ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រ រំពឹងថា តុលាការកំពូល នឹងពិចារណាបដិសេធទាំងស្រុងនូវសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសរូបលោក ពាក់ព័ន្ធនឹងបទ ញុះញង់ ដើម្បីឱ្យលោកមានសេរីភាពអាចចូលរួមក្នុងជីវិតនយោបាយឡើងវិញ ខណៈតុលាការថ្នាក់ខ្ពស់មួយនេះ បានបើកសវនាការលើសំណុំរឿងនេះ ហើយគ្រោងនឹងប្រកាសសាលក្រម នៅថ្ងៃសុក្រសប្តាហ៍នេះ។
ដូចការគ្រោងទុក តុលាការកំពូល នៅថ្ងៃទី១៥ ខែមិថុនានេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់ លោក រ៉ុន ឈុន ជាប់ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម)»។
នៅម៉ោងជិត ៨ព្រឹកនេះ គេសង្កេតឃើញលោក រ៉ុង ឈុន រួមជាមួយនឹងអ្នកគ្រាំទ្រប្រមាណ ១០០នាក់ បាននាំគ្នាដើរហែ្បក្បួនពីសួនច្បារមុខវត្តបុទុមវត្តី ទៅកាន់តុលាការកំពូល ដែលនៅក្បែរនោះ ដោយមានការកាន់បដា និងស្រែកទាមទារឱ្យតុលាការទម្លាក់បទចោទទៅលើលោក រ៉ុង ឈុន។
ថ្លែងនៅមុខតុលាការកំពូល លោក រ៉ុង ឈុន បានថ្លែងថា តុលាការបានសវនាការលើសំណុំរឿងរបស់លោកចប់ហើយ នៅព្រឹកនេះ ប៉ុន្តែមិនទាន់បានដឹងលទ្ធផលនៅឡើយទេ ដោយតុលាការគ្រោងនឹងប្រកាសសាលដីកា នៅថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ។
លោករំពឹងថា តុលាការកំពូល នឹងពិចារណាបដិសេធទាំងស្រុងនូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលចោទប្រកាន់លើរូបលោក ដើម្បីផ្តល់យុត្តិធម៌ និងសេរីភាពសម្រាប់រូបលោកចូលរួមក្នុងជីវិតនយោបាយឡើងវិញ។
លោកថា៖ «យើងសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ឱ្យខ្ញុំ នឹងផ្តល់សេរីភាពឱ្យខ្ញុំ ដើម្បីបន្តជីវិតនយោបាយទៅខាងមុខ ហើយនិងផ្តល់យុត្តិធម៌ឱ្យខ្ញុំ ដើម្បីបង្ហាញអំពីការផ្សះផ្សាជាតិ និងឯកភាពជាតិ ចាប់ពីសំណុំរឿងនេះខ្ញុំតទៅ។ ដល់ពេលហើយបងប្អូន! ប្រទេសជាតិយើងត្រូវការឯកភាព សាមគ្គីភាព ដើម្បីកម្ពុជាយើងខ្លាំង កុំឱ្យប្រទេសជិតខាងមើលងាយយើង។ នៅពេលដែលខ្មែរយើងសាមគ្គីគ្នា ខ្មែរឯកភាពគ្នា ពេលហ្នឹងខ្មែរយើងខ្លាំង បរទេសជិតខាងលែងហ៊ានមើលងាយយើងហើយបងប្អូន! ការទូត អន្តរជាតិគេក៏នឹងទទួលស្គាល់យើង ហើយទេសចរណ៍ក៏គេនឹងចាប់ផ្តើមមកទេសចរណ៍ស្រុកយើងឡើងវិញ ដូច្នេះមានតែខ្មែរសាមគ្គីគ្នាទេ បានខ្មែរយើងខ្លាំងបងប្អូន!»។
លោក រ៉ុង ឈុន ដែលជាសកម្មជនសិទ្ធិការងារ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិចាស់វស្សាមួយរូប ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីឆ្នាំ២០២១ និងធ្លាប់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ១៥ ខែផងដែរ ។
ការផ្តន្ទាទោសជាលើកទីពីរ ចំពោះបទចោទ ញុះញង់ ដដែលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ហើយសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ដោយដាក់ទោសពន្ធនាគាររយៈពេល ៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) និង ដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតរបស់លោក ជាអចិន្ត្រៃយ៍។ ការចោទប្រកាន់នេះ បន្ទាប់ពីលោក រ៉ុង ឈុន បានបញ្ចេញមតិទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ក្រោយមក នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ហើយលោក រ៉ុង ឈុន ដែលសកម្មនិយាយរឿងបញ្ហាព្រំដែន និងជំរុញតម្លាភាពសង្គម បានបន្តប្តឹងទៅតុលាការកំពូល ប្រឆាំងនឹងការសម្រេចរបស់តុលាការថ្នាក់ទាប ខណៈលោកថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌សម្រាប់រូបលោក។
លោក ស៊ុំ សូត្រ ដែលជាអ្នកគាំទ្រលោក រ៉ុង ឈុន មកពីខេត្តស្វាយរៀង បានលើកឡើងថា ការដែលលោកឡើងមកគាំទ្រលោក រ៉ុង ឈុន ដល់មុខតុលាការកំពូល នៅរាជធានីភ្នំពេញនេះ ដោយសារតែលោកមើលឃើញថា លោក រ៉ុង ឈុន ជាមនុស្សស្អាតស្អំ និងបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការជួយជាតិមាតុភូមិ។ ការណ៍នេះ លោកបានស្នើដល់តុលាការកំពូល ពិចារណាទម្លាក់បទចោទលើលោក រ៉ុង ឈុន។
លោកថា៖ «សព្វថ្ងៃយើងមើលឃើញហើយ គឺគាត់[លោក រ៉ុន ឈុន]មានការលះបង់គ្រប់បែបយ៉ាងតែម្តង សូម្បីតែគ្រួសារក៏គាត់អត់មាន ប្រពន្ធកូនអីអត់មានទាំងអស់ ចឹងគាត់ធ្វើគ្រប់យ៉ាងគឺដើម្បីជាតិ ដើម្បីមាតុភូមិ ចឹងសុំអំពាវនាវដល់លោកតុលាការទម្លាក់បទចោទទៅលើលោកគ្រូ ហើយដើម្បីផ្សះផ្សាជាតិ បាទ! ទម្លាក់បទចោទដើម្បីឱ្យជាតិយើងរួបរួមសាមគ្គីគ្នា ផ្សះផ្សាជាតិ កុំឱ្យប្រទេសដទៃគេមើលងាយប្រទេសជាតិយើងបន្តទៅទៀត»។
ចំណែកអ្នកគាំទ្រលោក រ៉ុង ឈុន ម្នាក់ទៀតមកពីខេត្តសៀមរាប អ្នកស្រី ចក់ ឈន ក៏បានអះអាងដែរថា លោក រ៉ុង ឈុន ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះឡើយ ហើយសកម្មភាពរបស់គាត់នាពេលកន្លងមក គឺធ្វើដើម្បីជាតិមាតុភូមិ និងការពារទឹកដីខ្មែរប៉ុណ្ណោះ។
អ្នកស្រីបន្តថា៖ «ខ្ញុំទទួលយកអត់បាន ទទួលយកអត់បានទេ ព្រោះលោកអត់បានខុសអ្វីសោះ។ ដើម្បីជាតិ ដើម្បីទឹកដី ឥលូវបាត់បង់ទឹកដីអស់ច្រើន ឥលូវលោកគ្រូអត់ព្រមព្រៀង លោកគ្រូត្រូវតែតស៊ូ ដើម្បីប្រមូលទឹកដីយើងយកមក មកកាន់ដោយខ្លួន អត់ឱ្យមានប្រទេសណាមកកាន់បានទេ។ លោកតុលាការកំពូល សុំឱ្យលោកទម្លាក់បទចោទពីលោកគ្រូ រ៉ុង ឈុន ក្នុងថ្ងៃនេះ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេនៅថ្ងៃទី១៥ ខែមិថុនានេះ។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដានសវនាការនេះ សង្កេតឃើញថា ក្នុងសវនាការ ក្រៅពីការសួរដេញដោលចប់ និងស្តាប់សំណូមពររបស់លោក រ៉ុង ឈុន ដែលស្នើឱ្យតុលាការបដិសេធទាំងស្រុងនូវការសម្រេចរបស់តុលាការថ្នាក់ទាបនោះ គឺតុលាការមិនបានថ្លែងអ្វីនោះទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងប្រកាសសាលដីកាក្នុងសំណុំរឿងនេះនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ខាងមុខ។
លោកបន្តថា បើតាមច្បាប់រដ្ឋធម្មនុញ្ញ និងកត្តិកាសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ការថ្លែងរបស់លោក រ៉ុង ឈុន ដែលនាំឱ្យមានការចោទប្រកាន់នេះ គឺមិនទាន់ទងនឹងបទញុះញង់នោះទេ ព្រោះវាគ្រាន់តែជាការបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ។
លោកថា៖ «អ្វីដែលយើងមើលឃើញពាក់ព័ន្ធទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចជាកត្តិកាសញ្ញាអន្តរជាតិ ពាក់ព័ន្ធទៅនឹងសេរីភាពក្នុងការបញ្ចេញមតិ វាមានចែងក្នុងមាត្រា៣៨ មាត្រា៤១នេះ ក្នុងនាមគាត់ជាពលរដ្ឋ ក្នុងនាមគាត់ជាអ្នកនយោបាយ គាត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ អីចឹងអាការបញ្ចេញមតិរបស់គាត់នៀក វាមិនទាក់ទងនឹងទៅនឹងញុះញង់ទេ យ៉ាងធ្ងន់ធ្ងរគឺពាក់ព័ន្ធនឹងបរិហាកេរ្តិ៍ នេះបើតាមមេធាវីគាត់លើកហេតុផល»។
ស្របពេលគ្នានេះដែរ លោក រ៉ុង ឈុន ក៏បានអំពាវនាវដល់រដ្ឋាភិបាល និងតុលាការ ពិចារណាដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ឱ្យមានសេរីភាពវិញផងដែរ ដើម្បីចូលរួមរកដំណោះស្រាយលើបញ្ហាជាតិ ដែលកំពុងរងការឈ្លានពានទឹកដីពីប្រទេសជិតខាង និងចូលរួមបម្រើជាតិឱ្យមានភាពរីកចម្រើនផងដែរ៕









