មូលនិធិឯកជនមួយដែលមានទំហំទឹកប្រាក់ ៣០០ ប៊ីលីយូដុល (ពាន់លានដុល្លារ) ដើម្បីជំរុញការវិនិយោគចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយច្រើនជាងពាក់កណ្តាលនៃទឹកប្រាក់នោះ ត្រូវបានបម្រុងទុករួចរាល់ហើយ។ នេះបើយោងតាមប្រភពមួយបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយថា មូលនិធិនេះបង្កើតឡើងដើម្បីផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដល់ភាគីទាំងសងខាងក្នុងការឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងរៀបចំចុះហត្ថលេខានៅថ្ងៃទី១៩ខែមិថុនានេះ។
មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាលើក្របខ័ណ្ឌមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ ដែលបានចាប់ផ្តើមនៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ព្រមទាំងបញ្ឈប់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក និងបើកច្រកសមុទ្រហរមូស (Strait of Hormuz) ឡើងវិញ។
មូលនិធិថ្មីនេះ គឺជាឧបករណ៍វិនិយោគឯកជន មិនមែនជាកម្មវិធីស្តារឡើងវិញ ឬជាសំណងសង្គ្រាមនោះទេ ហើយនឹងមិនរាប់បញ្ចូលថវិការដ្ឋាភិបាលឡើយ ដោយក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក បណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ អាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក បានព្រមព្រៀងគ្នាក្នុងការផ្តល់ហិរញ្ញប្បទានលើវិស័យថាមពល ភស្តុភារកម្ម ការផលិត និងការដឹកជញ្ជូន។
ប្រភពមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់មួយរូប បានប្រាប់ Reuters ថា ដើមឡើយទីក្រុងតេហេរ៉ង់បានទាមទារប្រាក់ចំនួន ៤០០ ប៊ីលីយូដុល ជាសំណងការខូចខាតដោយសារសង្គ្រាម ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធ។ បន្ទាប់មក គំនិតនៃការបង្កើត «មូលនិធិសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍ» (Reconstruction and Development Fund) ក៏បានលេចចេញឡើង ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រនានាដែលខូចខាតដោយសារសង្គ្រាម។
ប្រទេសអ៊ីរ៉ង់ ស្ទើរតែមិនទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ឡើយក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ ដោយសារតែទណ្ឌកម្ម។ ទោះជាយ៉ាងណា ប្រទេសនេះមានទុនបំរុងឧស្ម័នធម្មជាតិធំជាងគេទីពីរ និងមានទុនបំរុងប្រេងធំជាងគេទីបួននៅលើពិភពលោក ព្រមទាំងមានប្រជាជនវ័យក្មេង និងមានការអប់រំខ្ពស់ចំនួនជាង ៩២ លាននាក់។
ប្រភពបានបញ្ជាក់ថា មូលនិធិនឹងមិនត្រូវបានបង្កើតឡើង ឬចាប់ផ្តើមដំណើរការឡើយ រហូតទាល់តែកិច្ចព្រមព្រៀងចុងក្រោយត្រូវបានសន្និដ្ឋាន ហើយវាដាច់ដោយឡែកពីកិច្ចពិភាក្សាលើកលែងទណ្ឌកម្ម និងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក។ អនុស្សរណៈរយៈពេល ៦០ ថ្ងៃនេះ គឺមានបំណងរៀបចំផែនការ និងកំណត់ទំហំនៃគម្រោង។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានមានប្រសាសន៍ថា ប្រទេសអ៊ីរ៉ង់អាចទទួលបានសិទ្ធិចូលប្រើប្រាស់មូលនិធិស្តារឡើងវិញនេះ ប្រសិនបើខ្លួនអនុលោមតាមកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងការរំលាយកម្មវិធីនុយក្លេអ៊ែរ និងការទទួលយករបបត្រួតពិនិត្យដ៏តឹងរ៉ឹង។
ប្រភពបានបញ្ចេញឈ្មោះក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងចំណោមក្រុមហ៊ុនដែលបានធ្វើការប្តេជ្ញាចិត្តរួចរាល់៕









