អ្នកច្បាប់ និងសិទ្ធិមនុស្ស លើកឡើងថា ការដកហូតសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយដែលរួចទោស គឺប្រាសចាកពីរដ្ឋធម្មនុញ្ញ ខណៈអ្នកឃ្លាំមើលខ្លះថា វិធាននេះ ជាចេនាទុច្ចរិតរបស់មេដឹកនាំបក្សកាន់អំណាច ដើម្បីតែក្រាញអំណាចលើសង្វៀនខ្វះសុចរិតភាព បង្កគ្រោះថ្នាក់ដល់ជាតិសាសន៍ខ្មែរ។
ប្រតិកម្មទាំងនេះ បានកើតឡើងនៅពេលដែល លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ កំពុងតតាំងក្តីនៅតុលាការកំពូល ប្រឆាំងនឹងការសម្រេចរបស់តុលាការជាន់ទាប ដែលដកហូតសិទ្ធិធ្វើនយោបាយរបស់លោក និងករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយ ទទួលបានការលើកលែងទោស ប៉ុន្តែនៅបន្តដកសិទ្ធិធ្វើនយោបាយ។ ខណៈ លោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិ ក៏ត្រូវបានដកសិទ្ធិធ្វើនយោបាយផងដែរ បើទោះបីជាលោកទទួលបានការលើកលែងទោសរួចហើយក្តី។
អ្នកជំនាញច្បាប់ចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើបណ្តាញសង្គមរបស់លោកថា ជាបន្តបន្ទាប់មកនេះ ការដកហូតសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មនយោបាយពីពលរដ្ឋខ្មែរ អស់មួយជីវិត ដែលសិទ្ធិទាំងបីនេះ មានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោករំឭកថា ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ដោយចង្អុលបង្ហាញថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយគេត្រូវគោរពអនុវត្តឋានានុក្រមនៃលិខិតបទដ្ឋានគតិយុត្ត។
មាត្រា៣៥ ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។
ត្រង់ចំណុចនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វីអូឌីនៅថ្ងៃទី១៦ខែមិថុនានេះថា នៅពេលដែលតុលាការបានផ្តន្ទាទោស ដោយមានទោសបន្ថែម ដូចជាការដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ វាហាក់បីដូចជាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលចែងអំពីការធានានូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងអស់។
លោកថា ក្នុងនោះរដ្ឋធម្មនុញ្ញ មាត្រា៣១ ក៏បានទទួលស្គាល់នូវបទដ្ឋានអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ហើយកម្ពុជាក៏បានផ្តល់សច្ចាប័នជាច្រើនទៅលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ពិសេសកក្តិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលនៅក្នុងនោះមានចែងអំពីសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ ក្នុងការចូលរួមនយោបាយត្រូវបានធានាដោយរដ្ឋជាភាគី។
លោកថា៖ «អ៊ីចឹងកន្លងមក យើងឃើញថា មានអ្នកនយោបាយ ឬក៏សកម្មជនគណបក្សនយោបាយមួយចំនួន ត្រូវបានតុលាការធ្វើការផ្តន្ទាទោស ហើយនិងផ្តន្ទាទោសបន្ថែម ដោយការដកសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍។ អ៊ីចឹងបើយើងមើលលើរដ្ឋធម្មនុញ្ញ ហាក់ដូចមានភាពផ្ទុយគ្នាទៅលើបញ្ហានេះ ហើយយើងដឹងហើយ កាលណាដកសិទ្ធិទាំងអស់នេះ បានន័យថាពលរដ្ឋត្រូវបាត់បង់សិទ្ធិរបស់ខ្លួនមួយផ្នែកបាត់ទៅហើយ ជាពិសេសសិទ្ធិសំខាន់ៗ។ បើយើងនិយាយពីគោលការណ៍ប្រជាធិបតេយ្យ គឺការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ហ្នឹង វាជារឿងគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយបើពលរដ្ឋបាត់សិទ្ធិក្នុងការបោះឆ្នោតឈរឈ្មោះឱ្យគេបោះឆ្នោតហើយនិងសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ វាប៉ះពាល់ទៅដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យផងដែរ»។
ចំណែក លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទ ក៏បានប្រាប់វីអូឌីនៅថ្ងៃទី១៦ខែមិថុនានេះផងដែរថា ក្នុងក្រមព្រហ្មទណ្ឌ តុលាការអាចដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែលោកថា ពាក្យសិទ្ធិធ្វើនយោបាយ មានន័យទូលំទូលាយ ប្រសិនបើបិទមិនឱ្យនិយាយអ្វីប៉ះពាល់នយោបាយ នោះបានរឹតតែធ្ងន់ធ្ងរ អាចជាការផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ។
លោកថា៖ «ដូចនេះ ក្រមព្រហ្មទណ្ឌចែងបែបហ្នឹងដូចជាមិនហួសហេតុទេ ប៉ុន្តបញ្ហាគឺបើរួចទោសហើយ នៅសល់តែទោសដកសិទ្ធិឈរឈ្មោះបោះឆ្នោត នោះបានវាមិនសមស្រប»។
ជាមួយគ្នានេះ លោក ផែង ហេង មេធាវីលោក កឹម សុខា បានប្រាប់វីអូឌីកាលពីពេលថ្មីៗនេះថា ព្រះរាជក្រឹត្យលើកលែងទោស លោកកឹម សុខា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ គឺលើកលែងតែមូលទោសគឺទោសជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ ចំណែកអនុទោសដូចជាការដកសិទ្ធិធ្វើនយោបាយ និងការចេញទៅក្រៅប្រទេសមិនត្រូវបានលើកលែងនោះទេ។ ត្រង់ចំណុចនេះ លោកថា បើផ្អែកតាមស្មារតីច្បាប់ នៅពេលមូលទោសរលត់ អនុទោសក៏ត្រូវបានលើកលែង ឬក៏ត្រូវតែរលត់ផងដែរ ប៉ុន្តែនេះបែរជានៅតម្កល់អនុទោសទៅវិញ។
លោកថា៖ «ចឹងអនុទោសឬក៏ទោសបន្ថែម ក្នុងនាមជាអ្នកច្បាប់ ខ្ញុំយល់ថា ត្រូវតែលុបដែរ ដោយសារអនុទោសឬក៏ទោសបន្ថែម វាកើតចេញពីមូលទោស គឺទោសដែលរងការចោទប្រកាន់តាមមាត្រា៤៤៣។ អ៊ីចឹងទោសបន្ថែម គឺយកមាត្រាផ្សេងៗទៀត យកមកគេហៅថាទោសបន្ទាប់បន្សំ ឬអនុទោសនេះ នៅពេលណាសម្រេចលុបចោលមូលទោសអនុទោស វាត្រូវតែរលត់ទៅតាមហ្នឹង ហើយខ្ញុំជឿថា នេះជាជំហានចាប់ផ្តើមនៃអ្នកនយោបាយ ដែលអាចថានឹងមានការជជែកគ្នា ធ្វើកិច្ចការបន្តទៀត ដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរនិងប្រជាធិបតេយ្យនៅកម្ពុជា»។
វីអូឌី មិនអាចទាក់ទង លោកជិន ម៉ាលីន និងលោកសេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី១៦ខែមិថុនានេះ។
អ្នកឃ្លាំមើលមួយចំនួន ដែលមានទំនោរមិនស្របនឹងរដ្ឋាភិបាល ក្នុងនោះក៏មាន លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រួមទាំង លោកអ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំងផងដែរ បានប្រាប់វីអូឌីកាលពីពេលថ្មីៗនេះថា លោក ហ៊ុន សែន ជាចៅហ្វាយតុលាការនៅកម្ពុជា។ ហើយថា លោកនឹងមិនផ្តល់សិទ្ធិធ្វើនយោបាយដល់អ្នកនយោបាយប្រឆាំងដែលមានឥទ្ធិពល ដូចជា លោក កឹម សុខា និងលោក រ៉ុង ឈុនជាដើមនោះទេ។
រីឯនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនសម្រាប់អាណត្តិក្រោយទៀតនោះ គឺអសមត្ថភាពយ៉ាងខ្លាំង។
ដោយពួកគេគូសបញ្ជាក់ថា ក្នុងការដឹកនាំប្រទេសរបស់ លោកហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ ប្រមាណជិត៣ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជាកើតមានវិបត្តិចាក់ស្រេះ។
ជំងឺសង្គមទាំងនោះ មានអំពើពុករលួយ បក្ខពួកនិយម អំពើអយុត្តិធម៌សង្គម អំពើឆបោកគ្រប់ទម្រង់ និងឧក្រិដ្ឋកម្មអនឡាញកើតឡើងជាប្រព័ន្ធប្រទាក់ក្រឡាគ្នា ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយអសោចនៅពេញពិភពលោក។
លើសពីនេះ ការឡើងកាន់អំណាចរបស់ លោក ហ៊ុន ម៉ាណែត ធ្វើឱ្យថៃចូលឈ្លានពានទឹកដីកម្ពុជាតាមអំពើចិត្ត ចាប់តាំងពីក្រោយបទឈប់បាញ់ និងធ្វើឱ្យពលរដ្ឋរាប់សិបម៉ឺនគ្រួសារទទួលរងគ្រោះជាដើម។
អ្នកឃ្លាំមើលទាំងនេះ យល់ថា វិបត្តិសង្គមចាក់ស្រេះ និងវិបត្តិបាត់បង់ទឹកដីយ៉ាងច្រើននេះ គឺបង្ហាញឱ្យពលរដ្ឋមើលឃើញយ៉ាងច្បាស់ពីអសមត្ថភាពរបស់ លោក ហ៊ុន ម៉ាណែត ដែលលោកមិនមានសមត្ថភាពទៅប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សប្រឆាំង តាមគន្លងប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។ ហេតុដូច្នេះហើយទើប លោក ហ៊ុន សែន ទោះក្នុងតម្លៃណាក៏ដោយព្យាយាមកម្ចាត់អ្នកនយោបាយប្រឆាំងដែលមានឥទ្ធិពលឱ្យអស់ពីសង្វៀននយោបាយ ដើម្បីឱ្យលោកហ៊ុន ម៉ាណែត អាចឈ្នះការបោះឆ្នោតបន្តកាន់អំណាចតពូជតទៅមុខទៀត ដោយគ្មានគូប្រកួតដែលខ្លាំង៕









