ជន​ភៀស​សឹក​មួយ​គ្រួសារ​ប្រឈម​បោះ​បង់​សាលា​ក្រោយ​​តុលាការ​​កាត់​ទោស​សមាជិក​ឱ្យ​ជាប់​ឃុំ​៦ឆ្នាំ

ម្តាយ​​ជន​ភៀស​​សឹក​​ម្នាក់​​ជា​​ជន​​ពិការ​ កំពុង​​មាន​​សម្ពាធ​​ផ្លូវ​ចិត្ត​ ជំងឺ​​ប្រចាំ​កាយ​ និង​​គ្មាន​​លទ្ធ​ភាព​​ចិញ្ចឹម​​ចៅ​​ឱ្យ​​បន្ត​​ការ​​សិក្សា ក្រោយ​​ពី​​កូន​​ប្រុស​​ម្នាក់​​របស់​​គាត់​​ឈ្មោះ ហ៊ុន ហុង ​ត្រូវ​​បាន​​សាលា​ដំបូង​​ខេត្ត​​សៀម​រាប​​ផ្ដន្ទា​ទោស​​ឱ្យ​​ជាប់​ពន្ធនា​​គារ ៦ ឆ្នាំ ដោយ​សារ​​ថត​​រូប​​ស្ពាន​​អូរ​ជីក​ ដោយ​​មិន​​បាន​​ដឹង​​ពី​​បម្រាម​​របស់​​កង​​ទ័ព​​កម្ពុជា​​នោះ​​ឡើយ។

អ្នកស្រី ក្រឹម សឿង វ័យ ៦៥ ឆ្នាំ រស់​នៅ​ភូមិ​ផ្អុង​ សង្កាត់​កូនក្រៀល ស្រុក​សំរោង ខេត្ត​​ឧត្តរ​​មាន​ជ័យ​ ជិត​​ព្រំដែន​​កម្ពុជា​​​-ថៃ បាន​​រត់​​ភៀស​​សឹក​​ជា​​​ច្រើន​​ខែ​​ដោយ​​ចាក​​ចោល​​ពី​​ផ្ទះ​​សម្បែង​ ហើយ​​ទើប​​វិល​​ត្រឡប់​​​ពី​​ជំរំ​​វិញ​​ជាង ២ ខែ​​មក​​ហើយ។

​កន្លង​​មក​​នេះ គ្រួសារ​ស្ត្រីរូប​នេះមា​ន​​ជីវភាព​​ខ្វះ​ខាត​​ខ្លាំង រក​​ព្រឹក​​ខ្វះ​​ល្ងាច​ ដោយ​សារ​​កូន​​ប្រុស​​គាត់ ជា​​ជន​​បង្គោល​​ក្នុង​​គ្រួសារ​​កំពុង​​ជាប់​​ពន្ធនាគារ​​ខេត្ត​​សៀមរាបជាងកន្លះឆ្នាំមកហើយ​។

ស្ត្រី​រូប​នេះ ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​១៧ ខែ​មិថុនា​​ថា កូន​ប្រុស​​របស់​គាត់​​​ពុំ​​ចេះ​​អក្សរ​​ខ្មែរ និង​​ភាសា​​ថៃ ​ហើយ​​មាន​​ជំងឺ​វៀច​ឆ្អឹង​ខ្នង​ បាន​ថត​ស្ពាន​អូរ​ជីក​ បំណង​ផ្ញើ​មក​ក្រុម​គ្រួសារ​ថា គាត់​បាន​មក​ដល់​ស្ពាន​នេះ​ហើយ ដោយ​ពុំ​បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ឱ្យ​យោធា​ថៃ ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។

អ្នកស្រី​ថា ការសម្រេចរបស់តុលាការ​​បែបនេះ ​កំពុង​សម្លាប់​ជីវិត​សិក្សារបស់​ចៅៗ​​អ្នកស្រី ៣នាក់ កំពុងរៀនថ្នាក់​បឋម​​​សិក្សា ប្រឈម​​ឈប់​រៀន និង​កំពុង​ដើរ​រើស​អេតចាយ​ មក​ផ្គត់ផ្គង់​ជីវភាព។

អ្នកស្រី​ថា​ ក្នុង​ពេល​ផ្ទុះ​សង្គ្រាម​គ្រួសារ​អ្នកស្រី បាននាំ​កូន​ចៅ​រស់​ភៀស​សឹក ​ទៅរក​កន្លែងមានសុវត្ថិភាព ដោយរស់​នៅ​​ក្នុង​ជំរំ​យ៉ាង​លំបាកលំបិនជាច្រើន​ខែ។

អ្នកស្រី ក្រឹម សៀង និយាយថា​៖ «ខ្ញុំ​ចាស់​ហើយ មិន​​មាន​​លទ្ធភាព​​ចិញ្ចឹម​​ចៅ​ បើ​​កូន​​ខ្ញុំ​ជាប់​​ពន្ធនា​គារ​​យូរ​ ចៅ​​ខ្ញុំ​​ច្បាស់​​ជា​​ត្រូវ​​ដាច់​ការ​​សិក្សា​​ហើយ​ ព្រោះ​ខ្ញុំ​គ្មាន​សមត្ថភាព​​ចិញ្ចឹម​ និង​ឱ្យ​គេ​រៀន​បន្ត​ទេ»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦ សាលា​​ដំបូង​​ខេត្ត​សៀម​រាប​​សម្រេច​​ផ្តន្ទា​ទោស​ ​​លោក ហ៊ុន ហុង អាយុ ៣៦​ឆ្នាំ និង​​​បុរស​​ម្នាក់​​ទៀត គឺលោក ម៉ិក ឌៀប អាយុ ៣៣ឆ្នាំ ដាក់​​ពន្ធនា​គារ​​រយៈ​​ពេល ៦ឆ្នាំ ពាក់​ព័ន្ធ​​នឹង​​ការ​​ថត​​រូប​​ស្ពាន​​អូរជីក ហើយ​ក្រោយ​មក​ ស្ពាន​នេះ​ត្រូវ​យោធា​ថៃ​បំផ្ទុះ​ដោយ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស។

អង្គការ​លីកាដូ​ ឱ្យ​ដឹង​ថា សំណុំ​រឿងនេះ ​ជន​ត្រូវ​ចោទ​​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​បាត់ដំបងរួចហើយ ហើយមក​ទល់ពេលនេះ កំពុងឋិតក្នុងដៃសាលាឧទ្ធរណ៍បាត់ដំបង។

អ្នកស្រី ក្រឹម សឿង បន្ថែម​ថា កូន​ប្រុស​អ្នកស្រី មានកិរិយាស្លូតបូត និង​សុភាព​រាបសារ​ គ្មាន​គំនិត​ផ្តល់​ព័ត៌​មាន​ឱ្យ​យោធា​​ថៃ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​សៀមរាប​នោះឡើយ។ អ្នកស្រី​ថា​ កន្លង​ទៅ ​កូន​ប្រុស​អ្នកស្រី​បានដើរ​ស៊ី​ឈ្នួល​​ធ្វើ​កម្មករ​ឱ្យ​គេ ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​កូនៗ​រៀន ​ដូច​ជា ធ្វើ​កម្មករ​​​សំណង់ ស៊ី​ឈ្នួល​ដាំ​ដំឡូង ដក​ផ្សិត និង​​​នេសាទ​​ត្រី។

 អ្នកស្រី ក្រឹម សឿង និយាយថា៖ «ចុះ​មុជ​ទឹក ថត​ស្ពាន​​អូរ​ជីក​ ខ្ញុំ​អត់​​មាន​ទូរស័ព្ទ​​ទេ​ មាន​​តែ​​​ទូរសព្ទ​​កូន​​ខ្ញុំ… ឱ្យ​​ថត​​ឱ្យ​​ម៉ែ​​មើល​ ស្រាប់​​តែ​​ដាច់​​សេវា​​បាត់​… ដល់​​ពេល​​ឱ្យ​​ថត​​ឱ្យ​មើល​ ស្រាប់​តែ​បាត់​ដំណឹង»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​​បាត់ដំបង​ លោក ទៀង សំបូរ បាន​​​នៅ​​ឡើយ​​ទេ​ ​​គិត​​ត្រឹម​​​ម៉ោង​​ផ្សាយ​​នេះ។

ទោះយ៉ាងណា ​អ្នកគ្រប់គ្រង​ការិយាល័យ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​តំបន់​ភាគ​ពាយ័ព្យ លោក អ៊ិន គង់ជិត យល់​ថា តុលាការ​អនុវត្ត​ច្បាប់​ករណី​នេះ​ធ្ងន់ធ្ងរ​ហួស​ហេតុ​ពេក  ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​ ដែល​​រងគ្រោះ​​​ដោយសារ​សៀម​ឈ្លាន​ពាន​ម្តង​ហើយ​ ត្រូវ​​រង​គ្រោះ​មួយ​​តង់​ទៀត​។

លោក​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​បាត់ដំបង ​ទម្លាក់​ចោទ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​ត្រូវ​ដោះលែង​បុរស​ជន​ភៀស​សឹក​ពីរ​​រូប​​​​នេះ​​ឱ្យ​មាន​សេរីភាព​វិញ ​និងអប់រំ​ណែនាំពួកគាត់ ​ដើម្បី​ផ្តល់​ឱកាសឱ្យពលរដ្ឋ​​អាច​រក​ប្រាក់​ផ្គត់ផ្គង់​ការ​រៀន​សូត្រ​​​របស់​កូនៗ។

លោក អ៊ិន គង់ជិត ថ្លែងថា៖ «កំពុង​ធ្វើ​ដំណើរ​ក្ដៅ​ គាត់​ចុះ​ទឹក​​ក្នុង​អូរ​ ហើយ​​ឃើញ​​ស្ពាន​​ថ្មី​​ស្អាត​​ជាប់​​ស្ពាន​​ទ័ព​​បុរាណ ក៏​​​ថត​​ទុក​​ទៅ… គាត់​​មិន​​មែន​​សកម្ម​​លេង​​ហ្វេស​​ប៊ុក​​បណ្ដាញ​​សង្គម​​ដែរ។ ស្រុក​​ស្រែ​​ចម្ការ ខ្វល់​​តែ​​​រឿង​​រក​​ស៊ី​​ចិញ្ចឹម​​ជីវិត​… ដល់​​ពេល​​គេ​​ចាប់​​ខ្លួន​​ខ្ញុំ​​ទៀត ​វា​​​ធ្វើ​​ឱ្យ​​គ្រួសារ​​កាន់​​តែ​​មាន​​បន្ទុក​​ថែម»។

របាយ​ការណ៍​​អង្គ​ការ​​លីកាដូ ​បង្ហាញ​​ថា​ សាលា​​ដំបូង​​ខេត្ត​​សៀម​រាប ​បាន​​ផ្ដន្ទា​ទោស​​បុរស​​ជន​​ភៀស​​សឹក​​ពី​​រ​រូប​​ឈ្មោះ ហ៊ុន ហុង វ័យ ៣៦ ឆ្នាំ និង លោក ម៉ិក ឌៀប វ័យ​៣៣​ឆ្នាំ តាម​មាត្រា​៤៤៦ និង​​មាត្រា​២៧ ពី​បទ «ប្រមូល​​ផ្តុំ​​ព័ត៌​មាន​​ជា​​​អាទិ៍​​ដែល​​អាច​​ធ្វើ​​​ឱ្យ​​អន្ត​រាយ​​ការ​​ការ​​ពារ​​ជាតិ» និង​​បទ​ «ប៉ុន​ប៉ង​​ក្នុង​​បទ​​ឧក្រិដ្ឋ»។ អ្នក​​ទាំង​​ពីរ ​ត្រូវ​​បាន​​ចាប់​​ខ្លួន​​កាល​​ពី​​ថ្ងៃ​​​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្រោយ​​ពី​​ថត​​រូប​​ស្ពាន​​អូរ​​ជីក​ ដោយ​​ពុំ​​ទាន់​​បាន​​បង្ហោះ​​ចែក​​ចាយ​​តាម​​បណ្ដាញ​​សង្គម​​នោះ​​ឡើយ ​ស្ថិត​នៅ​ឧត្តរមានជ័យ​ជាប់​ព្រំ​ប្រទល់​ខេត្ត​សៀមរាប  អំឡុង​ពេល​ជម្លោះ​ប្រដាប់​អាវុធ​ព្រំដែន​​ជា​មួយ​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ