ពលរដ្ឋ​២​ភូ​មិ​នៅ​ខេត្ត​ព្រះ​វិហារ​​ជួប​​ការ​​លំបាក​​ខ្លាំង ដោយ​​សារ​បាត់​បង់​​​ព្រៃ​​ជំនឿ​​ជាង​​១ពាន់​ហិកតា

ពលរដ្ឋ​​រស់​នៅ​ក្នុង​​ភូមិ​ចំនួន​ពីរ ភាគ​ច្រើន​ជាជ​ន​ជាតិ​ដើម​ភាគ​តិច​កួយ គឺ​​ភូមិ​​ដង​​ផ្លិត និង​​ភូមិ​​ណារុង ក្នុង​​ឃុំ​​ឆែប​ពីរ​​ ស្រុក​​ឆែប ​អំពាវ​នាវ​​​ជា​ថ្មី​ទៀត ឱ្យ​លោក​​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ាណែត​ ក្រឡេក​​មើល​​ពី​​ទុក្ខ​​វេទនា​​​របស់​​ជន​​ជាតិ​​ដើម​​ភាគ​​តិច​​កួយ​​ជាង​ ៣០០ គ្រួសារ កំពុង​​ប្រឈម​​ការ​​លំបាក​​កាន់​​តែ​​ខ្លាំង ដោយ​​ខ្វះ​ខាត​​​ដី​​​ដាំ​​​ដុះ​​ចិញ្ចឹម​​ជីវិត​ និង​បាត់​​បង់​​​​ព្រៃ​ឈើ​​អាស្រ័យ​​ផល​​បែប​​ប្រពៃណី​​ជន​​ជាតិ​​ដើម​​ភាគ​តិច ​​នៅ​​កៀក​​នឹង​​ភូមិ​​កំណើត​​របស់​ពួក​គាត់​។

ការ​អំពាវ​នាវ​នេះ​​ ធ្វើ​​ឡើង​ក្រោយ​​ពី​​​ព្រៃ​​ជំនឿ​​ឋិត​​ក្នុង​​ភូមិ​ណារុង​ ក្បែរ​​ទី​ស្នាក់​​ការ​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន ត្រូវ​​ក្រុម​ហ៊ុន​សាន់​តាណា​ អាហ្គ្រោ ប្រូដាក់ ខូអិលធីឌី ​(Santana Agro Products Co., Ltd) របស់​​អភិបាល​​រង​​ខេត្ត​​ព្រះ​វិហារ លោក អ៊ុក គឹម​សាន​ យក​​គ្រឿង​​ចក្រ​​ឈូស​ឆាយ និង​​កាប់​​ឈើ​​មាន​តម្លៃ​​បង្ហើយ​​ចុង​ក្រោយ​។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិដងផ្លិត អ្នកស្រី ឆេន វិន ប្រាប់វីអូឌី(VOD)​នៅ​​​ថ្ងៃ​​ទី​១៦ ខែ​​មិថុនា​ថា រយៈ​​ពេល​​ពីរ​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ សន្តិ​សុខ​​ក្រុម​ហ៊ុន​​សាន់​​តាណា បាន​​ហាម​​ឃាត់​​មិន​​ឱ្យ​​គ្រួសារ​​អ្នក​ស្រី​​មិន​​អាច​​ចូល​​ទៅ​អាស្រ័យ​​ផល​​​ដី​​ចម្ការ​​របស់​​ខ្លួន​​បាន​​ឡើយ ​​ធ្វើ​​​ឱ្យ​​គ្រួសារ​​អ្នក​ស្រី​​គ្មាន​​​ដី​​បង្ក​​បង្កើន​​ផល ប៉ះពា​ល់​​ជីវ​ភាព។

អ្នក​ស្រី​​ថា គ្រួសារ​អ្នកស្រី​មាន​ដី​ស្រែ​ចម្ការទំហំ ១៦​ហិកតា ​ធ្វើ​​កសិកម្ម​​លក្ខ​ណៈ​​ប្រពៃណី​​ជា​​ច្រើ​ន​​ឆ្នាំ​​មក​​ហើយ​​ក្នុង​​ព្រៃ​​ជំនឿ កំពុង​​ប្រឈម​​ការ​​បាត់​បង់​ទាំង​ស្រុង។ រីឯ​សន្តិសុខ​ក្រុមហ៊ុន​ បាន​គំរាម​ប្ដឹង​ផ្ដល់​អ្នកភូមិ​មិន​ឱ្យ​ងើប​តវ៉ា​ ហើយ​​​អ្នកភូមិ​ខ្លះ​ទៀត​​កំពុង​ជាប់​បណ្តឹងនៅ​តុលាការ ​ដោយសារ​ចេញ​មុខ​ការពារ​ព្រៃ​ជំនឿ​នេះ​។

អ្នកស្រី ឆេន វិន និយាយថា៖ «អូ! ព្រៃឈើអ​ស់​ហើយ លោក​គ្រូ​អើយ! ហើយ​ប៉ះ​ពាល់​ខ្លាំង​ទៅ បើ​ដូច​ថា​ ព្រៃ​ឈើ​ហ្នឹង​គាត់​ទុក​អាស្រ័យ​ផល​ ហើយ​ថា គាត់​រក​​នេះ​រក​​នោះ​ក្នុង​ហ្នឹង​ទាំង​អស់ ដល់​ពេល​គេ​វាយ​អស់​ហើយ យើង​ធ្វើ​អី​មិន​បាន​សូម្បី​តែ​រក​ត្រី រ​ក​អី​ចូល​មិន​រួច​ផង»។

ស្ត្រី​​ដដែល​បន្ថែម​ថា​ ក្នុង​​តំបន់​​ព្រៃ​​​ជំនឿ​​មាន​​​ដើ​ម​​ឈើ​ធំៗ​ ​ដែល​អ្នកភូមិ​ខិតខំ​ថែទាំ​រក្សា​ទុក​ឱ្យកូន​ចៅ​ជំនាន់​ក្រោយ​ស្គាល់​ ​រួមមាន ដើម​ច្បោះ ស្រឡៅ និង​កកោះ​ជា​ដើម ត្រូវ​គេ​កាប់​រំលំ​អស់​រាប់​រយ​ហិកតា​ ក្លាយ​ជា​វាល​រហោឋាន​ ប៉ះពាល់​​ដល់​ទី​កន្លែង​ប្រតិបត្តិ​ជំនឿ បាត់បង់​វាល​ស្មៅ​សម្រាប់​គោក្របី​ ទឹក​អូរ​ធម្មជាតិ​សម្បូរ​ត្រី​សាច់ និង​តំបន់​រក​អនុផល​ព្រៃឈើ។

អ្នកស្រី​ថា អ្នកភូមិ​ខ្លះ​ទៀត​ស្រែក​ទ្រហោយំ ​ខ្វះ​ខាត​​​ដី​​បង្ក​​បង្កើន​​ផល និង​​ស្តាយ​​ស្រណោះ​​​ព្រៃ​ឈើ​បាត់​បង់​​ទាំង​​ស្រុង​។

អ្នកស្រីថា៖ «ព្រៃឈើគឺអ​ស់​ហើយ! គេយកគេកាប់គេអា… ពួក​គ្នា​គេ​ហ្នឹង​គាត់​ប្រឹង​គាត់… ​អា​អ្នក​ដឹក​ក៏​ដឹក។ ប៉ះ​ច្បោះ​​កាត់​ច្បោះ! ប៉ះឈើ​អី​ដែល​វា​ត្រូវ​វា​យក​ទាំង​អស់។ ឈើ​ល្អៗ​ហ្នឹង… ប្រជា​ពលរដ្ឋ​គាត់​ហាម​ឃាត់​នោះ​មិន​ឲ្យ​ប៉ះ​ពាល់​ហ្នឹង គឺ​គេ​យក​អស់​ហើយ​ឈើសុ​ទ្ធ​តែ​ស្អាតៗ»។

កាល​​ពី​​សប្តាហ៍​មុន អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ក្រុម បាន​ចុះ​ដល់​តំបន់​ព្រៃ​ជំនឿ​​រប​ស់​​ជន​ជាតិ​​ដើម​​ភាគ​​តិច ឋិត​​ក្នុង​​ដែន​​ជម្រក​​សត្វ​​ព្រៃ​​ព្រះរកា-ឆែប ក្នុង​ឃុំណារុង ឃុំ​ឆែប​ពីរ​ ស្រុក​ឆែប​ ប្រទះ​ឃើញ​ដើម​ឈើ​ធំៗ​មាន​អាយុកាល​រាប់​​ឆ្នាំ ត្រូវគេ​ឈូស​ឆាយ​ឱ្យ​ដួល​ដោយ​អះអាងថា ដី​ព្រៃតំបន់​នោះ​មាន​ប្លង់​រឹង។

ពួកគេ​បាន​ថត​វីដេអូ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook) សោក​​​ស្តាយ​​ដី​​​ព្រៃ​ជំនឿ​​យ៉ាង​​ហោច​​ណាស់ ២០០​ហិកតា ​ត្រូវ​​គេ​​កាប់​​រំ​លំ និងឈូសឆាយ​ជាថ្មីទៀត នៅ​កៀក​​នឹង​ស្នាក់​ការ​បរិស្ថាន​ក្នុង​ឃុំ​ឆេបពីរ​ ដោយ​​គ្មាន​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថានទប់ស្កាត់នោះឡើយ។

សំឡេងវីដេអូ៖ «ដើម​ឈើ​​អាយុ ២០០ ឆ្នាំ ៣០០ ឆ្នាំ នោះ! ក៏​ប៉ុន្តែ​គេ​ថា មាន​ប្លង់ ហើយ​កាប់​ខាង​ក្រោយ​នោះ​រាប់​រយ​ហិកតា ឥឡូវ​វាល​មក​ដល់​ខាង​មុខ​ហើយ។ ផ្សាយ​ខ្លាំង​កាន់​តែ​​កាន់​តែ​ខ្លាំង​ហើយ​ អាត្រាក់​ទៅ​បុក​បន្ត​ជា​ហូរ​ហែ​បង​ប្អូន​មើល​ទៅ។ បើ​គ្មាន​អ្នក​ធំ​ទេ​ ដី​អ្នក​ធំ​នោះ​​ទេ ​​គឺ​ប្រជា​ពលរដ្ឋ​ លាន់​តែ គុកៗ ខ្នោះៗ គុកៗ ខ្នោះ​​ៗ បងប្អូន! ហើយ​​នេះ ជិត​បរិស្ថាន​នៅ​នេះ​បរិស្ថាន​យើង​ប្រើ​ណារុង​ ឃុំ​ណង​ផ្លិត​ ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ»។

អ្នកភូមិ​ថា ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៤​ រហូត​ដល់​ដើម​ឆ្នាំ​២០២៥ ក្រុម​ហ៊ុន​​របស់​​អភិបាល​​រង​​ខេត្ត​​ព្រះ​វិហារ​ លោក អ៊ុក គឹម​សាន បាន​​បញ្ជូន​​គ្រឿង​​ចក្រ​​ជា​ច្រើន​​គ្រឿង សម្រុក​​ឈូស​​ឆាយ​ព្រៃ​​ជំនឿ​​អស់​​រាប់​​រយ​​ហិកតា​ បង្ក​​ផល​ប៉ះ​ពាល់​​ដ​ល់​​​ដី​​ស្រែ​​ចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​គ្រួសារ ​ដែល​ពួកគាត់​មាន​ទម្លាប់​ធ្វើ​ស្រែ​តាម​ប្រឡោះ​​ព្រៃ។

វីអូឌី​ នៅ​មិន​ទាន់​អាច​​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ​ពី​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក​អ៊ុក គឹមសាន​ បាន​ទេ​គិត​​ត្រឹម​​ម៉ោង​ផ្សាយ​នេះ។ រីឯ​អភិបាល​ខេត្ត​ព្រះវិហារ ​លោក គីម រិទ្ធី ក៏​មិន​ទាន់​អាច​ទាក់ទង​​បាន​​ដែរ​។

កាល​ពី​ចុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​សាន់​​តាណា អាហ្គ្រោ ប្រូដាក់ (Santana Agro Products Co., Ltd) របស់​លោក អ៊ុក គឹម​​សាន បាន​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាលជាង ១​ម៉ឺន​ហិកតា (១២.០០០ហិកតា) នៅ​ស្រុក​​រវៀង ខេត្ត​ព្រះវិហារ ដោយ​​ដាំ​ដំណាំ​ស្វាយចន្ទី និង​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

កាលពី​​ដើម​ឆ្នាំ​២០២៥ ​ក្រុមហ៊ុន​មួយ​នេះ រង​ការ​ចោទ​ពី​សហគមន៍​ខេត្ត​ព្រះវិហារ​​ថា បាន​ដណ្ដើម​ដី​ស្រែ​ចម្ការ និង​ដី​​ព្រៃ​​​សហគមន៍​ទំហំ​ជាង ១ពាន់​ហិកតា ក្នុង​​ស្រុក​​ឆែប​ ​ខេត្ត​​ព្រះ​វិហារ ហើយ​​បា​ន​​​ប្រើ​​អំពើ​​ហិង្សា​លើ​​ពលរដ្ឋ​​រង​គ្រោះ​​ដីធ្លី​​ទាំង​​​នោះ​​ថែម​​ទៀត ។

លោក អ៊ុក គឹមសាន បច្ចុប្បន្ន​មាន​តួនាទី​ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ និង​មាន​ងារ​ជា​ឧកញ៉ា។ លើស​​​ពី​​នោះ ​លោក​ក៏​​មាន​​តួនាទី​​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ​។

ជុំវិញ​រឿង​នេះ សកម្មជន​​សិទ្ធិ​មនុស្ស និងបរិស្ថាន លោក ប៊ី វ៉ាន់នី យល់​ថា​ ទង្វើ​នេះ​​​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​​​ការពារ​ដោយ​ច្បាប់​ជាតិ​ និង​​អន្តរជាតិ ហើយ​​ឆ្លុះ​​បញ្ចាំង​​ថា​ ការ​​គ្រប់​​គ្រង​​រដ្ឋ​បាល​មិន​​ស្រប​​តាម​​ច្បាប់ ធ្វើ​​ឱ្យ​​ពលរដ្ឋ​​ជួប​​រឿង​​អយុត្តិធម៌ ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ។​

លោក​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ ដោយ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​​ប្រសើរ។

លោក ប៊ី វ៉ាន់នី ថ្លែង​ថា៖ «អ្ន​ក​រំលោភ​ប្រើ​អំណាច​តាម​អំពើ​ចិត្ត​ ដោយ​មិន​គោរព​ទៅ​លើ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​តវ៉ា​ ឬ​ក៏​ស្នើ​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជាមុន ជា​បញ្ហា​ធំ ដែល​រដ្ឋ​​ក៏​ដូច​ជា​អាជ្ញាធរ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ហើយ​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អប្រ​សើរ»។

តំបន់​ព្រៃ​ជំនឿ ព្រៃ​អារក្ស និង​តំបន់​ព្រៃ​អាស្រ័យ​ផល ដែល​កំពុង​ឈូសឆាយ​នោះ មាន​ផ្ទៃ​ដី​ជាង ១​ពាន់​៥០​ហិកតា​ (១.០៥០​ហិកតា) ដែល​​ជ​ន​ជាតិ​​ដើម​​ភាគ​​តិច​​កួយ ចំនួន ២ភូមិ អាស្រ័យផល ធ្វើ​​កសិកម្ម​​​ដាំ​ដុះ ​និង​​រក​​អនុផល​​​ព្រៃ​ឈើ​​​ច្រើន​​ជំនាន់​​មក​​ហើយ។ 

ព្រៃ​នៅ​តំបន់​នោះ​សម្បូរ​ទឹក​អូរ​ធម្មជាតិ​ សម្បូរ​ត្រី​សាច់ និង​សត្វ​ព្រៃ ដែល​ក្រសួង​បរិស្ថាន​កំណត់​ជា​តំបន់​អភិរក្ស ​ដែល​​ជា​ជម្រក​សំខាន់​របស់​សត្វ​ត្មាត​ព្រៃ​ ព្រៃ​​ជំនឿ ​និ​ង​វាល​ស្មៅ​​ឃ្វាល​គោ​​ក្របី កំពុង​​ប្រឈម​​បាត់​បង់​ទាំង​ស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ