ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគ្រោងនឹងចុះហត្ថលេខាកាលពីថ្ងៃទី១៤ខែមិថុនា ខណៈភាគីអ៊ីរ៉ង់បានបង្ហាញការសង្ស័យលើពេលវេលាកំណត់នេះ។ លោក ត្រាំ បានបញ្ជាក់ថា ច្រកសមុទ្រហរមូស (Strait of Hormuz) នឹងត្រូវ «បើកចំហសម្រាប់ទាំងអស់គ្នា» ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។
កាលពីថ្ងៃទី១៣ខែមិថុនា ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ បាននិយាយថា កិច្ចព្រមព្រៀងនេះរំពឹងថានឹងត្រូវបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង ហើយពួកគេកំពុងរៀបចំសម្រាប់ការចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានសម្តែងការប្រុងប្រយ័ត្នដោយលើកឡើងថា គួររង់ចាំមើលកាលបរិច្ឆេទពិតប្រាកដ ទោះបីជាវាមិនមែនជាថ្ងៃអាទិត្យក៏ដោយ ខណៈជាមួយគ្នានេះ គណៈប្រតិភូមកពីប្រទេសកាតា ក៏បានធ្វើដំណើរមកដល់ទីក្រុងតេអេរ៉ង់ផងដែរ។
ក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ ក៏បានលើកឡើងពីគម្រោងចូលទៅយក និងកម្ទេច «កំទេចធូលីនុយក្លេអ៊ែរ» (Nuclear Dust) របស់អ៊ីរ៉ង់នៅពេលសមស្រប ហើយបានព្រមានថា ក្រុងវ៉ាស៊ីនតោនមាន «ជម្រើសចុងក្រោយ» ប្រសិនបើអ្វីៗមិនដំណើរការទៅមុខដោយរលូន។ អស់ជាច្រើនទសវត្សរ៍មកហើយ អ៊ីរ៉ង់តែងតែបដិសេធការចោទប្រកាន់របស់លោកខាងលិច ដោយទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាព។
កាលពីថ្ងៃទី១២ខែមិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា កិច្ចព្រមព្រៀងនេះ បានខិតជិតមកដល់ហើយ ដោយវាបានគិតគូរដល់ការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេបូឡា (Hezbollah) នៅលីបង់ រីឯការចរចាលើកម្មវិធីនុយក្លេអ៊ែរនឹងចាប់ផ្តើមនៅពេលក្រោយ។ មន្ត្រីអាមេរិក បានបញ្ជាក់ថា ផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់ នឹងពឹងផ្អែកលើការបំពេញកាតព្វកិច្ចរបស់ខ្លួន។
សង្គ្រាមនេះបានចាប់ផ្តើមឡើងជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យអ៊ីរ៉ង់វាយប្រហារតបត និងបិទច្រកសមុទ្រហរមូស។ ទោះបីជាមានបទឈប់បាញ់កាលពីខែមេសាក៏ដោយ ក៏ភាគីទាំងពីរបន្តបាញ់តបតគ្នាម្តងម្កាល។
ទោះបីជាលោក ត្រាំ ព្យាយាមដកខ្លួនចេញពីជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ក៏ប្រតិបត្តិការបន្តបន្ទាប់របស់អ៊ីស្រាអែលនៅលីបង់បានបង្កជាឧបសគ្គ។
កាលពីថ្ងៃទី១៤ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានរឹងមាំរបស់ក្រុមហេបូឡានៅទីក្រុងបេរូត ដើម្បីឆ្លើយតបនឹងការបាញ់ប្រហារចូលទឹកដីខ្លួន។ កាលពីដើមខែនេះ អ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីខែមេសាផងដែរ ហើយវាមិនទាន់ច្បាស់ទេថាតើការវាយប្រហារទាំងនេះ នឹងជះឥទ្ធិពលដល់ផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ដែរឬយ៉ាងណា៕









