អ្នកចាញ់​បោក​ក្រុម​ហ៊ុន​ហួយ​វ័ន​​តវ៉ា​ទ្រង់់​ទ្រាយ​ធំ​មុខ​​ស្ថាន​​ទូត​​ចិន​​​​ឱ្យ​ក្មួយ​លោក ហ៊ុន សែន សង​​លុយ​វិញ

អតិថិជន​​រ​ង​គ្រោះ​​ដោយ​សារ​​ក្រុម​ហ៊ុន​​ហួយ​វ័ន ផេ (Huione Pay) ភាគ​​ច្រើន​​​ជា​​ជន​ជាតិ​ចិន ចេញ​​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា នា​ថ្ងៃ​អង្គារ​នេះ ​រ​ក​កិច្ច​អន្តរា​គមន៍​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​នេះ​សង​លុយ​វិញ ក្រោយ​ក្រុម​ហ៊ុន​បិទ​ទ្វារ ហើយ​បង្កក​ប្រាក់​ពួក​គេ ដែល​ជន​រង​គ្រោះ​ថា ក្រុម​ហ៊ុន​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

អតិថិជន​របស់​ក្រុមហ៊ុន ហួយ វ័ន ផេ ម្នាក់​​​គឺ​​​កញ្ញា ចេ ដែល​​ថ្លែង​​ទាំង​​បិទ​​មុខ​​ជិត​​ជា​​ភាសា​​ចិន និង​​មាន​​អ្នក​​បក​ប្រែ បាន​​ស្នើ​​ស្ថាន​ទូត​​ចិន​​ជំរុ​ញ​​​ឱ្យ​​អាជ្ញាធរ​​កម្ពុជា ​ប្រគល់​​ប្រាក់​​ឱ្យ​​ពួក​គេ​​វិញ​​​ឱ្យ​​លឿន និង​​ត្រូវ​​និយាយ​​ទៀង​​ត្រង់ ​ជៀស​វាង​​​​កុហក​​បោក​ប្រាស់​​ពួក​គេ​​ម្ដង​​ហើយ​​ម្ដង​ទៀត​​បែប​​នេះ ។

ស្ត្រីអ្នកតវ៉ា​រូប​នោះ និយាយ​ថា ការ​និយាយ​មិន​ពិត​បែប​នេះ ​អា​ច​​នាំ​​​ឱ្យ​​ខូច​​កេរ្តិ៍​ឈ្មោះ​​កម្ពុជា​​ទៅ​​ដល់​​អ្នក​​វិនិយោគ​​ផ្សេង​​ទៀត​​ ​នា​ពេល​​អនាគត។ លើស​ពី​នេះ​ ស្ត្រីរូបនេះបញ្ជាក់ថា ​ដោយសារ​ប្រាក់​របស់​​​ខ្លួន​ប្រមាណ ៣០ម៉ឺន​​​ដុល្លារ​​អាមេ​រិក​ ត្រូវ​​​បាន​​ក្រុមហ៊ុន​​បង្កក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់គ្មាន​ប្រាក់​​សម្រាប់​ដោះស្រាយ​ជីវភាពប្រចាំថ្ងៃទេ ខណៈ​ស្ថានទូត​ចិន​មិន​ទាន់ជួយ​​អន្តរា​គមន៍​​ជួយ​ដោះ​ស្រាយ​នៅ​ឡើយ ក្រៅ​​​តែ​​ពី​​រុញ​​ពួកគេ​ប្ដឹង​ទៅ​តុលាការ។

​កញ្ញា ចេ តាមរយៈ​អ្នក​បកប្រែ៖ «លុយ​ទាំងអស់​(៣០​ម៉ឺន​ដុល្លារ) ដាក់​​ក្នុង​​ហួយ​វ័ន ឥឡូវ​​គ្មាន​​​អី​​​ដោះស្រាយ​​ជីវភាព គ្មាន​​អី​​ហូប​​ចុក​​ទាល់​​តែ​​សោះ!»។

ក្នុង​ពេល​តវ៉ា​នេះ ស្ថានទូត​បាន​ហៅ​ជនជាតិ​២​នាក់ ជា​តំណាង​ចូល​ជួប​មន្ត្រី​ទូត ប៉ុន្តែ​ពុំ​​ទាន់​​មាន​​លទ្ធ​ផល​​នោះ​​ទេ។ នេះ​​បើ​យោង​​តាម​ជន​រងគ្រោះ​​ជា​ខ្មែរ​ម្នាក់ ​ដែល​​ចូលរួម​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ ​ហើយ​ថ្លែង​លាក់​ឈ្មោះ។ អ្នក​ស្រី​រៀប​រាប់​​​ថា ទិដ្ឋ​ភាព​​នៅ​​មុខ​ស្ថានទូត ​មាន​កង​កម្លាំង​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ និង​ហាម​ឃាត់​អ្នក​តវ៉ា​មិន​ឱ្យ​ថត​រូប និង​​លើក​​បដា​​ដែល​​មាន​​រូប​លោក ហ៊ុន តូ និង​ថ្នាក់​ដឹក​នាំ​ចិន​ឡើយ។

ស្ត្រី​រូប​នេះ​បន្ត​ថា សកម្មភាព​របស់​សមត្ថកិច្ច​ពិត​ជា​គួរ​ឱ្យ​ខ្លាច ហើយ​រិតត្បិត​​​ខ្លាំង​ ខណៈ​ការ​តវ៉ា​​កន្លង​​មក មន្ត្រី​​ទូត​​ចិន​​ធ្លាប់​លើក​​ទឹក​ចិត្ត​​ឱ្យ​​ជន​រង​គ្រោះ​​ប្ដឹង​​​ទៅ​​តុលាការ។ ប៉ុន្តែ អ្នក​ស្រី​​មើល​ឃើញ​​ថា ដំណោះ​ស្រាយ​​នេះ ​ហាក់​​ពុំ​​មា​ន​​ប្រសិទ្ធ​ភាព​​ទេ​ ព្រោះ​​ទាំង​​អ្នក​ស្រី និង​ជនជាតិ​ចិន​ សុទ្ធ​តែ​ពុំ​ជឿជាក់​លើ​ការ​រក​យុត្តិធម៌​ពី​តុលាការ។ ហើយ​ថា ​កម្ពុជា​​មាន​​ឈ្មោះ​​អាក្រក់​​ខាង​​រំលោភ​​បំពាន​​ច្បាប់ និង​ពោរពេញ​ដោយ​អំពើពុករលួយ​ជាដើម។

ស្ត្រីរូបនោះ​និយាយថា​៖ «មេធាវីឯកជន​​មិន​ហ៊ាន​ធ្វើ​​ទេ ដោយ​សារ​​​គេ​​ខ្លាច​​ខូច​កេរ្តិ៍​ឈ្មោះ ឬ​​ក្រេឌីត​​គេ ហើយ​​ធ្វើ​​ទៅ​​អត់​​បាន​​លុយ។ ហើយ​​គាត់​(មេធាវី)​ថា ធ្វើ​​រឿង​​ហ្នឹង​​ទៅ​​មិន​​បាន​​អី អ៊ីចឹង​បើ​​គាត់​​យក​​លុយ​​យើង​(ជន​រងគ្រោះ) ទៅ​​វា​ដូច​​​ជា​​ព្រៃ​ផ្សៃ​ពេក»។

ជុំវិញ​ករណី​នេះ ​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុន ឆ័យ នៅ​តែ​យល់​ថា ករណី​​ក្រុមហ៊ុន ហួយ​វ័ន ផេ នេះ គឺ​​ជា​​ទំនួល​ខុស​ត្រូវ ១០០​​ភាគ​រយ​​របស់​​ធនាគារ​ជាតិ​​ ក្នុង​​នាម​​សេនាធិការ​​របស់​​រដ្ឋាភិ​បាល។ យ៉ាង​ណា ​លោក​​ជំរុ​ញ​​ឱ្យ​​ស្ថាប័ន​​​ពាក់​ព័ន្ធ​​ត្រូវ​​រក​​យុត្តិធម៌​ដល់​ជនរងគ្រោះ ដើម្បីបង្កើនជំនឿលើ​ប្រព័ន្ធ​តុលាការ​របស់កម្ពុជា។

​លោក សុន ឆ័យ ថ្លែងថា៖ «រដ្ឋាភិបាល​​គួរ​តែ​​ហ៊ា​ន​​អាកាត់​​រឿង​​ដោះ​ស្រាយ​ ​ដូច​​យើ​ង​​ដឹង​​ហើយ​​នៅ​ក្នុង​​ប្រទេស​​ដែល​​គេ​​អនុ​វត្ត មាន​​ស្ថាប័ន​​​គេ​​​ប្រើ​​សេវា​​ល្អ​​ដល់​ពលរដ្ឋ​​គេ គឺ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ហ្នឹង​ ហើយ​ជា​អ្នក​ជួយ​ដោះ​ស្រាយ ហើយ​ក្នុង​ករណី​នេះ​ យើង​ដឹង​ហើយ ​គឺ​ស្ថាប័ន​ដែល​ត្រូវ​ដោះស្រាយ​​ជូន​ពលរដ្ឋ​ហ្នឹង ​គឺ​ធនាគារជាតិ​​​ហ្នឹង តែ​​ធនាគារ​ជាតិ​​មិន​​​ដោះ​ស្រាយ​ ​ហើយ​​រុញ​​ឱ្យ​​ពលរដ្ឋ​​ទៅ​​ប្តឹង​​​ទៅ​​តុលាការ​​បែប​​នេះ ​​គឺ​​ខ្វះ​​ការ​ទទួល​ខុស​ត្រូវ ហើយ​​ធ្វើ​​ឱ្យ​​​មិន​មែន​​តែ​ពលរដ្ឋ​ខ្មែរ​ទេ​​ដែល​អស់សង្ឃឹម ​គឺថា​មាន​ជនបរទេស​ដែល​គេ​​ប្រើប្រាស់​ធនាគារ​​ហើយ​ ​ក៏​គេ​លែង​ជឿទុក​ចិត្ត​ដែរ​​ទៅលើ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ»។

ក្រៅ​ពី​ការ​រិតត្បិត​ជនរងគ្រោះ ​មិន​ឱ្យ​លើក​បដា​បាន​ដោយ​សេរី ជាប់ស្ថានទូត ដោយ​​អហិង្សា​​នោះ សមត្ថ​កិច្ច​​ក៏​​បាន​​រារាំង​​អ្នក​​សារ​ព័ត៌​មាន​​មិន​​ឱ្យ​​ថត​​រូប​​សកម្ម​ភាព​​នេះ​​ថែម​​ទៀត​ពីដំ​បូង ព្រម​​ទាំង​​បង្ខំ​​ឱ្យ​​អ្នក​សារព័​ត៌មា​ន​លុប​​រូ​បភាព​​​ចេញ​​​ពី​​ឧបករណ៍​​អេឡិក​ត្រូនិក មុន​​អនុញ្ញាត​​ឱ្យ​​ចេញ​​ពី​​កន្លែង​​តវ៉ា។

នាយក​ប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​ខេមបូចា លោក ណុប វី ​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី១៦ ខែ​មិថុនានេះថា ការ​ទាមទារ​ឱ្យ​​អ្នក​​កាសែត​​លុប​រូបភាព​ ​​ដែល​​​ពួកគេ​ថត​ក្នុង​ពេល​បំពេញ​ការងារ​វិជ្ជាជីវៈ​​នៅ​​ទី​សាធារណៈ​​នោះ គឺ​​ជា​​រូប​ភាព​​បំភិត​បំភ័យ​ ហើយ​​មិន​​គួរ​​កើត​​មាន​​ទាល់​​តែ​សោះ។ លោក​បន្ត​ថា អាជ្ញាធរ​គួរ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​របស់​ជនរងគ្រោះ ជាជាង​ហាម​​អ្នក​កាសែត ទោះ​ទីនោះ​នៅ​មុខ​ស្ថានទូត​ចិន​ក៏​ដោយ។

​លោក ណុប វី ថ្លែងថា៖ «បើ​យើង​នៅតែ​មាន​រូបភាព​បែប​ហ្នឹង​ ​វា​កាន់តែ​រុញច្រាន​ឱ្យ​ស្ថានភាព​នៃ​លំហ​​ការ​ងារ​​របស់​​អ្នក​សារ​ព័ត៌​មាន​​ហ្នឹង ​គឺ​​ស្ថិត​​នៅ​​ក្រោម​​ការ​​​រឹត​​ត្បិត ហើយ​និង​ការភ័យខ្លាច ​ហើយ​វា​មិន​បង្ហាញ​នូវ​រូបភាព​មួយ​​ល្អ​ទេ សម្រាប់​ការ​ជំរុញ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ នៅក្នុង​ផ្នែក​សេរីភាព ​ឬក៏​ការងារ​របស់​អ្នកសារព័ត៌​​មាន​នៅ​ក្នុង​​ប្រទេស​​​កម្ពុជា​​យើង។ ការ​ធ្វើ​សកម្មភាព​បែប​ហ្នឹង​ គួរតែ​មាន​ការ​កែ​លម្អ​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា នៅ​ក្នុង​​ក្របខណ្ឌ​នៃ​ការអនុវត្ត​តួនាទី​​ភារកិច្ច​ការ​បំពេញ​វិជ្ជា​ជីវៈ​របស់​អ្នកសារព័ត៌មាន​ គួរតែ​ត្រូវ​បាន​គាំទ្រ និង​ត្រូវ​​បាន​លើកកម្ពស់​ថែមទៀត​បាទ»។

យ៉ាងណា ក្រោយមានវត្តមានអ្នកតវ៉ាកាន់តែច្រើន ការ​គំរាម​កំហែង​ហាក់​បាន​ដក​ថយ ដែល​ក្រុម​អ្នក​តវ៉ា​អាច​លើក​​បដា​បង្ហាញ​រូប​មេដឹកនាំ​ចិន និង​រូប​លោក ហ៊ុន តូ រួម​ទាំង​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង​ជាភា​សា​​ចិន ដោយ​​ពួក​គេ​ឈរ​នៅ​លើ​ចញ្ចឹម​ផ្លូវ​ម្ខាង​ជិត​ស្ថាន​ទូត​ចិន លើ​មហាវិ​ថី​ម៉ៅសេទុង​ដដែល ដោយ​គ្មាន​ការ​បង្ក្រាប និង​ចាប់​​ខ្លួន​​ដូចការ​​​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ​កម្ពុជា នា​ពេល​កន្លង​មក​ឡើយ។

ការ​តវ៉ា​ជា​ថ្មី​នេះ បន្ទាប់​ពី​ពួកគេ​ធ្លាប់​រង​ការ​ប្រើ​ហិង្សា​ដោយ​ឃោរឃៅ ​ពី​សំណាក់​អាជ្ញាធរ​នៅ​មុខ​ធនាគារ​ជាតិ ព្រម​ទាំង​ចាប់​ខ្លួន​​ជនរងគ្រោះ​២នាក់​ ​​ដោយ​ចោទ​ថា ជា​អ្នក​ដឹកនាំ​តវ៉ា​ថែម​ទៀត។ លើស​ពី​នេះ ​លោក ហ៊ុន តូ តាម​រយៈមេ​ធាវី​​បាន​ចេញ​លិខិត​បដិសេធ​ថ្មីៗ​នេះ ពី​ការ​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​​ហ៊ុន ហួយវ័ន ផេ ទោះមានភាគហ៊ុន ៣០​ភាគ​​រយ ខណៈ​ក្រុម​ហ៊ុន​នេះ ​​ត្រូវ​​​សហរដ្ឋ​​អាមេរិក​​​ដាក់​​​ទណ្ឌ​កម្ម​ ពាក់ព័​ន្ធ​នឹង​បទ​ឧក្រិដ្ឋ​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក។

រឿងអាស្រូវរបស់ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដែល​ពាក់ព័​ន្ធ​នឹ​ង​លោក ហ៊ុន តូ គឺ​ជា​ករណី​លាង​លុយ​កខ្វក់​កម្រិត​​អន្តរ​ជាតិ និងការកាត់​បង្កកលុយអតិថិជនរាប់ពាន់នាក់។ ករណីនេះ បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លា​ ពី​សំណាក់​អតិថិជន​​ខ្មែរ និងចិន បន្ទាប់​ពីក្រុមហ៊ុនបានផ្អាកសេវាដកប្រាក់។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុន Huione Group ចូលក្នុងបញ្ជីខ្មៅ និងកាត់ផ្តាច់ចេញពីប្រព័ន្ធ​ហិរញ្ញ​វត្ថុ។ ក្រោយមក ធនាគារជាតិនៃកម្ពុជា បានប្រកាសដកអាជ្ញាបណ្ណ និងធ្វើការជម្រះបញ្ជីក្រុមហ៊ុននេះ។ ជាមួយ​គ្នា​​នេះ ក្រុម​ហ៊ុនក៏​បាន​​លួច​ប្តូរ​ឈ្មោះ​ទៅ​ជា H-Pay មុនពេលប្រឈមមុខនឹងការដកប្រាក់យ៉ាងគំហុក។

ការចេញមុខទទួលស្គាល់ និងបដិសេធរបស់លោក ហ៊ុន តូ មានភាគហ៊ុន ៣០% ដែល​ធ្វើ​ឡើ​ង​នៅក្នុ​ង​សេចក្តី​បំភ្លឺ​ជា​សា​ធារណៈ គឺ​លោក ហ៊ុន តូ ដែលត្រូវជាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជាមានភាគហ៊ុន ៣០% នៅក្នុងក្រុមហ៊ុន Huione Pay តាំងពីឆ្នាំ២០២០ ពិតមែន។

រឿងអាស្រូវនេះ  ផលប៉ះពាល់លើអតិថិជនជាច្រើន​ និង​ត្រូវ​បានរាយការណ៍ថា ទឹកប្រាក់នៅក្នុងគណនីរបស់ពួកគេត្រូវ​បាន​កាត់​ចេញ ឬធ្លាក់ចុះដល់សូន្យដុល្លារ ធ្វើឱ្យជនរងគ្រោះជាង ១៣០០​នាក់ មិនអាចដកលុយបាន បាននាំគ្នាតវ៉ា​នៅ​មុខធនាគារ​​ជាតិ និងស្ថានទូតចិន ដែលឈានដល់ការប៉ះទង្គិចគ្នា និងចាប់ខ្លួនតំណាងបាតុករកន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ