គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ ខណៈក្មេងស្រីមានពិការភាពម្នាក់ ដែលត្រូវបានរំលោភសេពសន្ថវៈជាបន្តបន្ទាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ក្នុងរយៈពេល១៦ឆ្នាំ គិតចាប់តាំងពីពេលកើតហេតុមកដល់បច្ចុប្បន្ននេះ។
នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ ដែលមានការចូលរួមគាំទ្រពីអង្គការសង្គមស៊ីវិលនិងសហគមន៍ចំនួន ៦០ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍រួម បានរំលឹកសាវតានៃរឿងនោះថា ករណីមួយដែលត្រូវបានដាក់ជូនគណៈកម្មាធិការ គឺពាក់ព័ន្ធនឹងមន្ត្រីនគរបាលម្នាក់ដែលបានរំលោភសេពសន្ថវៈជាបន្តបន្តាប់ ទៅលើក្មេងស្រី អាយុ ១១ឆ្នាំ ដែលមានពិការភាពម្នាក់ នៅក្នុងឆ្នាំ២០១០។ ទោះបីជាមានការផ្តន្ទាទោសជាស្ថាពរ ដោយតុលាការកំពូលនៅក្នុងឆ្នាំ២០១៦ ក៏ដោយ ក៏ជនល្មើសម្នាក់នោះ នៅមិនទាន់បានអនុវត្តទោសជាប់ពន្ធនាគារ ឬសងសំណងរដ្ឋប្បវេណី ដែលខ្លួនត្រូវទទួលខុសត្រូវនោះ នៅឡើយទេ។
ប្រភពដដែល បន្តថា ដំណើរការផ្លូវច្បាប់នេះ បានអូសបន្លាយពេល ១៦ឆ្នាំមកហើយ ប៉ុន្តែជនប្រព្រឹត្តនៅតែបន្តស្ថិតនៅក្រៅឃុំនៅឡើយ ដែលធ្វើឱ្យកុមារីរងគ្រោះ និងគ្រួសាររបស់នាង បានរងចាំយុត្តិធម៌មកដល់បច្ចុប្បន្ន។ ចំណែកឯការផ្តន្ទាទោសជនល្មើសទៀតសោត ក៏មិនទាន់គ្រប់គ្រាន់សមទៅនឹងបទល្មើស រួមនិងការបរាជ័យក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល។
ការណ៍នេះ ពួកគេបានចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានបរាជ័យក្នុងការធានាឱ្យមានយុត្តិធម៌ ការការពារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយផ្ទុយទៅវិញ បានជំរុញឱ្យមាននិទណ្ឌភាព និងការរើសអើង ដែល “បានធ្វើឱ្យនាងប្រឈមនឹងការយាយី និងការគំរាមកំហែងជាបន្តបន្ទាប់ ដោយធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចស្តារឡើងវិញបាន ហើយធ្វើឱ្យនាងក្លាយជាជនរងគ្រោះម្តងទៀត” ។
ជាមួយគ្នានេះ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ និងអង្គការ-សហគមន៍ទាំង៦០ បានអំពាវនាវឱ្យមានការអនុវត្តសាលដីការបស់តុលាការកំពូលជាបន្ទាន់ ដែលរួមទាំងការចាប់ខ្លួន និងឃុំខ្លួនជនប្រព្រឹត្ត និងការសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះឱ្យបានពេញលេញ, ផ្តល់នូវសំណងយុត្តិធម៌ជូនក្មេងស្រីរងគ្រោះ, កែសម្រួលក្របខណ្ឌច្បាប់ និងហាមឃាត់ការប្រើប្រាស់យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ រួមទាំងការផ្សះផ្សា ការសម្របសម្រួល និងយន្តការដោះស្រាយវិវាទផ្សេងទៀត សម្រាប់រាល់ករណីអំពើហិង្សាផ្លូវភេទទាំងអស់ជាដើម។
ពួកគេក៏បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងធានាថា ជនរងគ្រោះ ឬអ្នករស់រានមានជីវិតពីអំពើហិង្សាទាំងនោះគ្រប់រូប មានសិទ្ធិទទួលបានយុត្តិធម៌ត្រឹមត្រូវ និងទាន់ពេលវេលា ដោយគ្មានការរើសអើង៕









