បាក់​ទំនប់​ស្តុក​ទឹក​ក្រុម​ហ៊ុន​ដូង​ប្រេង​ម៉ុង​ប្ញទ្ធី បណ្តាល​ឲ្យ​ពុល​ត្រី​ងាប់​នៅ​ព្រែក​កំពង់​សិលា

ប្រជា​នេសាទ​រស់​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហនុ បាន​អះ​អាង​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ មា​ន​​ករណី​បាក់​ទំនប់​អាង​ស្តុក​​ទឹក​​​​របស់​​ក្រុម​​​ហ៊ុន​ដូង​ប្រេង​ម៉ុង​ប្ញទ្ធី ​ហូរ​ចូល​ព្រែក បណ្តា​ល​ឲ្យ​ត្រី​​គ្រប់​ប្រភេទ​ ពុល​​ងាប់​អណ្តែត​ពាស​ពេញ​ផ្ទៃ​ទឹក។

ពលរដ្ឋស្នើឲ្យមន្ត្រីស្ថាប័នជំនាញ ​ចុះ​ពិនិត្យ​គុ​​ណភាព​ទឹក​​​ក្នុង​​ព្រែក​កំ​ពង់​សិលា​ឲ្យ​បាន​ឆាប់ ដើម្បី​​ទប់​​​ស្កាត់​ផល​ប៉ះ​ពាល់​។

លោក ឃួន ឃា អនុប្រធានសហគមន៍​នេសាទ​សាមគ្គី​ព្រែក​កំព​ង់​សិលា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទំនប់​​អាង​​ស្តុក​​ទឹក​ក្រុម​ហ៊ុន​​ដូង​ប្រេ​ង​ម៉ុង​​ប្ញទ្ធី​នេះ បាន​បាក់​កាល​ពី​ថ្ងៃ​ទី​​១២ ខែ​មិថុនា ឆ្នាំ​២០២៦ ហើយ​បាន​ហូរ​ចូល​ទៅ​ក្នុង​ព្រែក បណ្តាល​ឲ្យ​ត្រី​គ្រប់​ប្រភេទ​ងាប់​អណ្តែត​​ពេញ​ទឹក។ លោក​​ថា ​ត្រី​​ដែលងា​ប់​នេះ ទំនង​​អា​​ច​​ប​ណ្តាល​​មក​ពី​សារ​ធាតុ​គីមី មាន​នៅ​​ក្នុង​ទឹក ដែល​បាក់​ទំនប់ ឬ​អាង​ស្តុក​ទឹក របស់​ក្រុម​ហ៊ុន​ដូង​ប្រេង​ ​ម៉ុង​ប្ញទ្ធី។

លោក​​​​​​ស្នើឲ្យមន្ត្រីជំនាញចុះ​ត្រួតពិនិត្យគុណភាពទឹក នៅ​ក្នុង​ព្រែក​កំពង់​សិលា ដែល​មាន​ត្រី​ងាប់​​ឲ្យ​​បា​ន​​ឆាប់ ដើម្បី​ផ្សព្វ​​​ផ្សាយ​ទប់​​ស្កាត់​កុំ​​​ឲ្យ​​​ពលរដ្ឋ បរិភោគ​ត្រី ឬ​ក៏​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ដែល​​អាច​​ប៉ះ​​ពាល់​​ដ​ល់​សុខ​ភាព ឬ​អាយុ​​ជីវិត​​របស់​អ្នក​បរិ​ភោគ។

លោកបន្តថា៖ «ត្រីនៅក្នុងព្រែកកំពង់សិលាហ្នឹង​ពុល​ខ្លាំង ងាប់​ទាំង​ត្រី​តូច​ត្រី​ធំ ឲ្យ​តែ​នៅ​ក្នុង​ទឹក។ ចំណុច​​ដែល​​​ងាប់​បាក់​ទំនប់​ហ្នឹង​​​នៅ​កំពង់​​ដំរី អូរ​ឡុក​ឡាក់ ស្ថិត​ក្នុង​ភូមិ​ថ្មី។ ខ្ញុំ​សំណូមពរ​ដល់​ក្រុម​ហ៊ុន​ដូង​ប្រេង​​ហ្នឹង​​ សូម​ស្ថាបនា​​ទំនប់​កុំ​ឲ្យ​បាក់​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​តាម​ទឹក​ ក្នុ​ង​​សហគមន៍​នេះ​​ទៀត។ ដល់​ពេល​​បាក់​​ទំនប់​ហ្នឹង​ទៅ​ធ្វើ​ឲ្យ​បាត់​បង់​ពូជ​ត្រី។ ត្រី​កំពុង​តែ​កកើត​ឡើង ដល់ពេ​ល​ងាក​ធ្លាយ មួយ​ឆ្នាំ​ពីរ​ឆ្នាំ​​បាក់​​ទំ​ន​​ប់ធ្លាយ​ចឹង នាំ​ឲ្យ​បាត់​បង់​ជីវ​ចម្រុះ​អស់ អត់​កើត​ឡើង​វិញ​ទេ»។​

តំណាងសហគមន៍នេសាទរូបនេះ ក៏ស្នើដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ជួយ​ចុះ​ធ្វើ​អន្តរា​គមន៍​ធ្វើ​យ៉ាង​ណា ​ឲ្យ​ក្រុម​ហ៊ុន​ដូង​ប្រេង​ម៉ុង​ប្ញទ្ធី មាន​​ទីតាំង​​​​​​​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសី​ហនុ ធ្វើ​ទំនប់​ឲ្យ​បាន​រឹង​មាំ និង​​មាន​ស្តង់​ដារ​ត្រឹម​ត្រូវ ដ្បិត​អាង​ស្តុក​ទឹក​ដែល​​មាន​​សារ​​ធាតុ​គីមី​នេះ ក៏​ធ្លាប់​​បា​ក់​ម្តង​ហើយ កាល​ពី​ឆ្នាំ​​២០២៤ ដែល​បណ្តាល​ឲ្យ​ត្រី​ងាប់ និង​បំផ្លាញ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ធ្ងន់​ធ្ងរ​បំផុត។

ទាក់ទិ​នបញ្ហានេះ លោក ម៉ុង ប្ញទ្ធី ដែលគេស្គាល់ថា ជា​ស្ថាបនិក​ក្រុម​ហ៊ុន​ដូង​ប្រេង​​ម៉ុ​ង​ប្ញទ្ធី ក្នុង​បទ​សម្ភាសន៍​ជាមួយ​​កាសែត​ក្នុង​ស្រុក បាន​​​​ឆ្លើយ​​បដិ​សេធ​​ថា មិន​មាន​ករណី​បាក់​ទំនប់​អាង​ស្តុក​ទឹក​របស់​ក្រុម​ហ៊ុន​​​លោក​ទេ ដោយ​បញ្ជាក់​ថា ជា​រឿង​ចាស់​កើត​ឡើង​តាំង​ពី​ឆ្នាំ​​២០២៤​។ ហើយ​បាន​និយាយ​ចំអក​​​​​ឲ្យ​អ្នក​​​​​កាសែត ថា​​ទទួល​ព័ត៌មា​ន​យឺត និង​មិន​ច្បាស់​ទៅ​វិញ?។

លោកបន្ថែមថា៖ «ព័ត៌មានចាស់ផ្អូមយូរពីរឆ្នាំហើយ​ហ្នឹង ឥឡូវ​អត់​មាន​ធ្លាយ​ទំនប់​ឯណា ព័ត៌​មាន​ផ្អូម​ទេ។ ចុះ​សារ​ព័ត៌​មាន​អាហ្ហែង​អន់​ម៉្លេះ​ហ្ហា តាំង​ពី​ឆ្នាំ​២០២៤ ឥឡូវ​ទើប​មក​និយាយ។ អត់​មាន​ទេៗ អត់​មាន​​ធ្លាយ​​​ទំនប់​ឯណា​ទេ អត់​ទាន់​មាន​ទឹក​ឯណា​ឲ្យ​ធ្លាយ​ទំនប់​ទេ អត់​មាន​ទេ ឆ្នាំ​នេះ​​អត់​​ទាន់​​មាន​​ទឹក​​ឯណា? បាន​ហើយ​ចឹង»

ទោះ​​ជាបែបនេះក្តី លោក ប៊ូ សាម៉េត មេភូមិ​​ថ្មី ឃុំកំពង់​សិលា បាន​ទទួល​ស្គាល់​ថា ពិត​ជា​​មាន​ករ​ណី​បាក់​ទំ​នប់​​អាង​ស្តុក​ទឹក​ក្រុម​ហ៊ុន​​ដូង​​ប្រេង​​​​ម៉ុង​ប្ញទ្ធី ពិត​មែន ហើយ​​ថា ករណី​នេះ រូប​លោក រួម​ជាមួយ​​​​អាជ្ញា​​ធរ​មូល​ដ្ឋាន និង​មន្ត្រី​ស្ថាប័ន​​ជំនាញ ក៏​បាន​ចុះ​ទៅ​ដល់​​ទីតាំង​កន្លែង​​បាក់​​​​​ទំនប់​នោះ ដើម្បី​ស្នើ​ឲ្យ​​ក្រុម​​ហ៊ុន​​នេះ រក​វិធី​ទប់​ទំនប់​ដែល​បាក់​នោះ​ឲ្យ​បាន​ឆាប់ ដោយ​​​បារម្ភ​ខ្លាច​មាន​ផល​ប៉ះ​​ពាល់​កាន់​​តែ​ធ្ងន់​ធ្ងរ​​ថែ​ម​​​​ទៀត។ លោក​ថា ក្រោយ​បាក់​ទំនប់​អាងស្តុ​ក​ទឹក​ខាង​លើ​នេះ បណ្តាល​ឲ្យ​ត្រី​គ្រ​​ប់ប្រភេទ​ងាប់​​អណ្តែ​ត​ពេ​ញ​ទឹក​ព្រែក។

លោកថា៖ «ធ្លាយកាកសំណល់ដូងប្រេងមកងាប់​ត្រីពេញ​ទឹក។ មិន​ដឹងធ្លា​យ​តាំង​ពី​ថ្ងៃ​ណា​មក​ទេ ទើ​ប​​មាន​​គេ​រាយ​ការណ៍​មក​ខ្ញុំ ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាមួយ​ប៉ុស្តិ៍ និង​សហគមន៍​នេសាទ ចុះ​ទៅ​មើល។ ពល​រដ្ឋ​​រាយ​ការណ៍​មក​ខ្ញុំ ខ្ញុំ​តេ​ទៅ​ក្រុម​ហ៊ុន​ ហើយ​ក្រុម​ហ៊ុន​ដាក់​គ្រឿង​ចក្រ​មក​ទប់​វិញ​ហើយ។ ហើយ​ខ្ញុំរួ​​​ម​​ជាមួយ​​មេប៉ុស្តិ៍ និង​សហគមន៍​ចុះ​ទៅ​ពិនិត្យ​មើល​ដល់​កន្លែង។ ត្រី​ងាប់​អណ្តែត​ពេញ​ទឹក ហើយ​ខ្លះ​​ទៀ​ត​កំពុង​​តែ​​ប្រកាច់ ត្រី​កន្ធរ ត្រី​ឆ្លូញ ត្រី​ខ្ជឹង បង្កង​អីហ្នឹង ក៏​ងាប់​ដែរ»

ចំណែក លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់​សិលា បញ្ជាក់​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា នៅ​ថ្ងៃ​ទី​១៥ខែ​​មិថុនា​នេះ​ថា ពិត​ជា​​មាន​​ករណី​បាក់​ទំនប់ សម្រាប់​​ស្តុក​កាក​​សំណល់​រាវ​ ចេញ​ពី​ក្រុម​ហ៊ុន​ដូង​ប្រេង​ម៉ុង​ប្ញទ្ធី ពិត​មែន ដែល​លោក​ថា​ទទួល​ដំណឹង​កាល​ពី​​ថ្ងៃ​​​ទី​១៤ខែ​មិថុនា​នេះ។ ហើយ​​រូប​លោក​ក៏​​​បាន​ជូន​ដំណឹង​នេះ ទៅ​កាន់​មន្ទីរ​ជំនាញ​រួច​ហើយ​ដែរ ដើម្បី​​​​ចុះ​មក​​ពិនិត្យ​​គុ​​ណ​ភាព​ទឹក ដែល​ហូរ​​ចូល​​​ព្រែ​ក​​បណ្តាល​​ឲ្យ​​ត្រី​ងាប់​​នោះ​ហើយ។

លោកថា៖ «ខ្ញុំបានទទួលព័ត៌មានតាំងពីម្សិលមិញម៉្លេះ។ កំពុង​រាយ​ការណ៍​ទៅ​មន្ទីរ​បរិស្ថាន និង​មន្ទី​រ​កសិ​កម្ម។ ចាំ​មើល​ក្រុម​ការ​ងារ​គេ​ចុះ​​​មក​មើល​ប្រភព​ទឹក និង​យក​ទឹក​ទៅ​ពិសោធន៍។ យើ​​ងអត់​​ទា​ន់​ហ៊ាន​​សន្និ​ដ្ឋាន​ទេ»

ឆ្លើយត​បបញ្ហានេះ លោក ម៉ើង សុភាព ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សី​ហនុ បាន​ឲ្យ​ដឹង​ថា ទំនប់​ទឹក​ក្រុម​ហ៊ុន​ដូង​ប្រេង​ម៉ុង​ប្ញទ្ធី​ដែល​​​​បាក់​​​​នោះ គឺ​ត្រូវ​បាន​បិទ​​ភ្ជាប់​វិញ​ហើយ។ ហើយ​មន្ត្រី​ជំនាញ​ ក៏​បាន​ចុះ​ទៅ​យក​សំណាក​ទឹក​នោះ​​ទៅ​ពិនិត្យ ដើម្បី​រក​ផល​ប៉ះ​ពាល់ និង​​ឈាន​​​​ទៅ​​រក​វិធីទ​ប់​ស្កាត់។

លោកបន្ត​ថា៖ «ម្សិលមិញ​ខ្ញុំទ​ទួល​បានព័ត៌មានពីបង​អភិបាល​ស្រុក​កំពង់​សិលា​ដែរ ប៉ុន្តែ​អត់​ទាន់​ដឹង​ថា ទំ​នប់​​បាក់​នោះ​នៅ​ខាង​ណា​ទេ។ ហើយ​​​ព្រឹក​នេះ មន្ត្រី​ជំនាញកំ​ពុង​ចុះទៅ​ពិនិត្យ​មើល​ជា​​មួ​យ​បង​​អភិ​​បាល​​ស្រុក ហើយ​បើបា​ន​ព័ត៌​មាន​យ៉ាង​ណា ចាំ​ជម្រាប​ប្រាប់​បង​តាម​ក្រោយ»

ប្រធានអង្គ​ការការពារបរិស្ថាន​ប្រចាំខេ​ត្ត​ព្រះសីហនុ លោក​ ជិន វណ្ណៈ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​​មាន​​ក្រុង​ស្រុក​ចំនួន​៣ នៅ​ខេត្ត​ព្រះ​សីហនុ  រួម​មាន ក្រុង​កំពង់​សោម ស្រុក​ព្រៃ​នប់ និង​ស្រុក​កំពង់​សិលា តែង​​មាន​សកម្ម​ភាព​បង្ហូរ​​ទឹក​ស្អុយ​កខ្វក់ និង​មាន​ក្លិន​ឆួល​ ចេញ​ពី​ក្រុម​ហ៊ុន​​ផ្សេងៗ ចូល​ទៅ​ក្នុង​ដៃ​ព្រែក ឬ​​សមុទ្រ​ ដោយ​មិន​បាន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន​​ទេ ដែល​​បណ្តាល​​​ឲ្យ​សត្វ​ស្លាប​ និង​មច្ឆា​សមុទ្រ​គ្រប់​ប្រភេទ ងា​ប់​​​ជា​បន្ត​បន្ទាប់។

លោកស្នើដល់​ក្រសួង​បរិស្ថាន ត្រូវយកចិត្តទុកដាក់លើបញ្ហា​នៃ​ការ​បង្ហូរ​ទឹក​ពុល ឬ​ទឹក​កខ្វក់​ចូល​ព្រែក​ ឬ​សមុទ្រ ព្រែក​​​ទឹក​​សាប និង​​ព្រែក​​កំពង់​​សិលា ជា​ដើម​នេះ ឲ្យ​មាន​ប្រសិទ្ធ​ភាព ព្រោះ​សកម្ម​ភាព​នេះ បាន​កើត​មាន​ជា​បន្ត​បន្ទាប់ និង​ច្រើន​ឆ្នាំ​​ម​ក​ហើយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ