បន្ទាប់​ពីចុះ​​​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់ លោក ត្រាំ ថា​ព័ត៌​មាន​លម្អិត​នឹង​ត្រូវ​បញ្ចេញ​ឆាប់ៗ​នេះ

ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក លោក​​ ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​បឋម​ដើម្បី​​បញ្ចប់​សង្រ្គាម​​​ជាមួយ​អ៊ីរ៉ង់ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រួច​រាល់​ហើយ ហើយ​ព័ត៌​មាន​លម្អិត​នឹង​ត្រូវ​ប្រកាស​ផ្សាយ «ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោកបានថ្លែងក្នុងអំឡុងពេលកិ​ច្ច​ពិភាក្សាជា​មួយ​ប្រធានា​ធិបតី​បារាំង លោក ​អេម៉ានូ​អែល ម៉ាក្រុង នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល G7 ថា៖ «ខ្ញុំ​រីក​រាយ​ណាស់​ក្នុង​ការ​ជម្រាប​ថា កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ហើយ»។

មន្ត្រីជាន់ខ្ព​ស់​អាមេរិក បានរាយការណ៍សង្ខេប​ថា ច្រក​សមុទ្រ​ហរមូស (Strait of Hormuz) នឹង​ត្រូវ​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ខែ​មិថុនា ដែល​ជា​ថ្ងៃ​តែ​មួយ​ដែល​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​ចុះ​ហត្ថ​លេខា​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​ហ្សឺណែវ។ ការ​ចរ​ចា​បច្ចេក​ទេស​លើ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ ខណៈ​ដែល​ការ​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម នឹង​អាស្រ័យ​លើ​ការ​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​អ៊ីរ៉ង់។

អនុប្រធានាធិបតី ជេឌី វ៉ានស៍ (JD Vance) បានប្រាប់ទូរទស្សន៍ CNN ថា អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) នេះ មាន​ប្រវែង «ប្រហែល​មួយ​ទំព័រ​កន្លះ» និង​ជា​ឯកសារ​ទូទៅ ដោយ​ព័ត៌​មាន​លម្អិត​ជា​ច្រើន នឹង​ត្រូវ​ដោះ​ស្រាយ​ក្នុង​ដំណាក់​កាល​ចរចា​បច្ចេក​ទេស។

លោក​បាន​បន្ថែម​ថា នៅ​ក្នុង​កថា​ខណ្ឌ​ទីមួយ អ៊ីរ៉ង់​នឹង​ប្តេជ្ញា​ចិត្ត​ចំពោះ «សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់» រួម​ទាំង​​ការ​​បញ្ឈប់​ការ​ផ្តល់​មូល​និធិ​ដល់​អង្គ​ការ​ភេរវកម្ម និង​មាន​ការ​ប្តេជ្ញា​ចិត្ត​ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន ក្នុង​ការ​មិន​បង្កើត​​អាវុធ​នុយ​ក្លេ​អ៊ែរ។ កិច្ចព្រម​ព្រៀង​នេះ ត្រូវ​បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកដោយលោក ត្រាំ លោក វ៉ានស៍ និងប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាំម៉ាត់ បាគ័រ ហ្កាលីបាហ្វ។

កិច្ចព្រមព្រៀងនេះ នឹងបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃទៀត ដើម្បីឱ្យ​ភាគី​ទាំង​សង​ខាង​ចរចា​លើ​ព័ត៌​មាន​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ។

នាយករដ្ឋមន្ត្រីប៉ាគី​ស្ថាន លោក សេបាស ហ្សារីហ្វ ដែលជាអ្នកសម្របសម្រួល បានមា​ន​ប្រសាសន៍​ថា វា​បាន​រាប់​បញ្ចូល​​ទាំង «ការ​បញ្ចប់​ជា​បន្ទាន់ និងជាអចិន្ត្រៃយ៍នៃប្រតិបត្តិការយោធានៅគ្រប់មុខព្រួញទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ»។
ទោះជាយ៉ាងណា មន្ត្រីអាមេរិកបានបញ្ជាក់ថា ការដកកងទ័ពអ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​លីបង់ មិន​មែន​ជា​លក្ខ​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ហើយអ៊ីស្រាអែលនៅតែរក្សាសិទ្ធិក្នុងការការពារខ្លួន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតានីយ៉ាហ៊ូ បានមានប្រសាសន៍ថា កងកម្លាំងអ៊ីស្រាអែល​​នឹង​បន្ត​​​ស្ថិត​នៅ​ក្នុងតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា «ដរាបណាមានការចាំបាច់» ហើយ​អ៊ីរ៉ង់នឹងមិនត្រូវ​បាន​អនុញ្ញាតឱ្យទទួលបានអាវុធនុយក្លេអ៊ែរឡើយ ទោះជាមាន ឬមិនមានកិច្ចព្រមព្រៀងក៏ដោយ។

លោក ត្រាំ ក៏បានប្រកាសថា លោកបានបញ្ជាឱ្យដកការបិទផ្លូវទឹករបស់​កង​ទ័ព​ជើង​ទឹក​អាមេរិក លើ​កំពង់​ផែ​អ៊ីរ៉ង់​ជា​បន្ទាន់។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី បានបញ្ជាក់ពីការបញ្ចប់ប្រតិបត្តិការយោធា ដោយ​​លើកឡើងថា អ្នកសម្របសម្រួលកាតា បានធ្វើការចរចាជិត ១៥ ម៉ោង នៅទីក្រុងតេហេរ៉ង់។ ទោះជា​យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេហេរ៉ង់នៅតែមាន «ការមិនទុកចិត្តយ៉ាង​ខ្លាំង» ចំពោះអាមេរិក ហើយកិច្ចព្រមព្រៀងនេះ គ្រាន់តែជាជំហានមួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង។

នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បាន​និយាយ​ថា ពួក​គេ «ត្រៀម​ខ្លួ​នជា​ស្រេ​ច​ក្នុង​ការ​លើក​លែង​ទណ្ឌ​កម្ម​ដែល​ពាក់​ព័ន្ធ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំហាន​ដ៏​ច្បាស់​លាស់​ និង​​អាច​​ផ្ទៀង​ផ្ទាត់​បាន​ដោយ​អ៊ីរ៉ង់ លើ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​​របស់​ខ្លួន» ខណៈ​ដែល​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ លោក សឺ គៀ ស្តាម័រ បាន​ហៅ​ការ​ប្រកាស​នេះ​​​ថា​ជា​ជំហាន​ទៅ​មុខ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ ក្នុង​ការ​ធានា​ស្ថិរ​ភាព​ក្នុង​តំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ