវៀតណាម។ ម្យ៉ាងទៀត លោកហ៊ុន សែន បានឱ្យកូនចៅរបស់គាត់ ដូចជា ឧកញ៉ាទ្រី ភាព ឧកញ៉ាខ្នាជាដើម កាប់បំផ្លាញព្រៃឈើខ្មែរយកឈើហុបទៅលក់ឱ្យវៀតណាម។ ដូច្នេះលោកហ៊ុន សែន គាត់បម្រើឱ្យមហិច្ឆតាវៀតណាមគ្រប់យ៉ាង សូម្បីសព្វថ្ងៃនេះ ក៏នៅសាងសង់ស្តូបយួន២៥រាជធានី-ខេត្ត ដើម្បីបម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាម ដើម្បីថ្ងៃអនាគតទៅអនុវត្តផែនការដំណើរឆ្ពោះមកទិសខាងលិចរបស់ ហូ ជីមិញ ក្នុងការដាក់កម្ពុជាវៀតណាមឡាវទៅជាសហព័ន្ធឥណ្ឌូចិន ដែលគេបង្កើតទៅជាប្រទេសតែមួយ ដែលគ្រប់គ្រងដោយវៀតណាម តាមបំណងនិងក្តីសុបិន្តរបស់ ហូ ជីមិញ»។
សម្រាប់ លោក ម៉ែន ណាត ការដែលវៀតណាមលើកបន្តុប លោកហ៊ុន សែន ឱ្យឡើងកាន់អំណាចបានធ្វើឱ្យ លោកហ៊ុន សែន ក្លាយទៅជាមេដឹកនាំផ្តាច់ការ តាមសម្លាប់តាមធ្វើបាបចាប់ដាក់គុកខ្មែរអ្នកស្នេហាជាតិ កើបប្រមូលធនធានរបស់ជាតិ ដើម្បីធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារបក្ខពួកខ្លួន ក្លាយជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ។ ចំណែកជាតិខ្មែរវិញត្រូវបាត់បង់ទឹកដី ទ្រព្យសម្បត្តិជាតិ និងធនធានធម្មជាតិត្រូវបានបំផ្លាញ។
លោកថា៖ «អ្វីដែលកម្ពុជាខាតបង់ គឺលោកហ៊ុន សែន ដោះដូរអំណាចជាមួយវៀតណាម វៀតណាមឱ្យអំណាចពេញដៃពេញជើងឱ្យលោកហ៊ុន សែន ឡើងធ្វើជាមេដឹកនាំកំពូលនៅកម្ពុជា គឺលោកហ៊ុន សែន ធាក់គេធាក់ឯងចេញពីអំណាច ដូចជាចាប់លោកប៉ែន សុវណ្ណ ដាក់គុក ក្រោយមក លោកចាន់ ស៊ី ដល់លោកចាន់ ស៊ី ស្លាប់បាត់ទៅឆ្នាំ៨៥ លោកហ៊ុន សែន ក៏ក្លាយជានាយករដ្ឋមន្ត្រីរហូតដល់សព្វថ្ងៃ។ ហើយតាំងពី ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីមក លោកហ៊ុន សែន ក្លាយជាមហាសេដ្ឋីមានប្រាក់ពាន់លាននៅកម្ពុជា ហើយបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើននៅក្នុងការដឹកនាំរបស់ខ្លួន ក្នុងហ្នឹងបានប្រព្រឹត្តអំពើក្បត់ដូចជាកាត់ទឹកដីកម្ពុជាទៅឱ្យវៀតណាម»។
បន្ថែមពីនេះ លោក ជែម សុខ បានគូសបញ្ជាក់ទៀតថា បក្សកុម្មុយនិស្តវៀតណាមជាឪពុករបស់គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តឡាវ។ វៀតណាមបង្កើតបក្សកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ គឺក្នុងគោលដៅដើម្បីគ្រប់គ្រងឥណ្ឌូចិន។
លោកថា៖ «មន្ត្រីដែលគេរៀបឱ្យកាន់អំណាចនៅក្នុងបក្សប្រជាជន គឺជាមន្ត្រីដែលបក្សកុម្មុយនិស្តវៀតណាមយល់ថា អាចគ្រប់គ្រងបាន។ ប្រសិនបើមានកម្មាភិបាលដែលមានមន្ត្រីណានៅក្នុងបក្សឡាវ ឬបក្សប្រជាជនមានប្រតិកម្មឯករាជ្យ ដើរផ្ទុយអំពីផលប្រយោជន៍នៃបក្សវៀតណាម នឹងត្រូវកម្ចាត់ចោល។ របៀបកម្ចាត់ចោលមាន២ គឺកម្ចាត់ចោលក្នុងជួរដែលវៀតណាមរៀបចំអង្គការចាត់តាំង ដូចជាការចាប់ ប៉ែន សុវណ្ណ ហ៊ុន សែន សាយ ភូថង ទៅចាប់ ប៉ែន សុវណ្ណ អីហ្នឹង គឺវៀតណាមចាត់តាំងអ៊ីចឹង។ ហ៊ុន សែន ដូចគ្នា គាត់ត្រូវវៀតណាមគ្រប់គ្រង បើគាត់ហ៊ានធ្វើអ្វីដែលផ្ទុយពីផលប្រយោជន៍របស់វៀតណាម ត្រកូលហ៊ុន ត្រូវបាត់ពីអំណាច ដោយវៀតណាមចុចបេតុង ឬគន្លឹះនយោបាយក្នុងជួរបក្សឱ្យផ្តួល ហ៊ុន សែន ភ្លាម។ បច្ចុប្បន្នបើយើងមើលឃើញ អត់មានអ្នកណាហ៊ានផ្តួល ហ៊ុន សែន ទេ ពីព្រោះអត់ទាន់មានភ្លើងបៃតងពីវៀតណាម»។
នៅក្នុងសៀវភៅជាភាសាបារាំង Anatomie d’un Cauchemar ក៏បានសរសេរផងដែរថា រណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានបង្កើតឡើងដោយកងទ័ពវៀតណាម មិនមែនបង្កើតឡើងដោយខ្មែរស្នេហាជាតិណានោះទេ។ ប្រភពដដែល លើកឡើងថា ក្រោយពីលោក ហ៊ុន សែន បានរត់គេចខ្លួនពីយោធាខ្មែរក្រហមតាមសម្លាប់ ចូលទៅទឹកដីវៀតណាម ត្រូវបានកងទ័ពវៀតណាម ចាប់ឃុំខ្លួនអស់រយៈពេល២២ថ្ងៃ។ ក្រោយមក ក៏ត្រូវមេបញ្ជាការកងទ័ពវៀតណាម លោក ឡេ ឌឹកថូ ដោះលែងឱ្យមានសេរីភាពវិញ ក្រោមកិច្ចសន្យាបម្រើផែនការវៀតណាម ជាថ្នូរនឹងការជួយជ្រោមជ្រែងពួកគេឱ្យដឹកនាំប្រទេសកម្ពុជាទៅថ្ងៃមុខ។ ការដោះលែង លោក ហ៊ុន សែន ដោយសារមេបញ្ជាការកងទ័ពវៀតណាម លោក ឡេ ឌឹកថូ មានផែនការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅសាលាហ្វឹកហ្វឺន ធូឌឹក ដែលជាអតីតជំរំប៉ូលិសបង្កើតដោយកងកម្លាំងអាមេរិកាំងស្ថិតនៅជាយក្រុងព្រៃនគរ៕









