មនុស្ស​១០​នាក់​ស្លាប់​និង​អារាម​ប្រវត្តិ​សាស្ត្រ​អ៊ុយ​ក្រែន​រង​ការ​ខូច​ខាត​ដោយ​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី

វត្ត​អារាម​ដែល​មាន​អាយុ​កាល​ ១,០០0 ឆ្នាំ ដែល​ជា​និមិត្ត​រូប​នៃ​បេតិក​ភណ្ឌ​វប្បធម៌​របស់​អ៊ុយ​ក្រែន បាន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ទី​១៥ខែ​មិថុនា នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​ដោយ​រុស្ស៊ី ដែល​បាន​សម្លាប់​មនុស្ស ១០ នាក់ នៅ​ទូទាំង​ប្រទេស តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រធានាធិប​តី​អាមេរិក លោក​​ ដូណាល់ ត្រាំ បាន​ជជែក​ជាមួយ​មេដឹក​នាំ​នៃប្រ​ទេស​ទាំង​ពីរ​អំពី​ការ​បញ្ចប់​សង្រ្គាម។

ប្រធានាធិបតីអ៊ុយក្រែន លោក​​ វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា លោក​បាន​ពិភាក្សា​ជាមួយ​លោក ត្រាំ អំពី​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​ជម្លោះ​រយៈ​ពេល​បួន​ឆ្នាំ​នេះ មុន​ពេល​កិច្ច​ប្រជុំ G7 នៅ​ប្រទេស​បារាំង។ លោក ត្រាំ ក៏​បាន​ប្រាប់​​មេដឹក​នាំ​រុស្ស៊ី លោក ​វ្ល៉ាឌីមៀ ពូទីន តាម​ទូរស័ព្ទ​ផង​ដែរ​ថា វា​ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​បញ្ចប់​សង្រ្គាម​នេះ។

ការខូចខាតលើវត្តអារាម Kyiv Pechersk Lavra ដែលជាទីតាំងបេតិកភណ្ឌពិភព​លោក​របស់ UNESCO ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១០៥១ បាន​ទាក់​ទាញ​ការ​ថ្កោល​ទោស​ពី​អន្តរ​ជាតិ។ រដ្ឋ​មន្ត្រី​​ការ​​បរទេស​​បារាំង​​បាន​​និយាយ​​ថា ការ​វាយ​ប្រហារ​នេះ គឺ​ប្រៀប​ដូច​ជា​ការ​ទម្លាក់​គ្រាប់​បែក​លើ​ព្រះវិ​ហារ Notre Dame ក្នុង​ទីក្រុង​ប៉ារីស​ដែរ។

លោក ហ្សេឡេនស្គី ដែលបានទៅពិនិត្យការខូចខាត និងបានហៅវាថាជា «ឧក្រិដ្ឋកម្មដ៏ធ្ងន់​ធ្ងរ​បំផុត​មួយរបស់​រុស្ស៊ី​ប្រ​ឆាំង​​នឹង​​វប្បធ​ម៌​គ្រិស្ត​សាសនា»។ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ត្រូវ​ជួស​ជុល​ឡើង​វិញ។

រុស្ស៊ីបា​នបដិសេធការវាយប្រហារលើវត្តអារាមនេះ ដោយហៅការចោទប្រកាន់នេះថាជា «ការប្រឌិត» ហើយ​បាននិយាយ​ថា វាត្រូវបានខូចខាតដោយសារមីស៊ីលការពារអាកាស Patriot របស់អ៊ុយក្រែនវិញទេ។ ទោះជាយ៉ាងណា​ អង្គភាពសន្តិសុខ SBU របស់អ៊ុយក្រែន បាននិយាយថា ខ្លួន​បានប្រមូលបំណែកដ្រូន Geran-2 ដែលជាដ្រូនអត្តឃាតរបស់រុស្ស៊ី នៅកន្លែងវាយប្រហារ។

មន្ត្រីអ៊ុយក្រែន បានរាយការណ៍ថា មនុស្ស ៥ នាក់​បានស្លាប់​ ​នៅក្នុងការវាយប្រហារលើទីក្រុងគៀវ និង ៥ នាក់ទៀត​​បាន​ស្លាប់​នៅក្នុងទីក្រុងខាកៀវ (Kharkiv)។ ទន្ទឹមនឹងនេះ ការវាយប្រហារដោយដ្រូនរបស់អ៊ុយ​​ក្រែនលើទីក្រុង Tula របស់រុស្ស៊ី ក៏បានសម្លាប់មនុស្ស ៣ នាក់ផងដែរ។

កងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីល ៧០ គ្រាប់ និង​ដ្រូន ៦១១ គ្រឿង​ក្នុង​មួយ​យប់ ហើយ​ប្រព័ន្ធ​ការ​ពារ​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​បាន​ភាគ​ច្រើន ប៉ុន្តែ​មីស៊ីល​បាលី​ស្ទីក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ។

ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា «ឧក្រិដ្ឋ​​កម្ម​សង្រ្គាម» ខណៈ​ដែល​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន បាន​ស្នើ​សុំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ។

មុនកិច្ចប្រជុំ G7 លោក ហ្សេឡេនស្គី បាននិយាយថា លោកបានស្នើឱ្យមានការចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រធានា​ធិបតី​​រុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន សម្រា​ប់​ដំណោះ​ស្រាយ​បទ​ឈប់​បាញ់ ប៉ុន្តែ​លោក ពូទីន បាន​បដិសេធ។ លោក​បាន​បន្ថែម​ថា លោក​បាន​ផ្តល់​ជម្រើស​ក្នុង​ការ​ជួប​ លោក ពូទីន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល G7 នៅ​ប្រទេស​បារាំង ឬ​នៅ​សហរដ្ឋ​អាមេរិក៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ