ក្នុងបរិបទដែលសេដ្ឋកិច្ចតំបន់ជួបប្រទះនឹងភាពមិនប្រាកដប្រជា កម្ពុជាបាននិងកំពុងទទួលរងសម្ពាធទ្វេដង គឺការហូរត្រលប់មកវិញនៃពលករចំណាកស្រុកពីថៃ និងការហូរចូលនៃជនបរទេសខុសច្បាប់ដែលមកដណ្តើមទីផ្សារការងារ និងអាជីវកម្មកម្រិតមូលដ្ឋាន។
បញ្ហានេះ មិនត្រឹមតែបង្កើតជាបន្ទុកសង្គម តាមរយៈការកើនឡើងនៃអត្រាអត់ការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីចំណុចខ្សោយខាងរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងជនបរទេស និងការការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពលរដ្ឋខ្លួនឯង បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងក្នុងអាស៊ាន។
ភាពខ្វះចន្លោះក្នុងការគ្រប់គ្រងលំហូរនៃជនអន្តោប្រវេសន៍នេះ កំពុងតែរុញច្រានពលរដ្ឋម្ចាស់ស្រុក ជាពិសេសក្រុមជនងាយរងគ្រោះ ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែខ្លាំង។
យោងតាមរបាយការណ៍បច្ចុប្បន្នភាព និងការវាយតម្លៃផលប៉ះពាល់ចុងក្រោយរបស់អង្គការអន្តរជាតិខាងការងារ (ILO) និងធនាគារពិភពលោកក្នុងឆ្នាំ២០២៦ កម្ពុជាកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ និងសម្ពាធសេដ្ឋកិច្ចយ៉ាងគំហុក ដោយសារលំហូរនៃពលករចំណាកស្រុកប្រមាណជិតមួយលាននាក់ ដែលបានវិលត្រលប់មកពីថៃវិញ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥។
ការវិលត្រលប់ទាំងបង្ខំនេះ បានធ្វើឲ្យគ្រួសារពលករប្រឈមនឹងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរ ដោយក្នុងនោះមានប្រមាណ ៧១% កំពុងជាប់បំណុលជាមធ្យម ៥,៥០០ ដុល្លារក្នុងមួយគ្រួសារ ហើយជាង ៨៥% គ្មានលទ្ធភាពសងត្រលប់តាមកាលកំណត់ឡើយ។
ស្ថានភាពកាន់តែទ្រុឌទ្រោមថែមទៀត នៅពេលដែលសេដ្ឋកិច្ចជាតិរងសម្ពាធម៉ាក្រូសេដ្ឋកិច្ចទ្វេដង ពីការធ្លាក់ចុះនៃលំហូរលុយបញ្ជូនមកស្រុក និងការហក់ឡើងនៃអត្រាអតិផរណាដល់ ៥,៨ ភាគរយ ក្នុងត្រីមាសទីមួយឆ្នាំ២០២៦ ដែលជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់កម្លាំងទិញ និងស្ថិរភាពសង្គម-សេដ្ឋកិច្ចនៅកម្រិតមូលដ្ឋាន។
ទន្ទឹមនឹងវិបត្តិហិរញ្ញវត្ថុ ពលករវិលត្រលប់ទាំងនោះ ត្រូវប្រឈមមុខនឹងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារការងារក្នុងស្រុក ដោយសារឱនភាពប្រាក់ចំណូលដ៏ស្រួចស្រាល ពោលគឺពួកគេអាចរកចំណូលបានជាមធ្យមត្រឹមតែ ៦៤ ដុល្លារក្នុងមួយខែ ខណៈដែលការចំណាយឡើងរហូតដល់ ១៧៣ ដុល្លារ។
ម្យ៉ាងវិញទៀត ភាពខ្វះចន្លោះខាងជំនាញ (Skills Mismatch) បានបង្ខំឲ្យកម្លាំងពលកម្មដ៏ច្រើនលើសលប់នេះ កកស្ទះនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការធ្វើកសិកម្ម និងការលក់ដូរខ្នាតតូច ដែលជាទីផ្សារងាយរងគ្រោះបំផុត និងកំពុងរងការជ្រៀតជ្រែក ឬដណ្តើមការងារពីជនបរទេសខុសច្បាប់។
តថភាពនេះ បានជំរុញឲ្យអង្គការ ILO និងរដ្ឋាភិបាលកម្ពុជា បង្កើតផែនការសកម្មភាពឆ្នាំ ២០២៦-២០២៧ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញឡើងវិញ ប៉ុន្តែវាក៏ជាភស្តុតាងសង្កត់ធ្ងន់ថា ទីផ្សារការងារកម្រិតមូលដ្ឋានរបស់ពលរដ្ឋខ្មែរ កំពុងស្ថិតក្នុងភាពទន់ជ្រាយ និងទាមទារការអន្តរាគមន៍រឹតបន្តឹងច្បាប់អន្តោប្រវេសន៍ពីរដ្ឋាភិបាលជាដាច់ខាត។
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គេសង្កេតឃើញជនជាតិបរទេសទាំងនោះ អាចបើកហាងលក់ដូរចាប់ហួយ ហាងកាហ្វេ ហាងកាត់សក់ អាហារដ្ឋាន រហូតដល់មុខរបរចល័ត ដូចជាការលក់បន្លែបង្ការ និងផ្លែឈើតាមដងផ្លូវ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានឡើយ។
ភាពធរលុងនៃការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងាររបស់អាជ្ញាធរកម្ពុជា បានបង្កើតជាឱកាសនិយមសម្រាប់ជនបរទេសខុសច្បាប់ ក្នុងការចូលមកប្រកួតប្រជែងដោយអយុត្តិធម៌ជាមួយពលរដ្ឋម្ចាស់ស្រុក។
បាតុភូតនេះ ផ្ទុយស្រឡះពីអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសជិតខាង ក្នុងតំបន់អាស៊ាន ជាពិសេសថៃ និងវៀតណាម។
រដ្ឋាភិបាលថៃ តាមរយៈក្រសួងការងារ និងច្បាប់ស្តីពីការគ្រប់គ្រងការធ្វើការងាររបស់ជនបរទេស (Emergency Decree on Managing the Work of Aliens) ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៥ បានកំណត់បញ្ជីមុខរបរហាមឃាត់ដាច់ខាត សម្រាប់ជនបរទេសចំនួន ៤០ មុខរបរ។
មុខរបរទាំងនោះ រួមមាន ការលក់ដូរទំនិញរាយ ការបើកហាងកាត់សក់ ការបើកបរយានយន្តសាធារណៈ និងការធ្វើសិប្បកម្មប្រពៃណី ដែលមុខរបរទាំងនេះត្រូវបានរក្សាទុកផ្តាច់មុខសម្រាប់តែពលរដ្ឋថៃប៉ុណ្ណោះ ដើម្បីធានាថាពលរដ្ឋកម្រិតមូលដ្ឋានរបស់គេមានការងារធ្វើ និងមិនធ្លាក់ចូលក្នុងភាពក្រីក្រ។
ដូចគ្នានេះដែរ វៀតណាម តាមរយៈច្បាប់ការងារឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលត្រូវបានរឹតបន្តឹងកាន់តែខ្លាំងនៅក្នុងការអនុវត្តជាក់ស្តែងនាឆ្នាំ២០២៥ និងឆ្នាំ២០២៦ បានចែងយ៉ាងច្បាស់ថា ជនបរទេសដែលចង់ធ្វើការនៅវៀតណាម ត្រូវតែជាអ្នកជំនាញការ អ្នកគ្រប់គ្រងជាន់ខ្ពស់ ឬជានាយកប្រតិបត្តិ ដែលមានលិខិតបញ្ជាក់ច្បាស់លាស់ថា ពលរដ្ឋវៀតណាមមិនអាចធ្វើការងារនោះបាន។
វៀតណាមមិនអនុញ្ញាតដាច់ខាតឲ្យជនបរទេសចូលមកធ្វើការងារធម្មតា ឬបើកអាជីវកម្មលក់ដូរតូចតាចដែលដណ្តើមឆ្នាំងបាយរបស់ពលរដ្ឋក្នុងស្រុកឡើយ។ ការអនុវត្តច្បាប់យ៉ាងតឹងរឹងរបស់ប្រទេសជិតខាងទាំងនេះ មានគោលដៅចម្បងក្នុងការកាត់បន្ថយសម្ពាធនៃការអត់ការងារធ្វើ និងកាត់បន្ថយអត្រាចំណាកស្រុកទៅក្រៅប្រទេស។
ផ្ទុយទៅវិញ នៅកម្ពុជា ភាពទន់ជ្រាយនៃការអនុវត្តច្បាប់បានបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសេដ្ឋកិច្ច។
របាយការណ៍ស្រាវជ្រាវរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ឆ្នាំ២០២៦ ស្តីពីហានិភ័យសង្គម-សេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍ បានសង្កត់ធ្ងន់ថា នៅពេលដែលចន្លោះប្រហោងនៃច្បាប់អនុញ្ញាតឲ្យកម្លាំងពលកម្មបរទេសខុសច្បាប់ចូលមកជំនួសកម្លាំងពលកម្មក្នុងស្រុក វានឹងបង្កើតឲ្យមាន «វិបត្តិអត់ការងារធ្វើលាក់មុខ» ដែលធ្វើឲ្យពលរដ្ឋម្ចាស់ស្រុកបាត់បង់លទ្ធភាពបង្កើតប្រាក់ចំណូល។
ភាពធរលុងនេះ កើតចេញពីកត្តាជាច្រើន រួមមានអំពើពុករលួយជាប្រព័ន្ធនៅថ្នាក់ក្រោមជាតិ ការខ្វះខាតការធ្វើអធិការកិច្ចការងារដោយស្មោះត្រង់ និងកង្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ដោយតម្លាភាព។
ការណ៍ដែលជនជាតិចិន និងវៀតណាម អាចតាំងទីលំនៅ និងបង្កើតអាជីវកម្មខ្នាតតូចបានដោយងាយស្រួល បង្ហាញពីការចុះខ្សោយនៃអធិបតេយ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់ប្រជាជនក្នុងស្រុក និងពលករវិលត្រលប់ពីថៃ ធ្វើឲ្យពួកគេគ្មានជម្រើសអ្វីក្រៅពីបន្តធ្វើចំណាកស្រុកដោយប្រថុយប្រថានជាថ្មីម្តងទៀត។
ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវតែបោះជំហានប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងមានឆន្ទៈនយោបាយខ្ពស់ក្នុងការកែទម្រង់ការអនុវត្តច្បាប់។
រដ្ឋាភិបាល គួរតែសិក្សារៀនសូត្រពីគំរូជោគជ័យរបស់ថៃ និងវៀតណាម ក្នុងការបង្កើតក្របខ័ណ្ឌគតិយុត្តការពារទីផ្សារការងារក្នុងស្រុក។
កម្ពុជាត្រូវតែបង្កើតបញ្ជីមុខរបរហាមឃាត់សម្រាប់ជនបរទេសជាបន្ទាន់ ដោយកំណត់ដាច់ខាតថា រាល់អាជីវកម្មកម្រិតមូលដ្ឋាន ដូចជា ការលក់ដូររាយ ការបើកហាងសេវាកម្មខ្នាតតូច និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ត្រូវរក្សាទុកសម្រាប់តែពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតែសហការគ្នាដើម្បីបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការធ្វើអធិការកិច្ចហ្មត់ចត់លើរាល់អាជីវកម្មដែលគ្រប់គ្រងដោយជនបរទេសនៅទូទាំងប្រទេស។
វិធានការច្បាប់ត្រូវតែអនុវត្តដោយគ្មានការយោគយល់ ឬលើកលែង ចំពោះជនបរទេសណាដែលចូលមកស្នាក់នៅ និងប្រកបមុខរបរដោយគ្មានប័ណ្ណការងារ ឬទិដ្ឋាការត្រឹមត្រូវ។
រាល់ជនបរទេសដែលល្មើសច្បាប់ត្រូវតែរងការផាកពិន័យធ្ងន់ធ្ងរ និងបណ្តេញចេញពីប្រទេស ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាងនេះទៅទៀត រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែពង្រឹងយន្តការដោះស្រាយអំពើពុករលួយក្នុងជួរមន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីអន្តោប្រវេសន៍ ដែលតែងតែបើកដៃ ឬទទួលសំណូកពីជនបរទេសខុសច្បាប់។
បន្ថែមលើការរឹតបន្តឹងច្បាប់ រដ្ឋាភិបាលត្រូវតែមានយុទ្ធសាស្ត្រគាំទ្រពលករវិលត្រលប់ពីបរទេស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញឡើងវិញ (Reskilling and Upskilling) ដើម្បីឲ្យពួកគេអាចរៀបចំខ្លួនចូលក្នុងវិស័យឧស្សាហកម្មផ្លូវការ។
ផ្អែកលើរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២៦ (Asian Development Outlook 2026) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការវិនិយោគលើមូលធនមនុស្ស និងការការពារទីផ្សារការងារក្នុងស្រុក ពីការជ្រៀតជ្រែកខុសច្បាប់របស់បរទេស គឺជាគន្លឹះតែមួយគត់ ដើម្បីធានានិរន្តរភាពនៃការលូតលាស់សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយគម្លាតសង្គម។
ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តបណ្តែតបណ្តោយឲ្យភាពធូររលុងនេះបន្តកើតមាន នោះស្ថិរភាពសង្គម សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរនឹងត្រូវធ្លាក់ចុះក្នុងហានិភ័យដែលមិនអាចស្តារឡើងវិញបានឡើយ។ ដូច្នេះការពង្រឹងច្បាប់ការងារ និងអន្តោប្រវេសន៍នៅពេលនេះ មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចដាច់ខាត ដើម្បីការពារអនាគតរបស់ពលរដ្ឋ និងប្រទេសជាតិ៕
ដោយ សុក្រឹត ពុទ្ធិ








