ភ្ញៀវ​ទេសចរ​ជាតិ​រអ៊ូ​រទាំ​ពី​តម្លៃ​ផ្ញើ​រថយន្ត​ពេល​ទៅ​ទស្សនា​ស្ពាន​កោះ​ពស់​ក្រុង​ព្រះ​សីហនុ

ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​ខេត្ត​ព្រះ​សីហនុ ហើយ​បាន​ចូល​ទៅ​ថត​រូប​​កម្សាន្ត នៅ​លើ​ស្ពាន​កោះ​ពស់ ​​​​​បាន​រិះ​គន់​ចំពោះ​តម្លៃ​សំបុត្រ​ផ្ញើ​រថ​យន្ត​ក្នុ​ង​​មួយ​​​គ្រឿង ២ម៉ឺន​រៀល និង​​​ថ្លៃ​​ផ្ញើ​​​​ម៉ូ​​តូ​​១​ម៉ឺន​រៀល ​​នៅ​ចំ​ណត​​​ក្បែរ​ស្ពាន​កោះ​ពស់ ដោយ​ថា​ជា​តម្លៃ​​ខ្ពស់ ពិបាក​ទទួល​យក​បាន ដែល​អាជ្ញា​ធរ​ពាក់​ព័​ន្ធ​​​គួរ​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​មុខ​មាត់​ខេត្ត និង​ទាក់​ទាញ​ភ្ញៀវ​ឱ្យ​បន្ត​ទៅ​កម្សាន្ត​នៅ​ទី​នោះ។

លោក កុយ សារឿន ជា​ភ្ញៀវ​ទេសចរ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​ច្រើន​ទៀត​ បាន​លើក​ឡើង​​ថា កាល​ពី​ចុង​​សប្តាហ៍​កន្លង​​ទៅ​នេះ រូប​​​គាត់​បាន​នាំ​ក្រុម​គ្រួសារ​មក​ពី​រាជ​ធានី​ភ្នំពេញ​ ចូល​មក​ទស្សនា​កម្សាន្ត នៅ​តាម​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះ​​សីហនុ។ ក្នុង​នោះ ក៏​បាន​ចូល​ទៅ​ទស្សនា និង​​ថត​​​​​​រូប​​កម្សាន្ត​​​នៅ​លើ​ស្ពាន​កោះ​ពស់។ ប៉ុន្តែ​អ្វី​ដែល​លោក​កត់​សម្គាល់​នោះ គឺ​តម្លៃ​សំបុត្រ​ផ្ញើ​រថយន្ត បាន​កំណត់​​តម្លៃ​ខ្ពស់​ពេក ដោយ​ក្នុង​រថ​យន្ត​១​​គ្រឿង ត្រូវ​បង់​លុយ ២ម៉ឺន​រៀល​ និង​ម៉ូតូ ១ម៉ឺន​រៀល​ឯណោះ។

លោក​ថា មិន​មែន​ត្រឹម​តែ​រូប​លោក​ទេ ដែល​គិត​ថា តម្លៃ​ផ្ញើ​រថយន្ត​ហាក់​មាន​តម្លៃ​ខ្ពស់ សូម្បី​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​រថយន្ត​ភាគ​ច្រើន​​ ក៏​បាន​​លើក​​​ឡើង​ដូច​គ្នា​ដែរ។ លោក​ថា តម្លៃ​ផ្ញើរ​ថយន្ត​នេះ គួរ​កំណត់​ត្រឹម​ ៨ពាន់​រៀល ឬ​១ម៉ឺន​រៀល​សមរម្យ​ហើយ ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​​​​ប៉ះ​​​ពាល់​​ដល់​វិស័យ​ទេសចរណ៍ ចូល​មក​ខេត្ត​នេះ​​នា​ថ្ងៃ​ខាង​មុខ។

លោកបន្តថា៖ «សំណូមពរ​ឲ្យកំ​ណត់​តម្លៃ​ចំណត​រថយន្ត​នៅ​ស្ពាន​កោះ​ពស់​ហ្នឹង ៥ពាន់​រៀលហ្នឹង​បាន​ហើយ។ លេង ២ម៉ឺន​រៀល​ចឹង​ងាប់​បាត់​ហើយ ឡាន​ចូល​មួយ​ភ្លេត​សោះ​ហ្នឹង។ ខ្ញុំចូល​​ទៅ​​មើល​ស្ពាន ចត​មួយ​ភ្លេត មក​វិញ​ស្មាន​តែ ២ពាន់ ឬ​៥ពាន់​រៀល លេង ២ម៉ឺន​រៀល ហើយ​​​​ម៉ូតូ​ ១ម៉ឺន​រៀល»

ភ្ញៀវ​ទេសចរផ្សេងទៀត គឺលោក តុង វន្នី ដែលបានចូលមកទស្សនា​ក្រុង​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​អា​ទិត្យ​​កន្លង​ទៅ​នេះ បានឲ្យ​ដឹង​ដែរ​ថា ចំពោះ​​តម្លៃ​​សំបុត្រ​​​​​​​​ផ្ញើ​រថយន្ត នៅ​​ស្ពាន​កោះ​ពស់​នេះ គឺ​​មាន​តម្លៃ​ខ្ពស់​បន្តិច ដោយ​រថយន្ត​១គ្រឿង យក​លុយ ២ម៉ឺន ជា​រឿង​​កោ​​មិន​ដាក់​ទឹក​ទេ។ លោក​​ថា តម្លៃ​​​នេះ គួរ​​​​​​​​​​កំណត់​​​ត្រឹម​រថ​យ​ន្ត​​មួយ​គ្រឿង ​១ម៉ឺន​រៀល​​​​បាន​​​ហើយ ហើយចំពោះ​​ម៉ូតូ​​គួរ​​​យក​ត្រឹម ៤ពាន់ ឬ​៥ពាន់​​រៀលស​មរម្យ​​ហើយ។

លោ​ក​បន្តថា រឿងនេះ បើគិតទៅ​ហាក់ដូច​ជារឿង​​តូច​​​តាច​​ទេ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​​ភ្ញៀវ​​ទេសចរ ចូល​មក​ទស្សនា​​ខេត្ត​​ព្រះ​សី​ហនុខ្លះ​ដែរ។

លោកបន្ថែមថា៖ «ខ្ញុំ​ជាប្រជាពលរដ្ឋ​ម្នាក់ ដែល​បានទៅ​លេង​កំពង់​សោម កោះ​ពស់។ ហើយ​ចូល​លេង​កោះ​ពស់​មួយ​ភ្លេត​ចេញ​មក​វិញ ខាង​​ចំណត​រថយន្ត​គេ​យក​ថ្លៃ​ចត ៥ដុល្លារ ឬ​ស្មើ ២ម៉ឺន​រៀល។ ចឹង​ចង់​សំណូមពរ​ដល់​អភិ​បាល​ខេត្ត​​ព្រះ​សីហនុ ជួយ​ទម្លាក់​តម្លៃ​​ចំណត​បន្តិច​ទៅ ​ដើម្បី​​​បាន​កំណើន​ភ្ញៀវ​ទេសចរ​យើង​បាន​ច្រើន​ជាង​នេះ។ គ្រាន់​តែ​ចំណត​ធម្មតា​សោះ យក​លុយ​ច្រើន​ពេក។ ខ្ញុំ​គិត​ថា ២ម៉ឺន​រៀល​ហ្នឹង​ថ្លៃ​ពេក សូម​ចុះ​មក​ត្រឹម ១ម៉ឺន​រៀល​បាន​ហើយ ហើយ​ចំណត​ម៉ូតូ គឺ​សុំ​យក​ត្រឹម ៤ពាន់ ឬ​៥ពាន់​បាន​ហើយ»។

ឆ្លើយតបបញ្ហានេះ លោក ឡង់ ឌីម៉ង អភិបាល​រង​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក កាល​ពី​​ពេ​ល​ថ្មីៗ​នេះ​ថា តំបន់​កោះ​ពស់ គឺ​​​​​ជា​ទីតាំង​ឯកជន ហើយ​កន្លង​មក​តំបន់​នេះ មិន​បាន​បើក​ឲ្យ​ភ្ញៀវ​ទេសចរ ចូល​​​ទៅ​ទស្សនា​​ទេ។ ប៉ុន្តែ​ក្រោយ​មក ក៏​ត្រូវ​បាន​​​​ថ្នាក់​​ដឹក​​​នាំ​​​​​រដ្ឋ​​បាល​​ខេត្ត​ព្រះ​សីហនុ ​ស្នើ​ឲ្យ​ម្ចាស់​​ទីតាំង​​នោះ សម្រប​សម្រួល​​បើក​ទី​តាំង​ស្ពាន​កោះ​ពស់​នេះ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ទេសចរ ចូល​ទៅ​​កម្សាន្ត​បាន​​​មួយ​​កន្លែង​​​ថ្មី​ទៀត។ តែ​យ៉ាង​ណា លោក​​ថា ចំពោះ​កង្វល់​ភ្ញៀវ​ទេសចរ លើ​តម្លៃ​សំបុត្រ​ផ្ញើ​យាន​យន្ត​នេះ រដ្ឋបាល​ខេត្ត និង​ព្យាយាម​​​សម្រប​​សម្រួល ​ជាមួយ​​ក្រុម​ហ៊ុន ដើម្បី​កំណត់​តម្លៃ​នេះ​ជា​ថ្មី​ឡើង​វិញ។

លោកថា៖ «បាទ!រឿង​កោះ​ពស់​ហ្នឹង​ពិបាក​ណាស់ វា​គឺ​ជា​ទីតាំង​ឯកជន​ កោះ​ហ្នឹង​គឺ​ជា​ទីតាំង​ឯកជន។ តែ​ដោយ​សារ​យើង​ទេ មិន​ចង់​​ឲ្យ​​​ទុក​កោះ​​​​ហ្នឹង​ទុក​ចោល​អញ្ចឹង​ ក៏​រៀប​ចំ​ឲ្យ​មាន​សមិទ្ធ​ផល​ទេស​ចរណ៍​មួយ​កន្លែង​ទៀត​ទៅ? ហើយ​​ក៏​បាន​កំណត់​សង្កត់​ឲ្យ​ក្រុម​ហ៊ុន​​ហ្នឹង​ បើក​​​ឲ្យ​​​​សាធារណ​ជន បាន​ចូល​ទៅ​លេង។ ហើ​យ​ជាធម្មតាទេ​ ដល់​ពេល​បង​ប្អូន​ចូល​ទៅ​លេង​ទៅ​ វា​មាន​សំរាម បន្ទោរ​បង់ គេ​​ក៏​​មាន​រៀប​ចំ​ជា​បង្គន់ គេ​រៀប​ចំ​កន្លែង​ចត​ឡាន​ គេ​រៀប​ចំ​កន្លែង​ងូត​ទឹក​សាប គេរៀ​ប​ចំ​ដឹក​សំរាម​ចេញ​ជា​ដើម។ អាហ្នឹង​វា​ត្រូវ​នឹង​តម្លៃ​ហ្នឹង ថ្លៃ​សំរាម​ថ្លៃ​អី​ហ្នឹង​ តែ​គ្រាន់​តែ​គាត់ៗ​​ដាក់​ជាតម្លៃ​ប៉ុណ្ណឹង។ តែ​ឡាន​ចត​នៅ​ខា​ង​លើ​នេះ គឺ​អត់​យក​លុយ​ទេ»។

ទាក់ទិនបញ្ហានេះដែរ លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ចាត់​​​ទុក​​ការ​កំ​​ណត់​តម្លៃសំ​បុត្រ ថ្លៃ​​ចត​​រថយ​ន្ត​មួយ​គ្រឿង រហូត​ដល់ ២ម៉ឺន​រៀល សម្រាប់​​ចូល​​​ទៅ​​ទស្ស​​នា​​ស្ពាន​​កោះ​ពស់ នា​ក្រុង​ព្រះ​សីហនុ​នេះ ថា​ជា​តម្លៃ​មួយ​ខ្ពស់​ហួស​​ហេតុ​​ពេក​ ដែល​ទាម​​ទារ​ឲ្យ​​ថ្នាក់​​​​ដឹក​​នាំ​រដ្ឋ​​ខេត្ត​​ព្រះ​សីហនុ គួរ​ជួប​ពិភាក្សា​ជាមួយ​​ម្ចាស់​ចំណត​ ​​កំណត់​តម្លៃ​នេះ​ជា​ថ្មី​ឡើង​វិញ ដើម្បី​​​កុំ​ឲ្យ​ប៉ះ​ពាល់​​ដល់​​កំណើ​ន​ភ្ញៀវ​ទេស​ចរ​ និង​​កិត្តិ​យស​ខេត្ត​នេះ​ធ្ងន់​ធ្ងរ​ថែម​ទៀត។

លោកបន្ថែមថា៖ «បាទ! តម្លៃ​ចំណត​រហូត​ដល់​ទៅ ២ម៉ឺន​រៀល​នេះ គឺ​ជា​តម្លៃ​មួយ​ដ៏​ថ្លៃ។ ខ្ញុំ​គិត​​ថា គួរ​តែ​ពិនិត្យ​មើល​ឡើង​​វិញ​ដែរ ហើយ​​ចំណុច​​នេះ អាជ្ញាធរ​ គួរ​ធ្វើ​ការ​ជាមួយ​អ្នក​ផ្តល់​សេវា​នេះ ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​​តម្លៃ ដែល​ពិបាក​​ទទួល​យក​ដោយ​អតិថិ​ជន។ ហើយ​ខ្ញុំ​យល់​​ថា ​​​វា ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​មាត់​ខេត្ត​ទេស​ចរណ៍​មួយ​នេះ​ដែរ»។

យ៉ាងណាក៏ដោយ​ចុះ ភ្ញៀវទេសចរជាតិភាគ​ច្រើន បាន​ទទូច​ស្នើ​ដល់ លោក ម៉ាង ស៊ី​ណេត​ អភិ​បា​ល​​ខេត្ត​​ព្រះ​​សីហនុ ឲ្យ​កំណត់​​តម្លៃ​ថ្លៃ​​​សំបុត្រ សម្រាប់​​ច​ត​​រថយន្ត​ នៅ​ចំណត​ស្ពាន​កោះ​ពស់​នេះ ឲ្យ​ដូ​​ច​​គ្នា​​​នឹង​​​ចំ​ណ​ត​​នៅ​​តាម​ឆ្នេរ​មួយ​ចំនួន​​ទៀត នាក្រុង​ព្រះ​សីហនុ ដូច​ជា​ឆ្នេរ​អូរ​​​ឈើ​ទាល ដែល​យក​ថ្លៃ​​សំបុត្រ​ចត​រថយន្ត​​ត្រឹម ១ដុល្លារ ឬ​ស្មើ ៤ពាន់​រៀល​​ប៉ុណ្ណោះ។ បើ​មិន​ដូច្នេះ​ទេ ចំណុច​អវិជ្ជ​មាន​ទាំង​​នេះ ​អាច​នឹង​​​​​​​ធ្វើ​​​ឲ្យ​ប៉ះ​​ពា​ល់​ដល់​កិត្តិ​យស ​របស់​​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​​ដ៏​ស៊ី​វិល័យ​មួយ​នេះ​​​ជា​មិន​ខាន​ទេ ជាពិសេស​​នឹងអា​​​​ចនាំ​ឲ្យ​​ប៉ះ​ពាល់​ដល់​កំណើន​​​ភ្ញៀវ​ទេសចរ​ ​​​ចូល​​​មក​​ទស្សនា​ខេត្ត​នេះ​​​នា​ថ្ងៃ​​​ខាង​មុខ​ផង​ដែរ​៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ