កម្ពុជា​បន្ត​​បោះ​ដៃ​ទៅ​ថៃ​​ដើម្បី​កំណត់​ដី​ជាក់​ស្តែង ​ខណៈ​ថៃ​​សម្រុក​​ពង្រីក​​ព្រំដែន​​យក​​ដី​​ខ្មែរ

កម្ពុជា​បាន​ទម្លាយ​ឱ្យដឹ​ង​ថា ខ្លួន​បាន​ចេញ​កំណត់​ទូត​ថ្មី​មួយ​ទៀត​ទៅ​ភាគី​ថៃ ដើម្បី​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​​បណ្តោះ​អាសន្ន និង​ដោះ​ស្រាយ​ការ​ងារ​ដែល​នៅ​សេស​សល់ ខណៈ​ថៃ​ចេះ​តែ​ពន្យា​ពេល​ម្តង​ហើយ​ម្តង​ទៀត ក្រោយ​មាន​​បទ​ឈប់​បាញ់​ជាង​កន្លះ​ឆ្នាំ​មក​នេះ។

រដ្ឋលេខាធិការដ្ឋានកិច្ចការ​ព្រំដែន​កម្ពុជា បាន​និយាយ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ​ថា ដើម្បី​បន្ត​ការ​ងារ​វាស់​វែង និង​បោះ​បង្គោល​​ព្រំដែន​បណ្តោះ​អាសន្ន និង​ការងារ​ដែល​នៅ​សេស​សល់​ក្រុម​ការ​ងារ​កម្រិត​បច្ចេក​ទេស​ នៅ​តែ​បន្ត​អនុវត្ត​ការ​ងារ​របស់​ខ្លួន​ដដែល។

ក្នុងន័យនេះ គណៈកម្មការ JBC ភាគី​កម្ពុជា បាន​ផ្ញើ​ជា​ថ្មី​ម្តង​ទៀត​នូវ​កំណត់​ទូត ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ «ស្នើ​ឱ្យ​ភាគី​ថៃ​ចាត់​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ (JSTs) ដើម្បី​បន្ត​ចុះ​អនុ​វត្ត​ការ​ងារ​នៅ​លើ​ដី​ជាក់​ស្តែង​ឱ្យ​បាន​ឆាប់​បំផុត»

កម្ពុជាបញ្ជាក់ថា ខ្លួន​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុងកា​រ​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ ទៅ​នឹង​សកម្ម​ភាព​ឈ្លាន​ពាន​កាន់​កាប់​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់​របស់​យោធា​ថៃ និង​សកម្ម​ភាព​បន្ត​រំលោភ​បំពាន​លើ​បូរណ​ភាព​ទឹក​ដី​ និង​អធិប​តេយ្យ​កម្ពុជា ព្រម​ទាំង​ការ​បង្កើត​ស្ថាន​ភាព​ថ្មី​នៅ​លើ​ដី​ជាក់​ស្តែង។ ហើយ​កម្ពុជា​ ប្រកាស​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង ទាំង​ពេល​កន្លង​មក ទាំង​ពេល​បច្ចុប្បន្ន និង​អនា​គត។

ការចេញកំណត់ទូតថ្មីទៀតរបស់កម្ពុជា ជំរុញ​ឱ្យ​ថៃ​ងាក​មក​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​នេះ ក៏​ចំ​ពេល​ មាន​សេចក្តី​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​មក​ថា ថៃ​បន្ត​ពង្រីក​ព្រំដែន​ថ្មី ដោយ​ឯកតោ​ភាគី រំលោភ​យក​ដី​ខ្មែរ​ ជាង​កន្លះឆ្នាំ​​មក​នេះ ទាំង​គ្មាន​ការ​រំខា​ន​ពី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។ ការ​រំលោភ​បំពាន​របស់​ថៃ​នេះ កម្ពុជា​បាន​តវ៉ា​ជាង ៧រយ​លើក​រួច​មក​ហើយ​ដែល​​ថៃ​មិន​គោរព​បទ​ឈប់​បាញ់។

ជុំវិញបញ្ហានេះ ក្រោយមានបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ កម្ពុជា បាន​ចេញ​កំណត់​ទូត​ដូច​គ្នា​នេះ​ច្រើន​លើក​រួច​មក​ហើយ ដើម្បី​ជំរុ​ញ​ការ​វាស់​វែង​ដី​ជាក់​ស្តែង​នេះ តែ​ភាគី​ថៃ​ចេះ​តែ​រក​លេស​ពន្យា​ពេល ខណៈ​ថៃ​មាន​ប្រៀប​លើ​កម្ពុជា ដែល​ថៃ​បាន​ដណ្តើម​គ្រប់​គ្រង​ទឹក​ដី​កម្ពុជា​ជាង ៧០​ទីតាំង។

ទីតាំង​ទាំង​នោះ នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៦​ជាប់​ព្រំដែន រួម​មាន ខេត្ត​ពោធិ៍សាត់ ​បាត់ដំបង ប៉ៃលិន បន្ទាយមាន​ជ័យ ឧត្តរ​មាន​ជ័យ និង​​ព្រះវិហារ។ លើស​ពី​នេះ ថៃ​ក៏​វាយ​ដណ្តើម​គ្រប់​គ្រង​​ប្រាសាទ​បូរាណ​ខ្មែរ​ជាច្រើន​ផង​ដែរ ដូច​ជា ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី និង​ប្រាសាទ​ខ្នា​ជាដើម។ ហើយ​មក​ទល់​ពេល​នេះ ​អ្នក​តាម​ដាន​ពី​គណបក្ស​ប្រឆាំង​ បាន​អះ​អាង​ថា ថៃ​បន្ត​ពង្រីក​ព្រំដែន​ថ្មី​រំលោភ​យក​ដី​ខ្មែរ ដោយ​ឯកតោ​ភាគី ថៃ​សម្រុក​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​លើដី​ខ្មែរ​ដែល​ថៃ​ដណ្តើម​គ្រប់​គ្រង រួម​ទាំង​ថៃ​នៅ​តែ​បន្ត​រុល​ចូល​ច្បាម​យក​ដី​ខ្មែរ ទាំង​គ្មាន​ការ​រំខាន​ពី​ក្រសួង​ការ​​ពារ​​ជាតិ​កម្ពុជា ខណៈ​មេដឹ​ក​នាំ​មិន​ព្រម​ប្តឹង​ថៃ ដើម្បី​ទាម​ទារ​ទឹក​ដី​ទាំង​នោះ​យក​ត្រឡប់​មក​វិញ ហើយ​ប្រកាន់​ជំហរ​​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ ទោះ​មាន​សង្ឃឹម​តែ​១ភាគ​រយ​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ