ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​កំពត​លើក​​កម្ពស់​​​បេតិក​ភណ្ឌ​​វប្ប​ធម៌​ក្រោយ​​អគារ​សម័យ​​បារាំង​​ក្លាយ​​ជា​​កន្លែង​​ផឹក​ស៊ី

ពលរដ្ឋ និង​​ក្រុម​​យុវជន ​​ឱ្យ​ដឹង​​ថា​ អាជ្ញាធរ​​ខេត្ត​​កំពត​ ​បណ្ដែត​​បណ្ដោយ​​ឱ្យ​​ក្រុម​​អ្នក​​រក​ស៊ី​​បើក​​កន្លែង​​ផឹក​ស៊ី​ បារ​(Bar)​​បារាំង​ និង​​សេវា​កម្ម​​កម្សាន្ត​​ពេល​​រាត្រីកំ​ពុង​​កើន​​ឡើង​​ច្រើន​ ដោយ​​មិន​ខ្វល់​ខ្វាយ​​ពី​​វិស័យ​ទេស​ចរណ៍​​វប្បធម៌​ បេតិក​ភណ្ឌ​​ប្រវត្តិ​សាស្ត្រ ដែល​​រដ្ឋាភិ​បាល​​ស្នើ​​​សុំ​​ចុះ​​បញ្ជី​​បេតិក​ភណ្ឌ​​វប្បធម៌​​នោះ​​ឡើយ។

ពលរដ្ឋ​រស់​នៅ​ក្រុង​កំពត​ ស្នើ​សុំ​ហៅ​​ឈ្មោះ​ហៅក្រៅ​​ថា សម ពន្លក ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​ទី​១៥ ខែ​មិថុនា​​ថា បច្ចុប្បន្ន​​អគារ​​បេតិក​ភណ្ឌ​​ជា​ច្រើន​​ទី​តាំង​​ក្នុង​​ក្រុង​​កំពត​ អាជ្ញាធរ​បាន​ជួល​ឱ្យ​អ្នក​រកស៊ី​ធ្វើ​ជា​កន្លែង​បារ​​(Bar)​បារាំង​ បម្រើ​​គ្រឿង​​ស្រវឹង សង្ស័យ​​អាច​​បង្កប់​​នូវ​សេវា​កម្ម​​ផ្លូវ​​ភេទ​ និង​​គ្រឿង​​ញៀន។ ប្រការ​​នេះ​ធ្វើ​ឱ្យភ្ញៀវ​ទេសចរមាន​គុណភាព​ថយ​​ចុះ​​ច្រើន។ លោក​​ថា ម្ចាស់​​អាជីវ​កម្ម​​ខ្លះ​ ចាក់​​ធុង​​បាស​​ឮ​សំឡេង​​ខ្លាំង​​រហូត​​ដល់​​យ​ប់​​ជ្រៅ​ រំខាន​​ខ្លាំង​ដោយ​​គ្មាន​ប្រព័ន្ធ​​ទប់​​​សំឡេង​ រំខាន​ដល់​ពលរដ្ឋ និង​ការ​ស្នាក់​នៅ​របស់អ្នក​ទេសចរ។

លោក សាន ពន្លក និយាយថា៖ ​«ឥឡូវហ្នឹងអគារអស់ហ្នឹងមានការជួលយកទៅធ្វើជាបារ កន្លែងផឹកស៊ីអីចឹងទៅ បារ​បារាំង ជា​ភោជនីយដ្ឋាន ហើយមួយចំនួននៃទីតាំងទាំងអស់ហ្នឹងគេចាក់សំឡេងឮខ្លាំង ដែលវាធ្វើឱ្យរំខានដល់ការ​រស់​នៅ ហើយនិងការស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងក្រុងកំពត»។

ភ្ញៀវ​ទេសចរ និង​យុវជន​​ដែល​ទៅ​កម្សាន្ត​នៅ​ក្រុង​កំពត ​ឱ្យ​ដឹង​ថា​ ក្រុង​ប្រវត្តិសាស្ត្រ​បន្សល់​​ពី​សម័យ​បារាំង ហាក់​ដូច​​មិន​ទាន់​ឃើញ​មាន​អ្វី​ប្រែ​ប្រួល​នោះ​ឡើយ ចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក​​ទល់​​ពេល​​នេះ​ ហើយ​​សំណង់​​អគារ​​បេតិក​ភណ្ឌ​​ចាស់ៗ​ មិន​​ទាន់​​ត្រូវ​​បាន​​ថែ​​ទាំ​​ឱ្យ​​ល្អ សមនឹងទីក្រុងបុរាណបន្សល់ពីសម័យបារាំង។ រីឯ​ការ​សាងសង់​អគារ​ថ្មីៗ​​វិញ​ ក៏​មិន​ផ្អែក​​ទៅ​តាម​បែប​បទ​​ទី​ក្រុង​បេតិកភណ្ឌ​ចំ​ណាស់​ដែរ។ បន្ថែម​ពី​នេះ​​ទៀត​ ការ​បង្កើត​ឱ្យ​មាន​បារ​កម្សាន្ត សេពគ្រឿង​ស្រវឹង ក្លាយ​ជា​បញ្ហា​ប្រឈម​ប៉ះពាល់​គុណភាព​ទេសចរណ៍​ខេត្ត​កំពត​ទាំង​មូល។

យុវជនរស់នៅរាជធានីភ្នំពេញ​ធ្លាប់ទៅកម្សាន្តនៅក្រុងកំពត លោក ប៉ុក បុល សង្កេតឃើញថា អាជ្ញាធរ​គួរតែ​មាន​វិធាន​ការណ៍​​លុប​បំបាត់​ ឬ​រៀបចំ​កែ​លម្អ​ទីតាំង​អាជីវកម្ម​ទាំង​នោះ​ឡើង​វិញ ព្រម​ទាំង​ហាម​មិន​ឱ្យ​សាងសង់​ផ្ទះអាជីវ​កម្ម​​ត្រចៀក​កាំ​នៅ​តំបន់​ទី​ប្រជុំជនក្នុងក្រុងកំពត ដើម្បី​បន្ថយផល​ប៉ះពាល់​​សណ្ដាប់​ធ្នាប់​ទី​ក្រុង​បេតិកភណ្ឌចំណាស់​​​​មួយ​​នេះ។

លោក ប៉ុក បុល និយាយថា៖ «មន្ត្រីនៅក្នុងតំបន់គួរតែមើលដែរ អត់អាចមើលរំលងបានទេ។ ដឹងហើយ មានផលប្រយោជន៍ មាន​បង់ពន្ធ បង់អី ឬក៏អាចលុយក្រោមតុអីទៅ បានជាគេធ្វើមើលមិនឃើញអីចឹងទៅណា។ ផ្ទះរបស់គេ គេ​ចង់ធ្វើម៉េចក៏បាន ប៉ុន្តែយើងភ្លេចគិតមួយចំណុចទៀត វាផ្ដល់ភាពកខ្វក់នៅក្នុងទីរួមខេត្តហ្នឹងទាំងមូលតែម្ដង​។ កន្លែង​ហ្នឹង​តូចនៅក្នុងខេត្តទេ ក៏ប៉ុន្តែវារីកសាយភាយពេញមួយទីរួមខេត្តតែម្ដង»

យុវជន​សិក្សា​ជំនាញ​ផ្នែក​ស្រាវជ្រាវ​អភិវឌ្ឍន៍​គម្រោង​នៅ​កម្ពុជា លោក ថន ស័ក្កិដា យល់​ថា វិស័យ​ទេសចរណ៍​វប្បធម៌​ ជា​​ប្រភព​​ចំណូល​ជាតិ​សំខាន់​ រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ និង​អភិរក្ស​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ធានា​អភិ​បាល​​កិច្ច​​ល្អ​ មាន​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

លោក ថន ស័ក្កិដា និយាយថា៖ «តំបន់ណាត្រូវអភិរក្ស អភិរក្សទៅ ព្រោះ​យើង កាល​ណាយើ​ង​ចុះ​បញ្ជី​​ហើយ យើង​​ត្រូវ​មាន​កាតព្វ​កិច្ច​អភិរក្ស​ហ្មង។ ហើយ​យើង​មិន​ត្រឹម​អភិរក្ស​សម្រាប់​ខ្លួន​យើង​ទេ​ ដូច​​​ខ្ញុំប​ញ្ជាក់​ដដែល អភិរក្ស​សម្រាប់​​ជា​ទ្រព្យ​សម្បត្តិ​សកល ទ្រព្យ​សម្បត្តិ​អន្តរ​ជាតិ។ អាហ្នឹង​បើ​យើង​គ្រប់​គ្រង​បាន​ត្រឹម​ត្រូវ វា​មាន​ចំណូល វា​ខុស​​ពី​​ឧស្សាហ​កម្ម​ផ្សេង​ទៀត ព្រោះអា​ឧស្សាហ​កម្ម​មួយ​នេះ​ អត់​ចេញ​កាបូន​ទេ។ អញ្ចឹង​យើង​គ្រាន់​តែ​ធានា[…] រឿង​​សំខាន់​​យើង​គិត​តែ​ទម្រង់​អា Social Security សុវត្ថិ​ភាព​សង្គម ធ្វើ​ម៉េច​ឱ្យ​វាមា​ន​អភិបាល​កិច្ច​ល្អ»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន្ទ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ រីឯអ្នកនាំពាក្យក្រសួងវប្បធម៌ លោក ស៊ុម ម៉ាប់ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ ក៏ពុំទាន់អាចអាចទាក់ទងបានដែរ ដោយទូរសព្ទហៅចូលច្រើនដង តែ​គ្មាន​អ្នក​លើក នៅថ្ងៃ​ទី​​១៦ ខែ​មិថុនា។

អ្នក​ឃ្លាំ​មើល​បញ្ហា​បរិស្ថាន​​និង​សង្គម លោក អូត ឡាទីន យល់​ថា រដ្ឋាភិបាល​​គួរ​តែ​​យក​ចិត្ត​ទុក​ដាក់​​ការ​ពារ​ និង​​អភិរក្ស​​តំបន់​​បេតិក​ភណ្ឌ​​​ឱ្យ​​​ល្អ​ ដោយ​​មិន​​ត្រូវ​​បណ្ដោយ​​ឱ្យ​​តំបន់​​នោះ​​ក្លាយ​​ជា​តំបន់​​អនា​​ធិប​តេយ្យ​ បម្រើ​​ប្រយោជន៍​​អ្នក​​រក​​ស៊ី​ ប៉ះពាល់មុខមាត់ជាតិនោះ​ឡើយ។

លោក​​ថា អាគារ​បារាំង​ជួល​ឱ្យ​វិស័យ​ឯកជន​ដោយ​ខ្វះ​ការ​គិតគូរ​វែង​ឆ្ងាយ​ នឹងបំផ្លាញ​គុណ​តម្លៃ​ កិត្តិយស​ និង​កេរ្តិ៍​ឈ្មោះ​​​នៃ​តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល។

លោក អូត ឡាទីន ថ្លែងថា​៖ «ពួកគាត់យកទៅអភិវឌ្ឍន៍ គាត់អត់បានគិតគូរអំពីនិរន្តរភាព​វែង​ឆ្ងាយ នាំ​ឱ្យ​​មាន​បញ្ហា​​​ប៉ះ​ពាល់​តំបន់​បេតិក​ភណ្ឌ​វប្បធម៌ ខូច​នូវ​គុណ​តម្លៃ ហើយ​ខូច​នូវ​កិត្តិ​យស​កេរ្តិ៍​ឈ្មោះ ហើយ​អាច​​ខូច​ទៅ​ដល់​ឈ្មោះ​​ល្អ​នៃ​ទីតាំង​នោះផ​ង ហើយ​ប៉ះ​ពាល់​ទៅ​ដល់​កិត្តិ​យស​របស់​រដ្ឋាភិ​បាល​ផង។ ខ្ញុំ​យល់​ថា ការ​អភិរក្ស ការ​ថែ​រក្សា​បា​ន​​​ល្អ ដោយ​យោង​ទៅ​លើ​ការ​ពលរដ្ឋ​ចូល​រួម​ចំណែក នៅ​ក្នុង​ការ​ការ​ពារ​ថែរ​ក្សា​តំបន់​នោះ ហើយ​ផ្សា​ភ្ជាប់​ឱ្យ​ពួក​គាត់​​រក​ចំណូល​បាន​ពី​តំបន់​នោះ»។

កន្លង​ទៅ ក្រសួង​វប្បធម៌ ​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​កំពត​ ចង​​ក្រ​ង​​ឯកសារ​​​ស្នើ​​​សុំ​​ចុះ​បញ្ជី ក្រុង​​កំពត ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ និង​ត្រៀម​ដាក់​បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ របស់​អង្គការ​យូណេស្កូ (UNESCO) ដោយសារ​ទីក្រុង​នេះ​​សម្បូរ​ទៅ​ដោយ​សំណង់​ស្ថាបត្យកម្ម​បុរាណ​រចនាបថ​បារាំង ។

ក្រសួង​ថា ខេត្ត​កំពត​មាន​អគារ​រចនាបថ​បារាំង​ចំនួន ៣៥៥ អគារ ចុះ​បញ្ជី​រួចរាល់​ដែល​រក្សា​បាន​ទម្រង់​ទ្រង់​ទ្រាយ​ដើម​​​ល្អ។ រីឯ អាគារ​ខ្លះ​ ស្ថិត​នៅ​ទីតាំង​សំខាន់ៗ ដូច​ជា អគារ​រដ្ឋបាល​ខេត្ត​ តំបន់​ផ្សារ​ក្រណាត់​ចាស់​ និង​អគារ​អម​ដង​​ព្រែក​កំពត ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ