អ្នកចាញ់​បោក​លោក ហ៊ុន តូ ទាម​ទារ​ឱ្យ​ធនាគារ​ជាតិ​ពន្លឿន​​វិធាន​លើ​មេឆបោក​ឱ្យ​សង​លុយ​វិញ

ក្រោយ​ពី​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា មិន​ទាន់​មាន​ដំណោះ​ស្រាយ នៅ​ថ្ងៃ​ទី​១៧​ខែ​​មិថុនា​នេះ ជន​ជាតិ​ចិន​មួយ​ក្រុម ដែល​រាយ​ការណ៍​ថា​ ១ ៣០០​នាក់ បាន​ចាញ់​បោក​ក្រុម​ហ៊ុន​ហួយ​វ័ន បាន​បន្ត​តវ៉ា​មុខ​​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្រែក​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន រួម​ទាំង​ក្មួយ​​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ​ សង​លុយ​ពួក​គេ​វិញ ក្រោយ​ក្រុម​ហ៊ុន​នេះ​បិទ​ដំណើរ​ការ​ដក​ប្រាក់ ហើយ​ធនាគារ​ជាតិ​រុញ​ករណី​នេះ​ទៅ​តុលាការ។

សំឡេងស្រែកតវ៉ា៖ «ស្នើសុំជួប​ចរចាៗៗ ស្ថាន​ទូត​ចិន និង​ធនាគារ​ជាតិ​ទាំង​ពីរ​ហ្នឹង​ អត់​មាន​បាន​ដោះ​ស្រាយ​អី​ទេ បាន​ពួក​ខ្ញុំ​មក​តវ៉ា​នៅ​មុខ​ធនាគារ​ជាតិ​ហ្នឹង​ទៀត។ ពួក​ខ្ញុំ​ចង់​បាន​ថា ថ្ងៃ​ណាគិ​ត​លុយ​ឱ្យ​ពួក​ខ្ញុំ ព្រោះ​បាន​ឱ្យ​ពួក​ខ្ញុំ​ចុះ​ឈ្មោះ​យក​លុយ​ហ្នឹង​រហូត​មក​ដល់​ឥឡូវ​ហ្នឹង វា​ជាង​កន្លះ​ខែ​ហើយ តែ​អត់​ឃើញ​ឱ្យ​លុយ​ហ្នឹង។ ខ្ញុំ​ចង់​បាន​ពាក្យ​ពិត​ប្រាកដ​ ថា​តើ​ថ្ងៃ​ណា​ឱ្យ​ពួក​ខ្ញុំ​ទទួល​បាន​ប្រាក់​ហ្នឹង?»

ពលរដ្ឋ​រងគ្រោះ​ម្នាក់​ដែល​​ថ្លែង​​​​លាក់​​អត្ត​សញ្ញាណ​​​នៅ​​មុខ​​ធនាគារ​​ជាតិ នៅ​​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ថា ខ្លួន​​កំពុង​​ជួប​​បញ្ហា​​ជាប់​​​គាំង​​លុយ​​​ក្នុង​ក្រុមហ៊ុន ហួយ វ័ន និង ហេច្ឆ ផេ (H Pay) ខណៈ​​ការរក​​ដំណោះស្រាយ​ ​​តាមរយៈ​ក្រុមហ៊ុន​ជម្រះបញ្ជី​​គ្មាន​​តម្លាភាព។ ជន​រងគ្រោះ​រូប​នេះ ​បន្ត​ថា អ្នក​មាន​លុយ​តិច​អាច​ទទួល​បាន​ការ​សង​ត្រឡប់​ខ្លះ ខណៈ​អ្នក​ដែល​មាន​​លុយ​ច្រើន​មិន​ត្រូវ​បាន​​អើពើ​​ឡើយ។ ប្រភព​ដដែល​​បន្ត​ថា លុយ​ទាំងនេះ​​ជា​លុយ​ដែល​រក​បាន​​ដោយ​កម្លាំង​ញើស​​ឈាម​​ស្របច្បាប់ និង​មិនមែន​ជា​​លុយ​​កខ្វក់​​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​អនឡាញ​ទេ។

​​អតិថិជន​រូប​នោះ​ និយាយ​ថា៖ «ហេតុអីបានជា​ធនាគារ​ព្រីន​ប៊ែង អាចជំរះបញ្ជីបាន មនុស្ស​ម្នាក់ៗ​មានលុយគ្រប់​គ្នា អាច​​ដក​បាន​គ្រប់ចំនួន​​ ហេតុ​អីបាន​ជា​ហួយវ័ន អេចផេ មិនអាចដក​លុយ​គ្រប់ចំនួនបាន ហេតុអ្វី? (ព្រីន​ប៊ែង)​លុយ​​​គេ​ ៤ពាន់​ដុល្លារ ​គេ​សង​ទៅ​វិញ​ឱ្យ​បាន​ ១ពាន់​ដុល្លារ​ គេ​សងឱ្យ​ទៅ​វិញ​បាន​១ភាគរយ​​ ប៉ុន្តែពួកខ្ញុំ​មិន​បាន​ត្រូវ​កា​រ​​​បែប​​នេះ​ លុយ​របស់ខ្ញុំ ត្រូវ​តែ​សង​មក​ឱ្យ​ខ្ញុំ។ ហេតុអ្វី? ដូចខ្ញុំនិយាយ​ខាង​លើ​ ធនាគារព្រីន ជួយ​ដោះស្រាយ​បាន ហេតុ​​​អីហួយវ័ន មិន​ជួយ​ដោះស្រាយ​បាន​»។

អតិថិជន​រងគ្រោះ​​​ម្នាក់​ទៀត​​ជា​ជនជាតិ​ចិន ថ្លែង​ដោយ​លាក់​អត្តសញ្ញាណ​ដែរ​​នោះ​ ​អះអាង​​ថា អ្នក​ស្រី​​ជា​​​អាជីវករ​​តូច​តាច​​ដែល​​រក​​ប្រាក់​​ដោយ​​សុចរិត ​ខណៈ​ប្រាក់​របស់​ខ្លួន​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក និង​គ្មាន​ដំណោះស្រាយ​សោះ។ អ្នក​ស្រី​​សម្ដែង​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​​បិទ​ក្រុមហ៊ុន ហួយ វ័ន ក្នុង​ឆ្នាំ​២០២៤ ខណៈ​​កម្ម​វិធី​​​នៅ​តែ​​​បន្ត​ដំណើរ​ការ​ដល់​ឆ្នាំ​២០២៥។

អ្នកស្រី​និយាយ​ក្នុង​​សំដី​ដើម​ថា៖ «ទោះបីជា​មានការ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​មាន​ភាព​ស្រពិចស្រពិល និង​​ស្ថិត​ក្រោម​ការ​សម្ងាត់ ដែល​ធ្វើ​ឱ្យ​ជនរងគ្រោះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ ក្នុង​នាម​​អាជីវករ​នៅតែ​ទទូច​ឱ្យ​មាន​​​ការ​ដោះស្រាយ​ជាបន្ទាន់ និង​តម្លាភាព ដោយ​បញ្ជាក់​ថា ប្រាក់​ទាំងនេះ​ ​គឺ​ជា​ប្រាក់ចំណូល​ស្របច្បាប់​សម្រាប់​ទ្រទ្រង់​ជីវភាព​​​ប្រចាំថ្ងៃ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»

ចំណែក​អតិថិជន​រងគ្រោះ​​​ម្នាក់​ទៀត ​ដែល​ថ្លែង​​លាក់​អត្តសញ្ញាណ​នៅ​មុខ​ធនាគារ​ជាតិ​ដូចគ្នា បាន​រៀបរាប់​​យ៉ាង​ច្រើន​​ពី​​បញ្ហា​ដែល​នាំ​ឱ្យ​អ្នក​ស្រី​ប្រើប្រាស់​​កម្មវិធី​របស់​​ក្រុមហ៊ុ​ន ហួយ ​វ័ន គឺ​​ដោយ​សារ​តែ​​កម្ម​វិធី​​នេះ​​មាន​​ភាព​​ងាយ​ស្រួល​​​ក្នុង​​ការ​​ដក និង​​ដាក់​​លុយ ហើយ​​នៅ​​ពេល​​នោះ​​គា​ត់​​យល់​​ថា វា​ជា​រឿង​ស្របច្បាប់​ជាដើម។ ប៉ុន្តែ បច្ចុប្បន្ន​អ្នក​ស្រី​​​មិន​​អាច​​ដក​​លុយ​​​ជាង ៣០​ម៉ឺន​​​ដុល្លារ​​វិញ​​បាន​​ឡើយ ហើយ​អ្នក​​ស្រី​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​​​ ចំពោះ​ការ​ដោះស្រាយ​​​មិន​​មាន​ភាព​ស្មើគ្នា​​ថែម​ទៀត។

អតិថិជន​រូប​នោះ និយាយ​ថា៖ «​ដោះស្រាយ​ពួកខ្ញុំ តវ៉ាតទៅទៀត ព្រោះ​អាហ្នឹង​លុយ​របស់​ខ្ញុំ មិន​មែន​លុយ​របស់​អ្នក​ណា លុយ​របស់​ខ្ញុំ​ ហេតុអី​ខ្ញុំ​យក​មិន​បាន។ មូល​ហេតុ​អី​បាន​គាត់​អត់មាន​ជួយ​ដោះស្រាយ​ឱ្យ​ប្រជាជន​ គាត់​ឃើញ​ប្រជា​ជន​វេទ​នា អត់ជួយ​ដោះស្រាយ​ ហេតុ​អី? ខ្ញុំចង់​ដឹង​តែប៉ុណ្ណឹង។ រាល់​ថ្ងៃ​ហ្នឹង​ខ្ញុំ​វា​អត់​បាយ​ហូប​ទេ​នៀក ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច? អ្នក​ណា​ជួយ​ខ្ញុំ បើ​រដ្ឋអត់​ជួយ​​ប្រជាជនដែរ ធ្វើ​ម៉េច​ហរ! ​ប្រជាជន​​លំបាកវេទ​នា ហើយ​ធ្វើ​ឱ្យ​គេ​ជឿ​ជាក់​លើ​ប្រទេស​​ខ្មែរ​យើង ទាល់​តែ​ដោះស្រាយ​រឿង​លុយ​កាក់​ហ្នឹង​ឱ្យ​ប្រជាជន គេ​អ្នក​ ចង់​និយាយ​ថា គេ​ចង់​មក​បោះ​ទុន​នៅ​ស្រុក​ខ្មែរ​យើង ក៏អត់ហ៊ាន​បោះ​ទុន​ដែរ​ ព្រោះ​ស្រុក​ខ្មែរ​យើង​ សូម្បី​រឿង​បន្តិច​បន្តួច​ហ្នឹងអត់មាន​​ដោះស្រាយ​បាន​ផង​ ឱ្យ​ធ្វើ​ម៉េច​ទៀត​»។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​អតិថិជន​រង​គ្រោះ​ ​ដោយសារ​ក្រុមហ៊ុន ហួយវ័ន ផេ ពី​សំណាក់​អគ្គទេសា​ភិបាល​​ធនាគារ​​ជាតិ អ្នកស្រី ជា សិរី បាន​ទេ​នៅ​ថ្ងៃទី១៧ ខែ​មិថុនា នេះ។ ខណៈ​កន្លង​ទៅ ​អ្នកស្រី ជា សិរី បាន​រុញ​ឱ្យ​អតិថិជន​ទាំង ១៣០០​​នាក់​​ប្ដឹង​ទៅ​តុលាការ​ដោយ​ខ្លួន​ឯង។

ចំណែក ​​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ការ​មិន​ដោះស្រាយ​​បញ្ហា​អតិថិជន​រងគ្រោះ​​​ដោយសារ​ក្រុមហ៊ុន ហួយ វ័ន ផេ នឹង​បង្ក​ផល​ជះ​មិនល្អ​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ លោក​ថា ស្ថាប័ន​​​ជំនាញ​​គួរ​កោះហៅ​​អតិថិជន​​ទាំងអស់​ទៅ​បំភ្លឺ​តាម​​វិជ្ជាជីវៈ ដោយ​ត្រូវ​​ស្ដាប់​មើល​ថា ហេតុអ្វី​បាន​ជា​ការ​ដោះស្រាយ​កន្លង​មក មិន​​ទទួល​បាន​យុត្តិធម៌ ឬ​មាន​បញ្ហា​ជាប់​គាំង​នៅ​ត្រង់​ចំណុច​​ណាមួយ។ លោក​បន្ត​ថា ការ​ដោះស្រាយ​ដោយ​តម្លាភាព​តាមរយៈ​​ធនាគារ​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​គឺ​ចាំបាច់​ណាស់។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​ថា បើសិន​ករណី​នេះ​ ​មិនអាច​ដោះស្រាយ​បាន​ទេ គឺ​ត្រូវ​មាន​របាយការណ៍​​ប្រកាស​​ជា​សាធារណៈ​​ផង​ដែរ។ លោក​លើក​ឧទាហរណ៍​ថា បើ​អ្នក​​តវ៉ា​នេះ​​មិន​ជាប់​ពាក់ព័ន្ធ​​​នឹង​សកម្មជន​អនឡាញ​​ដែល​ជា​បទល្មើស​​ជាក់​ស្តែង ឬ​ធ្លាប់​ទទួល​​លុយ​​ប្រភព​មិន​ច្បាស់លាស់​ជាដើម​នោះ គឺ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ភ្លាមៗ ដើម្បី​​ស្ដារ​មុខមាត់​កម្ពុជា។

លោក សេក សុជាតិ ថ្លែង​ថា៖ «កាលណា​មិន​ព្រម​ដោះស្រាយ​បែប​ហ្នឹង ការ​ជះ​ ផល​ឬក៏​ប៉ះពាល់​ដល់​មុខមាត់​សង្គម​ប្រទេស​យើង​​នេះ​គឺ​ជៀស​មិន​ផុត​ទេ ហើយ​នេះ​គឺជា​ចំណុច​មួយ​ដែល​ខ្ញុំ​យល់​ថា គួរតែ​ដល់ពេល​វេលា​ហើយ​នឹង​គួរ​ដោះស្រាយ​ឱ្យ​បាន​ប្រសើរ​ ​ដើម្បី​ធានា​បាន​នៃ​យុត្តិធម៌​សម្រាប់​​អតិថិជន​ទាំងអស់ ហើយក៏​អាច​ផ្តល់​នូវ​ទំនុកចិត្ត​សម្រាប់​​ធនាគារ​នៅ​កម្ពុជា​ដែរ​ផង​​​ដែរ»

ចំណែក ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត យល់​ថា ​ការ​បន្ត​អូស​បន្លាយ​​​មិន​ដោះស្រាយ​​ករណី​ក្រុមហ៊ុន ហួយ វ័ន គឺ​កាន់​តែ​បង្ក​ផល​ប៉ះពាល់​​ដល់​ជនរងគ្រោះ​បន្ត​ទៀត ខណៈ​ពួកគេ​ហាក់​មិន​ចង់​​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​តាម​ការ​ជំរុញ​របស់​ធនាគារ​ជាតិ​ឡើយ ដោយ​ចង់​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ទៅ​វិញ។ លោក​បន្ត​ថា បើ​អាជ្ញាធរ​​ពាក់ព័ន្ធ​មិន​ដោះស្រាយ​ករណី​​នេះ​ឱ្យ​បាន​ឆាប់​ទេ លោក​បារម្ភ​ថា អាច​នឹង​មាន​បាតុភាព​​កើត​ឡើង​នេះ​​​ជា​បន្ត​បន្ទាប់ ឬ​ឈាន​​ទៅ​មាន​ហិង្សា​ឡើង​វិញ​ជាដើម។

​លោក អំ សំអាត ថ្លែងថា៖ «បើសិនជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង នៅ​តែ​បណ្តោយ​ឱ្យ​បញ្ហា​នេះ​វា​អូស​បន្លាយ​ទៅ អា​នឹង​វា​ជា​រឿង​មួយ​ដែល​បាតុភាព​មិន​សមស្រប​ត្រូវ​បាន​កើត​ឡើងជា​បន្ត​ទៀត! ហើយ​យើង​បារម្ភ​ថា​ថ្ងៃ​ណាមួយ វា​អាច​ឈាន​ដល់​អំពើ​ហិង្សា​កើត​ឡើង​វិញ​ណាស់ បាទ»

រឿងអាស្រូវ​របស់​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន តូ គឺជា​ករណី​លាងលុយកខ្វក់​កម្រិត​អន្តរជាតិ និង​ការ​កាត់​បង្ក​កលុយ​អតិថិជន​១៣០០​នាក់។ ករណីនេះ​​បាន​បង្ក​ឱ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​​អតិថិជន​ខ្មែរ ចិន និង​វៀតណាម បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្អាក​សេវា​ដក​ប្រាក់។ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេ​​រិក ​បាន​ដាក់​ក្រុមហ៊ុន Huione Group ចូលក្នុង​បញ្ជីខ្មៅ និង​កាត់​ផ្តាច់​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ក្រោយមក​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដក​អាជ្ញា​ប័ណ្ណ និង​ធ្វើការ​ជម្រះបញ្ជី​ក្រុមហ៊ុន​នេះ​។ ក្រោយ​មក​ក្រុមហ៊ុន​​នេះ ​បាន​​លួច​ប្តូរ​ឈ្មោះ​ទៅជា H-Pay មុន​ពេល​ប្រឈម​មុខ​​នឹង​​ការ​ដក​ប្រាក់​យ៉ាង​គំហុក។

ទន្ទឹម​នឹង​នេះ ​លោក ហ៊ុន តូ ក៏​ចេញ​មុខ​បដិសេធ​លែង​ពាក់ព័ន្ធ​ថែម​ទៀត ទោះ​លោក​ទទួល​ស្គាល់​ថា ​មាន​ភាគហ៊ុន ៣០​ភាគរយ ក្នុង​ក្រុមហ៊ុន Huione Pay តាំងពី​ឆ្នាំ​២០២០ ក៏ដោយ។

ចំណែក ​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ធ្លាប់​អះអាង​ថា អតិថិជន​ហួយវ័ន នឹង​មិន​ទទួល​បាន​យុត្តិ​ធម៌​ពី​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ឬ​ទទួល​បាន​លុយ​មក​វិញ​ឡើយ បើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ និង​ការ​ស៊ើប​អង្កេត​​​​ពី​​ស្ថាប័ន​​ឃ្លាំ​មើល​​ហិរញ្ញ​វត្ថុ​​ពិភពលោក ឬ​ចាប់​​ខ្លួន​​លោក ហ៊ុន តូ ឱ្យ​មក​ទទួល​ខុស​ត្រូវ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ