ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ជួប​ការ​លំបាក ក្រោយ​​ប្រព័ន្ធ​​ផែន​​ទី​​លើ​អ៊ិន​ធឺណិត​ច្របូក​ច្របល់

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត ភាគ​ច្រើន​​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា និង​អ្នក​ដឹក​ជញ្ជូន​ទំនិញ ឬ​ម្ហូប​អាហារ​ បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ផែន​ទី​នៅ​ក្រុង​ប៉ោយ​ប៉ែត​មាន​ភាព​មិន​ប្រក្រតី លោត​ខុស​ទីតាំង​​ដោយ​ភាគ​​ច្រើន​​ចូល​ទៅ​ក្នុង​ទឹក​ដី​ប្រទេស​ថៃ។

អ្នករត់កង់បីម្នាក់​​គឺលោក ឈន គន្ធា ប្រាប់​វីអូឌី​ឱ្យ​ដឹ​ង​នៅថ្ងៃ​ទី​១៥ ខែ​មិថុនា ថា បញ្ហា​នេះ​កើត​​ឡើង​​ជាង​កន្លះ​ខែ​មក​ហើយ ហើយ​វា​ក៏​កំពុង​បន្ត​ការ​​រំខាន​​ដល់​​ការ​រស់​នៅ​ និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោយ​ហេ​តុ​​ថា នៅពេ​ល​អតិថិ​ជន​​​ប្រើ​កម្ម​វិធី​កក់​កង់​បី​លើ​ទូរ​ស័ព្ទ​ដៃ​ នោះ​វា​នឹង​លោត​ទីតាំង​ក្នុង​ទឹក​ដី​ថៃ ហើយ​​ណែនាំ​ឱ្យ​អ្នក​បើក​បរ​ជិះ​លើ​ផ្លូវ​រញ៉េ​រញ៉ៃ​ និង​មាន​ចម្ងាយ​ឆ្ងាយ។

លោក​បន្ត​ថា នៅ​ពេល​​ជិត​ដល់​​គោល​ដៅ ​នោះវា​នឹង​លោត​សញ្ញា​ទៅ​កន្លែង​មួយ​ផ្សេង។ បញ្ហា​​​នេះ​ ​បាន​​ធ្វើ​​ឱ្យ​អតិ​ថិ​ជន​​ជា​ច្រើន​​នាក់​​បោះ​បង់កា​រ​កក់ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​បាត់​​បង់​ចំណូ​ល​ដែល​​​កំពុង​តែ​ធ្លាក់​ចុះ​ស្រាប់។

លោក ឈន គន្ធា និយាយថា៖ «ពេល​ភ្ញៀវ​កក់ (Booking) មក ៧-៨ ដង ចឹង​យើង​យក​បាន​តែ​ ២ដង​អី​ទេ ហើ​យ​​២ដង​​ហ្នឹង យក​ទាំង​ហេង​ស៊យ​ទៀត ព្រោះ​អី​វា​ចាប់​ទីតាំង​ភ្ញៀវ​អត់​បាន។​ ពេល​ដែល​យើង​​​ទៅ​​ដល់​​​ទីតាំង​ដែល​គេ​កំណត់​ឲ្យ​ហ្នឹង ហើយ​យើង​ឆាត​សួរ​ភ្ញៀវ​ទៅ​ ជួន​កាល​​ភ្ញៀវ​អត់តបឆាតផង ភ្ញៀវ​​បិទ​ទូរ​ស័ព្ទ ហើយយើងតេទៅបិទទូរស័ព្ទទៀត។ ពេល​ជួន​កាល​តេ​ទៅ ប៉ះ​ជន​ជាតិ​ខ្មែរ​ទៅ គេ​ថា​ពូ​អើយ​​​ខ្ញុំ​នៅ​ឆ្ងាយ​ឯណេះ​ទេ ដល់​ពេល​យើង​ថា​​យើង​​នៅ​​ខុស​ទីតាំង​គ្នា​ឆ្ងាយ​ណាស់ ​ក៏ឲ្យ​គេ​បោះ​បង់​ការ​កក់ (Cancel) ទៅ ជួន​កាល​គេ​​អ​ត់ Cancel​ ទៀត យើ​ង​​អូស​ផ្តាច់​ខ្លួន​ឯង​ទៅ អស់​លុយ​យើង​ទៀត ខាត យើង​ខាត​ទាំង​ជើង​ ខាត​ទាំង​ហ្គាស ខាត​ទាំ​​ង​​លុយ​​​​ក្នុង​អាខោន (Account) បុក​ឃីង យើង​ទៀត»។

ក្រោយ​លេចឡើងបញ្ហានេះ លោក ឈន គន្ធា បាន​រាយ​ការណ៍​ទៅ​ក្រុម​ហ៊ុន​ដែល​ភ្ជាប់​កម្ម​វិធី​កង់​បី​ដែរ តែ​គ្មាន​ចម្លើយ​​មក​ទល់​ពេល​បច្ចុប្បន្ន។

មិនខុស​ពី​លោក ឈន គន្ធា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​ជាច្រើន​នាក់​ផ្សេង​​ទៀត​បាន​បង្ហោះ​​នូវ​រូប​ភាព​ផែន​ទី​ដែល​ច្របូក​ច្របល់​នោះ ហើយ​បង្ហាញ​​​ការ​ហួស​ចិត្ត និង​ឆ្ងល់​ថា​ហេ​តុ​​​អ្វី​បែ​រ​ជា​លោត​គោល​ដៅ​នៅ​ក្នុង​ទឹក​ដី​ថៃ​ទៅ​វិញ។

ប្រព័ន្ធផែនទីដែលពលរដ្ឋកម្ពុជាប្រើប្រាស់​គឺ Google Map របស់​ក្រុម​ហ៊ុន Google ដែល​ចាប់​រូប​ភា​ព​ពី​ផ្កា​យ​រណប​ផង ប្រព័ន្ធ GPS ផង និង​នៅ​លើ​ដី​ផង​តាម​រយៈ​ការ​ថត និង​ការ​ចូល​រួម​ដាក់​​បញ្ចូល​​ព័ត៌​​មា​ន​បន្ថែម​ពី​អ្នក​ប្រើ​ប្រាស់ (Crowdsource)។ មិន​មែន​មាន​តែ​ Google map នោះ​ទេ​ដែល​មាន​បញ្ហា ពោល​គឺ​សូម្បី​តែ Apple map របស់​ក្រុម​ហ៊ុន Apple ដែល​ដំណើរ​ការ​លើ​កម្ម​វិធី​ផ្ញើ​សារ messenger និង​តេឡេក្រាម​ក៏​មាន​បញ្ហា​ដូច​គ្នា។

យ៉ាងណា សម្រាប់​ពលរដ្ឋ​នៅ​ទីតាំង និង​ខេត្ត​ផ្សេង នៅ​តែ​អាច​មើល​ឃើញ​ទីតាំង​ផែន​ទី​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​អស់​ជា​ប្រក្រតី។

អ្នកជំនាញបច្ចេកវិទ្យា លោក ជី សុផាត មិនអាចសន្និដ្ឋាន​ពី​ប្រភព​នៃ​បញ្ហា​នេះ​បាន​ទេ​ ព្រោះ​ពុំ​មា​ន​ការ​ស៊ើ​ប​​អង្កេត​​ស៊ី​ជម្រៅ​ណា​មួយ​នៅ​ឡើយ។ យ៉ាង​ណា លោក​លើក​ឡើង​ថា បញ្ហា​ផែន​ទី​នេះ អាច​​​កើត​​​ឡើ​ង​ដោយ​សារ​ឧបករណ៍​​ប្រើ​ប្រាស់​ ការ​កំណត់​មុខ​ងារ​ក្នុង​ឧបករណ៍ និង​ការ​ចាប់​សេ​​​​វា​នៅ​តំ​បន់​នោះ។ 

លោក ជី សុផាត និយាយ​ថា៖ «​តែបើតាមខ្ញុំគិត វាអត់ទាក់​ទង​ជាមួយ Google ទេ វា​ទាក់​ទង​ជាមួយ​គ្នា​នឹង Signal ដែល​គេ​ប្រើ ចឹង​យើង​ត្រូវ​ដឹង​ថា Signal ដែល​គាត់​ចាប់ ឬ​ក៏​ ទូរសព្ទ​ហ្នឹង​វា Lack of Signal យ៉ាង​ម៉េច នៅ​ពេល​ដែល​​ដំណើរ​ការ។ ឧទា​ហរណ៍​ថា​ វា​អាច​នឹង​ត្រូវ​បាន​ចាប់ Signal ពី​ថៃ ឬ​ក៏ Manual នៅ​ក្នុង​ការ Setting របស់​ទូរសព្ទ​​គាត់​របៀប​ម៉េច។​ អ៊ីចឹង​អាហ្នឹង​ខ្ញុំ​អត់​​ហ៊ាន​អាច​ឆ្លើយ​​បាន​​របៀប​​ណា​ទេ អាហ្នឹង​ទាល់​តែ​យើង Base ទៅ​លើ​ទូរសព្ទ​​មួយៗ តើ​ទូរសព្ទ​គាត់​បើក​រា​ល់​ថ្ងៃ​ឃើញ​ចឹង​មែន​អត់ ហើយ​ទូរសព្ទ​ផ្សេង​វា​ឃើញ​ចឹង​ដែរ​អត់​ អាហ្នឹង​បាន​យើង​​អាច​វាយ​តម្លៃ​បាន​ថា​វា​មាន​មូល​ហេតុ​អី។ បញ្ហា​គឺ​អត់​ដឹង​មូល​ហេតុ​ជាក់​លាក់ ដោយ​សារ​យើង​អត់​មាន​ការ​ស៊ើប​អង្កេត​ណាមួយ​ត្រឹម​ត្រូវ ចឹង​​អាហ្នឹង​អត់​អាច​ឆ្លើយ​បាន​ទេ»។

វីអូឌី មិនអាចទាក់​ទងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ប​ញ្ហា​​​​នេះ​​បា​ន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

ជាការកត់សម្គាល់ បញ្ហានេះ​បាន​កើត​ឡើង​នៅ​ក្រោយ​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ ដែល​បាន​​ទាញ​​ចំណា​ប់​​អារម្មណ៍​​អ្នក​តាម​ដាន ថា​អាច​បណ្ដាល​មក​ពី​ការ​ប្រើ​​ប្រាស់​ប្រព័ន្ធ​បង្វែង​ទីតាំង​រ​បស់​ក្រុម​​ឧក្រិដ្ឋ​ជន។

អ្នកតាមដានលើបញ្ហាឧក្រិដ្ឋកម្មអនឡាញ លោក ជុំ ឧទិត្យ ឱ្យ​ដឹង​តាម​រយៈ​សារ​សំណេរ​ថា​ ក្រុម​​​​ឧក្រិដ្ឋ​​ជន​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រឆាំង​ទីតាំង ដើម្បី​គេច​ពី​ការ​បង្ក្រាប​ ដែល​ប្រព័ន្ធ​នេះ​អាច​រំ​ខាន​​ដល់កា​រ​​ចាប់​ទី​តាំង​ទូរស័ព្ទ​ដៃ​ទូទៅ​ដែរ។ យ៉ាង​ណា លោក​ក៏​សង្ស័យ​ដែរ​ថា​ បញ្ហា​នេះ​អាច​ដោយ​សារ​​ភាគី​​​​​ថៃ​ប្រើប្រា​ស់​ប្រព័ន្ធ​បិទ​ទីតាំង Anti Data GIS ឬ​ការ​រំខាន​រលក​សញ្ញា​ក្នុង​រយៈ​កម្ពស់​ណា​មួយ ដើម្បី​បិទ​​បាំង រំខាន​ ឬ​ធ្វើ​សកម្ម​ភាព​អ្វី​មួយ​តាម​បណ្ដោយ​ព្រំ​ដែន ដែល​ជា​រឿង​គួ​រឱ្យ​ព្រួយ​បារម្ភ។

ជុំវិញក្ដីបារម្ភនេះ លោកណែនាំឱ្យសមត្ថកិច្ចជំនាញផ្នែ​កបច្ចេកវិទ្យា​ប្រញាប់​ឆែក​​មើល​មូល​ហេតុ​ពិ​ត​ប្រាកដ និង​ដោះ​​ស្រាយ​​បញ្ហា​នេះ​ឱ្យ​ត្រឡប់​មក​ប្រក្រតី​វិញ​ ព្រោះ​វា​រំខាន​ដល់​មុខ​របរ និង​សុវត្ថិ​​ភាព​ពលរដ្ឋ ជាពិសេស​សន្តិ​សុខ​ជាតិ​ ក្នុង​ពេល​កម្ពុជា​កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​ជិត​ខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ