កម្មករការងារតាមផ្ទះដែលត្រូវបានគេរកឃើញថាងាយរងគ្រោះជាងគេក្នុងចំណោមកម្មករដទៃទៀត បានស្នើដល់រដ្ឋាភិបាល ជាពិសេសក្រសួងការងារ ពន្លឿនការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ របស់អង្គការអន្តរជាតិផ្នែកការងារ(ILO) ដើម្បីធានាការងារសមរម្យសម្រាប់ពួកគេ និងការពារពួកគេពីការប្រើអំពើហិង្សា និងការបៀតបៀនផ្សេងៗក្នុងពិភពការងារ។
ការស្នើរបស់កម្មករការងារតាមផ្ទះនេះ បានធ្វើឡើងតាមរយៈការដាក់ញត្តិនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃទិវាអន្តរជាតិកម្មករការងារតាមផ្ទះ១៦មិថុនា។
កម្មករការងារតាមផ្ទះផ្នែកមើលថែក្មេងមកពីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកស្រី វុន គឹមស៊្រី បានឱ្យដឹងថា ការដែលពួកគាត់នាំគ្នាទៅដាក់ញត្តិនៅក្រសួងការងារ គឺក្នុងគោលបំណងស្នើដល់ក្រសួងជួយជំរុញការផ្តល់សច្ចាប័នលើអនុញ្ញាលេខ១៨៩ របស់អង្គការអន្តរជាតិផ្នែកការងារ(ILO) ដែលជាអនុសញ្ញាដ៏មានសារសំខាន់សម្រាប់កម្មករការងារតាមផ្ទះ។
អ្នកស្រីបន្តថា អនុសញ្ញានេះ មានចែងពីការគាំពារសិទ្ធិ ការធានាការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ និងការការពារពីការបៀតបៀនពីសំណាក់ថៅកែឬម្ចាស់ផ្ទះជាដើម ខណៈអ្នកស្រីថា កម្មករការងារតាមផ្ទះកំពុងប្រឈមនឹងហានិភ័យ និងរងនូវការបៀតបៀនមួយចំនួន ក្នុងពិភពការងារ។
អ្នកស្រីថា៖ «សុំឱ្យក្រសួងគាត់ជួយផ្តល់[សច្ចាប័ន]អនុសញ្ញា១៨៩ ដើម្បីឱ្យអ្នកធ្វើការងារតាមផ្ទះទាំងអស់បានប្រើ ព្រោះអនុសញ្ញា១៨៩ហ្នឹង គឺមានសារសំខាន់ណាស់ចំពោះអ្នកធ្វើការងារតាមផ្ទះទូទាំងពិភពលោក […] សព្វថ្ងៃនេះ គឺកម្មករការងារតាមផ្ទះហ្នឹង គឺគាត់ពិបាកខ្លាំង គឺប្រាក់ខែមិនសមរម្យ ប្រាក់ខែមិនទៀង ហើយការរស់នៅរបស់គាត់ហ្នឹងក៏អត់សូវមានការសមរម្យ ហើយមួយទៀត គឺចង់និយាយថា គឺបំបាត់សេរីភាពគាត់ ដូចជា អ្នកខ្លះដែលខ្ញុំបានជួបផ្ទាល់ គឺពេលរវល់បុណ្យទាន ចូលឆ្នាំ ភ្ជុំអី គឺអត់ឱ្យគាត់ទៅស្រុកទេៗ ហើយគំរាមថាបើសិនជាអ្នកឯងទៅស្រុក គឺឈប់ធ្វើការ»។
អ្នកស្រី យ៉ុង ស្រីមុំ ជាកម្មករការងារតាមផ្ទះមួយរូបទៀត រស់នៅរាជធានីភ្នំពេញ បានលើកឡើងដែរថា កម្មករធ្វើការងារនៅតាមផ្ទះ ក៏នូវប្រឈមនឹងបញ្ហាមិនមានប័ណ្ណ បសស ហើយថៅកែឬម្ចាស់ផ្ទះភាគច្រើន ក៏មិនមានចុះកិច្ចសន្យាការងារ ប្រាក់បៀវត្សរ៍ក៏មានកម្រិតទាប ការគំរាមកំហែងបញ្ឈប់ពីការងារ ការឈប់សម្រាក និងម៉ោងធ្វើការមិនទៀងទាត់ ព្រមទាំងរងនូវការបៀតបៀនលើរាងកាយពីសំណាក់ថៅកែឬម្ចាស់ផ្ទះជាបុរសជាដើម ខណៈកម្មករធ្វើការតាមផ្ទះភាគច្រើនជាស្ត្រី។
អ្នកស្រីថា៖ «ថៅកែភាគច្រើន គាត់អត់ទៅចុះបញ្ជី បសស ឱ្យទេ ចឹងពួកខ្ញុំទៅចុះខ្លួនឯងអត់បានទេ បានយ៉ាងច្រើន រាល់ថ្ងៃអ្នកធ្វើការតាមផ្ទះបានយ៉ាងច្រើន ២០ទៅ៣០ភាគរយទេ ចឹង ៧០ទៅ៨០ភាគរយទៀត គឺអត់មាន បសស ទេ ចឹងក៏សុំស្នើទៅខាងរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដើម្បីឱ្យគាត់ជួយសម្រួលពួកខ្ញុំផង»។
បើតាមក្រុមតំណាងកម្មករការងារតាមផ្ទះ នេះជាលើកទី១០ហើយ ដែលពួកគាត់បានដាក់ញត្តិស្នើឱ្យក្រសួងជួយជំរុញការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩របស់អង្គការ ILO និងការទាមទារលក្ខខណ្ឌការងារល្អប្រសើរសម្រាប់ពួកគេ ហើយពួកគេនឹងបន្តទាមទារបន្ថែមទៀតរហូតដល់មានដំណោះស្រាយ។
អង្គការអន្តរជាតិខាងការងារ (ILO) កាលពីឆ្នាំ២០១១ បានអនុម័តនូវអនុសញ្ញាលេខ១៨៩ ស្តីពីកម្មករការងារតាមផ្ទះ ដោយទទួលស្គាល់សិទ្ធិកម្មករការងារតាមផ្ទះ ដូចជាកម្មករដទៃទៀតដែរ ក្នុងនោះរាប់បញ្ចូលទាំងការឈប់សម្រាកប្រចាំសប្តាហ៍ ឬប្រចាំខែ ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ប្រាក់ឈ្នួលសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ និងកិច្ចការពារសមស្របនានា ប្រឆាំងនឹងអំពីហិង្សា និងការបៀតបៀនគ្រប់ទម្រង់។ នេះបើតាមសេចក្តីប្រកាសរួមរបស់សមាគមIDEA អង្គការអុកស្វាម និងស្ថានទូតប៊ែលហ្សិក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
ប្រភពដដែលបន្តថា នៅកម្ពុជា កម្មករការងារតាមផ្ទះធ្វើកិច្ចការ ដូចជា ការចម្អិនអាហារ បោសសំអាត បោកអ៊ុត ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម។
យោងលើការស្រាវជ្រាវរបស់អង្គការ(ILO)ក្នុងឆ្នាំ២០១៩ ស្តីពីស្ថានភាពរស់នៅ និងលក្ខខណ្ឌការងារកម្មករការងារតាមផ្ទះនៅកម្ពុជា បានរកឃើញថា កម្មករការងារតាមផ្ទះនៅតែជាកម្មករដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេ ក្នុងចំណោមកម្មករដទៃទៀត។ ពួកគេប្រឈមនឹងការកំណត់សេរីភាពនៃការធ្វើសកម្មភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ ធ្វើការលើសម៉ោង សម្រាកមិនគ្រប់គ្រាន់ ការងារច្រើនលើសលប់ ហើយងាយប្រឈមនឹងហានិភ័យផ្នែកហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការជួញដូរ។
វីអូឌី មិនអាចសុំការឆ្លើយតបករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បាននៅឡើយទេនៅថ្ងៃអង្គារនេះ។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហៅកាត់ថា IDEA) លោក វន់ ពៅ ថ្លែងថា ការពន្យាពេល ឬការមិនផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ពីសំណាក់រដ្ឋាភិបាលកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌការងារ និងការរំលោភសិទ្ធិពីម្ចាស់ផ្ទះឬថៅកែទៅលើកម្មករការងារតាមផ្ទះ។
លោកថា៖ «ពីព្រោះកាលណាមិនមានឯកសារគតិយុត្តិ ឬច្បាប់ អនុសញ្ញាបញ្ជាក់ គឺម្ចាស់ផ្ទះមិនដែលរវីរវល់អើពើនឹងលក្ខខណ្ឌការងារអ្នកកម្មករតាមផ្ទះទេ ធ្វើឱ្យកម្មករតាមផ្ទះអាចជួបការលំបាកកាន់តែធ្ងន់ទៅៗ[…] ដើម្បីដោះស្រាយបញ្ហាហ្នឹង ខ្ញុំគិតថា ក្រសួងការងារត្រូវបង្កើតបន្ថែមឯកសារច្បាប់នៅក្នុងច្បាប់ស្តីពីការងារ សរសេរអំពីលក្ខខណ្ឌកម្មករតាមផ្ទះ ទាក់ទងប្រាក់ឈ្នួលអប្បបរមា សិទ្ធិ កាតព្វកិច្ចម្ចាស់ផ្ទះ ហើយម្យ៉ាងទៀត គួរតែផ្តល់សច្ចាប័នលើអនុសញ្ញា១៨៩ ដើម្បីធានាសម្រាប់កម្មករតាមផ្ទះសម្រាប់ក្នុង និងក្រៅប្រទេស មានន័យធានាទាំងប្រាក់ឈ្នួលអប្បបរមា ធានាឱ្យលក្ខខណ្ឌការងារសមរម្យ ធានាទាំងមានកិច្ចសន្យាការងារច្បាស់លាស់ ធានាការគោរពសិទ្ធិសព្វបែបយ៉ាង ឱ្យមានតម្លៃដូចកម្មករដទៃដែរបាទ»។
យោងតាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ(ILO) វិស័យការងារតាមផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្របដណ្តប់ចំនួនកម្មករជាបុរស និងស្ត្រីចំនួនប្រមាណ ៧៥,៦លាននាក់ នៅលើពិភពលោក ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ក្នុងនោះ មានកម្មករជាស្ត្រីចំនួន ៧៦,២ភាគរយ ក្នុងឆ្នាំ២០១៩៕









