ការ​ព្រមាន​របស់​ធនាគារ​ពិភព​លោក​និង​ការ​ផ្សាយ​របស់ The Wall Street Journal ជុំវិញ​ហានិ​ភ័យ​នៃ​ស្ថិរភាព​ហិរញ្ញ​​វត្ថុ និង​ជីវភាព​ពលរដ្ឋ​កម្ពុជា

យោង​តាម​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភព​លោក (World Bank) ដែល​បាន​ចេញ​ផ្សាយ​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រោម​ប្រធាន​បទ​ស្តីពី «ការ​ទប់​ទល់​នឹង​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច» (Navigating Shocks) បាន​បង្ហាញ​ថា សេដ្ឋកិ​ច្ច​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស្តារ​ឡើង​វិញ ក៏​ប៉ុន្តែ​ល្បឿន​​នៃ​កំណើន​នេះ បាន​បង្ហាញ​សញ្ញាយឺ​ត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​កាល​ពី​ពេល​មុនៗ។

វិស័យ​ដែល​ដើរ​តួជា​ក្បាល​ម៉ាស៊ីន​រុញ​ច្រាន​កំណើន​សេដ្ឋ​កិច្ច​ដ៏​សំខាន់ គឺ​ការ​នាំចេ​ញ​ផលិត​ផល​កម្ម​ន្ត​សាល​​«ការ​ងារ​ក្នុង​វិស័យ​ផលិត​កម្ម ឬ​ការ​កែ​ច្នៃ» ជាពិសេស​សម្លៀក​បំពាក់ ស្បែក​ជើង និង​សម្ភារៈ​ធ្វើ​ដំណើរ រួម​ផ្សំ​ជាមួយ​នឹង​ការ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​នៃ​វិស័យ​ទេស​ចរណ៍ និង​សេវា​កម្ម​ដឹក​ជញ្ជូន។

ទោះជា​យ៉ាង​ណា​ក្តី ភាព​រឹង​មាំ​នៅក្នុ​ង​វិស័យ​ផ្លូវ​ការ​ទាំង​នេះ មិន​ទាន់​បាន​សាយ​ភាយ​ទៅ​ដល់​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ និង​កម្រិត​គ្រួសារ​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ ដែល​បង្ក​ឱ្យ​មាន​ភាព​មិន​ស្មើ​គ្នា​នៃ​ការ​រីក​ចម្រើន​ក្នុង​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ជារួម។

ក្នុងពេលជាមួយគ្នានេះ របាយការណ៍របស់ធនាគារពិភពលោកដដែល បាន​គូស​បញ្ជាក់​ថា ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​ពី​កត្តា​រួម​ផ្សំ​សំខាន់ៗ​មួយ​ចំនួន ទាំង​ក្នុង​ស្រុក និង​មក​ពី​ខាង​ក្រៅ។

សម្ពាធ​ទាំង​នោះ រួម​មាន ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៃ​ទីផ្សារ​អចលន​ទ្រព្យ និង​សំណង់ ដែល​ធ្លាប់​ជា​សសរ​ស្តម្ភ​សេដ្ឋ​កិច្ច​ដ៏​រឹង​មាំ​មួយ​ កាល​ពី​ទសវត្សរ៍​មុន ការ​ប្រែ​ប្រួល​នៃ​រចនា​សម្ព័ន្ធ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ និង​ការ​កើន​ឡើង​នៃ​របាំង​ពន្ធ​គយ​ពី​ដៃ​គូពាណិជ្ជ​កម្ម​ធំៗ។

កត្តា​ទាំង​នេះ បានធ្វើឱ្យតម្រូវការក្នុងស្រុកមានការថយចុះយ៉ាងខ្លាំង ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ថយ​ចុះ​នៃ​សន្ទុះ​ឥណទាន​ក្នុង​ស្រុក និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ប្រាស់​ទូទៅ​របស់​ប្រជា​ពលរដ្ឋ។

យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក តម្រូវការក្នុងស្រុករ​បស់​កម្ពុជា កំពុង​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​សារ​រង​សម្ពាធ​ព្រម​គ្នា​ចំនួន​បី គឺ​ការ​កើន​ឡើង​នៃ​ថ្លៃថា​មពល អាហារ ជី និង​សេវា​ដឹក​ជញ្ជូន ដែល​បាន​បង្រួញ​អំណាច​ទិញ​របស់​គ្រួសារ និង​ក្រុម​ហ៊ុន ផ្សារ​ភ្ជាប់​នឹង​ការ​ធ្លាក់​ចុះ​នៃឥ​ណទាន​ ព្រម​ទាំង​ការ​ថយ​ចុះ​នៃលំ​ហូរ​ផ្ទេរ​ប្រាក់​ពី​បរទេស​មក​ត្រឹម ៣,៦% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២៥ បន្ទាប់​ពី​ពលករ​ជិត​១លាន​នាក់ បាន​វិល​ត្រឡប់​មក​ពី​ថៃ​វិញ ដែល​ចំនួ​ន​នេះធ្លា​ប់​មាន​មធ្យម​ភាគ​រហូត​ដល់ ៦% នា​ចន្លោះ​ឆ្នាំ​២០១៩ និងឆ្នាំ​២០២៤ កន្លង​មក។

ស្ថានភាពនេះ កាន់តែគួរឱ្យព្រួយបារម្ភ ដោយសារស្ថាប័ននេះ​បាន​ប៉ាន់​ស្មាន​ថា ប្រសិន​បើ​តម្លៃ​ប្រេង​ឥន្ធនៈ​កើន​ឡើង​ដល់ ៦០% វា​នឹង​ធ្វើ​ឱ្យកា​រ​ប្រើប្រា​ស់​របស់​គ្រួសារ​ថយ​ចុះ ៨% ហើយ​អត្រា​ភាព​ក្រីក្រ​នឹង​ហក់​ឡើង ៦,២% ដែល​រុ​ញ​ច្រាន​ប្រជាជន​ប្រមាណ​ជាង​មួយ​លាន​នាក់ ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ ព្រម​ទាំង​ធ្វើ​ឱ្យបាត់បង់សុខុមាលភាពទូទៅរហូតដល់ ៨០% ដោយប្រយោល តាមរយៈការហក់ឡើងនៃតម្លៃទំនិញ  និងសេ​វា​កម្ម​នៅ​លើ​ទីផ្សារ។

ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យដែលអូសបន្លាយពេលយូរ បានក្លាយជាបន្ទុកយ៉ាងធ្ងន់​ធ្ងរ​ដល់​សកម្ម​ភាព​​​សេដ្ឋ​កិច្ច​​ក្នុងស្រុកផងដែរ។ នៅក្នុងរបាយការណ៍ដដែលនោះ ធនាគារ​ពិភពលោក​បាន​ពន្យល់​ថា កាល​​​​​​​ពី​​មុន វិស័យ​សំណង់ និង​អចលន​ទ្រព្យ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន​សន្ធឹក​ស​ន្ធាប់ និង​បាន​ប​ង្កើ​ត​​ជា​ចំណូល​ដទៃ​ទៀត ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ។

នៅពេលដែលវិស័យនេះជួបប្រទះនឹងការជាប់គាំង វាមិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​ប៉ុ​ណ្ណោះ​​​​ទេ ប៉ុន្តែ​​ថែម​ទាំងជះឥទ្ធិពលអាក្រក់ដល់​កម្មករសំណង់ អាជីវករលក់ដូរគ្រឿង​សំណង់ និង​សេវា​កម្ម​ពាក់​ព័ន្ធ​ក្នុង​ប្រព័ន្ធ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។

ការណ៍នេះ ធ្វើឱ្យប្រាក់ចំណូលជាក់ស្តែងរបស់គ្រួសារជាច្រើនត្រូវកាត់បន្ថយយ៉ាងគំហុក ដែលនាំទៅរកការ​​ធ្លា​ក់ចុះនៃ​អំណាច​ទិញនៅលើទីផ្សារ។ លើសពីនេះទៅទៀត ស្ថានភាពនៃការងើបឡើងវិញដែលមិនស្មើ​​គ្នានេះ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះកាន់តែមានភាពផុយស្រួយ។ ខណៈ​ការនាំចេញទំនិញក្នុងវិស័យកាត់​ដេរមានការកើនឡើង ភាគលាភនៃកំណើននេះ មិនបានហូរចូលទៅក្នុង​សេដ្ឋកិច្ចជនបទដោយផ្ទាល់នោះទេ។ គ្រួសារដែលពឹងផ្អែកលើវិស័យកសិកម្ម និងការងារស៊ីឈ្នួលក្រៅប្រព័ន្ធ ត្រូវប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមផលិតកម្ម និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលជាហេតុធ្វើឱ្យ​ពួកគាត់បង្ខំចិត្តស្វែងរកប្រភពទុនបន្ថែមតាមរយៈការខ្ចីប្រាក់ ដើម្បីដោះស្រាយជីវភាពចំពោះមុខ និងបន្ត​អាជីវកម្មខ្នាតតូចរបស់ខ្លួន។

ស្របពេលដែលរូបភាពម៉ាក្រូសេដ្ឋកិច្ចបង្ហាញពីការងើបឡើងវិញក្នុងកម្រិតមធ្យម ស្ថានភាពមីក្រូសេដ្ឋកិច្ច និង​បន្ទុក​បំណុលរបស់ប្រជាពលរដ្ឋត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ និងគួរឱ្យព្រួយបារម្ភ តាមរយៈអត្ថបទស៊ើប​អង្កេតរបស់​​កាសែត ដឺ វ៉លស្ទ្រីត ជិនណល (The Wall Street Journal) ដែលបានចេញផ្សាយនៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ ក្រោមចំណងជើងផ្តោតលើភាពក្រីក្រ ឥណទានខ្នាតតូច និងសហគ្រិន​។

អត្ថបទវិភាគរបស់ប្រភពអន្តរជាតិមួយនេះ បានលើកឡើងចំៗអំពីភាពផ្ទុយគ្នារវាងគោលបំណងដើមនៃប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ខ្នាតតូច និងជីវភាពជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ កាលពីដើមឡើយ គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុត្រូវបានបង្កើត​ឡើងក្នុងគោលបំណងមនុស្សធម៌ និងការអភិវឌ្ឍ ដើម្បីផ្តល់ទុនដល់សហគ្រិនខ្នាតតូច និងជួយកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ជនបទដាច់ស្រយាល។

ទោះជាយ៉ាងណា បើយោងតាមការពិនិត្យរបស់កាសែត ដឺ វ៉លស្ទ្រីត ជិនណល ដំណើរការនៃប្រព័ន្ធនេះ បាន​ប្រែប្រួលទៅជាឧបករណ៍​ដែលបង្កើតបន្ទុកបំណុលលើសលប់ទៅវិញ។ ដោយសារតែការប្រកួតប្រ​ជែង​​ខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុ  និងកង្វះការត្រួតពិនិត្យការវាយតម្លៃលទ្ធភាព​សងប្រាក់ឱ្យបានហ្មត់ចត់ គ្រួសារ​ក្រីក្រជាច្រើនត្រូវបានផ្តល់ឥណទាន​ក្នុងកម្រិតមួយ ដែលហួសពីសមត្ថភាពរកចំណូលជាក់ស្តែង​របស់​​ពួកគាត់។

នៅពេលដែលសេដ្ឋកិច្ចជួបប្រទះនឹងវិបត្តិ ដូចជាការធ្លាក់ចុះនៃតម្លៃកសិផល ឬការបាត់បង់ការងារនៅក្នុងវិស័យ​​សំណង់ គ្រួសារទាំងនោះមិនអាចរកប្រាក់ចំណូលមកបង់សងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុទាន់ពេលវេលា​ឡើយ។

ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ពួកគាត់ភាគច្រើនបានសម្រេចចិត្តខ្ចីប្រាក់ពីប្រភពមួយទៅសងប្រភពមួយទៀត ឬបង្ខំចិត្តលក់ដីធ្លីដែលជាទ្រព្យសម្បត្តិសកម្មតែមួយគត់ និងជាបង្អែកជីវិតចុងក្រោយ ដើម្បីរួចខ្លួនពីបំណុល។ ចំណុច​គន្លឹះដ៏សំខាន់មួយដែលកាសែត ដឺ វ៉លស្ទ្រីត ជិនណល បានគូសបញ្ជាក់គឺ ការប្រើប្រាស់ប្លង់​ដីធ្វើជាវត្ថុបញ្ចាំសម្រាប់​ឥណទានខ្នាតតូច ដែលជានិន្នាការខុសប្លែកពីបណ្តាប្រទេសដទៃទៀតនៅលើពិភព​លោក។

ការទាមទារវត្ថុបញ្ចាំជាអចលនទ្រព្យសម្រាប់ទំហំកម្ចីតូចៗ បានបង្កើតជាសម្ពាធផ្លូវចិត្ត និងផ្លូវច្បាប់យ៉ាងធ្ងន់​ធ្ងរដល់អ្នកខ្ចីប្រាក់។ នៅពេលដែលអ្នកខ្ចីមិនអាចបំពេញកាតព្វកិច្ចសងត្រឡប់ គ្រឹះស្ថានហិរញ្ញវត្ថុ ឬ​​អ្នក​​ប្រមូលបំណុល​តែងតែដាក់សម្ពាធឱ្យមានការលក់ដីធ្លី ទោះជាក្នុងតម្លៃថោកជាងទីផ្សារក៏ដោយ ដើម្បីយក​ប្រាក់មក​បង្គ្រប់​​បំណុល។

ការបាត់បង់ដីធ្លីដែលជាមធ្យោបាយផលិតកម្មចម្បងក្នុងវិស័យកសិកម្ម មិនត្រឹមតែធ្វើឱ្យគ្រួសារទាំងនោះធ្លាក់​ចូលក្នុងភាពក្រីក្រីកាន់តែជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាបញ្ហាសង្គមធំៗ ដូចជាការចំណាក​ស្រុក​​ដោយបង្ខំទាំងនៅក្នុងស្រុក និងទៅបរទេស ដើម្បីស្វែងរកប្រាក់ចំណូលមកដោះស្រាយវិបត្តិគ្រួសារ។

បញ្ហានេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃអនុបាតឥណទានមិនដំណើរការ នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​​​និង​ហិរញ្ញ​វត្ថុ ដែល​ធនាគារ​ពិភព​លោក​បាន​ព្រមាន​​នៅ​ក្នុ​ង​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​របស់​​​ខ្លួន​ផង​ដែរ។

ការកើនឡើងនៃឥណទានមិនដំណើរការ ឆ្លុះបញ្ចាំងពីការចុះខ្សោយនៃគុណភាព​ផល​ប័ត្រ​ឥណទាន ដែល​អាច​ជះ​ឥទ្ធិ​ពល​​អវិជ្ជ​មាន​ដល់​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​ជារួម​របស់​ប្រទេស​ជាតិ។

នៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុប្រឈម​នឹង​ការ​ខាត​បង់​ពី​កម្ចី​មិន​ដំណើរ​ការ ពួក​គាត់​នឹង​រឹត​បន្តឹ​ងការ​ផ្តល់​កម្ចី​ថ្មីៗ ដែល​ធ្វើ​ឱ្យស​ហគ្រាស​ធុន​តូច និង​មធ្យម​ពិត​ប្រាកដ​ជួប​ការ​លំបាក​ ក្នុង​ការ​ទទួល​បាន​ទុន​បង្វិល​សម្រាប់​ដំណើរ​ការ​អាជីវកម្ម ដែល​វា​នឹង​ក្លាយ​ជា​វដ្ត​អាក្រក់​រារាំង​ដល់​ការ​ងើប​ឡើង​វិញ​នៃសេ​ដ្ឋ​កិច្ច​ទាំង​មូល​។

បើទោះ​បី​ជាបំណុលឯកជន និងបំណុលគ្រួសារមានការកើនឡើងគួរឱ្យបារម្ភក៏ដោយ របាយការណ៍របស់ធនាគារពិភពលោកបានផ្តល់នូវទស្សនវិស័យវិជ្ជមានមួយផ្នែកពាក់ព័ន្ធនឹងស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា។ ធនាគារ​​​ពិភព​​លោក បានវាយតម្លៃថា បំណុលសាធារណៈរបស់កម្ពុជា នៅតែស្ថិតក្នុងកម្រិតមួយ​ដែលមាន​ហានិ​ភ័យ​​ទាប និងអាចគ្រប់គ្រងបាននៅឡើយ បើធៀបទៅនឹងទំហំនៃផលិតផលក្នុងស្រុកសរុប។

ការណ៍នេះ គឺដោយសារតែកម្ពុជាបានអនុវត្តគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រមទាំងការផ្តោតលើការខ្ចីប្រាក់ដែលមានលក្ខខណ្ឌសម្បទានពីដៃគូអភិវឌ្ឍន៍ទ្វភាគី និង​ពហុភាគី សម្រាប់យកមកវិនិយោគលើរចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន និងថាមពល ដែល​ជា​ប្រភពទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង។

លើសពីនេះ ធនាគារពិភពលោក បានកត់សម្គាល់ថា ទុន​បម្រុង​អន្តរ​ជាតិ​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ភាព​រឹង​មាំ ដែល​អាច​ធានា​ការ​នាំចូល​បាន​ច្រើន​ខែ​ទៅមុ​ខ​ទៀត ហើយ​អត្រា​អតិផរណា​ក៏​ស្ថិត​ក្នុង​កម្រិត​ទាប និង​អាច​គ្រប់​​គ្រង​បាន។

ទោះជាយ៉ាងណាក្តី ស្ថិរភាពនៃបំណុលសាធារណៈមិនអាចកាត់ដាច់ទាំង​ស្រុង​ពី​ហានិភ័យ​នៃ​បំណុល​ឯកជន​បាន​ឡើយ។ ប្រសិន​បើ​វិបត្តិ​បំណុល​គ្រួសារ​នៅ​តែ​បន្ត​រីក​រាល​ដាល វានឹងកាត់បន្ថយចំណូលពន្ធដាររបស់​រដ្ឋពីការប្រើប្រាស់ក្នុងស្រុក  និងបង្ខំឱ្យរដ្ឋត្រូវបង្កើនចំណាយលើកិច្ចគាំពារសង្គម ដើម្បីជួយសង្គ្រោះប្រជា​ពលរដ្ឋងាយរងគ្រោះ ដែលការណ៍នេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំហំថវិកាជាតិ សម្រាប់វិនិយោគលើ​វិស័យគន្លឹះដទៃទៀតនៅពេលអនាគត។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗទាំងនេះ ទាំងធនាគារពិភពលោក និងអ្នកវិភាគដែល​បានលើកឡើង​នៅ​​ក្នុង​សារ​ព័ត៌​មាន ដឺ វ៉លស្ទ្រីត ជិនណល បានផ្តល់ជាគំនិតគន្លឹះថា កម្ពុជាចាំបាច់ត្រូវមានការធ្វើកំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ឱ្យ​បានស៊ីជម្រៅ និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ​ប្រកបដោយតុល្យភាព​។

អាជ្ញាធររូបិយវត្ថុចាំបាច់ត្រូវពង្រឹងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុខ្នាតតូច ដោយការដាក់ចេញនូវបទប្បញ្ញត្តិ​​រឹតបន្តឹង​លើការផ្តល់កម្ចី ដើម្បីការពារកុំឱ្យមានការផ្តល់ឥណទានហួសកម្រិត និងការការពារសិទ្ធិរបស់​អ្នកប្រើប្រាស់​ហិរញ្ញ​វត្ថុ។

ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ជាកត្តាសំខាន់ដើម្បីឱ្យពួកគាត់យល់ដឹង​ពី​ផល​វិបាក​នៃការខ្ចីប្រាក់ និងសមត្ថភាពក្នុងការគ្រប់គ្រងលំហូរថវិកាគ្រួសារ។ ស្របតាមស្មារតីនៃរបាយការណ៍បច្ចុប្បន្ន​ភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោក កម្ពុជាត្រូវតែបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយ​​​មិនត្រូវពឹងផ្អែក​តែ​លើ​វិស័យ​ប្រពៃណីពីរបីនោះឡើយ។

ការវិនិយោគលើ​ការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ការកែលម្អបរិយាកាសធុរកិច្ចដើម្បីទាក់ទាញការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដែលមានតម្លៃបន្ថែមខ្ពស់ និងការកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងថាមពល នឹងជួយបង្កើន​ភាពប្រកួត​ប្រជែង​របស់​កម្ពុជានៅលើឆាកអន្តរជាតិ។

ការបង្កើតឱកាសការងារដែលមានប្រាក់ចំណូលខ្ពស់ និងមានស្ថិរភាពនៅក្នុងស្រុក គឺជាដំណោះស្រាយដ៏មាន​​ប្រសិទ្ធ​ភាព​បំផុត ក្នុងការកាត់បន្ថយតម្រូវការឥណទានសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងជួយឱ្យប្រជាពលរដ្ឋ​អាចចាក​ផុត​ពី​វដ្តនៃបំណុលវណ្ឌក​ប្រកបដោយចីរភាព ព្រមទាំងចូលរួមចំណែកយ៉ាងពិតប្រាកដដល់​ការសម្រេចបាននូវ​ចក្ខុ​វិស័យសេដ្ឋកិច្ចរយៈពេលវែង​របស់ប្រទេសជាតិទាំងមូល៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ